Monday, November 25, 2024
Homeនយោបាយបក្សកាន់អំណាច ដាក់សញ្ញាសួរគួរពិចារណា សម្តេចហ៊ុន សែន ស្នេហាជាតិ ឬលោកសម រង្ស៊ី ក្បត់ជាតិ?

បក្សកាន់អំណាច ដាក់សញ្ញាសួរគួរពិចារណា សម្តេចហ៊ុន សែន ស្នេហាជាតិ ឬលោកសម រង្ស៊ី ក្បត់ជាតិ?

ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (បក្សកាន់អំណាច) បានដាក់សញ្ញាសួរឱ្យប្រជាពលរដ្ឋពិចារណា ថាតើសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នេហាជាតិ ឬលោកសម រង្ស៊ី ក្បត់ជាតិ?

ក្នុងកម្មវិធី “សំឡេងការពិត ដើម្បីប្រជាជន” លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (បក្សកាន់អំណាច) បានលើកឡើងនូវចំណុចមួយចំនួន ដើម្បីប្រជាពលរដ្ឋពិចារណា ប្រៀបធៀបរវាងស្នាដៃ និងសកម្មភាពរបស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជាមួយលោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិថា តើរវាងឥស្សរជននយោបាយេលេចធ្លោទាំង២ មួយណាស្នេហាជាតិ និងមួយណាក្បត់ជាតិ?

យោងតាមទំព័រហ្វេសប៊ុក “យុវជន  ៧មករា” បានស្រង់ប្រសាសន៍របស់លោកសុខ ឥសាន នៅថ្ងៃទី១៨ ខែកក្តដា ឆ្នាំ២០១៧ ដែលមានខ្លឹមសារថា “តើអ្នកណាស្នេហាជាតិ អ្នកណាក្បត់ជាតិ?

១-សម្តេចតេជោ ហ៊ុន សែន ៖

  • មានត្រកូលជាកសិករក្រីក្រ
  • បានចូលព្រៃតស៊ូរំដោះប្រទេសជាតិ ពីការឈ្លានពានរបស់បរទេសតាមការអំពាវនាវរបស់សម្តេចព្រះនរោត្តម សីហនុ ព្រះប្រមុខរដ្ឋ ដែលត្រូវគេធ្វើរដ្ឋប្រហារទម្លាក់ នាថ្ងៃ១៨ មីនា ១៩៧០។
  • ភៀសខ្លួនទៅប្រទេសវៀតណាម ដើម្បី ស្វែងរកការជួយឧបត្ថម្ភកសាងកម្លាំងវាយផ្តួល រំលំរបបប្រល័យពូជសាសន៏ប៉ុល ពត រំដោះប្រទេស និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍។
  • ចូលរួមបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីប្រមូលកម្លាំងមហាសាមគ្គីប្រជាជន ដើម្បីរំដោះជាតិនិងប្រជាជន ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ទាន់ពេលវេលា នាថ្ងៃ៧មករា ១៩៧៩។
  • ដាក់ចេញនយោបាយបង្រួបបង្រួមជាតិ នាំឱ្យមានការចរចាច្រើនលើកជាមួយសម្តេចព្រះនរោត្តម សីហនុ ប្រធានរដ្ឋាភិបាលចម្រុះត្រីភាគី ឈានទៅសម្រេចបានកិច្ចព្រមព្រៀង សន្តិភាព ទីក្រុងប៉ារីស ថ្ងៃ២៣ តុលា ១៩៩១ បើកផ្លូវឱ្យមានការបោះឆ្នោតសកល លើកទី១ នាឆ្នាំ១៩៩៣ បង្កើតរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាសព្វថ្ងៃ។
  • ដាក់ចេញនយោបាយឈ្នះ ឈ្នះ ធ្វើឱ្យអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម ប៉ុល ពត ត្រូវរលំរលាយទាំងស្រុង នាំមកនូវសន្តិភាពពេញលេញជូនប្រទេសជាតិ និងប្រជាជនកម្ពុជា មានការឯកភាពជាតិ ដែល មិនធ្លាប់មានពីមុនមក។
  • ដឹកនាំកសាងនិងអភិវឌ្ឈន៏ប្រទេសតាមរយៈយុទ្ធសាស្ត្រត្រីកោណ ចតុកោណ មានការរីកចម្រើនលើគ្រប់វិស័យ កែប្រែជីវភាពរស់នៅរបស់ប្រជាជនគួរជាទីមោទនភាពជាតិ។
  • សមាហរណកម្មកម្ពុជា ចូលទៅក្នុងសហគមន៏អន្តរជាតិ ស្មើភាព ស្មើសិទ្ធិជាមួយបណ្តាប្រទេសលើពិភពលោក ធ្វើឱ្យមានមោទនភាពជាតិខ្ពង់ខ្ពស់។
  • ការពារនិងរក្សាបានសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សង្គមបានល្អ ធានាដល់ការរស់នៅប្រកបដោយ សុខុដុមរមនារបស់ប្រជាជនកម្ពុជាទូទៅ មានសិទ្ធិសេរីភាពទូលំទូលាយ លើគ្រប់វិស័យក្នុងជីវភាពសង្គម។
  • យកចិត្តទុកដាក់ការពារបូរណភាពដែនដី នៃព្រះរាជាណាចក្រកម្ពុជា ដោយធ្វើសកម្មភាពយ៉ាងសកម្មក្នុងទំនាក់ទំនងជាមួយប្រទេសជិត ខាងភូមិផងរបងជាមួយ ដើម្បីជំរុញកំណត់ ព្រំខណ្ឌសីមា បោះបង្គោលព្រំដែន ដើម្បីធានា បូរណភាពទឹកដីកម្ពុជា ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងក្រឡាផ្ទៃ ១៨១ ០៣៥គ.ម២ ទោះបីមានឧបសគ្គពីបក្សប្រឆាំង និងមជ្ឈដ្ឋានប្រឆាំងយ៉ាងណាក៏ដោយ។

