ភ្នំពេញ ៖ ស្លាកយីហោផ្ទះសំណាក់ ហេង ចន្ធី ដែលដាក់នៅជាប់ព្រំគ្នា បានតខ្សែភ្លើងរាយនៅលើដី ដើម្បីដោតបំភ្លឺក្នុងស្លាកយីហោនៅពេលយប់ បណ្តាលឲ្យឆ្លងចរន្តឆក់បុរសជាអ្នកលក់បាយឆានិងគុយទាវពេលយប់ ខណៈពេលដែលដោះស្បែកជើងបោសសំអាតកន្លែងឈប់លក់ដូរ ត្រូវខ្សែភ្លើងឆក់ស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចមុខផ្ទះសំណាក់ហេង ចន្ធី ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឆក់ខ្សែភ្លើងស្លាប់ មានឈ្មោះសុខ វណ្ណៈ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរលក់បាយឆានិងគុយទាវពេលយប់ ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុ មានស្រុកកំណើតនៅខេត្តតាកែវ មានប្រពន្ធឈ្មោះ ចឹក សោភ័ណ្ឌ អាយុ៣៨ឆ្នាំ លក់ដូរជាមួយគ្នា មានទីលំនៅភូមិថ្មគោល៣ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានកូនប្រុស២នាក់ ប្រុសកូនបងអាយុ១៥ឆ្នាំ និងកូនប្អូនអាយុ៨ឆ្នាំ។
ចំណែកម្ចាស់ផ្ទះសំណាក់ មានឈ្មោះកែវ សុខុម ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរជាងដែកគ្រប់មុខ ស្នាក់នៅផ្ទះជួលកើតហេតុ មានស្រុកកំណើតនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មានប្រពន្ធឈ្មោះឡាយ ធី អាយុ៣៤ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីស្រ្តីជាបងថ្លៃជនរងគ្រោះ មានឈ្មោះចិត្ត បុប្ផា អាយុ៥៨ឆ្នាំ មុខរបរលក់ដូរជិតគ្នា បាននិយាយថា ផ្ទះសំណាក់និងកន្លែងលក់ដូររបស់ប្អូនថ្លៃជាជនរងគ្រោះនៅជាប់គ្នាហើយស្លាកយីហោរបស់ផ្ទះសំណាក់ ហេង ចន្ធី បានដាក់ជាប់ព្រំនឹងគ្នា ដោយដាក់គងព្រំ ហើយស្លាកយីហោនេះធ្វើឡើងមិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវទេ គឺរាយខ្សែភ្លើងនៅលើដីតែម្តង ដែលកន្លងមកថ្មីៗនេះ បានស្រូបឆក់កូនប្រុសរបស់ជនរងគ្រោះ និងភ្ញៀវដែលមកហូបមីឆាចំនួន២លើករួចមកហើយ ហើយរូបគាត់ទើបនឹងប្រាប់ឈ្មោះឡាយ ធី ត្រូវជាប្រពន្ធម្ចាស់ផ្ទះសំណាក់៣ថ្ងៃមុន ម្តងរួចមកហើយដែរ តែប្រពន្ធម្ចាស់ផ្ទះសំណាក់បាននិយាយថា បើដឹងថាស្លាកយីហោ ឆក់ ហើយចាំបាច់កាន់ធ្វើអី។
ប្រភពដដែលបាបន្តទៀត ពេលដែលឆក់កូនប្រុសរបស់ជនរងគ្រោះ ក៏បានប្រាប់ទៅម្ចាស់ផ្ទះសំណាក់ថាស្លាកយីហោនេះធ្វើឲ្យឆ្លងចរន្តឆក់កូនប្រុសរបស់គាត់ម្តងមកហើយ បែរជាម្ចាស់ផ្ទះសំណាក់បាននិយាយថា បើដឹងថាស្លាកនេះឆក់ហើយម៉េចក៏ដើរទៅជិត និងប៉ះទៀត។ នៅយប់កើតហេតុជនរងគ្រោះនិងក្រុមគ្រួសាររបស់គាត់បាននាំគ្នារៀបចំរបស់របរទុកដាក់ ឈប់លក់ដូរដោយបាននាំគ្នារៀចំអីវ៉ាន់បោសលាងសំអាតកន្លែងលក់ដូរ ហើយជនរងគ្រោះបានបោសសំអាតកន្លែងលក់ដូរ ដែលមានទឹកសើម ហើយមិនបានពាក់ស្បែកជើងទេ ខណៈពេលបោសសំអាតដល់កន្លែងស្លាកផ្ទះសំណាក់ហេង ចន្ធី ស្រាប់តែជនរងគ្រោះខាងលើ ត្រូវខ្សែភ្លើងឆក់ដួលដេកនឹងដីសន្លប់ស្តូកស្តឹង ភ្លាមៗនេះត្រូវបានប្អូនជីដូនមួយយកក្រមាទាក់ស្លាកយីហោផ្ទះសំណាក់ទាញចេញ ដើម្បីជួយសង្គ្រោះជីវិតជនរងគ្រោះ ប៉ុន្តែម្ចាស់ផ្ទះសំណាក់មិនបានជួយមើលជនរងគ្រោះទេ ធ្វើឲ្យសាច់ញាតិរបស់ជនរងគ្រោះមានការខឹងសម្បាយ៉ាងខ្លាំង បាននាំគ្នាវាយកំទេចស្លាកយីហោ ហើយយកទៅទម្លាក់ចោលក្បែរចិញ្ចើមផ្លូវ ជិតកន្លែងកើតហេតុ ។ បន្ទាប់មកជនរងគ្រោះត្រូវបានក្រុមគ្រួសារហៅរ៉ឺម៉កម៉ូតូដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត ហៅពេទ្យរុស្សី ជាអកុសល ពេលទៅដល់មន្ទីរពេទ្យ គ្រូពេទ្យបានប្រាប់ថាស្លាប់បាត់ទៅហើយ ។
ក្រោយពេលកើតុហេតុម្ចាស់ផ្ទះសំណាក់២នាក់ប្តីប្រពន្ធ ត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅសួរនាំ នៅប៉ុសិ៍នគរបាលរដ្ឋបាលចោមចៅ រួចបញ្ជូនបន្តទៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ។ រីឯសពត្រូវបានជំនាញខាងជំនាញរាជធានីភ្នំពេញ ចុះមកពិនិត្យនៅមន្ទីរពេទ្យ រួចហើយបានចុះទៅពិនិត្យនៅកន្លែងកើតហេតុបន្តទៀត ទើបប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