ភ្នំពេញ ៖ បន្ទាប់ពីបានទៅជួបលោកសម រង្ស៊ី នៅទីក្រុងហុងកុង និងបានថ្លែងសារនយោបាយយុទ្ធសាស្ត្រ ក្នុងឱកាសថ្ងៃខួបកំណើតគណបក្សសង្គ្រោះជាតិ គម្រប់៥ឆ្នាំ លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានជួបពិភាក្សា ការងារជាមួយលោកស្រីអែនចេឡា កូរកូរ៉ាន់ (Angela Corcoran) ជាឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំកម្ពុជា។
លោកកឹម សុខា បានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ ថា “ព្រឹកនេះ នៅស្ថានទូតអូស្ត្រាលី ខ្ញុំបានជួបពិភាក្សាការងារជាមួយលោកស្រីអែនចេឡា កូរកូរ៉ាន់ (Angela Corcoran) ជាឯកអគ្គរាជទូតប្រទេសអូស្ត្រាលីប្រចាំកម្ពុជា តបតាមការអញ្ជើញរបស់លោកស្រី ដែលចង់ដឹងអំពីការវាយតម្លៃរបស់ខ្ញុំ ក្នុងការបោះឆ្នោត ឃុំ-សង្កាត់ ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ និងទស្សនៈនយោបាយរបស់គណបក្សសង្គ្រោះជាតិ សម្រាប់ការបោះឆ្នោតជាតិ ឆ្នាំក្រោយ”។
ទោះយ៉ាងណា ពាក់ព័ន្ធនឹងជំនួបនេះ លោក មុត ចន្ថា នាយកខុទ្ទកាល័យ និងជាជំនួយការផ្ទាល់របស់លោកកឹម សុខា បញ្ជាក់ថា លោកមិនបានជ្រាបលម្អិតទេ ដូច្នេះលោកមិនអាចធ្វើអត្ថាធិប្បាយ ឬជម្រាបជូនពីខ្លឹមសារលម្អិតបានទេ ខណៈដែលលោកយឹម សុវណ្ណ និងលោកយ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ក៏មិនអាចទាក់ទងសុំការបញ្ជាក់បាន កាលពីម្សិលមិញ។
ដោយឡែក មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ មួយចំនួនទៀត រួមមានលោកអេង ឆៃអ៊ាង អនុប្រធានគណបក្ស លោកស្រីមូរ សុខហួរ អនុប្រធានគណបក្ស លោកអ៊ូ ច័ន្ទរ័ត្ន អភិបាលរងនៃក្រុមសមាជិករដ្ឋសភាគណបក្សសង្គ្រោះជាតិ ជាដើម ក៏មិនអាចទាក់ទងសុំមតិយោបល់បានដែរ នៅថ្ងៃដដែលនោះ។
គួរបញ្ជាក់ដែរថា ក្នុងខួបកំណើតគណបក្សសង្គ្រោះជាតិ គម្រប់៥ឆ្នាំ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ លោកកឹម សុខា បានថ្លែងថា គណបក្សសង្គ្រោះជាតិ មានបញ្ហាច្រើន ក្រោយពីគណបក្សសិទ្ធិមនុស្ស រួមគ្នាជាមួយគណបក្ស សម រង្ស៊ី ដើម្បីប្រកួតប្រជែងការបោះឆ្នោតឆ្នាំ២០១៣ គឺនៅគ្រានោះ មានអ្នកនយោបាយ ខ្លះព្យាយាមបំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រឆាំងនោះ រហូតដល់បច្ចុប្បន្ន។ ប៉ុន្តែទោះជាយ៉ាងណា គណបក្សសង្គ្រោះជាតិ នៅតែរឹងមាំ និងកាន់តែមានការគាំទ្រពីប្រជាពលរដ្ឋ ខណៈសំឡេងឆ្នោតបានកើនឡើងជាបន្តបន្ទាប់។ ដូច្នេះលោកប្តេជ្ញាថា នឹងរួមគ្នាពង្រឹងផ្ទៃក្នុងបក្ស ដើម្បីឈ្នះការបោះឆ្នោត ឆ្នាំ២០១៨ បានដឹកនាំប្រទេស។
