Monday, November 25, 2024
Homeនយោបាយចៅសង្កាត់បក្សប្រឆាំង ចូលរួមធ្វើបុណជាមួយតំណាងរាស្ត្របក្សកាន់អំណាច

ចៅសង្កាត់បក្សប្រឆាំង ចូលរួមធ្វើបុណជាមួយតំណាងរាស្ត្របក្សកាន់អំណាច

ភ្នំពេញ ៖ ចៅសង្កាត់បក្សប្រឆាំង កញ្ញា ស៊ិន រ៉ូហ្ស៊េត បានចូលរួមធ្វើបុណ្យជាមួយតំណាងរាស្ត្រគណបក្សកាន់អំណាច នៅខេត្តបាត់ដំបង បន្ទាប់ពីនាងបានទិញរថយន្តថ្មី ហើយមានការរិះគន់ពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកថា នាងបានទទួលការឧបត្ថម្ភពីគណបក្សកាន់អំណាច។

កញ្ញាស៊ិន រ៉ូហ្ស៊េត បានបញ្ជាក់តាមហ្វេសប៊ុក កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ ថា ក្នុងនាមនាងជាចៅសង្កាត់អូរចារ ដោយបានទទួលការអញ្ជើញពីតំណាងប្រធានក្រុមប្រឹក្សាសហភាពសហព័ន្ធ យុវជនកម្ពុជា (សសយក) ក្រុងបាត់ដំបង នាងនិងសហការី បានអញ្ជើញចូលរួមក្នុងកម្មវិធីដង្ហែទៀនវស្សា មកកាន់វត្តសាមគ្គី រស្មី ហៅវត្តទួលដូនប៉ុក ដែលស្ថិតនៅក្នុងសង្កាត់អូរចារ ក្រោមអធិបតីភាពលោក ស សុខា តំណាងរាស្ត្រ ខេត្តព្រៃវែងនៃគណបក្សប្រជាជនកម្ពុជា និងជាបុត្រារបស់សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាតំណាងរាស្ត្រ មណ្ឌលខេត្តបាត់ដំបង រួមជាមួយលោក ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង។

កញ្ញាស៊ិន រ៉ូហ៊្សេត ពេលចូលរួមធ្វើបុណ្យជាមួយលោកស សុខា

 

កញ្ញាស៊ិន រ៉ូហ្ស៊េត បានបញ្ជាក់ប្រាប់ “នគរធំ”  នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ ថា “ចាស ! ក្នុងនាមខ្ញុំជាចៅសង្កាត់ ខ្ញុំរីករាយស្វាគមន៍នូវវត្តមានរបស់លោកទាំង២ និងសហការីរបស់លោក។ នេះជាការពិត ក្នុងនាមខ្ញុំជាអាជ្ញាធរ ខ្ញុំត្រូវតែសហការឱ្យបានល្អជាមួយនឹងអស់លោក លោកស្រី។ មិនថាតែ ឯកឧត្តមស សុខា ឬមួយសមាជិកសហភាព សហព័ន្ធយុវជនកម្ពុជាទេ គឺបងប្អូនណាក៏ដោយ ឱ្យតែមកក្នុងសង្កាត់អូរចារ ក្នុងនាមខ្ញុំជាអាជ្ញាធរ មូលដ្ឋាន ខ្ញុំត្រូវតែសហការឱ្យបានល្អ ហើយបើយើងនិយាយពីគណបក្សណាក៏ដោយ ក៏យើងមិនត្រូវរើ់សអើង មិនត្រូវប្រកាន់អីផង ព្រោះអីយើងជាខ្មែរដូចគ្នា ការប្រកួតការបោះឆ្នោត បានបញ្ចប់ហើយ។ ហេតុនេះ យើងនាំគ្នាបម្រើ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនរៀងខ្លួនៗឱ្យបានល្អ ហើយបើយើងប្រកួតប្រជែងគ្នាក្នុង ការបម្រើប្រជាពលរដ្ឋ ក្នុងការធ្វើល្អ ហើយគិតថា ត្រឹមត្រូវទី១។ ហើយទី២ បើនិយាយពីវ័យជាយុវជន ហើយកូនរបស់សម្តេច ស ខេង ដូចជាមានឯកឧត្តម ស សុខា ស រដ្ឋា គាត់សុទ្ធតែជាវ័យជាយុវជនដូចខ្ញុំដែរ អាចបងខ្ញុំ អាចប្អូនខ្ញុំ ហើយយើងជាយុវជន ត្រូវតែធ្វើជាយុវជនដែលមានការទទួលខុសត្រូវ យើង ត្រូវតែបង្កើតឱ្យមានវប្បធម៌ ទទួលខុសត្រូវ។ ក្នុងនាមយើងជាយុវជន យើងទទួលខុសត្រូវ ចំពោះខ្លួនឯង ទទួលខុសត្រូវចំពោះក្រុមគ្រួសារ និងទទួលខុសត្រូវចំពោះប្រទេសជាតិយើងទាំងមូល ហើយដូចខ្ញុំបានបញ្ជាក់ពីខាងដើមអ៊ីចឹង ក្នុងនាមខ្ញុំជាចៅសង្កាត់ ជាអាជ្ញាធរមួយរូប ខ្ញុំសហការជានិច្ច រាល់អ្វីណាដែលជាផលប្រយោជន៍ សម្រាប់ជាតិផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ និងអ្វីណាដែលជាភាពត្រឹមត្រូវ”។

