Friday, November 29, 2024
Homeព្រឹត្តិការណ៍សង្គម ច្រកទ្វារជាន់កទារលុយ

 ច្រកទ្វារជាន់កទារលុយ

ក្រុមអាជីវករ ដែលរកស៊ីដឹកបន្លែគ្រប់ប្រភេទពីប្រទេសវៀតណាម ចូលមកលក់ក្នុងទឹកដីខ្មែរ តាមច្រកទ្វារម៉ឺនជ័យ ស្ថិតក្នុងស្រុក កំចាយមារ ខេត្តព្រៃវែង បានខ្សឹបឱ្យឮតាម “នគរធំ” ថា មន្ត្រីច្រកទ្វារម៉ឺនជ័យ កំពុងជាន់ក ក្រុមអាជីវករទារលុយតាមអំពើចិត្ត។

ក្រុមអាជីវករ បានខ្សឹបឱ្យឮថា រាល់ថ្ងៃនេះ ពួកគាត់ដឹកបន្លែ ផ្លែឈើទំនិញជាច្រើនប្រភេទ ដោយប្រើរថយន្ត ៥តោន ២,៥តោន ១តោន និងរថយន្តសាំងយ៉ុង រ៉ឺម៉ក…ជាដើម ហើយក្នុងមួយថ្ងៃៗរាប់សិបគ្រឿង និងដឹកទាំងយប់ទាំងថ្ងៃ ចំណែកសមត្ថកិច្ច និងមន្ត្រីជំនាញដែលប្រចាំការនៅមាត់ច្រកមិនដែលពិនិត្យអ្វីទាំងអស់ ដឹង តែរាប់ក្បាលឡានយកលុយប៉ុណ្ណោះ។

ក្រុមអាជីវករ បានខ្សឹបបន្តថា ការដឹកបន្លែពីប្រទេសវៀតណាម តាមរថយន្តកូរ៉េ ២,៥តោន ចូលតាមច្រកម៉ឺនជ័យ គឺមន្ត្រីប្រចាំការនៅច្រកនោះទាំង៤ស្ថាប័ន កំណត់ឱ្យបង់លុយសរុបចំនួន ៣៥ម៉ឺនរៀល (សម្រាប់បន្លែ កន្លះរថយន្ត) តែបើពេញរថយន្តវិញ ត្រូវបង់ចាប់ពី៥០ម៉ឺន ទៅ៦០ម៉ឺនរៀលក្នុងមួយជើង ហើយការបង់លុយទាំងនោះ មិនដែលមានក្រដាស ស្នាមបង់ពន្ធអ្វីទាំងអស់។ ចំណែករថយន្តសាំងយ៉ុង ដឹកបន្លែ ត្រូវបង់មួយជើង ចាប់ពី ២០ម៉ឺន ទៅ៣០ម៉ឺនរៀល ឯរថយន្តដឹកក្រដាសបង់ចាប់ពី១៥ម៉ឺន ទៅ៣០ម៉ឺនរៀល ក្នុងមួយជើង។ ដោយឡែក រ៉ឺម៉ក បង់ចាប់ពី១០ម៉ឺន ទៅ២០ ម៉ឺនរៀល តាមដឹកតិចដឹកច្រើន តែបើរ៉ឺម៉ក តូចៗដែលដឹកសំបកកង់ម៉ូតូ ត្រូវបង់ចំនួន៦ម៉ឺនរៀល ក្នុងមួយជើង។

ក្រុមអាជីវករ បានខ្សឹបបន្តទៀតថា រាល់ការបង់លុយទាំងនោះ គឺគេតម្រូវឱ្យដើរបង់ តាមស្ថាប័ននៃមន្ត្រីប្រចាំការនៅទីនោះ ដែលរួមមានគយ ស្នាក់ការកាំកុងត្រូល និងប៉ុស្តិ៍ការពារព្រំដែន ដែលស្ថាប័នមួយៗ បានចំណែកតិច ឬច្រើនទៅតាមជំនាញរបស់ខ្លួន។ ទោះបីជាប្រាក់ ដែលត្រូវបង់ទៅឱ្យមន្ត្រីច្រកព្រំដែននោះ មានចំនួនច្រើនក៏ពិតមែន តែម្នាក់ៗមិនហ៊ានតវ៉ាទេ ខ្លាចមន្ត្រីទាំងនោះខឹង បិទផ្លូវរកស៊ីពួកគាត់ ដោយសុខៗរអ៊ូរទាំ ដាក់ត្រចៀកគ្នាឯងប៉ុណ្ណោះថា រកស៊ីយូរៗទៅប្រពន្ធកូននៅផ្ទះសឹងដាច់បាយ ស្លាប់ហើយ ព្រោះតែរកមួយជើងៗ ត្រូវបង់ ប្រាក់គ្រប់កន្លែង រកចំណេញមិនឃើញសោះ ប្រឹងរកស៊ីរាល់ថ្ងៃ ដូចរកស៊ីចិញ្ចឹមមន្ត្រីច្រកទ្វារ ម៉ឺនជ័យអ៊ីចឹង…។

ទោះជាយ៉ាងណា ជុំវិញការខ្សឹបខាងលើនេះ “នគរធំ” មិនដឹងថា មានការពិតកម្រិតណាទេ ដោយមិនអាចទាក់ទងសុំការបំភ្លឺពីមន្ត្រីច្រកទ្វារម៉ឺនជ័យបានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ ភាគីពាក់ព័ន្ធទាំងអស់៕

ខៀវទុំ

RELATED ARTICLES