២-អ្នកទោស សម រង្ស៊ី ៖

  • ចេញពីត្រកូលអភិជន ដែលមានឪពុកជាជនក្បត់ជាតិ តាំងពីឆ្នាំ១៩៥៩ ក្រោយពេលផ្ញើកញ្ចប់គ្រាប់បែក ចូលព្រះបរមរាជវាំង ថ្វាយសម្តេចព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ កុសុមៈ នារីរតន៏សិរីវឌ្ឈនា បានរត់ភៀសខ្លួនទៅប្រទេសវៀតណាម ដូរឈ្មោះជា ង្វៀង យ៉ាំងសាំ រហូតដល់ស្លាប់នៅទីនោះ។
  • រៀននៅបរទេសរហូត មិនដែលចុះចលនាជាមួយប្រជាជនម្តងណាឡើយ មិនដែលដឹងសុខទុក្ខប្រជាជនក្រីក្រលំបាកទេ។
  • ក្នុងពេលដែលប្រទេសជាតិកម្ពុជា និងប្រជាជនកំពុងរងទុក្ខវេទនាក្នុងរបបប្រល័យពូជសាសន៏ប៉ុល ពត នៅសម្ងំរស់នៅសុខស្រួលនៅបរទេស។
  • នៅពេលប្រទេសមានកិច្ចព្រមព្រៀង បញ្ចប់សង្គ្រាម នាឆ្នាំ១៩៩១ ទើបមានមុខចូលមកកម្ពុជា ស៊ីផលស្រាប់ ចូលធ្វើនយោបាយ ក្នុងគណបក្សហ៊្វុនស៊ិនប៉ិច ។
  • ក្នុងពេលធ្វើរដ្ឋមន្ត្រីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រព្រឹត្តអំពើពុករលួយធ្ងន់ លក់ព្រៃឈើ  ប្រើប្រាស់ថវិការដ្ឋគ្មានតម្លាភាព ធ្វើលិខិតឆ្លងដែនរាប់លានក្បាលមិនច្បាស់លាស់។
  • បង្កើតគណបក្សជាតិខ្មែរ ឆ្នាំ១៩៩៥ ដោយកំហឹង ចងគំនុំ គ្មានមនសិការស្នេហាជាតិអ្វីបន្តិចសោះ គិតតែបង្កអស្ថិរភាពជាមួយជាតិសាសន៏ឯង មិនឈប់ឈរ។
  • ធ្វើសកម្មភាពនយោបាយ គិតតែយកឈ្នះដៃ ទោះបីប៉ះពាល់ផលប្រយោជន៏ជាតិ និងប្រជាជនយ៉ាងណាក៏មិនខ្វល់។
  • យកជើងរាទឹករហូត ធ្វើឱ្យរាំងស្ទះដល់ការកសាងអភិវឌ្ឍនប្រទេសរបស់បក្សកាន់អំណាច ច្រណែន ខ្លាចបក្សកាន់អំណាចមានគុណសម្បត្តិលើសខ្លួន។ ដើរបំភិតបំភ័យបរទេសកុំឱ្យចូលមកវិនិយោគក្នុងប្រទេស អំពាវនាវឱ្យបរទេស កាត់ជំនួយ បិទទីផ្សារលក់ទំនិញពីកម្ពុជា ដើរនិយាយសម្អុយជាតិសាសន៏ឯងគ្មានឈប់ឈរ។
  • តាំងខ្លួនឯងជាអ្នកប្រជាធិបតេយ្យ ធ្វើនយោបាយប៉ាតណាប៉ាតណី ប្រព្រឹត្តល្មើសច្បាប់ ដល់មានទោសថា បក្សកាន់អំណាចគាបសង្កត់ ជិះជាន់ខ្លួន រឹតត្បិតសិទ្ធិសេរីភាពរបស់ខ្លួន មិនមើលកំហុសរបស់ខ្លួនដែលប្រព្រឹត្តល្មើសច្បាប់រំលោភសិទ្ធិអ្នកដទៃ។
  • អនុវត្តវប្បធម៌លាបពណ៌គេឯង សុទ្ធតែធ្ងន់ ដល់មានទោស អាងរត់ចោលស្រុក ហើយចោទគេថា គាបសង្កត់ខ្លួន អាងមានលិខិតឆ្លងដែនបរទេស រត់ទៅក្រៅប្រទេស យករួចខ្លួន។
  • ធ្វើនយោបាយអត្តឃាតខ្លួនឯង រយៈពេលជាង២២ឆ្នាំ បានត្រឹមរត់ចោលស្រុក និរទេសខ្លួនដោយខ្លួនឯង។

