Monday, November 25, 2024
Homeកីឡាជាតិស្រីស្អាតបង្ហាញម៉ូដ ខកចិត្ត Cambodia All Stars ចាញ់ Muangthong United ៤ទល់នឹង០

ស្រីស្អាតបង្ហាញម៉ូដ ខកចិត្ត Cambodia All Stars ចាញ់ Muangthong United ៤ទល់នឹង០

ការប្រកួតមិត្តភាពអន្ដរជាតិ រវាងក្រុម Cambodia All Stars ជាមួយក្រុម Muangthong United កាលពីរាត្រីទី១៦ ខែកក្កដា នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលមានអ្នកទស្សនារាប់ម៉ឺននាក់នោះ បញ្ចប់ដោយលទ្ធផល៩០នាទី ក្រុមគោព្រៃកម្ពុជា Cambodia All Stars ដែលដឹកនាំដោយគ្រូបង្វឹកសញ្ជាតិប្រេស៊ីល លោក Leonardo Vitorino បានចាញ់ក្រុមថៃ Muanthong United ៤ទល់នឹង០ ដែលធ្វើឲ្យអ្នកគាំទ្រកីឡាករបាល់ទាត់កម្ពុជា ជាច្រើនបានខកចិត្ត។ ជាមួយគ្នានេះដែរ ក្រុមបង្ហាញម៉ូដជាស្រីស្អាតជាច្រើនរូបដែលមានវត្តមានក្នុងព្រឹត្តិកាណ៍នោះ ក៏សម្ដែងការសោកស្ដាយជាខ្លាំងផងដែរ នៅពេលដែលឃើញក្រុម Cambodia All Stars មានការខិតខំប្រឹងប្រែងខ្លាំងណាស់ តែទីបំផុត មិនអាចទំលុះសំណាញ់អ្នកចាំទីរបស់ក្រុម Muangthong United បានឡើយ។

កញ្ញាឆឹង មុនីរស្មី

កញ្ញាឆឹង មុនីរស្មី ដែលជាអតីត Freshie Girl ហើយពេលនេះក្លាយជាតារាសម្ដែង និងបង្ហាញម៉ូដនោះ បានឲ្យដឹងថា នាងពិតជាមានអារម្មណ៍ខកចិត្តមែន ដែលចាញ់គេដល់ទៅ៤ទល់នឹង០ ប៉ុន្តែនាងមិនបន្ទោសកីឡាករខ្មែរឡើយ ព្រោះការប្រកួតតែងមានឈ្នះចាញ់ ហើយនាងនឹងនៅតែបន្ដការគាំទ្រ និងលើកទឹកចិត្តកីឡាករខ្មែរជានិច្ច។

កញ្ញាមុនីរស្មី ប្រាប់ថា ”ខ្ញុំមិនមែនជាក្រុមបាល់ទាត់ដ៏ងប់ងុលនោះទេ ខ្ញុំទៅមើលម្ដងម្កាលតែប៉ុណ្ណោះ នៅពេលដែលមានការប្រកួតជម្រើសជាតិទល់បរទេស។ ចំណែកយប់មិញ (១៦កក្កដា) ខ្ញុំនៅមើលទាល់តែចប់ ហើយមានការខកចិត្តតិចតួចដែរ តែសម្រាប់ខ្ញុំគិតថា មិនជាបញ្ហាធំទេ ព្រោះការប្រកួតតែងមានឈ្នះនិងចាញ់អីចឹងហើយ។ ខ្ញុំនឹងនៅតែបន្ដការទៅទស្សនាការប្រកួតធំៗ រវាងកីឡាករខ្មែរតទៅទៀត ហើយលើកទឹកចិត្តកីឡាករយើងជានិច្ច”។

កញ្ញាស្រីតូច

ដោយឡែក កញ្ញាស្រីតូច ដែលជាអ្នកបង្ហាញម៉ូដ និងជាតារាភាពយន្ដនោះ និយាយថា នាងជាអ្នកគាំទ្រតារាបាល់ទាត់ខ្មែរ តាំងតែពីយូរហើយ គឺងប់ងលតែម្ដង ហើយការចាញ់លើកនេះ ៤ទល់នឹង០ ព្រោះពីមុនយើងក៏ធ្លាប់យកឈ្នះថៃដែរតើ។

