Monday, November 25, 2024
Homeនយោបាយលោកកឹម សុខា រំលឹកខួប៥ឆ្នាំ ចាប់ដៃលោកសម រង្ស៊ី

លោកកឹម សុខា រំលឹកខួប៥ឆ្នាំ ចាប់ដៃលោកសម រង្ស៊ី

ភ្នំពេញ ៖ ប្រធានគណបក្សសង្គ្រោះជាតិ លោកកឹម សុខា បានរំលឹកខួប៥ឆ្នាំ នៃការចាប់ដៃជាមួយលោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បង្កើតគណបក្សសង្គ្រោះជាតិ ដោយការរូបរួមគ្នារវាងគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស។

លោកកឹម សុខា បានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ ថា “ថ្ងៃនេះជាថ្ងៃខួបកំណើតគណបក្សសង្គ្រោះជាតិ គម្រប់៥ឆ្នាំ (១៧ កក្កដា ២០១២-១៧ កក្កដា ២០១៧)

ក្នុងនាមគណបក្សសង្គ្រោះជាតិ និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមអំពាវនាវដល់បងប្អូនជនរួមជាតិខ្មែរទាំងអស់ សូមមេត្តាបន្តពង្រឹង និងពង្រីកការរួបរួមគ្នា ដោយអហិង្សា ចូលរួមជាមួយគណបក្សសង្គ្រោះជាតិឱ្យកាន់តែច្រើនឡើងថែមទៀត ដើម្បីនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន តាមរយៈការបោះឆ្នោតនៅឆ្នាំ២០១៨ នេះ។

រួបរួមដើម្បីផ្លាស់ប្តូរ តស៊ូដើម្បីសង្គ្រោះជាតិ”។

លោកកឹម សុខា បានសរសេរបន្តថា  “អបអរសាទរខួបឆ្នាំទី៥ ថ្ងៃកំណើតគណបក្សសង្គ្រោះជាតិ (១៧/០៧/២០១២-១៧/០៧/ ២០១៧)។

ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ ជាថ្ងៃ ដែលលោកសម រង្ស៊ី ប្រធានគណបក្សសម រង្ស៊ី និងលោកកឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួបរួមគ្នា បង្កើតគណបក្សសង្គ្រោះជាតិ នៅទីក្រុងម៉ានីល ប្រទេសហ៊្វីលីពីន ។

មួយឆ្នាំទៀត យើងនឹងទៅដល់គោលដៅ ដែលបានបានកំណត់ទាំងអស់គ្នាយ៉ាងពិតប្រាកដ”។

ជាមួយគ្នានោះដែរ គណបក្សសង្គ្រោះជាតិ ក៏បានចេញសេចក្តីថ្លែងការណ៍ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ ដែលមានខ្លឹមសារថា “ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ នេះ គឺជាខួប៥ឆ្នាំ នៃការបង្កើតគណបក្សសង្គ្រោះជាតិ ១៧ កក្កដា ២០១២-១៧ កក្កដា ២០១៧។ គណបក្សសង្គ្រោះជាតិ កើតចេញពីការរួបរួមគ្នារវាងអ្នកស្នេហាជាតិ អ្នកស្រលាញ់យុត្តិធម៌ លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាព ស្របតាមការទាមទាររបស់ប្រជាពលរដ្ឋ ទាំងក្នុង និងក្រៅប្រទេស ក្នុងគោលបំណង និងគោលដៅសង្គ្រោះជាតិខ្មែរ ឱ្យរួចផុតពីគ្រោះមហន្តរាយនៃភាពក្រីក្រ អយុត្តិធម៌ សង្គម ការរំលោភបំពាន ការគាបសង្កត់ និងការបំផ្លិចបំផ្លាញធនធានធម្មជាតិ ក្នុងសង្គមកម្ពុជា”។

សេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ បានបន្តថា “ក្នុងរយៈពេល៥ឆ្នាំ កន្លងមកនេះ គណបក្សសង្គ្រោះជាតិ បានធ្វើដំណើរ តាមផ្លូវត្រូវ ធ្វើតាមឆន្ទៈប្រជាពលរដ្ឋខ្មែរ និងធ្វើសកម្មភាពនយោបាយដោយប្រកាន់ខ្ជាប់នូវ គោលការណ៍អហិង្សាខ្មែរតែមួយ ផ្សះផ្សាជាតិ បង្រួមបង្រួមជាតិ មិនយកខ្មែរណាជាសត្រូវ ហើយអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍នីតិរដ្ឋ និងគោលនយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស។ គណបក្សសង្គ្រោះជាតិ បានចូលរួមក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៣ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ដោយទទួលបានលទ្ធផលជាវិជ្ជមានជាបន្តបន្ទាប់ ទោះជាការបោះឆ្នោតទាំងពីរលើកនេះ មិនបាន ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ពេញលេញក៏ដោយ។

