Monday, November 25, 2024
Homeនយោបាយសម្តេចហ៊ុន សែន ចូលបុណ្យលោកកែម ឡី ១ម៉ឺនដុល្លារ

សម្តេចហ៊ុន សែន ចូលបុណ្យលោកកែម ឡី ១ម៉ឺនដុល្លារ

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចូលបច្ច័យ ចំនួន១ម៉ឺនដុល្លារ ដល់បុណ្យខួបគម្រប់ឆ្នាំ នៃការស្លាប់របស់លោកបណ្ឌិតកែម ឡី។

ថវិកាចំនួន១ម៉ឺនដុល្លារ របស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ត្រូវបានលោកលឹម ជាវុត្ថា នាយកប្រតិបត្តិ Fresh News យកទៅប្រគល់ជូនលោកកែម រិទ្ធិសិទ្ធ ប្អូនប្រុសលោកបណ្ឌិតកែម ឡី តំណាងឱ្យក្រុមគ្រួសារលោក បណ្ឌិតកែម ឡី ជាពិសេសភរិយានិងកូនទាំង ៥ ដែលកំពុងរស់នៅក្រៅប្រទេស បន្ទាប់ពីបុណ្យខួប១ឆ្នាំ នៃមរណភាពរបស់លោកបណ្ឌិតកែម ឡី បានរៀបចំធ្វើហើយរួចរាល់នៅឯស្រុកកំណើត ស្រុកត្រាំកក់ ខេត្តតាកែវ។

ការចូលបុណ្យខួបគម្រប់១ឆ្នាំ នៃការស្លាប់របស់លោកបណ្ឌិតកែម ឡី នូវទឹកប្រាក់១ម៉ឺនដុល្លារ ពីសំណាក់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន នោះ បានធ្វើឡើងក្រោយពេលដែលក្រុមគ្រួសារ សាច់ញាតិលោកបណ្ឌិតកែម ឡី បានប្រកាសថា ក្រោយរៀបពិធីបុណ្យសពគម្រប់ខួប១ឆ្នាំ រួចហើយ ត្រូវជំពាក់ថ្លៃបបរ និងចំណាយផ្សេងៗ រហូតដល់ទៅ៧៨០០ដុល្លារ និងបានអំពាវនាវដល់សប្បុរសជន និងអ្នកស្រឡាញ់គោរពលោក កែម ឡី ចូលរួមបរិច្ចាគថវិកាតាមសទ្ធា ដើម្បីទូទាត់ថ្លៃចំណាយផ្សេងៗនោះ។

លោកឆាយ សុផល និងលោកបណ្ឌិតកែម ឡី

ជួសមុខឱ្យក្រុមគ្រួសារ លោកកែម រិទ្ធីសិទ្ធិ បានគោរពថ្លែងអំណរគុណដល់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលបានចូលបច្ច័យ សម្រាប់ការចំណាយបុណ្យសពលោកបណ្ឌិត កែម ឡី ដែលបង្ហាញថា សម្តេចជាមេដឹកនាំម្នាក់មានទឹកចិត្តសន្តោសប្រណី ទោះបីមិនបានចេញមុខដោយចំហ ក៏តែងតែតាមដានរាល់ទុក្ខលំបាកក្រុមគ្រួសារលោក ហើយបានចូលបច្ច័យ ដើម្បីដោះស្រាយទុក្ខលំបាកភ្លាមៗ។ ជាពិសេស ថវិកានេះនៅសល់២ពាន់ដុល្លារ លោកនឹងយកទៅបន្តការសាងសង់ចេតិយលោកបណ្ឌិតកែម ឡី ដែលមានគម្រោងសាងសង់ ចំនួន១៧ម៉ឺនដុល្លារ ហើយពេលនេះទើបសាងសង់បានប្រហែល២ភាគរយ។

