ភ្នំពេញ ៖ ក្មេងប្រុសម្នាក់ក្នុងចំណោមក្មេងប្រុស៣នាក់ ចុះហែលទឹករណ្តៅដីលេង លុះអស់ដៃលង់លិចស្លាប់បាត់ ផ្អើលប្រជាពលរដ្ឋ សមត្ថកិច្ច រកគ្រប់វិធីសាស្រ្តរាវរកពេញមួយថ្ងៃ នៅតែរកសាកសពមិនឃើញ ដោយសារជម្រៅទឹករហូតដល់៤០ម៉ែត្រឯណោះ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅរណ្តៅដីចាស់ទុកចោលមួយកន្លែង ក្នុងក្រុមទី៧ ភូមិកាកាប សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រហូតដល់វេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែកក្កដា នេះ សាកសពក្មេងប្រុសត្រូវបានសាច់ញាតិ រាវរកឃើញហើយ ដោយប្រើបច្ចេកទេសចងផ្លែសន្ទូចទម្លាក់អូស ទើបជាប់ទាក់នឹងខោ។
ក្មេងប្រុសរងគ្រោះមានឈ្មោះ ភ័ក្រ សុចិត្រា អាយុ១៣ឆ្នាំ មុខរបរសិស្សរៀនថ្នាក់ទី៧ អនុវិទ្យាល័យពោធិ៍ចិនតុង មានម្តាយឈ្មោះ ហែម សុខន អាយុ៣០ឆ្នាំ មុខរបរនៅផ្ទះ មានឪពុកឈ្មោះ រិទ្ធ សុភ័ក្រ អាយុ៤០ឆ្នាំ មុខរបរជាមន្រ្តីនគរបាលព្រំដែន មានទីលំនៅភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។
គួររំលឹកផងដែរថា កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែកក្កដា ក្មេងប្រុសរងគ្រោះ រួមជាមួយមិត្តភក្តិ សរុបគ្នា៣នាក់ នាំគ្នាចុះហែលទឹករណ្តៅដីនៅកន្លែងកើតហេតុលេង លុះរហូតដល់វេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃដដែល បានផ្អើលឆោឡោមានក្មេងប្រុសម្នាក់លង់ក្នុងទឹកបាត់។ ផ្អើលអស់សមត្ថកិច្ច ប្រជាពលរដ្ឋ ចុះទៅដល់កន្លែងកើតហេតុ ដោយសារជម្រៅទឹកជ្រៅរហូតដល់ទៅ៤០ម៉ែត្រ ពុំមានអ្នកណាហ៊ានចុះ អស់រយៈពេលពេញ១ថ្ងៃ រាវរកមិនឃើញ លុះរហូតដល់វេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែកក្កដា នេះ បន្ទាប់ពីសាច់ញាតិរបស់ក្មេងរងគ្រោះ រួមជាមួយអ្នកភូមិ បានប្រើវិធីសាស្រ្តចងផ្លែសន្ទួចទម្លាក់អូស ទើបទាក់ជាប់នឹងខោសាកសពជនរងគ្រោះ ។ នៅកន្លែងកើតហេតុ ក្រោយពីទទួលដំណឹងដ៏ក្រៀមក្រំ វត្តមានម្តាយរបស់ក្មេងរងគ្រោះទៅដល់មាត់ទឹករណ្តៅដី ខិតខំបែបន់តាមបែបជំនឿសាសនាយ៉ាងណាក៏ដោយ អស់រយៈពេលច្រើនម៉ោងមកហើយ នៅតែមិនឃើញសាកសពកូនប្រុស យំសោកបោកប្រាណ រហូតដល់សន្លប់ ត្រូវបានសាច់ញាតិ ពលរដ្ឋជួយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។
សាកសពក្មេងរងគ្រោះក្រោយប្រទះឃើញ ក៏បានស្រង់ដាក់ឡើងគោក ហើយសមត្ថកិច្ចធ្វើការពិនិត្យកោសល្យវិច័យ រួចបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