លោកកឹម សុខា បានបញ្ជាក់ក្នុងវីដេអូ បង្ហោះក្នុងទំព័រហ្វេសប៊ុក កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ ថា “ទីមួយ យើងរួមបាន ហើយទីពីរ យើងរឹងហើយ គេវ៉ៃលែងបែក លែងបាក់ជំហានទីបី យើងធ្វើឱ្យរីកឱ្យចម្រើន” មានន័យថា យើងបើកចិត្តឱ្យទូលាយ ដើម្បីប្រមូលកម្លាំងអ្នកប្រជាធិបតេយ្យ អ្នកស្នេហាជាតិនៅគ្រប់មជ្ឈដ្ឋាន ឱ្យមកចូលរួម គឺមិនមែន មានតែយើងទេ កាលណាធ្វើគណបក្សនយោបាយមួយ មានតែអញឱ្យខ្លួន គឺថាអត់មានកម្លាំងល្អ អត់មានកម្លាំងល្អ អត់អាចយកជ័យជម្នះបានទេ។ ខ្ញុំសូមយកឱកាសនេះ ជម្រាបជូនថា អ្នកដឹកនាំគណបក្ស ដែលពូកែអត់ពីខ្លួនទៅ គឺគណបក្សហ្នឹងនៅតែរស់រវើក ហើយនៅរីកបន្តទៀត មិនមែនអន្តរាយ មិនមែនរលាយ។ ដូចគ្នាដែរ អ្នកដឹកនាំប្រទេសដែលពូកែ គឺអ្នកដឹកនាំប្រទេសដែលអត់ពីខ្លួនទៅ ប្រទេសនៅតែរីកទៅមុខ មិនមែនអត់ពីខ្លួនទៅប្រទេសរលាយ ប្រទេសសង្គ្រាមទេ អាហ្នឹង អ្នកដឹកនាំប្រទេសអត់ពូកែទេ”។
ដោយឡែក កាលពីរសៀលថ្ងៃ១៧ ខែកក្កដា ឆ្នាំ២០១៧ លោកកឹម សុខា បានជួបពិភាក្សា ការងារជាមួយលោកស្រីអាលីស ទ្រូមែន (Alice Truman) ប្រធានក្រុមទទួលបន្ទុកកិច្ចការអាស៊ាននៃអគ្គនាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិក របស់ក្រសួងការបរទេសចក្រភពអង់គ្លេស (Head Of ASEAN Team for Asia Pacific Directorates of The Foreign and Commonweath Office) នៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ។
ក្នុងជំនួបនោះ លោកកឹម សុខា បានបញ្ជាក់ថា លោកបានជជែកពិភាក្សាជាមួយលោកស្រី អាលីស ទ្រូមែន អំពីស្ថានភាពនយោបាយក្រោយ ការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០១៧ និងមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០១៨ ផងដែរ។
គួរកត់សម្គាល់ដែរថា ថ្មីៗនេះ លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ទើបតែបានអញ្ជើញដឹកនាំក្រុមតំណាងរាស្ត្របក្សប្រឆាំង ទៅកាន់ទីក្រុងហុងកុង ដើម្បីជួបលោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលការជួបគ្នានេះអាចជាជំនួបលើកចុងក្រោយបណ្តោះអាសន្នមុនពេលត្រូវហាមឃាត់ដោយច្បាប់ស្តីពីគណបក្សនយោបាយដែលត្រូវបានធ្វើវិសោធនកម្មជាលើកទី២ ហើយត្រូវបានរដ្ឋសភាអនុម័ត និងបញ្ជូនទៅព្រឹទ្ធសភាពិនិត្យ និងឱ្យយោបល់ ឯកភាពរួចរាល់ កាលពីពេលថ្មីៗនេះ ដែលច្បាប់នេះ បានហាមទណ្ឌិតធ្វើសកម្មភាពនយោបាយ ពាក់ព័ន្ធជាមួយគណបក្ស ខណៈដែលលោកសម រង្ស៊ី កំពុងជាប់ទោសជាទណ្ឌិត និងបាននិរទេសខ្លួននៅក្រៅប្រទេស ព្រមទាំងបានលាលែងពីតំណែងប្រធានគណបក្ស និងសមាជិកភាពសង្គ្រោះជាតិ៕
កុលបុត្រ