ភ្នំពេញ ៖ តបទៅនឹងការហៅលោកថា “កូនអាក្បត់ជាតិ” អតីតប្រធានគណបក្សសង្គ្រោះជាតិ លោកសម រង្ស៊ី បានលើកឡើង៤ចំណុច ចោទសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាវិញ ពាក់ព័ន្ធនឹងអំពើក្បត់ជាតិ។
លោកសម រង្ស៊ី បានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ ថា “គេថា ខ្ញុំមានទោស។ សូមបងប្អូន និងក្មួយៗពិចារណាថា នរណាត្រូវមានទោសជាជនក្បត់ជាតិ?
ជនក្បត់ជាតិ ជាអ្នកដែលបានប្រព្រឹត្តទង្វើណាមួយ ក្នុងចំណោមទង្វើខាងក្រោមនេះ ៖
១-បម្រើផលប្រយោជន៍បរទេស ហើយធ្វើឱ្យប្រទេសរបស់ខ្លួន បាត់បង់ឯករាជ្យភាព និងអធិបតេយ្យភាពជាតិ (ដូចជាចំពោះប្រទេសកម្ពុជា ក្រោយពីឆ្នាំ១៩៧៩)។
២-កាត់ទឹកដីប្រទេសរបស់ខ្លួន ឱ្យទៅប្រទេសជិតខាង (ដូចជាករណីទឹកដីប្រទេសកម្ពុជា ដែលត្រូវបាត់បង់ដោយសារសន្ធិសញ្ញាព្រំដែន ក្នុងទសវត្សរ៍ឆ្នាំ១៩៨០)។
៣-សម្លាប់ប្រជារាស្ត្រខ្លួនឯង ក្នុងទ្រង់ទ្រាយធំ (ដូចជាការអនុវត្តផែនការ ក៥ ដែលបង្ខំមនុស្សរាប់ម៉ឺននាក់ ឱ្យទៅស្លាប់ក្នុងទសវត្សរ៍ ឆ្នាំ១៩៨០)។
៤-បំផ្លាញទ្រព្យសម្បត្តិជាតិ ដើម្បីបម្រើផលប្រយោជន៍ខ្លួន គ្រួសារខ្លួន និងបក្ខពួកខ្លួន (ដូចជាការកាប់បំផ្លាញព្រៃឈើ ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ)។
លោកហ៊ុន សែន បានប្រព្រឹត្តទង្វើទាំង ៤ខាងលើនេះ។
លើកក្រោយខ្ញុំនឹងលាតត្រដាងប្រវត្តិរូបជាប្រវត្តិសាស្ត្ររបស់សឺង ង៉ុកមិញ (ឈ្មោះ ដើម Phạm Văn Hua) ហៅអាចារ្យមៀន (អាចារ្យក្លែងក្លាយ) ដែលជាបិតាគណបក្សប្រជាជនកម្ពុជា ហើយដែលជាជនក្បត់ជាតិមុនគេបង្អស់ ចាប់ពីឆ្នាំ១៩៥១ ដែលជាឆ្នាំកំណើតរបស់គណបក្សប្រជាជនកម្ពុជា”។
ទាក់ទងនឹងសំណេរលើកឡើងរបស់លោក សម រង្ស៊ី ខាងលើនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន បានចាត់ទុកថា គ្មានអ្វីចម្លែកទេ ព្រោះលោកសម រង្ស៊ី ក្នុងនាមជាអ្នកនយោបាយប្រឆាំង តែងតែរិះគន់ រដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជាបែបនេះរហូតមក។ ដូច្នេះបើលោកសម រង្ស៊ី ប្តូរពីការឈប់រិះគន់ មកជាគាំទ្ររដ្ឋាភិបាល ទើបជាការចម្លែក។ ប៉ុន្តែលោកសុខ ឥសាន បញ្ជាក់ថា ទោះយ៉ាងណា លោកសម រង្ស៊ីទេដែលជា អ្នកក្បត់ជាតិ បង្កើតអរិភាពជាមួយជាតិខ្លួនឯង បម្រើបរទេស ដោយសារជាប់សន្តានក្បត់ជាតិ ពីលោកសម សារី ជាឪពុក។