លោកកែម រិទ្ធីសិទ្ធ បានមានប្រសាសន៍ប្រាប់ “នគរធំ” នៅថ្ងៃទី១៩ ខែកក្តដា ឆ្នាំ២០១៧ ថា “បាទ! ព័ត៌មាននេះ វាជាព័ត៌មានពិតហើយ ព្រោះយើងមិនអាចថាមិនពិតទេ ហើយក្នុងនាមខ្ញុំជាក្រុមគ្រួសារ ក៏មានការសប្បាយចិត្តក្នុងការដែលទទួលនូវបច្ច័យបុណ្យពីសម្តេច ហើយខ្ញុំក៏បានសំណូមពរទៅសម្តេចដែរថា សូមសម្តេច ជួយរកយុត្តិធម៌ ហើយក្នុងនាមជាក្រុមគ្រួសារ គឺច្រានចោលនូវអ្វីដែលជាចម្លើយរបស់ឃាតករថា បងខ្ញុំគឺជំពាក់លុយ៣ពាន់ហ្នឹង។ អត់ទាន់ មានការឆ្លើយតបអីផង ប៉ុន្តែយើងសំណូមពរ អ៊ីចឹង ពេលដែលអគ្គនាយក Fresh News ហ្នឹង គឺលោកលឹម ជាវុត្ថា ហ្នឹងគាត់ប្រគល់លុយ ហើយខ្ញុំបានផ្តាំផ្ញើទៅតាមសារព័ត៌មានហ្នឹង។ លុយនេះ ទី១ គឺយើងចំណាយក្នុងការចាត់ចែងសងគេថ្លៃផ្សេងៗ ហើយនិងថ្លៃតុ ថ្លៃអីហ្នឹង គឺថវិកាសល់ពីចំណាយហ្នឹង វាខ្ទង់ពីរពាន់ដុល្លារ យើងដាក់នៅក្នុងការសាងសង់ចេតិយរបស់លោកបណ្ឌិត ហើយក៏យើងអំពាវនាវថែមទៀតដល់សប្បុរសជនផ្សេងៗ គណបក្សនយោបាយ ប្រជាពលរដ្ឋក្នុងនិងក្រៅប្រទេសហ្នឹង ឱ្យចូលរួមថែមទៀត ព្រោះយើងខ្វះច្រើនណាស់ ក្នុងការសាងសង់ហ្នឹង។ អ៊ីចឹងថវិកាហ្នឹង ទី១ យើងចំណាយទៅលើការខ្វះខាតហ្នឹងជាង៧ពាន់ដុល្លារ ហើយសល់ប៉ុន្មាន យើងដាក់ទៅក្នុងការកសាង ព្រោះការកសាងមកដល់ពេលនេះ យើងអស់ថវិកាប្រហែលជា៧ពាន់ហើយ យើងមានថវិកា លុយដែលសម្តេចជូនហ្នឹងនៅសល់ផ្គួបគ្នាទៅ វាបាន៤ជាង សម្រាប់ការកសាងដំណាក់កាលដំបូងនេះ។ គម្រោងថវិកាសរុប ដែលចេញពីវិស្វករសំណង់ហ្នឹង គឺ១៧ម៉ឺនដុល្លារ។ បើយើង គិតពីរឿងគ្រោងសំណង់សុទ្ធសាធ អត់ទាន់មានដេគ័រហ្នឹងតិចទេ ប្រហែលជា៣ម៉ឺនជាង ដែលយើងបានសាងសង់ហើយ ចំនួន៧ពាន់ ខ្ញុំគិតទៅវាប្រហែលជា១០ភាគរយដែរ ប៉ុន្តែបើយើងគិតទូទៅ នៅពេលដេគ័រយើងខាងលើអីហ្នឹង វាមិនទាន់បាន២ភាគរយផងទេ។

លោកកែម រិទ្ធីសិទ្ធ ប្អូនប្រុសលោកកែម ឡី ទទួលប្រាក់សម្តេចហ៊ុន សែន ចូលបុណ្យពីលោកលឹម ជាវុត្ថា

