Thursday, January 23, 2025
Homeព័ត៌មានជាតិឪពុកម្តាយទៅខ្ចីលុយគេទិញកង់ ទុកកូននៅផ្ទះដើរលេងវង្វេងផ្ទះ សំណាងបានលោកអភិបាលខណ្ឌ២រូប និងទីប្រឹក្សារដ្ឋាភិបាល ជួយសង្គ្រោះ

ឪពុកម្តាយទៅខ្ចីលុយគេទិញកង់ ទុកកូននៅផ្ទះដើរលេងវង្វេងផ្ទះ សំណាងបានលោកអភិបាលខណ្ឌ២រូប និងទីប្រឹក្សារដ្ឋាភិបាល ជួយសង្គ្រោះ

ភ្នំពេញ ៖ ​កុមារា​អាយុ៤ឆ្នាំម្នាក់ ដើរវង្វេងផ្ទះ ត្រូវបាន​ប្រជាពលរដ្ឋប្រទះឃើញយកទៅ​ប្រគល់ឲ្យនគរបាលប៉ុស្តិ៍​ទឹកថ្លា ត្រូវបានលោកអភិបាលខណ្ឌយកទៅព្យាបាលនៅគ្លីនិកឯកជន ទើប ឪពុកម្តាយទៅរកឃើញ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពី​វេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវរថភ្លើង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមសម្តីពីសមត្ថកិច្ចបានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានប្រទះឃើញកុមារាម្នាក់ ដើរអត់ពាក់អាវ និងមានស្នាម​រលាកនៅដើមទ្រូង បានដើរតាមផ្លូវក្នុងសភាពវង្វេងផ្ទះ ​ក៏បានហៅមកសួរនាំ តែក្មេងប្រុសម្នាក់នោះមិននិយាយស្តីអ្វីសោះ។ រួចក៏យកទៅប្រគល់ឲ្យនគរបាលប៉ុស្តិ៍​រដ្ឋបាលទឹកថ្លា ខណៈពេលទៅដល់ប៉ុស្តិ៍សមត្ថកិច្ចបានសួរនាំ តែក្មេងប្រុសម្នាក់នោះនៅតែមិនព្រមនិយាយស្តីអ្វីទាំងអស់ ទើបសមត្ថកិច្ច​បានរាយការណ៍តាមវិទ្យុទាក់ទង ដើម្បីស្វែងរកសាច់ញាតិ រួមទាំងទិញអាវថ្មីយកមកឲ្យពាក់ និងទិញបាយយកមកអោយញុំា រួចក៏បានគេងលក់បាត់ទៅ។

បន្ទាប់ពីមានការភ្ញាក់ផ្អើលករណីរើសបានកុមារាម្នាក់មក ឃើញមាន​វត្តមានលោកប៉ិល កុសល អភិបាលខណ្ឌសែនសុខ ​លោកហែម ដារិទ្ធិ អភិបាលខណ្ឌ​ពោធិ៍សែនជ័យ និងលោក​ជុំ កុសល បានចុះទៅមើលកុមារាខាងលើ ឃើញមានសភាពស្លេកស្លាំងពេក ខ្លាច​មានជម្ងឺក៏បានបញ្ជូនទៅមន្ទីរសម្រាកព្យាបាលប៊ុនថន ដើម្បីអោយគ្រូពេទ្យ​ពិនិត្យសុខភាព។ លុះមួយសន្ទុះក្រោយមក ទើបឳពុកម្តាយរបស់កុមារា​បានមកដល់គ្លីនិក ។

 

បើតាមសម្តីពីឳពុកកុមារាខាងលើបានឲ្យដឹងថា ឪពុកមានឈ្មោះសុខ ជា អាយុ២២ឆ្នាំ មុខរបរដើររើសអេតចាយ និងម្តាយមានឈ្មោះ អាត ចិន្តា អាយុ២១ឆ្នាំ មុខរបរដើររើសអេតចាយ ស្នាក់នៅម្តុំខាងក្រោយវត្តពោធិ៍ចិនតុង តាមផ្លូវរថភ្លើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ ពួកគេ​មានកូនចំនួនពីរនាក់ ហើយកូនប្រុសដែលវង្វេងផ្ទះមានឈ្មោះ សុខ ជាតិ អាយុ៤ឆ្នាំ និងកូនស្រីម្នាក់ទៀត អាយុ២ខែ ។

 

 

ឪពុកម្តាយកុមាររង្វេងផ្ទះបានឲ្យដឹងទៀតថា គ្រួសាររបស់ពួកគេទើបតែផ្លាស់មកនៅទីនេះ​បានរយៈពេល៥ថ្ងៃ​ទេ ។ នៅវេលាម៉ោង៥ល្ងាចថ្ងៃកើតហេតុ គាត់និងប្រពន្ធរួមទាំងកូនស្រីពៅបានទៅខ្ចីលុយគេចំនួន៥០ដុល្លារ ដើម្បីយកមកទិញកង់ទុកគ្រាន់​ជិះដើររើសអេតចាយ ដោយទុកកូនប្រុសបងឲ្យនៅលេងជាមួយក្មេងដទៃទៀតនៅក្បែរផ្ទះ ខណៈពេលដែលត្រឡប់មកវិញស្រាប់តែមិនឃើញកូន​ ក៏បានដើររក ហើយត្រូវប្រជាពលរដ្ឋប្រាប់ឲ្យទៅរកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ។

ស្រ្តីជាម្តាយបានបញ្ជាក់ទៀតថា ស្លាកស្នាម​នៅលើទ្រូងកូនរបស់គាត់ គឺជាស្នាមរលាកឆ្នាំងទឹកសណ្តែក តាំងពីគេបានអាយុ២ឆ្នាំម្ល៉េះ ពីព្រោះកាលនោះគាត់បានធ្វើទឹកសណ្តែក ដើម្បីទុកឲ្យកូនបៅ ប៉ុន្តែដោយសារតែទុកមិនប្រយ័ត្ន បណ្តាលឲ្យកូនរបស់គាត់រត់ទៅប៉ះឆ្នាំង កំពប់ស្រោចលើ​រលាកតែម្តងទៅ។

កុមារាដែលវង្វេងផ្ទះនេះ បន្ទាប់ពីជួបជុំឪពុកម្តាយ លោកអភិបាលខណ្ឌទាំង២ ក៏បានប្រគល់ ទៅឲ្យឪពុកម្តាយវិញ ដោយលោកអភិបាលខណ្ឌសែនសុខ ជាអ្នកចេញថ្លៃសេវាព្យាបាលនៅគ្លីនិក លោកអភិបាលខណ្ឌពោធិ៍សែនជ័យ ឧបត្ថម្ភកង់មួយគ្រឿងដល់ឪពុកម្តាយកុមារា ដែលជាអ្នករើសអេតចាយ និងលោកជុំ កុសល បានឧបត្ថម្ភប្រាក់ចំនួន១៥០ដុល្លារ ព្រមទាំងមានចាងហ្វាងវេបសាយមួយ បានឧបត្ថម្ភទឹកប្រាក់ចំនួន១០០ដុល្លារផងដែរ៕

RELATED ARTICLES