គួរបញ្ជាក់ថា ការបញ្ចោញសាររបស់លោក សម រង្ស៊ី វាយប្រហារធ្ងន់ៗ មកលើប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ខាងលើនេះ បានធ្វើឡើងក្រោយ ពេលដែលលោកសម រង្ស៊ី ទទួលរងការរិះគន់ថា លោកជាកូនជនក្បត់ជាតិ ក្នុងនោះទាំងសម្តេច ហ៊ុន សែន ក៏ដូចជាមន្ត្រីជាន់ខ្ពស់បក្សកាន់អំណាចមួយចំនួន បានហៅលោកសម រង្ស៊ី ថា “កូនអាក្បត់ជាតិ” ឬ “កូនជនក្បត់ជាតិ” និងស្របពេលដែលមជ្ឈដ្ឋានតាមដាននយោបាយ មើលឃើញថា លោកសម រង្ស៊ី ដែលមានឈ្មោះជា ទណ្ឌិត នឹងត្រូវអស់ឱកាសធ្វើនយោបាយជាមួយ គណបក្សប្រឆាំង នៅពេលដែលវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលមានខ្លឹមសារហាមទណ្ឌិតធ្វើនយោបាយជាមួយគណបក្សនយោបាយចូលជាធរមាន បើទោះបីលោកនៅតែអះអាងក្នុងន័យដដែលថា លោកនឹងត្រឡប់មកប្រទេសកម្ពុជាវិញ នៅឆ្នាំ២០១៨ ក៏ដោយ។
ក្នុងចំណុចនេះ លោកសុខ ឥសាន ហៅលោកសម រង្ស៊ី ថា ជាជនកំសាក ដែលសម្ងំយកសុខតែម្នាក់ឯង មិនខ្វល់ពីសុខទុក្ខរបស់ប្រជាជន។ បានន័យថា វត្តមានរបស់លោកសម រង្ស៊ី ក្នុងការបោះឆ្នោតជាតិខាងមុខនេះ ជារឿងសំខាន់ ប៉ុន្តែលោកសម រង្ស៊ី នឹងមិនវិលមកវិញទេ នៅពេលច្បាប់ស្តីពីគណបក្សនយោបាយបញ្ចប់ជីវិតនយោបាយរបស់គាត់។ លើសពីនេះ លោកសម រង្ស៊ី ធ្វើនយោបាយដោយចងកំហឹង និងមានគំនុំគុំកួនទៅលើដៃគូប្រកួតប្រជែង ក្នុងចេតនាបំបែកបំបាក់ជាតិ គ្មានអ្វីធ្វើដើម្បីផលប្រយោជន៍ជាតិ គឺគាត់តែងស្រែកបោកប្រាស់ ពលរដ្ឋថា គាត់ធ្វើដើម្បីជាតិ តែពេលធ្វើហើយមានបញ្ហា ក៏រត់ចោលជាតិ។
លោកសុខ ឥសាន ក៏បានបញ្ជាក់ដែរថា វិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ នឹងមានសុពលភាពអនុវត្តន៍ភ្លាមៗនៅថ្ងៃដែលព្រះមហាក្សត្រឡាយព្រះហស្តលេខាលើព្រះរាជក្រម ប្រកាសឱ្យប្រើប្រាស់ច្បាប់នេះ ហើយ ការដែលច្បាប់ស្តីពីគណបក្សនយោបាយ មានសុពលភាពអនុវត្តន៍ភ្លាមៗនេះ គឺដោយសារច្បាប់នេះ នឹងត្រូវប្រកាសជាការប្រញាប់។ ក្រោយពេលច្បាប់នេះ ចូលជាធរមានរួចហើយ គ្រប់គណបក្សនយោបាយ មិនមានសិទ្ធិផ្សារភ្ជាប់ជាមួយទណ្ឌិតកម្រិតទោសមជ្ឈិម និងទោសឧក្រិដ្ឋជាដាច់ខាត។ ក្នុងករណីគណបក្សនយោបាយណាមួយមានទំនាក់ទំនងជាមួយទណ្ឌិត ទោះជាសម្ងាត់ក្តី ឬជាចំហក្តី ដូចមានចែងក្នុងច្បាប់នេះ គណបក្សនោះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ រួមមានការផ្អាកសកម្មភាពរបស់គណបក្សនោះ រយៈពេល៥ឆ្នាំយ៉ាងតិច ត្រូវលុបឈ្មោះគណបក្សនោះចេញពីបញ្ជី មិនឱ្យធ្វើសកម្មភាពនយោបាយតែម្តង។
មុនពេលវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនេះចូលជាធរមាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ រួមមានលោកកឹម សុខា និងមេដឹកនាំកំពូលៗដទៃទៀតនៃគណបក្សប្រឆាំងនេះ បាននាំគ្នាទៅជួបជាមួយលោកសម រង្ស៊ី នៅទីក្រុងហុងកុង កាលពីសប្តាហ៍មុន ដើម្បី “គោរព” ចំពោះអតីតមេដឹកនាំបក្សប្រឆាំងរូបនេះ ខណៈដែលលោកសម រង្ស៊ី ក៏បានរិះគន់ដល់ច្បាប់នេះ នៅលើបណ្តាញសង្គមជាបន្តបន្ទាប់៕
កុលបុត្រ