ការលើកឡើងខាងលើនេះ គឺជាការបញ្ជាក់ថា តើសម្តេចតេជោ ហ៊ុន សែន ឬសម រង្ស៊ី ណាមួយ ស្នេហាជាតិ ហើយមួយណាក្បត់ជាតិ? សូមប្រជាពលរដ្ឋមេត្តាពិនិត្យពិចារណាតាមការគួរចុះ”។

ជាមួយគ្នានោះដែរ លោកឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មួយរូបទៀត បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ ថា តួអង្គលោកសម រង្ស៊ី មិនអាចយកមកធ្វើការប្រៀបធៀបជាមួយ សម្តេចហ៊ុន សែន បានទេ។ ដូច្នេះប្រជាពលរដ្ឋដឹងច្បាស់ហើយថា អ្នកណាក្បត់ជាតិ អ្នកណាស្នេហាជាតិនោះ។

លោកឈឹម ផលវរុណ បានមានប្រសាសន៍ថា “ការពិតទៅ តួអង្គលោកសម រង្ស៊ី មិនអាចយកទៅប្រៀបធៀបនឹងបុគ្គលិកលក្ខណៈ និងឥស្សរភាពបុគ្គលរបស់សម្តេចតេជោ ទេ។ អ៊ីចឹង ប្រជាពលរដ្ឋគាត់អាចយល់ច្បាស់ណាស់ ដោយសម្លឹងមើលទៅលើស្នាដៃរបស់សម្តេចតេជោ ទៅ គឺវាគ្រប់គ្រាន់ណាស់ទៅហើយ។ ឯសម្រាប់ លោកសម រង្ស៊ី ពុំមានស្នាដៃអីទេ ផ្ទុយទៅវិញ គឺគាត់ទទួលមរតកអំពីចរិតលក្ខណៈរបស់ឪពុកគាត់ គឺពីមរតកនៃពូជអម្បូរជាជនក្បត់ជាតិតែប៉ុណ្ណោះ។ ដូច្នេះជនក្បត់ជាតិ គឺមិនអាចនៅស្ងៀមទេ មានតែប្រើវិធីធ្វើការសងសឹកតែប៉ុណ្ណឹង អ៊ីចឹងប្រជាជាតិខ្មែរអាចយល់ច្បាស់ណាសទៅហើយ គឺពូជអម្បូរអ្នកក្បត់ជាតិ ប្រើវិធីសងសឹក តែងតែមានការឈ្នានីសចំពោះអ្នកដែលមានស្នាដៃ សមិទ្ធផលសម្រាប់ជាតិ។ ដូច្នេះ អ្វីដែលជាការបង្ហាញថា ស្នេហាជាតិ និងក្បត់ជាតិ ប្រជាពលរដ្ឋអាចដឹងខ្លួនឯង ដោយយើងមិនចាំបាច់ចង្អុលបង្ហាញ”។

