ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តដឹកក្រួសមួយគ្រឿង បានចុចស៊ីផ្លេដាក់ម៉ូតូ ធ្វើឲ្យអ្នកបើកម៉ូតូភ្ញាក់ បានដួលម៉ូតូត្រូវរថយន្តដឹកក្រួស បើកមកពីក្រោយកិនម៉ូតូជាប់ក្រោមរថយន្តអូស៥០ម៉ែត្រ ទើបឈប់ ចំណែកអ្នកជិះម៉ូតូរងរបួសស្រាល កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចខាងមុខក្លឹប រឺលែក្ស តាមបណ្តោយផ្លូវ២០១១ ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរស៣នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកស៊ុយស៊ូគីនិក ពណ៌ស អត់មានស្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវ២០១១ ក្នុងទិសដៅពីត្បូងទៅជើង ។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តបើកមកពីក្រោយមួយគ្រឿងទៀត ម៉ាក FUSO ពណ៌ត្រេអ៊ី ពាក់ស្លាកលេខខេមរភូមិន្ទ០២ ៣-៧០១២ ជាប្រភេទរថយន្តប៊ែនដឹកក្រួស បើកបរដោយបុរសម្នាក់បានចុចស៊ីផ្លេ ធ្វើឲ្យអ្នកជិះម៉ូតូភ្ញាក់ ហើយដួលម៉ូតូ ក៏ត្រូវរថយន្តបើកមកពីក្រោយ រួចកិនអូសទៅមុខបានជាង៥០ម៉ែត្រ ទើបឈប់រថយន្ត បណ្តាលឲ្យម៉ូតូកៀបជាប់ក្រោមរថយន្តរងការខូចខាតស្ទើរទាំងស្រុង ។ ភ្លាមៗនោះ អ្នកបើករថយន្តបង្កបានបើកទ្វារថយន្តលោតចុះ ហើយព្យាយាមរត់គេចខ្លួន ប៉ុន្តែត្រូវប្រជាពលរដ្ឋចាប់ឃាត់បាន។
នៅក្នុងហេតុការណ៍ខាងលើនេះ មិនបង្កឲ្យមានអ្នកគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ គ្រាន់តែរងរបួសស្រាល ព្រោះភ្លាមៗនោះអ្នកបើកបរម៉ូតូនិងអ្នករួមដំណើរបានលោតចេញពីម៉ូតូទាន់ពេលវេលា។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកកន្លែងកើតហេតុ និងបានទាក់ទង់ហៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ ឲ្យចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