នៅរៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង១១.៣០នាទី ដល់ម៉ោង១.៣០នាទី នៅក្នុងកម្មវិធីតន្ត្រីICHITAN នៅស្ទូឌីយោ ប៉ុស្តិ៍បាយ័នស្ទឹងមានជ័យ គេឃើញមានក្រុមកំប្លែងថ្មីមួយឈ្មោះ”ក្រុមកំប្លែងយុវវ័យ” កំពុងទទួលបានការគាំទ្រពីទស្សនិកជនខណៈដែលមានការអះអាងថា ក្រុមកំប្លែងថ្មីនេះបង្កើតដោយលោកគង់ វិសាល អ្នកផលិតកម្មវិធីរបស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍បាយ័ន។
លោកគង់ វិសាល បានថ្លែងឲ្យដឹងថា លោកពិតជាអ្នកបង្កើត”ក្រុមកំប្លែងយុវវ័យ”នេះមែនដែលបានជ្រើសរើសតារាកំប្លែងជើងថ្មីដែលមានសមត្ថភាពនិងទេពកោសល្យខ្ពស់ច្របាច់បញ្ចូលគ្នា។លោកថា ការប្រឹងប្រែងបង្កើតក្រុមកំប្លែងថ្មីនេះឡើងដោយសារតែយល់ឃើញថាក្រុមកំប្លែងចាស់ៗមួយចំនួនហាក់ដដែលៗពេកមិនសូវទាញបានការចាប់អារម្មណ៍ពីទស្សនិកជន។ហេតុនេះហើយទើបលោកបង្កើតក្រុមកំប្លែងយុវវ័យនេះឡើងដោយចង់ឲ្យមានរសជាតិថ្មីប្លែកសម្រាប់ទស្សនិកជន។
លោកវិសាល ក៏បានឲ្យដឹងដែរថា ក្រុមកំប្លែងថ្មីនេះទើបបង្កើតបានរយៈពេលជាង៣ខែប៉ុណ្ណោះដែល លេងនៅក្នុងកម្មវិធី”តន្ត្រីICHITAN”និងកម្មវិធី”ផ្ទះសំណើច”ហើយលោកសម្គាល់ឃើញថា កំពុងទាញបានការគាំទ្រពីទស្សនិកជនខណៈតារាកំប្លែងរួមក្រុមលេងសងតង់គ្នាបានល្អហើយលោករំពឹងថា នឹងទទួលបានការគាំទ្រកាន់តែខ្លាំងជាងនេះផងដែរ ត្បិតអីមានអ្នកបង្កើតសាច់រឿងល្អៗថ្មីប្លែកដើម្បីបម្រើអារម្មណ៍ទស្សនិកជន។
“ក្រុមកំប្លែងយុវវ័យ”មានសមាជិកចំនួន៨នាក់ដូចជានាយព្រែក កញ្ញាសោម ស្រីអូន កញ្ញាយេយេ កញ្ញាសាឡាត់ ស្រីឡាង និងលោកងួន សុបិន្ត ជាដើម។លោកគង់ វិសាល បញ្ជាក់ថា លោកនិងប្រឹងពង្រឹងក្រុមកំប្លែងថ្មីមួយនេះឲ្យកាន់តែលេចធ្លោនៅក្នុងវិស័យសិល្បៈហើយរាល់កម្មវិធីផ្សេងៗដែលចង់បានក្រុមកំប្លែងយុវវ័យអាចទាក់ទងមកលោកបាន៕