លោកឈឹម ផលវរុណ

លោកឈឹម ផលវរុណ បានមានប្រសាសន៍បន្តថា “គុណសម្បតិរបស់សម្តេច បានរំដោះប្រជាពលរដ្ឋពីរបបប្រល័យ ពូជសាសន៍ ហើយទប់ស្កាត់ការវិលត្រឡប់មកវិញនូវរបបប្រល័យពូជសាសន៍ ជាបន្តមកទៀត គឺជាការនាំការ បង្រួបបង្រួម ផ្សះផ្សាជាតិ គឺជាស្ថាបនិកជាមួយនឹងសម្តេចឪ ក្នុងការសម្រេចនូវកិច្ចព្រមព្រៀងក្រុងប៉ារីស ហើយមកទៀត ជាអ្នកស្ថាបនាកសាងសន្តិភាពសម្រាប់ប្រជាជាតិខ្មែរ ហើយនិងអភិវឌ្ឍប្រទេសមកដល់ពេលនេះ។ ដូច្នេះ រឿងអស់នេះ គឺវាគ្រប់គ្រាន់ដែលប្រជាពលរដ្ឋ គាត់ដឹងអស់ហើយ”។

គួរបញ្ជាក់ថា ការលើកឡើងរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាខាងលើ បានធ្វើឡើងឆ្លើយតបទៅលោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលថ្មីៗនេះ បានលើក ៤ចំណុច ចោទប្រកាន់ថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រព្រឹត្តនូវទង្វើក្បត់ជាតិ។

លោកសម រង្ស៊ី បានសរសេរក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ ថា “គេថាខ្ញុំមានទោស។ សូមបងប្អូន និងក្មួយៗពិចារណាថា នរណាត្រូវមានទោសជាជនក្បត់ជាតិ?

ជនក្បត់ជាតិ ជាអ្នកដែលបានប្រព្រឹត្តទង្វើណាមួយ ក្នុងចំណោមទង្វើខាងក្រោមនេះ ៖

១-បម្រើផលប្រយោជន៍បរទេស ហើយធ្វើឱ្យប្រទេសរបស់ខ្លួន បាត់បង់ឯករាជ្យភាព និងអធិបតេយ្យភាពជាតិ (ដូចជាចំពោះប្រទេសកម្ពុជា ក្រោយពីឆ្នាំ១៩៧៩)។

២-កាត់ទឹកដីប្រទេសរបស់ខ្លួន ឱ្យទៅប្រទេសជិតខាង (ដូចជាករណីទឹកដីប្រទេសកម្ពុជា ដែលត្រូវបាត់បង់ដោយសារសន្ធិសញ្ញាព្រំដែនក្នុងទសវត្សរ៍ឆ្នាំ១៩៨០)។

៣-សម្លាប់ប្រជារាស្ត្រខ្លួនឯង ក្នុងទ្រង់ទ្រាយធំ (ដូចជាការអនុវត្តន៍ផែនការ ក៥ ដែលបង្ខំមនុស្សរាប់ម៉ឺននាក់ ឱ្យទៅស្លាប់ក្នុងទសវត្សរ៍ឆ្នាំ១៩៨០)។

៤-បំផ្លាញទ្រព្យសម្បត្តិជាតិ ដើម្បីបម្រើផលប្រយោជន៍ខ្លួន គ្រួសារខ្លួន និងបក្ខពួកខ្លួន (ដូចជាការកាប់បំផ្លាញព្រៃឈើ ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ។

