ភ្នំពេញ ៖ អតីតប្រធានគណបក្សសង្គ្រោះជាតិ លោកសម រង្ស៊ី បានបញ្ជាក់ពីជំនួបជាមួយ លោកកឹម សុខា និងគ្រួសារបក្សប្រឆាំងនៅក្រៅប្រទេស បន្ទាប់ពីលោកបានប្រកាសថា នឹងវិលចូលស្រុកវិញនៅឆ្នាំ២០១៨ ក្នុងការបោះឆ្នោតថ្នាក់ជាតិខាងមុខ ។
កាលពីថ្ងៃទី១៥ ខែកក្តដា ឆ្នាំ២០១៧ លោកសម រង្ស៊ី បានសរសេរខ្លី ព្រមជាមួយការបង្ហាញរូបថត ជួបជុំក្រុមតំណាងរាស្ត្រគណបក្សប្រឆាំង ក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា “ជំនួបជាលក្ខណៈគ្រួសារ រាត្រីនេះ ជាមួយ អតីតសហការី ក្នុងជួរគណបក្សសង្គ្រោះជាតិ នៅទីកន្លែងមួយ ជិតប្រទេសកម្ពុជា”។
នៅពេលឃើញសំណេរបញ្ជាក់របស់លោក សម រង្ស៊ី បែបនេះ មានគណនីហ្វេសប៊ុកមួយបានចូល Comment សួរថា “ចុះម៉េចមិនមានឯកឧត្តមកឹម សុខា អ៊ីចឹងលោកប្រធាន?”។
ឆ្លើយតបសំណួរនេះ លោកសម រង្ស៊ី បានសរសេរថា “បានជួបគ្នាថ្មីៗមុនហើយ”។
ការបញ្ជាក់តាមបណ្តាញសង្គមរបស់លោក សម រង្ស៊ី បានធ្វើឡើងស្របពេលដែលមានព័ត៌មានថា លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទាំង៥៥រូប រួមទាំងសមាជិកព្រឹទ្ធសភាមកពីគណបក្សសម រង្ស៊ី ផងដែរ បានចាកចេញពីប្រទេសកម្ពុជា ជាបន្តបន្ទាប់ តាំងពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ ទៅជួបពិភាក្សាកិច្ចការសម្ងាត់ជាមួយលោកសម រង្ស៊ី នៅក្រៅប្រទេស ដែលការជួបនោះ អាចជាការជួបលើកចុងក្រោយ មុនពេលវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលមានខ្លឹមសារហាមទណ្ឌិតធ្វើសកម្មភាពជាមួយគណបក្សនយោបាយ ត្រូវចូលជាធរមាន។
ជាកត់សម្គាល់ផងដែរ ក្នុងពេលធ្វើដំណើរទៅជួបលោកសម រង្ស៊ី នោះ តំណាងរាស្ត្រគណបក្សប្រឆាំងជាច្រើន បានសរសេរសារខ្លីៗនៅលើទំព័រហ្វេសប៊ុកខ្លួន បង្ហាញនូវក្តីនឹករលឹកយ៉ាងខ្លាំង ចំពោះលោកសម រង្ស៊ី ដែលធ្លាប់ជាមេគ្រួសារបក្សប្រឆាំង នាពេលកន្លងមក។
លោកអេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល បានសរសេរក្នុងគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ ថា “រាត្រីនេះ (១៤,០៧,២០១៧) ពួកយើងមានកិត្តិយស បានទទួលទានអាហារនៅទីក្រុងហុងកុង ជាមួយ “មនុស្សដែលពួកយើងនិងប្រជាពលរដ្ឋ គោរពស្រលាញ់ មិនអាចបំភ្លេចបានឡើយ ទោះបីបន្តិចទៀតនេះ ច្បាប់តម្រូវឱ្យយើងដក រូប សំឡេង និងសកម្មភាពរបស់គាត់ចេញពីគណបក្សសង្គ្រោះជាតិក៏ដោយ”។
