ស្របពេលដែលបទ”ឲ្យតែគិតចេះតែចង់យំ”ដែលលោកឡេង ណាវ៉ាត់ត្រា ច្រៀងរួមគ្នាជាមួយលោកម៉ារ៉ា ប៊ុណ្ណា កំពុងផ្ទុះការគាំទ្រនោះ ថ្មីៗនេះតារាចម្រៀងរបស់ផលិតកម្មGalaxy លោកម៉ារ៉ាប៊ុណ្ណាស្រាប់តែចេញបទថ្មីមួយទៀតបទ”តារាបែកស្លុយ២០១៧”ដែលចម្លងពីបទថៃដែលកំពុងពេញនិយមនាំឲ្យមានការរិះគន់កក្រើកហ្វេសប៊ុក។ប៉ុន្តែលោកណាវ៉ាត់ត្រា ប្រកាសថាបទ”តារាបែកស្លុយ២០១៧”ពុំជាបទរបស់ផលិតកម្មGalaxy ទេគឺលោកប៊ុណ្ណា គ្រាន់តែផលិតលេងប៉ុណ្ណោះ។
តាមរយៈបទ”តារាបែកស្លុយ២០១៧”របស់លោកម៉ារ៉ា ប៊ុណ្ណា ដែលទើបចេញក្ដៅៗហុយៗហើយកំពុងរងការរិះគន់ខ្លាំងនោះតាមដំណឹងថា បទនេះទទួលបានការជ្រោមជ្រែងពីផលិតកម្មGalaxy ដែលមានទាំងក្រុមតារាសម្ដែងនិងអ្នកផលិតជាដើម។ប៉ុន្តែយ៉ាងណាលោកឡេង ណាវ៉ាត់ត្រា អះអាងថាបទ”តារាបែកស្លុយ២០១៧”មិនពាក់ព័ន្ធជាមួយGalaxy ទេ។ត្បិតអី បទនោះលោកប៊ុណ្ណា ផលិតនៅខាងក្រៅផលិតកម្មហើយលោកក៏ពុំបានយកមកដាក់ នៅក្នុងផលិតកម្មដែរ។ម្យ៉ាងបទនោះលោកប៊ុណ្ណា គ្រាន់តែផលិតលេងតែប៉ុណ្ណោះ។ដូច្នេះអត់មានប៉ះពាល់ដល់Galaxy ទេ។
យ៉ាងណាក៏ដោយខណៈដែលលោកម៉ារ៉ា ប៊ុណ្ណា កំពុងរងការរិះគន់ថៅកែផលិតកម្មGalaxy និងជាតារាចម្រៀងលោកឡេង ណាវ៉ាត់ បានអះអាងថា លោកប៊ុណ្ណា នៅតែជាដៃគូច្រៀងនិងសម្ដែង ជាមួយលោកហើយក៏ជាតារាចម្រៀងដ៏សំខាន់របស់ផលិតកម្មGalaxy ផងដែរ។
លោកណាវ៉ាត់ត្រា បានលើកឡើងថា បន្ទាប់ទទួលបានការគាំទ្រខ្លាំងតាមរយៈបទ”ឲ្យតែគិតចេះតែចង់យំ”ដែលជាបទOriginal song ផលិតអស់ជិត១ម៉ឺនដុល្លារ ដែលលោកច្រៀងរួមគ្នាជាមួយលោកម៉ារ៉ា ប៊ុណ្ណា នោះលោកនិងប៊ុណ្ណា ក៏មានគម្រោងធ្វើបទថ្មីរួមគ្នាជាបន្តបន្ទាប់ទៀតផងដែរ។ថែមទាំងគ្រោងបោះទុនធំដូចផលិតបទ”ឲ្យតែគិតចេះតែចង់យំ”ទៀតផង។
ថៅកែផលិតកម្ម តារាចម្រៀង និងជាអ្នករកស៊ីខាងអចលនទ្រព្យលោកឡេង ណាវ៉ាត់ត្រា បានអះអាងថា បើទោះបីលោកប៊ុណ្ណា រងការរិះគន់បទ ”តារាបែកស្លុយ២០១៧”ប៉ុន្តែពុំបានធ្វើឲ្យប៉ះពាល់សន្ទុះគាំទ្របទ”ឲ្យតែគិតចេះតែចង់យំទេ”ដែលច្រៀងរួមគ្នាជាមួយលោកនោះទេពោលគឺនៅតែទទួលបានការចាប់អារម្មណ៍ខ្លាំងទាំងនៅ តាមបណ្ដាញសង្គមហ្វេសប៊ុក និងYoutube ខណៈដែលលោកអះអាងថា លោកប៊ុណ្ណា នៅតែជាតារាចម្រៀងរបស់Galaxy ហើយលោកនិងរួមគ្នាបង្កើតស្នាដៃថ្មីជាមួយលោកម៉ារ៉ា ប៊ុណ្ណា ជាបន្តបន្ទាប់ទៀត៕
https://youtu.be/F9KPYxDR8CE