លោកហ៊ុន សែន បានប្រព្រឹត្តទង្វើទាំង ៤ខាងលើនេះ…”។

សមាជិកអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ លោកជាម ច័ន្ទនី បានបញ្ជាក់ថា ទោះបីមានការលើកឡើងថា លោកសម រង្ស៊ី ជាជនក្បត់ជាតិក៏ដោយ ក៏លោកជឿថា ប្រជាពលរដ្ឋខ្មែរ ដែលគាំទ្រលោកសម រង្ស៊ី ក៏ដូចជា គណបក្សសង្គ្រោះជាតិ កន្លងមក នឹងនៅតែចាត់ទុកលោកសម រង្ស៊ី ជាអ្នកស្នេហាជាតិ និងធ្លាប់ជួយជាតិបានច្រើន ដូចជាការតវ៉ាទាមទាររកយុត្តិធម៌ សិទ្ធិសេរីភាព ជូនប្រជាពលរដ្ឋ ផល ប្រយោជន៍កម្មករ ជាដើម ។

លោកជាម ច័ន្ទនី បានមានប្រសាសន៍ថា “ហ្នឹងហើយ ! យើងជជែកឡើងវិញថា ពាក្យថា ក្បត់ជាតិហ្នឹងគឺស្អី? ក្បត់ជាតិហ្នឹង គឺអ្នកណាម្នាក់ ឬក៏ក្រុមមនុស្សមួយក្រុម ឬក៏របបណាមួយ ធ្វើឱ្យបាត់បង់ទឹកដី ធ្វើឱ្យបាត់បង់ព្រៃឈើ ធ្វើឱ្យបរទេសជិតខាងមាក់ងាយ ហើយសម្លាប់ជាតិសាសន៍ឯងអីជាដើម ដូចជារបបមុន ដូចយើងឃើញស្រាប់ហើយ តាមការយល់របស់ខ្ញុំ ហើយធ្វើទុក្ខបុក្ខម្នេញប្រជារាស្ត្រទាំងអស់ហ្នឹង មានន័យថាក្បត់ជាតិ ការកាប់បំផ្លាញព្រៃឈើ អីជាដើម។ ដូច្នេះការដែលអ្នកនាំពាក្យគណបក្សកាន់អំណាចចោទឯកឧត្តមសម រង្ស៊ី លោកក្បត់ជាតិហ្នឹង យើងពិនិត្យមើល បុគ្គលសម រង្ស៊ី ហ្នឹងមើល តើគាត់បានធ្វើចំណុចទាំងប៉ុន្មានហ្នឹងអត់ ? ឯកឧត្តមសម រង្ស៊ី ធ្វើឱ្យបាត់បង់ទឹកដី ដោយសារការបោះបង្គោល ឬដោយសារបើកចំហឱ្យបរទេសជិតខាងគេចូលមក ក៏យើងអត់ឃើញមាន ហើយការកាប់បំផ្លាញព្រៃឈើ ក៏អត់ ការដែលធ្វើទុក្ខបុកម្នេញប្រជាពលរដ្ឋ សម្លាប់ប្រជាពលរដ្ឋ ឬក៏ធ្វើឱ្យប្រជាពលរដ្ឋក្តៅក្រហាយហ្នឹង ក៏អត់មាន។ អ៊ីចឹង ការដែលបកស្រាយរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេស លោកអ្នកនាំពាក្យហ្នឹង ខ្ញុំគិតថា ជាការយល់ឃើញរបស់គាត់ទេ ឯធាតុពិតហ្នឹង គឺមិនមានទេ”។