គណបក្សសង្គ្រោះជាតិ នឹងបន្តខិតខំប្រឹងប្រែងធ្វើសកម្មភាពនយោបាយ និងបំពេញបេសកកម្មជាប្រវត្តិសាស្ត្រ ដើម្បីសម្រេចនូវគោលដៅរបស់ខ្លួន ក្នុងការយកជ័យជម្នះនៅក្នុងការបោះឆ្នោតជាតិ ឆ្នាំ២០១៨ ខាងមុខ ដើម្បីនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់ប្រទេសជាតិ និង ប្រជាពលរដ្ឋខ្មែរ”។

គួររំលឹកដែរថា យោងតាមកិច្ចព្រមព្រៀង ស្តីពីសមាសភាពថ្នាក់ដឹកនាំកំពូលគណបក្សថ្មី (គណបក្សសង្គ្រោះជាតិ) ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ រវាងលោកសម រង្ស៊ី ប្រធានគណបក្សសម រង្ស៊ី និងលោកកឹម សុខា ប្រធាន គណបក្សសិទ្ធិមនុស្ស បានបញ្ជាក់ថា “យោងសេចក្តីថ្លៃងការណ៍រួមនៃគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ស្តីពីការរួមបញ្ចូលគ្នាបង្កើតគណបក្សថ្មី គណបក្សទាំង២ បានឯកភាពគ្នា រៀបចំថ្នាក់ដឹកនាំ និងរចនាសម្ព័ន្ធគណបក្សថ្មីប្រធាន និងអនុប្រធាន គឺលោកសម រង្ស៊ី ជាប្រធាន លោកកឹម សុខា ជាអនុប្រធាន ដោយធ្វើសេចក្តីសម្រេចឈរលើគោលការណ៍ ព្រមព្រៀងគ្នាជាឯកច្ឆ័ន្ទ។

កិច្ចព្រមព្រៀងនោះ បានបញ្ជាក់ដែរថា គណៈកម្មាធិការដឹកនាំគណបក្ស មានគណៈកម្មាធិការ៣ ដឹកនាំ គឺ

១-គណៈកម្មាធិការនីតិប្បញ្ញត្តិ

២-គណៈកម្មាធិការប្រតិបត្តិ

៣-គណៈកម្មាធិការវិន័យ។

កិច្ចព្រមព្រៀង ក៏បានឯកភាពថា គណបក្សមានអគ្គលេខាធិការ និងអគ្គហេរញ្ញិក ជាសេនាធិការ។ ក្នុងនោះដែរ គណៈកម្មាធិការអចិន្ត្រៃយ៍ មានសមាសភាពប្រធាន និងអនុប្រធានគណបក្ស ជាប្រធាន និងអនុប្រធាន។ ប្រធាន និងអនុប្រធានគណៈកម្មាធិការដឹកនាំទាំងបី អគ្គលេខាធិការ និងអគ្គលេខា និងអគ្គហេរញ្ញិក ជាសមា ជិកគណៈកម្មាធិការអចិន្ត្រៃយ៍។

បច្ចុប្បន្ន គណបក្សថ្មី ដែលរួបរួមគ្នារវាង គណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សនោះ នៅរក្សាឈ្មោះជា “គណបក្សសង្គ្រោះជាតិ” ដដែល ប៉ុន្តែបន្ទាប់ពីលោកសម រង្ស៊ី បានលាលែងពីប្រធាន និងសមាជិកភាពគណបក្សតំណែងប្រធាន ត្រូវបានទៅលើលោកកឹម សុខា និង មានការបោះឆ្នោតគាំទ្រដោយគណៈកម្មាធិការ នាយកជ្រើសតាំងអនុប្រធានគណបក្សដល់ទៅ ៣រូប គឺលោក ប៉ុល ហំម លោកស្រីមួរ សុខហួរ និងលោកអេង ឆៃអ៊ាង ជាអនុប្រធាន។

ដោយឡែក ថ្នាក់ដឹកនាំគណៈកម្មាធិការ ប្រតិបត្តិ មានលោកយឹម សុវណ្ណ តំណាងរាស្ត្រ មណ្ឌលរាជធានីភ្នំពេញ ជាប្រធាន និងលោកម៉ៅ មុនីវណ្ណ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ជាអនុប្រធាន។ គណៈកម្មាធិការវិន័យ មានលោក អ៊ូ ច័ន្ទឫទ្ធិ តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល និងជាប្រធានក្រុមការងារគណបក្សខេត្តស្វាយរៀង ជាប្រធាន និងលោកហូរ វ៉ាន់ តំណាងរាស្ត្រ មណ្ឌលរាជធានីភ្នំពេញ ជាអនុប្រធាន។ អគ្គនាយកដ្ឋានរដ្ឋបាលគណបក្ស មានលោកយ៉ែម បុញ្ញឫទ្ធិ តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង ជាអគ្គនាយក៕

កុលបុត្រ

RELATED ARTICLES