លោកគង់ សភា តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង និងអនុប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ ខេត្តស្វាយរៀង បានសរសេរក្នុងគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃដដែលនោះថា “ដោយសារសំឡេង លោកសម រង្ស៊ី មានតម្លៃខ្ពស់ ហើយមានគេខ្លាច ឥឡូវចាប់ផ្តើមមានមនុស្សជាច្រើនធ្វើដំណើរទៅកែសំឡេងឱ្យដូចសំឡេងរបស់គាត់ ហើយខ្ញុំមានជំនឿថា ពេលដែលត្រឡប់មកវិញ អ្នកទាំងអស់គ្នាក្លាយជាសំឡេងសង្គ្រោះជាតិតែមួយ សូមឱ្យសំឡេងលោក សម រង្ស៊ី ស្ថិតក្នុងបេះដូងខ្មែររាប់លាននាក់”។
ហ្វេសប៊ុករបស់លោកវ៉ាន់ ណារិត តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងអនុប្រធានក្រុម ការងារគណបក្សសង្គ្រោះជាតិ ខេត្តត្បូងឃ្មុំ បានសរសេរថា “អ្នកដែលជាទីស្រទ្បាញ់របស់យើង មិនថានៅទីជិតឬនៅទីឆ្ងាយ បើទោះជាចំណាយពេលវេលា ចំណាយធនធានច្រើនប៉ុនណា តែសេចក្តីប្រាថ្នារបស់យើងតែមួយគត់ គឺបានជួប”។
អ្នកនាំពាកក្យគណបក្សប្រជាជនកម្ពុជា លោកឈឹម ផលវរុណ បានលើកឡើងថា ការដែលតំណាងរាស្ត្របក្សប្រឆាំងជាច្រើន នាំគ្នាឡើងទៅជួបលោកសម រង្ស៊ី នៅក្រៅប្រទេសនោះ មិនមែនជាទិដ្ឋភាពនយោបាយសម្រាប់ លោកសម រង្ស៊ី ទេ តែជាការលាគ្នាចុងក្រោយ មុនពេលលោកសម រង្ស៊ី បញ្ចប់ជីវិតនយោបាយ។
រីឯការដែលលោកសម រង្ស៊ី ថានឹងវិលចូលស្រុកវិញនោះ គ្មាននរណាហាមឃាត់គាត់ទេ តែគាត់ខ្លួនឯងទេ ដែលរត់ចោលស្រុក មិនហ៊ានចូលស្រុក ព្រោះខ្លាចជាប់គុក គេចពីការទទួលខុសត្រូវតាមផ្លូវច្បាប់ ហើយបើលោក សម រង្ស៊ី ចង់វិលចូលស្រុក មិនបាច់បារម្ភពីសុវត្ថិភាពទេ គឺនៅ ពេលគាត់មកដល់ នឹងមានកម្លាំងសមត្ថកិច្ចស្វាគមន៍ការពារនាំគាត់ទៅកាន់កន្លែងសុវត្ថិភាព គឺពន្ធនាគារ (គុក)។
