ភ្នំពេញ ៖ យុវជន២ក្រុមចូលផឹកស៊ីហាងជាមួយគ្នា អង្គុយតុជាប់គ្នា គ្រាន់តែខឹងសម្លឹងមុខ ពេលចេញពីផឹកស៊ីវិញ កាប់នឹងដាវសំាម៉ូរ៉ៃ បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ នៅមុខហាងផឹកស៊ីយីហោ រាត្រីសប្បាយ ១៨៨ ផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ជនរងគ្រោះដែលរងរបួសធ្ងន់ មានឈ្មោះ ស៊ីណាត ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរគួកជេរម៉ូតូស្នាក់នៅផ្ទះជួលម្តុំលូប្រាំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើតនៅភូមិ១២ ស្រុកកោះសូទិន ខេត្តកំពង់ចាម ចំណែគក២នាក់ទៀត មិនមានរងរបួស មិនបានប្រាប់ឈ្មោះទេ។
តាមសម្ដីជនរងគ្រោះដែលរងរបួសស្រាល បានឲ្យដឹងថា មុនពេលកើតហេតុ ពួកគេមានគ្នាបីនាក់ បានចូលទៅផឹកស៊ីនៅក្នុងហាងរាត្រីសប្បាយ១៨៨ ចំណែកជនបង្កមានគ្នា៤នាក់ បានផឹកស៊ីនៅតុជិតគ្នា។ បន្ទាប់ពីផឹកស៊ីចប់ហើយ ពួកគេមិនរឿងអ្វីជាមួយក្រុមជនបង្កនោះទេ សូម្បីតែសម្តីឌឺដងដាក់គ្នាក៍គ្មានដែរ គ្រាន់តែសម្លឹងមុខគ្នាតែប៉ុណ្ណោះ ។ បន្ទាប់ពីផឹកស៊ីចប់ហើយ ពួកគេជាជនរងគ្រោះបានឲ្យម្ចាស់ហាងគិតលុយ ស្របពេលនោះ ខាងក្រុមបង្កដែលមានគ្នា៤នាក់ ក៍ឲ្យម្ចាស់ហាងគិតលុយដូចគ្នា ហើយពួកគេទាំងនោះក៍បានចេញមកក្រៅមុន ចំណែកពួកគេជាជនរងគ្រោះបានគិតលុយក្រោយគេ ហើយបានចេញមកក្រៅ ដើម្បីត្រឡប់ទៅផ្ទះវិញ ស្រាប់តែក្រុមជនបង្កទាំងនោះបានជិះម៉ូតូ២គ្រឿង ទាញដាវសាំម៉ូរ៉ៃកាប់ទៅលើពួកគេ បណ្តាលឲ្យមិត្តភ័ក្ដិម្នាក់រងរបួសរយះក្បាល និងកញ្ចឹងក ហូរឈាមជោគពេញខ្លួន ត្រូវដឹកតាមម៉ូតូយកទៅសង្គ្រោះនៅគ្លីនិកឯកជនដែលនៅក្បែរនោះ ចំណែកពួកគេ២នាក់ទៀត អត់មានរងរបួសនោះទេ ព្រោះរត់គេចខ្លួនទាន់។ ដោយឡែកជនបង្កពេលដែលធ្វើសកម្មភាពកាប់មកលើពួកគេហើយ បាននាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់អស់។
ក្រោយពេលកើតហេតុ ឃើញមានសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ បានសាកសួរពីដំណើររឿង រួចហើយបានប្រាប់ជនរងគ្រោះថាពេលព្យាបាលរបួស ហើយឲ្យទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៕