ភ្នំពេញ៖ ជនសង្ស័យពីរនាក់ រួមនិងបក្ខពួកបានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីនារីម្នាក់ដែលជិះម៉ូតូជាមួយសង្សារបានសម្រេច ហើយព្យាយាមជិះរត់គេចមកដល់ចំណុចក្រោមស្ពានអាកាស៥មករា ក៍ប៉ះជាមួយឡានក្រុងដួលម៉ូតូ ភ្លាមៗនោះជនសង្ស័យទាំង២បានរត់ឡើងម៉ូតូគ្នាវា គេចខ្លួនបាត់អស់ បន្សល់ទុកម៉ូតូនៅកន្លែងកើតហេតុតែប៉ុណ្ណោះ។ ហេតុការនេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង១៥នាទីព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ នៅមុខផ្ទះលេខ៥៨៨ ផ្លូវកម្ពុជាក្រោម សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
នារីរងគ្រោះដែលត្រូវចោរឆក់ទូរសព្ទ័មានឈ្មោះ ព្រីម សុជាតា អាយុ១៩ឆ្នាំ មុខរបរជាបុគ្គលិកសណ្ឋារគារប្លូហ្វាយ ស្នាក់នៅក្បែរសណ្ឋារគាររីហ្គេាល សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បើតាមសំដីរបស់នារីរងគ្រោះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់ជិះម៉ូតូជាមួយសង្សារតាមបណ្ដាយផ្លូវកម្ពុជាក្រោម ពីលិចទៅកើត លុះមកមុខផ្ទះលេខ៥៨៨ ស្រាប់តែមានជនសង្ស័យពីរជិះម៉ូតូម៉ាកសង C125 ស៊េរី2017 គ្មានស្លាកលេខ ឆក់យកទូរសព្ទ័ដៃម៉ាក Ipone7 ពណ៌ក្រហម ដែលកាន់នឹងដៃបានសម្រេច ហើយពួកវាបើករត់គេចខ្លួន។ ពេលនោះជនរងគ្រោះជិះម៉ូតូដេញតាមពីក្រោយស្រែកចោរៗ ពេលជនសង្ស័យជិះមកដល់ក្រោមស្ពានអាកាស៥មករា ក៏បុកឡានក្រុងពីក្រោយ ដួលម៉ូតូ ហើយភ្លាមនោះមានគ្នាវាប្រហែល៣ម៉ូតូ មកពីក្រោយដឹកគ្នាវាគេចខ្លួនបាត់អស់ បន្សល់ទុកតែម៉ូតូដែលធ្វើសកម្មឆក់នៅកន្លែងហេតុតែប៉ុណ្ណោះ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ បានត្រឹមតែនាំជនរងគ្រោះនិងម៉ូតូរបស់ចោរឆក់យកទៅប៉ុស្តិ៍ ដើម្បីដាក់ពាក្យបណ្ដឹងតាមរកចាប់ខ្លួនពួកវា។ ចំណែកទូរស័ព្ទរបស់នារីរងគ្រោះ គឺត្រូវចោរឆក់យកទៅបាត់ហើយ៕