ភ្នំពេញ ៖ យុវជនមួយក្រុមចេញពីក្លឹបជិះម៉ូតូទៅដើរលេងនៅណាហ្គាវើលដ៍ ត្រូវរថយន្តស៊េរីទំនើបមួយគ្រឿង បើករថយន្តដេញបុក ធ្វើឲ្យជនរងគ្រោះភ័យផ្តួលម៉ូតូចោលរត់គេច ត្រូវជនបង្កវាយម៉ូតូខូចខាតយ៉ាងដំណំមួយគ្រឿង ហើយដកកាំភ្លើងគំរាមបាញ់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលា១និង២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវសហព័ន្ធរុស្សី នៅចំណុចមុខផ្ទះលក់ម៉ូតូយីហោហុងដា ភៀង គាង ស្ថិតនៅក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន។
ជនរងគ្រោះមានឈ្មោះ ឡេន សុភាស់ ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅឃុំក្រួស ស្រុកស្វាយជ្រុំ ខេត្តព្រៃវែង បានឲ្យដឹងថា មុនពេលកើតហេតុគាត់មានគ្នាទាំងអស់១៥នាក់ ជិះម៉ូតូ៥គ្រឿង ម៉ាកឡេត ចំនួន៣គ្រឿង ម៉ូតូ Nex មួយគ្រឿង និងម៉ូតូ MSX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1GA-8178 ជាម៉ូតូរបស់ជនរងគ្រោះ ក្នុងម៉ូតូមួយគ្រឿង ជិះគ្នា៣ៗនាក់ ពួកគេទាំងនោះទើបតែចេញមកពីក្លឹបនៅម្តុំផ្សារដីហុយ គោលបំណងនាំគ្នាទៅអង្គុយលេងនៅមុខណាហ្គាវើល៍ ខណៈពេលជិះមកដល់ជិតស្តុបវត្តមហាមន្ត្រី ក៏ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅ មិនចាំស្លាកលេខ ជិះគ្នា៦នាក់ មានប្រុស៤នាក់ ស្រី២នាក់ មិនដឹងថា មានគំនុំអីជាមួយយុវជនទាំងនោះទេ បានជាជិះរថយន្តដេញបុក ធ្វើឲ្យជនរងគ្រោះភ័យស្លន់ស្លោ បានជិះម៉ូតូរត់បែកខ្ញែកគ្នាអស់ នៅសល់តែជនរងគ្រោះរត់ទៅគេចទៅណាមិនរួច បានផ្តួលម៉ូតូរត់គេចខ្លួន ភ្លាមៗនោះដែរខាងរថយន្តបង្កនាំគ្នាយកដុំថ្មដែលដាក់ជើងឆត្រចំនួន២ដុំ យកទៅវ៉ៃម៉ូតូបែកក្បាំងម៉ូតូរួចដាក់ដុំថ្មនៅលើម៉ូតូទៀត មិនតែប៉ុណ្ណោះ ជនបង្កថែមទាំងយកកាំភ្លើងខ្លីទៅគំរាមបាញ់ប្រជាពលរដ្ឋដែលឈរមើលរួចហើយបើករថយន្តគេចខ្លួនបាត់ដោយសុវត្ថិភាព។
ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានយកម៉ូតូរបស់ជនរងគ្រោះយកទៅរក្សាទុកនៅប៉ុស្តិ៍អូរឡាំពិក រង់ចាំថ្ងៃស្អែកចាំយកឯកសារដែលពាក់ព័ន្ធនឹងត្រឹមត្រូវ ហើយទើបឲ្យម៉ូតូយកត្រឡប់ទៅផ្ទះវិញ ៕