លោកជាម ច័ន្ទនី

លោកជាម ច័ន្ទនី បានមានប្រសាសន៍ថា “ឯកឧត្តមប្រធានសម រង្ស៊ី លោកអត់ដែលមានធ្វើអីឱ្យដូចជា បំផ្លិចបំផ្លាញជាតិ ធ្វើឱ្យជាតិហ្នឹង មានកង្វល់ ធ្វើឱ្យជាតិខាតបង់ទេ វត្តមានរបស់លោកបានពាំនាំមកនូវលទ្ធិប្រជាធិបតេយ្យ បានពាំនាំមកនូវសិទ្ធិសេរីភាព ការតវ៉ាពីបញ្ហាព្រំដែន ពីបញ្ហាកម្មកររោងចក្រ ពីបញ្ហាការរំលោភ ដីធ្លី ឱ្យយើងចេះប្រើសិទ្ធិសេរីភាព ចេះតវ៉ា ហើយលោកដឹកនាំចុះផ្ទាល់កន្លងទៅនេះ ឃើញថា មានគំនិតច្រើនណាស់ នៅក្នុងការដែលឯកឧត្តមសម រង្ស៊ី មានវត្តមាននៅលើទឹកដីកម្ពុជា រយៈពេលជាង២០ឆ្នាំហ្នឹង ធ្វើឱ្យប្រជារាស្ត្រខ្មែរ លោកយល់ពីសិទ្ធិសេរីភាព ជាពិសេស គោលការណ៍ប្រជាធិបតេយ្យ ហើយការពារសិទ្ធិមនុស្ស ការពារព្រំដែន ការពារសិទ្ធិកម្មករ ជាដើម។ អ៊ីចឹងឃើញថា ប្រជារាស្ត្រខ្មែរទាំងអស់ ខ្ញុំគិតខ្លួនឯងថា នៅតែចាត់ទុកលោកជាវីរបុរស ជាតិ ហើយនៅតែចាត់ទុកថា ជាអ្នកដឹកនាំប្រទេសដដែល។ ជាការប្រៀបធៀបចុងក្រោយ គ្រាន់តែថា ការដែលបកស្រាយតាមការយល់ឃើញរបស់អ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជា ឬក៏ជាអ្នកនាំពាក្យអ្នកដទៃទៀត តែធាតុពិតរបស់បុគ្គលឯកឧត្តមប្រធានសម រង្ស៊ី ហ្នឹង គឺថា ការយល់ឃើញរបស់ប្រជាពលរដ្ឋខ្មែរម្នាក់ៗ គេមានសិទ្ធិយល់ឃើញទៅតាមទស្សនៈរបស់លោក ឯចំពោះខ្ញុំសុំអំពាវនាវឱ្យបងប្អូនទាំងអស់គោរពច្បាប់ ជាពិសេស សមាជិក សមាជិកាគណបក្សសង្គ្រោះជាតិ ត្រូវគោរពច្បាប់ គឺច្បាប់ខ្ទាស់ត្រង់ណា យើងគោរព យើងកុំទៅត្រង់ហ្នឹង ដូចជាការដែលថា ចុងក្រោយ ត្រូវប្តូរផ្លាកសញ្ញា ឬក៏ប្តូរដករូចលោកទាំង២ (សម រង្ស៊ី-កឹម សុខា) ហ្នឹងចេញ ក៏យើងធ្វើតាមទាំងអស់គ្នា គឺថាដើម្បីឈានទៅរកភាពជោគជ័យនៅក្នុងឆ្នាំ២០១៨ ជាពិសេស ការបោះឆ្នោត ថ្នាក់ជាតិនៅឆ្នាំក្រោយ”។

ដោយឡែក អ្នកវិភាគ លោកសាស្ត្រានយោបាយសូ ចន្ថា បានលើកឡើងថា មិនពិបាក ឱ្យប្រជាពលរដ្ឋពិចារណាទេ គ្រាន់តែសង្កេតមើលថា អ្នកដែលបានឃើញអ្នកនយោបាយគ្រប់រូបធ្វើសកម្មភាព ដើម្បីបម្រើផលប្រយោជន៍ របស់ពួកគាត់ ផលប្រយោជន៍ជាតិ នោះហើយ ជាអ្នកស្នេហាជាតិ។ ផ្ទុយទៅវិញ បើអ្នកធ្វើឱ្យបាត់ផលប្រយោជន៍ជាតិ ធ្វើឱ្យប្រជាពលរដ្ឋរងទុក្ខវេទនា នោះហើយគឺជាអ្នកបំផ្លាញជាតិ។