លោកកែម រិទ្ធិសិទ្ធ បានមានប្រសាសន៍បន្តថា “យើងខ្ញុំក៏បានថ្លែងអំណរគុណហើយ ដែលថ្លែងអំណរគុណសម្តេចដែលបានជួយអ្វីដែលយើងមានការខ្វះខាត ហើយបូកនឹងសំណូមពរ ខ្ញុំបាននិយាយហ្នឹង គឺប្រហែលជាសម្តេចក៏បានជ្រាបហើយដែរ គឺខ្ញុំមានតែប៉ុណ្ណឹង។ ចំពោះ បងប្អូនប្រជាពលរដ្ឋ ឬមួយក៏សង្គមស៊ីវិល គឺយើងមិនគិតថា ពេលដែលយើងទទួលលុយពីសម្តេចទៅ គាត់មិនមានការមិនមានការសប្បាយចិត្តអីទេ ព្រោះនេះជាបុណ្យដែលគាត់បានចូល ហើយក្នុងនាមយើងរស់នៅក្រោមដំបូលក្នុងការដឹកនាំរបស់សម្តេច ហើយយើងកាន់ព្រះពុទ្ធសាសនា មានន័យថា ព្រះពុទ្ធសាសនា គឺកាលណាគេធ្វើបុណ្យជាមួយយើងៗទទួលដោយរីករាយ យើងមិនប្រកាន់បក្សទេ បក្សណាៗ ដូចខ្ញុំថាអ៊ីចឹង គឺយើងបានប្រកាសតាំងពីមុនមកហើយ។ ជាជំហរចំពោះខ្ញុំ តាមរយៈកាសែត “នគរធំ” ខ្ញុំសូមអំពារនាវដល់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន សុំជួយ ទី១ សំខាន់បំផុតនោះ គឺជួយរកយុត្តិធម៌ឱ្យបងខ្ញុំផង ហើយនិងបដិសេធ ដែលថាឃាតករចោទថា ជំពាក់លុយ ប៉ុណ្ណឹងទេ”។

មជ្ឈដ្ឋានសង្គមស៊ីវិល និស្សិតបញ្ញវន្ត និងមន្ត្រីរាជរដ្ឋាភិបាល បានសម្តែងការចាប់អារម្មណ៍ នឹងការចូលបុណ្យលោកបណ្ឌិតកែម ឡី របស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ខាងលើនេះ។

លោកឆាយ សុផល ថ្នាក់ដឹកនាំក្លឹបអ្នកកាសែតកម្ពុជា បានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ ថា “ទោះបីយើងមិនស្និទ្ធនឹងគ្នាពេកក៏ដោយ ក៏យើងធ្លាប់ធ្វើការ និងស៊ីផឹកជាមួយគ្នាដែរ។ ម្នាក់ៗដែលមិនមែនជាសម្ព័ន្ធមិត្តរាជរដ្ឋាភិបាល នាំគ្នាប្រកាសក្តែងៗថា មានអ្នកចូលរួមបុណ្យសពរាប់លាននាក់ ហើយបង្កើតមូលនិធិដើម្បី កែម ឡី តែគ្រាន់លុយថ្លៃបុណ្យសព ជាង៨ពាន់ដុល្លារមិនព្រមជួយចេញគ្នា។ គិតតាមចៅចាក់ស្មុគទៅចុះ បើចូលបុណ្យតែម្នាក់១ដុល្លារ ១លាននាក់ ក៏បាន១លានដុល្លារដែរ តែនៅជំពាក់ថ្លៃបុណ្យដដែល។ សម្រាប់ខ្ញុំៗចូលបុណ្យលើសពី១ដុល្លារទៅទៀត។ ឥឡូវនាយករដ្ឋមន្ត្រី ជួយចេញឱ្យ។ អ្នកសារព័ត៌មាន និងសាធារណជនរង់ចាំមើលបន្តថា តើមានប្រតិកម្មអ្វីបន្តទៀត។ ត្រូវចាំថា ជនបរទេស ទាំងច្រមុះទាល ច្រមុះស្រួច ស្បែក ស ខ្មៅ លឿង គេគិតពីប្រយោជន៍គេមុន មិនមែនគិតពីយើងមុនទេ”។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ គឺជាខួបគម្រប់មួយឆ្នាំ នៃមរណភាពរបស់លោកកែម ឡី ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅក្នុងហាងស្តារម៉ាតនៃស្ថានីយប្រេងឥន្ធនៈកាល់តិច ស្តុបបូកគោ ស្ថិតក្នុងខណ្ឌចំការមន។ ពិធីបុណ្យគម្រប់ខួបមួយឆ្នាំ ដែលធ្វើឡើងនៅផ្ទះកំណើតរបស់លោក ក្នុងភូមិ អង់តាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ នោះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំគណបក្សប្រឆាំង មន្ត្រីអង្គការសង្គមស៊ីវិល ព្រមទាំងប្រជាពលរដ្ឋជិតឆ្ងាយដែលស្រឡាញ់ និងគោរពលោកកែម ឡី ផងដែរ៕

កុលបុត្រ

RELATED ARTICLES