កញ្ញាស្រីតូច ប្រាប់ថា ”បើនិយាយពីកីឡាករបាល់ទាត់វិញ ខ្ញុំហ្នឹងហើយជាចៃបាល់ដ៏ងប់ងល់តែម្ដងបង ពីមុនទៅមើលគ្រប់ប្រកួត ទាំងឈុតតូចនិងឈុតធំ មិនដែលបាត់មុខខ្ញុំទេ។ ប៉ុន្តែមួយរយៈចុងក្រោយនេះ ខ្ញុំមិនសូវបានទៅគ្រប់ប្រកួតដូចមុនទៀតទេ ព្រោះអីខ្ញុំជាប់រវល់ថតរឿងដែរ។ ប៉ុន្ដែកាលពីយប់មិញ (ថ្ងៃទី១៦) ខ្ញុំនៅមើលដល់ចប់ការប្រកួត ហើយស្ដាយដែលខ្មែរយើងចាញ់ថៃ ៤ទល់នឹង០ហ្នឹង។ តែខ្ញុំយល់ថា ការប្រកួតតែងតែមានការឈ្នះចាញ់ជារឿងធម្មតាទេ ហើយនេះគ្រាន់តែជាការប្រកួតមិត្តភាពប៉ុណ្ណោះ ខ្ញុំគិតថា ការប្រកួតលើកក្រោយៗទៀត យើងនឹងធ្វើបានល្អជាងនេះ ហើយទោះជាមានការខកចិត្តខ្លះមែន ប៉ុន្តែខ្ញុំនៅតែគាំទ្រកីឡាករបាល់ទាត់របស់យើងដដែល ព្រោះការលេងបាល់ទាត់ ធ្វើឲ្យយើងមានសុខភាពល្អ ពេលទំនេរពីការសិក្សា គួរតែលេងបាល់ទាំងអស់គ្នា ចៀសវាងយកពេលវេលាទៅលេងល្បែងពាលាអាវាសែ។ សម្រាប់កីឡាករបាល់ទាត់ខ្មែរ ជា Idol របស់ខ្ញុំ មានកីឡាករចាន់ វឌ្ឍនាកា, ប្រាក់ មុនីឧត្តម និងកែវ សុខផេង ជាដើម”។

៤គ្រាប់ដែលក្រុម Muangthong United រកបានដោយកីឡាករខ្សែប្រយុទ្ធ Assumpao នាទី៨, នាទី១៨ និង៨១, ចំណែកកីឡាករ Ratchapol នៅនាទី២៥។

គេកត់សម្គាល់ថា នៅតង់ទី១ ក្រោយពីក្រុម Cambodia All Stars ចាញ់ Muangthong United ៤ទល់នឹង០នោះ គ្រូបង្វឹក Cambodia All Stars លោក Leonardo Vitorino បានប្ដូរកីឡាករចេញទាំង១០នាក់តែម្ដង ទុកតែអ្នកចាំទីម្នាក់ប៉ុណ្ណោះ ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកទស្សនា។

លោក Leonardo Vitorino បានថ្លែងក្រោយចប់ការប្រកួតថា ”ចំពោះលទ្ធផលដែលយើងចាញ់៤ទល់នឹង០នេះ ខ្ញុំផ្ដោតទៅលើកីឡាករឈុតទី២របស់យើង គឺលេងបានល្អនៅតង់ទី២ ហើយយើងនៅមានការប្រកួតជាមួយចិន នៅថ្ងៃទី១៩ ខែកក្កដានេះដែរ ហើយយើងបានហ្វឹកហាត់ច្រើន ដើម្បីត្រៀមប្រកួតជាមួយចិន ខាងមុខនេះ។ ការលេងជម្រើសដំបូងកីឡាករបង្ហាញពីភាពខ្លាំងរបស់ខ្លួនមិនមែនជាក្រុមទេ ហើយបើខ្ញុំមិនដូរបែបហ្នឹងទេ យើងអាចចាញ់ដល់២០គ្រាប់ ឬ១០គ្រាប់ ក៏មិនដឹង។ នៅតង់ទី២ ការលេងក្រុមរបស់យើងបានល្អ ខុសពីតង់ទី១ កីឡាកររបស់យើងបានបញ្ចេញសមត្ថភាពច្រើន សមត្ថភាពពួកគេខុសគ្នា ហើយភាគច្រើនហ្វឹកហាត់បានតិចតួចណាស់ជាមួយខ្ញុំ។ ចំពោះកីឡាករដែលប្ដូរចូលក្រោយ ខ្ញុំបានប្រាប់ពួកគេពេលហ្វឹកហាត់ថា គ្មានទេ ការលេងតែម្នាក់ឯង អ្វីសំខាន់គឺយើងលេងជាក្រុម”។

លោក Leonardo Vitorino គ្រូបង្វឹកកម្ពុជា

ដោយឡែកកីឡាករដែលរកបានហ៊ែតទ្រីត (៣គ្រាប់ម្នាក់ឯង) Assumpcao របស់ក្រុម SCG Muangthong united ដែលជាអ្នកលើកពាន Asean Tour ឆ្នាំ២០១៧ បានឲ្យដឹងថា ”នៅតង់ទី២ ខ្ញុំឃើញក្រុមកម្ពុជា លេងបាល់មានការសហការគ្នាបានល្អ។ ប៉ុន្តែខ្ញុំមិនបានផ្ដោតលើកីឡាករណាម្នាក់ទេ ខ្ញុំមើលជាក្រុមទាំងមូលវិញ គឺលេងល្អនៅតង់ទី២”៕

ក្រុម Cambodia All Stars របស់ប្រទេសកម្ពុជា
ក្រុម Muangthong united របស់ប្រទេសថៃ

RELATED ARTICLES