លោកសូ ចន្ថា បានមានប្រសាសន៍ថា “ត្រង់ចំណុចនេះ ខ្ញុំមិនធ្វើអត្ថាធិប្បាយច្រើនទេ ថាអ្នកណាមួយ ដែលស្នេហាជាតិនោះ ក៏ប៉ុន្តែ ខ្ញុំគ្រាន់តែជានិយមន័យរួម គួរយើងមើលទៅនៅកម្ពុជាយើង អ្នកនយោបាយទាំងបក្សកាន់ អំណាច ទាំងបក្សប្រឆាំង សុទ្ធតែបង្ហាញពីចំណុចដែលអ្នកស្នេហាជាតិដូចគ្នា ជារួម គណបក្សនយោបាយមួយៗ ធ្វើអ្វីដើម្បីផលប្រយោជន៍ជាតិ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ។ ប្រសិនបើគណបក្សនោះមិនបានគិតពីផលប្រយោជន៍ពលរដ្ឋទេ ខ្ញុំគិតថា នឹងមិនមានការគាំទ្រនោះទេ ក៏ប៉ុន្តែយើងមើលទៅបក្សកាន់អំណាច ហាក់ដូចជាត្រូវមើលឃើញសកម្មភាពមួយចំនួនដែល ឆ្លុះបញ្ជាំងអំពីការដែលធ្វើឱ្យពលរដ្ឋរងទុក្ខវេទនា។ ឧទាហរណ៍ ដូចករណីដីធ្លី ករណីរំលោភសិទ្ធិមនុស្សអីជាដើម កន្លងមកនោះ។ ត្រង់ចំណុចនេះ ជារួមខ្ញុំគិតថា គ្រប់គណបក្សនយោបាយទាំងអស់ គ្រប់មេដឹកនាំទាំងអស់នៅលើពិភពលោក ដែលកាន់អំណាច គ្មានអ្នកណាមួយដែលត្រូវ ទាំងអស់នោះទេ តែងតែមានចំណុចខ្វះខាត តែងគេចមិនផុតពីចំណុចអវិជ្ជមាន។ ចំពោះគណបក្សប្រឆាំង ជាទូទៅ លោកមិនទាន់បានកាន់អំណាច ដូច្នេះប្រជាពលរដ្ឋមិនអាចមើលឃើញនូវចំណុចអវិជ្ជមានរបស់គាត់នោះទេ។ មានន័យថា មិនមានចំណុចណាមួយដែលអាចផ្ទៀងផ្ទាត់ថា អ្វីដែលគាត់ធ្វើនោះជាចំណុចអវិជ្ជមាននោះឡើយ ដោយសារតែលោកមានគោលនយោបាយ ប៉ុន្តែគ្រប់គណបក្សទាំងអស់ អនុវត្តគោលនយោបាយទៅបាន លុះត្រាតែឈ្នះឆ្នោត ដឹកនាំរដ្ឋាភិបាល។ អ៊ីចឹងបក្សប្រឆាំង  បើនិយាយមែនទែនទៅ នៅលើពិភពលោកនេះ គឺជាបក្សដែលរិះគន់ ហើយប្រជាពលរដ្ឋមិនទាន់អាចយកចំណុចណាមួយដែលជាការអនុវត្តរបស់ខ្លួនទៅដាក់ពិន្ទុបាននោះទេ”។

លោកសូ ចន្ថា

លោកសូ ចន្ថា មានប្រសាសន៍បន្តថា “ខ្ញុំចង់ឃើញអ្នកនយោបាយនៅកម្ពុជា ប្រជាពលរដ្ឋខ្មែរទាំងអស់ កុំគិតគូរ ថា អ្នកណាស្នេហាជាតិ អ្នកណាក្បត់ជាតិ ក៏ប៉ុន្តែផ្ទុយទៅវិញ ត្រូវគិតបែបវិជ្ជមានថា តើត្រូវធ្វើបែបណា ធ្វើយ៉ាងណា ខ្លះដើម្បីជួយជាតិបាន? គួរជួយជាតិដោយវិធីណា? ពេលនោះទើបអាចរួបរួមគ្នា ដើម្បីកសាងជាតិឱ្យជាតិមានការរីកចម្រើនពិតប្រាកដទៅបាន ប៉ុន្តែផ្ទុយទៅវិញ នៅពេលទស្សនៈមានមួយ អត់មួយនេះជាទស្សនៈមួយដែលធ្វើឱ្យខ្មែរបែកបាក់គ្នាទៅវិញនោះទេ នេះទី១ ។ ទី២ ខ្ញុំចង់ឃើញគ្រប់និន្នាការនយោបាយទាំងអស់ តម្កល់ផលប្រយោជន៍ជាតិជាធំ គឺធ្វើអីដើម្បីជាតិ ដើម្បីប្រជាពលរដ្ឋ។ នៅពេលនោះហើយ ខ្ញុំមិនគិតថា មានអ្នកណាមួយដែលក្បត់ជាតិ អ្នកណាមួយ ដែលស្នេហាជាតិទេ។ មានន័យថា ជាគណបក្សនយោបាយស្នេហាជាតិទាំងអស់គ្នា”៕

RELATED ARTICLES