ចំពោះលោក សម រង្ស៊ី ផ្ទាល់ធ្លាប់បានប្រកាសថា នឹងចូលកម្ពុជាវិញជាច្រើនដង បន្ទាប់ពីការនិរទេសខ្លួនរបស់លោក ចាប់តាំងពីចុងខែវិច្ឆិកា ឆ្នាំ២០១៥មក។ ក្នុងនោះ លោកបានប្រកាសថា លោកនឹងវិលត្រឡប់ចូលកម្ពុជាវិញ ឱ្យបានមុនការបោះឆ្នោតជ្រើសរើសឃុំ-សង្កាត់ ក្នុងឆ្នាំ២០១៧។ ដោយឡែក កាលពីយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ លោកសម រង្ស៊ី បានបង្ហោះសារខ្លីមួយលើបណ្តាញសង្គម Twitter របស់លោក បញ្ជាក់ថា “ខ្ញុំនឹងត្រឡប់ទៅប្រទេសកម្ពុជាវិញ ក្នុងឆ្នាំ២០១៨ខាងមុខ។ លោកហ៊ុន សែន មិនមែនអមតៈទេ”។
ដោយឡែក នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ លោកសម រង្ស៊ី បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់លោកថា ៖ គួរឱ្យហួសចិត្តអំពីរដ្ឋាភិបាលលោកហ៊ុន សែន សព្វថ្ងៃ។ ប្រជារាស្ត្រ កំពុងតែរងទុក្ខវេទនា ដោយសារតែបញ្ហាពីរដ៏ក្តៅគគុកជាងគេ នៅពេលនេះ ៖
១-បញ្ហាពលករខ្មែរចំណាកស្រុកទៅថៃ ដែលនៅទីនោះ គេកំពុងតែធ្វើទុក្ខបុកម្នេញពួកគាត់ ដែលជាហេតុធ្វើឱ្យពួកគាត់មានការព្រួយបារម្ភ និងភ័យខ្លាចយ៉ាងខ្លាំង ហើយអ្នកខ្លះសម្រេចចិត្តរត់មកប្រទេសកម្ពុជាវិញយ៉ាងត្រដាបត្រដួស។
២-បញ្ហាតម្លៃកសិផល ដូចជាស្រូវ ពោត ដំឡូង ដែលធ្លាក់ចុះយ៉ាងខ្លាំង ដោយសារតែរដ្ឋាភិបាលមិនបានរៀបចំទីផ្សារ ជូនប្រជាកសិករ ដូចគេធ្វើនៅប្រទេសជិតខាង ដើម្បីការពារជីវភាពរស់នៅរបស់កសិករ ក្នុងប្រទេសគេ។ ពេលនេះកសិករមួយចំនួន នៅខេត្តបាត់ដំបង កំពុងតែ បិទផ្លូវ ដើម្បីទាញអារម្មណ៍អាជ្ញាធរឱ្យយកចិត្តទុកដាក់ អំពីតម្លៃផលដំណាំដែលពួកគាត់ទើបតែប្រមូលបាន ហើយដែលធ្លាក់ចុះដល់កម្រិតមួយទាបបំផុត ប្រៀបធៀបទៅនឹងឆ្នាំមុនៗ។
រដ្ឋាភិបាលលោកហ៊ុន សែន គួរណាស់ខិតខំដោះស្រាយបញ្ហាចម្បងទាំង២ខាងលើនេះ ហើយមិនគួរចំណាយពេលធ្វើច្បាប់ ដើម្បីគ្រាន់តែដករូបថតខ្ញុំតែប៉ុណ្ណោះ”។
នៅថ្ងៃដដែលនោះ លោកសម រង្ស៊ី បង្ហោះរូបភាពរបស់លោកមួយចំនួន ស្តីពីសកម្មភាព នយោបាយរបស់លោក ជាមួយគណបក្សសង្គ្រោះជាតិ ជាមួយសំណេរខ្លី បានសរសេរក្នុងទំព័រ ហ្វេសប៊ុករបស់លោកថា “សូម្បីតែរូបខ្ញុំម្នាក់ឯង ជាមួយប្រជារាស្ត្រ ក៏គេហាមឃាត់មិនឱ្យយកមក បង្ហាញជាសាធារណៈដែរ…”។ “រូបទាំងនេះ គេមិនឱ្យប្រើប្រាស់ ឬយកទៅបិទតាំងទៀតទេ នៅប្រទេសកម្ពុជា។ នរណាហ៊ានបញ្ចោញរូបណាមួយបែបនេះ នឹងមានទោស យោងតាមច្បាប់ថ្មី ប្រឆាំងសម រង្ស៊ី ធ្វើឡើងតាមបញ្ជាហ៊ុន សែន”៕
កុលបុត្រ