Monday, November 25, 2024
Homeនយោបាយសហការីលោកកែម ឡី ថាលោកសម រង្ស៊ី ពូកែដុត មិនពូកែដោះ

សហការីលោកកែម ឡី ថាលោកសម រង្ស៊ី ពូកែដុត មិនពូកែដោះ

ភ្នំពេញ ៖ អតីតសហការីលោកបណ្ឌិត កែម ឡី ដែលបច្ចុប្បន្នជាអគ្គលេខាធិការជា អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោកសាម អ៊ីន បានលើកឡើងថា កាលនៅយុវជន លោកធ្លាប់គិតថា លោកសម រង្ស៊ី អតីត ប្រធានគណបក្សសង្គ្រោះជាតិ ជាវីរបុរសរបស់ជាតិខ្មែរ។ ប៉ុន្តែពេលដែលលោកយល់ដឹងកាន់តែច្រើន ទើបលោកដឹងថា លោកយល់ខុស ព្រោះលោកសម រង្ស៊ី ពូកែដុត តែមិនពូកែដោះ (ស្រាយ)។

ការលើកឡើងរបស់លោកសាម អ៊ីន បានធ្វើឡើងក្រោយពេលដែលលោកសម រង្ស៊ី កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ បានបង្ហោះរូបភាពនៅក្នុងទំព័រហ្វេសប៊ុករបស់លោកជាមួយសំណេរថា “ខ្ញុំទើបតែបានជួបអតីតសហការីក្នុងជួរគណបក្សសង្គ្រោះជាតិ ប្រមាណ៤០នាក់ នៅទីកន្លែមួយ ជិតទីក្រុងភ្នំពេញ។

សំណេររបស់លោកសម រង្ស៊ី ខាងលើនេះ ត្រូវលោកសាម អ៊ីន ចាត់ទុកថា ជាប្រកាសផ្ទុយស្រឡះពីតំណាងរាស្ត្រនិងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែលបានអះអាងតាមបណ្តាញសង្គមហ្វេសប៊ុកថា ជាជំនួបជាមួយលោកសម រង្ស៊ី នៅទីក្រុងហុងកុង។

លោកអេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល កាលពីយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ បានបង្ហោះរូបភាពដូចគ្នានឹងរូបភាពដែលលោកសម រង្ស៊ី បង្ហោះនោះដែរ ជាមួយសំណេរថា “រាត្រីនេះ ពួកយើងមានកិត្តិយស បានទទួលទានអាហារនៅទីក្រុងហុងកុង ជាមួយមនុស្សដែលពួកយើង និងប្រជាពលរដ្ឋគោរពស្រលាញ់ មិនអាចបំភ្លេចបានឡើយទោះបីបន្តិចទៀតនេះ ច្បាប់តម្រូវឱ្យពួកយើងដក រូបសំឡេង និងសកម្មភាពរបស់គាត់ចេញពីគណបក្សសង្គ្រោះជាតិ ក៏ដោយ”។

លោកសាម អ៊ីន បានសរសេរនៅក្នុងគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ ថា “ពូកែដុត តែមិនពូកែ ដោះ (ស្រាយ)។

កាលខ្ញុំនៅជាយុវជន ខ្ញុំធ្លាប់គិតថា គាត់ជាវីរបុរសរបស់ខ្មែរ។ ពេលខ្ញុំដឹងកាន់តែច្រើន ទើបខ្ញុំដឹងថា ខ្ញុំយល់ខុស”។

លោកសាម អ៊ីន មិនអាចទាក់ទងសុំការមតិយោបល់ ការបញ្ជាក់បន្ថែមដោយផ្ទាល់ទេ ជុំវិញការលើកឡើងរបស់លោកខាងលើនេះ កាលពីម្សិលមិញ ដោយទូរស័ព្ទចូលជាច្រើនដង គ្មានការលើកទទួល។

គួរបញ្ជាក់ដែរថា លោកសាម អ៊ីន រួមជាមួយលោកបណ្ឌិតយ៉ង សាំងកុមារ លោកយ៉េង វីរៈ ជាដើម ធ្លាប់ជាសហការីជិតស្និទ្ធរបស់លោកបណ្ឌិតកែម ឡី ធ្លាប់បានពិភាក្សាគ្នា ធ្វើការ ជាមួយគ្នា នៅក្នុងចលនាបណ្តាញសង្គមខ្មែរ ដើម្បីខ្មែរ មុននឹងក្រុមខ្មែរដើម្បីខ្មែរនេះ ប្រែក្លាយជាគណបក្សប្រជាធិបតេយ្យ។ លុះគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បង្កើតបានបន្តិច មិនទាន់បានចូលរួមការបោះឆ្នោតផង លោកបណ្ឌិតកែម ឡី ក៏បានទទួលមរណភាព ដោយ សារឃាតករលួចបាញ់ប្រហារក្នុងហាងស្ថារម៉ាត នៃស្ថានីយប្រេងឥន្ធនៈកាល់តិច បូកគោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ធ្វើឱ្យលោកសាម អ៊ីន ក៏ដូចជាថ្នាក់ដឹកនាំគណបក្ស មូលប្រជាធិបតេយ្យមូលដ្ឋានដទៃទៀត បាត់បង់សហការីដ៏ឆ្នើម។

លោកសាម អីុន

ទោះបីយ៉ាងណា មុននេះ លោកសាម អ៊ីន បានបញ្ជាក់ថា ក្នុងនាមសហការីធ្លាប់ពិភាក្សា គ្នាអំពីការបង្កើតនយោបាយវិជ្ជមាន នយោបាយផ្តល់ដំណោះស្រាយ នយោបាយទន់ភ្លន់ និងអត់ឱន ដើម្បីបន្សាប នយោបាយលាប ពណ៌ នយោបាយជេរប្រមាថ និងនយោបាយគំរាមសម្លុតជាមួយគ្នា លោកនឹងធ្វើតាមគន្លងនយោបាយរបស់លោកកែម ឡី។ ពោលគឺគន្លងនយោបាយរបស់លោកកែម ឡី ដែលគណបក្សប្រជាធិបតេយ្យដើរតាមនោះ គឺគន្លងនយោបាយថ្មី បង្កប់ខ្លឹមសារឱ្យអ្នកនយោបាយកុំមានការគុំកួន សងសឹក លាបពណ៌គ្នា ស្អប់ខ្ពើមគ្នាជាដើម ដែល លោកជឿថា បើសិនជាវប្បធម៌នយោបាយថ្មី នេះសាបព្រោះបានកាន់តែច្រើន និងកាន់តែខ្លាំង បានកាន់តែស៊ីជម្រៅដល់ប្រជាពលរដ្ឋនោះ សង្គមកម្ពុជា នឹងមានការអភិវឌ្ឍ ជាពិសេស អ្នកនយោបាយ នឹងដើរនៅលើផ្លូវមួយត្រឹមត្រូវ ឈានទៅរកការផ្លាស់ប្តូរមួយដោយសន្តិភាព៕

កុលបុត្រ

RELATED ARTICLES