ដោយឡែក លោកស សុខា តំណាងរាស្ត្រ មណ្ឌលខេត្តព្រៃវែង នៃគណបក្សប្រជាជនកម្ពុជា មិនអាចទាក់ទង សុំមតិយោបល់ដោយផ្ទាល់បានទេ កាលពីម្សិល ប៉ុន្តែលោកបានបញ្ជាក់តាមហ្វេសប៊ុកថា ដើម្បីប្រជាជន និងប្រយោជន៍ ជាតិ ត្រូវទុករឿងជាតិធំជាងរឿងបក្ស គឺមានតែការរួមគ្នាធ្វើទេ ទើបជាតិដើរទៅមុខ ហើយមានតែការជួបគ្នាទេ ទើបអាចដោះស្រាយបញ្ហាគ្រប់យ៉ាងបាន។

លោកស សុខា បានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ ថា “Comments អ្នកលេងហ្វេសបុក ! សូមអាន !

-បន្ទាប់ពីបានបង្ហោះរូបភាព ប្រគេនទៀន វស្សា នៅវត្តទួលដូនប៉ុក ដែលមានប្អូនស្រី ចៅសង្កាត់អូរចារ មកពីគណបក្សសង្គ្រោះជាតិ ចូលរួមដែរនោះ ខ្ញុំសង្កេតឃើញបងប្អូន អ្នកលេងហ្វេសប៊ុក បានចូលបញ្ចោញមតិ ដោយ ខ្លឹមសាររួម គឺសម្តែងការសាទរ និងគាំទ្រចំពោះ វត្តមានរួមគ្នានេះ។

-ខ្ញុំសូមសង្ខេបមតិរបស់បងប្អូនតាមហ្វេសប៊ុកខ្លះៗ ដូចតទៅ ៖ ពួកគេថា គប្បីបែងចែកឱ្យដាច់រវាងនយោបាយ និងការចូលរួមអភិវឌ្ឍសង្គម។ ខ្លះទៀតលើកឡើងថា កុំលាបពណ៌គ្នា កុំបញ្ឆោះកំហឹងដាក់គ្នា ដែលនាំឱ្យជាតិបាក់ បែក បើយើងមិនប្រយ័ត្ន នឹងបាត់បង់ប្រទេសជាតិ ពូជសាសន៍ខ្លួនឯង ដោយការប្រកាន់និន្នាការ នយោបាយ ស៊ីសាច់ហុតឈាមគ្នា។

