ភ្នំពេញ ៖ យ៉ាងហោចណាស់មានមនុស្សរងរបួសធ្ងន់ស្រាល៣នាក់ បង្កឡើងដោយបុរសម្នាក់ស្រវឹងស្រាបើករថយន្តថយក្រោយ ជ្រុលទៅបុកអ្នកលក់នំប៉ាវចៀន កំពុងតែឈរចៀននំប៉ាវរបួសធ្ងន់ម្នាក់និងស្រាល២នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី១៧ ខែកក្តដា ឆ្នាំ២០១៧ ស្ថិតនៅជ្រកចូលផ្ទះឡ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះរងរបួសធ្ងន់ទី១ ឈ្មោះ ចាន់ ផល្លា ភេទស្រី អាយុ៤៧ឆ្នាំ មុខរបរលក់នំប៉ាវចៀន រស់នៅផ្ទះកើតហេតុ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងអ្នករបួសស្រាល២នាក់ប្តីប្រពន្ធ ប្តីឈ្មោះអ៊ុត សំអូន អាយុ៣៧ឆ្នាំ មុខរបរលក់នំប៉ាវចៀន និងប្រពន្ធឈ្មោះ ចាន់ កុម្ភៈ ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរលក់នំប៉ាវចៀន ។ ជនបង្កឈ្មោះទន់ មករា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបើករថយន្ត រស់នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបាននិយាយថា នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះចាន់ កុម្ភៈ ត្រូវជាប្អូនស្រីជនរងគ្រោះរបួសធ្ងន់ បាននិយាយថា ខណៈពេលពួកគាត់កំពុងតែចៀននំប៉ាវលក់ ស្រាប់តែឃើញរថយន្តម៉ាកFord ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AN-5253 បើកបរដោយបុរសម្នាក់ក្នុងសភាពស្រវឹង បើករ៉ឺយ៉ែត្រឡប់ក្រោយពីជើងទៅត្បូង ដោយមានអ្នកស៊ីញ៉ូម្នាក់ ដែលកំពង់ស៊ីញ៉ូៗបោយដៃទៅវិញទៅមក ស្រាប់តែរថយន្តបង្កបត់រថយន្តមិនទាន់ត្រង់ផង ស្រាប់តែរថយន្តខាងលើជាន់ហ្គែរហោះទៅបុកខ្ទះខ្លាញ់ចៀននំប៉ាវ ដែលតំរៀបជាជួរ បណ្តាលឲ្យខ្លាញ់ខ្ទៀតទៅលើបងស្រីគាត់ឈរចៀននំប៉ាវ រងរបួសធ្ងន់ធ្ងរ ចំពោះគាត់នឹងប្តីគាត់រងរបួសស្រាល។
ប្រភពបានបន្តទៀតថា ពេលភ្លាមពួកគាត់បានប្រញ៉ាប់ប្រញ៉ាល់ទៅមន្ទីពេទ្យឯកជន នៅជិតកន្លែងកើតហេតុ ហើយបានព្យាបាលបឋម ដោយបងស្រីរបស់គាត់រងរបួសធ្ងន់ ត្រូវរថយន្តដឹកទៅមន្ទីពេទព្រះកុសមៈ ដើម្បីព្យាបាលបន្ត។
ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៍ បានឃាត់ជនបង្កខាងលើ ហើយបានប្រគល់ឲ្យជំនាញខណ្ឌពោធិ៍សែនជ័យ យកអ្នកបើកបរនឹងរថយន្តបង្កខាងលើ យកទៅរក្សាទុកនឹងរងចាំការដោះស្រាយ ៕