-អ្នកលេងហ្វេសផ្សេងទៀត សម្តែងការគាំទ្រថា គាំទ្រទង្វើទាំងឡាយណាដែលនាំឱ្យខ្មែរសាមគ្គីគ្នា។ សកម្មជនហ្វេសបុកម្នាក់ទៀត សរសេរថា ពិតជាគំរូដ៏ល្អគួរអោយគោរព និងបានបង្ហាញថា អ្នកណា ក្រុមណា បក្សណា ក៏ អាចនៅជាមួយបក្សប្រជាជនបានដែរ។

-ទោះជាការសម្តែងមតិខ្លះ គិតមិនល្អចំពោះ ប្អូនស្រី តែចំពោះខ្ញុំ សូមថ្លែងអំណរគុណដែល បងប្អូនភាគច្រើនចង់ឱ្យខ្មែររួមគ្នា ដើម្បីជាតិ។ ខ្ញុំរីករាយនឹងធ្វើបន្ត ព្រោះយើងសុទ្ធតែជាខ្មែរ តែមួយ ដោយទុករឿងបក្សមួយឡែក ហើយ មករួមគ្នាធ្វើសកម្មភាព អភិវឌ្ឍសង្គមជាមួយ គ្នាបែបនេះ។

-ខ្ញុំថា រឿងជាតិ ធំជាងរឿងបក្ស មានតែ ការរួមគ្នាធ្វើទេ ទើបជាតិដើរទៅមុខ ហើយមាន តែការជួបគ្នាទេ ទើបអាចដោះស្រាយបញ្ហា គ្រប់យ៉ាងបាន ដើម្បីប្រជាជន និងប្រយោជន៍ ជាតិ”។

ជាការកត់ផងដែរថា ក្រោយការប្រកាស សុពលភាពចូលកាន់តំណែងជាចៅសង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅ កញ្ញាស៊ិន រ៉ូហ្ស៊េត បានរងនូវព័ត៌មានផ្សព្វផ្សាយតាមបណ្តាញហ្វេសប៊ុកថា នាងត្រូវបានគណបក្សកាន់អំណាច ទិញ ក្បាល ដោយឱ្យឡាន និងលុយមួយចំនួន។

ការលើកឡើងបែបនេះ ដោយសារមជ្ឈដ្ឋានអ្នកលេងហ្វេសប៊ុកទាំងនោះ បានឃើញ នាងបង្ហោះរូបថត កំពុងបើកបររថយន្តដោយខ្លួនឯង នៅក្នុងហ្វេសប៊ុករបស់នាង ទើបធ្វើឱ្យ មានការចោទប្រកាន់ថា នាងលក់ក្បាល ដើម្បីបានឡានជិះ។

ទោះយ៉ាងណា ក្រោយរងនូវការចោទប្រកាន់នោះ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ កញ្ញាស៊ិន រ៉ូហ្ស៊េត បានបញ្ជាក់ឆ្លើយតបតាមហ្វេសប៊ុករបស់នាងថា នាងមិនមែនជាសត្វ ឬជាវត្ថុដែលអាចទិញ-លក់បានទេ។ សម្រាប់ នាងជាមនុស្សដែលធ្លាប់ឆ្លងកាត់ ធ្លាប់ភ្លក់រសជាតិ នៃភាពក្រីក្រវេទនា និងត្រូវមនុស្សមួយចំនួនមើលងាយយ៉ាងឈឺចាប់បំផុត។ ប៉ុន្តែនាង មិនដែលអស់សង្ឃឹមឬបាក់ទឹកចិត្តម្តងណាឡើយ ខិតខំដើរទៅមុខរហូតមកដល់ពេលនេះ។ ដូច្នេះ ពេលនេះ នាងទទួលបាន “កិត្តិយស” ហើយ និងមានលទ្ធភាពអាចទិញ “ឡាន” ខ្លួនឯងបាន រឿងអីនាងត្រូវធ្វើអំពើថោកទាប ទម្លាក់ខ្លួនឯង ដូច “សត្វ ឬរបស់របរ” ទិញដូរបាននោះ?

កញ្ញាស៊ិន រ៉ូហ្ស៊េត បានបញ្ជាក់បន្ថែមថា “ចាស! ខ្ញុំចង់បញ្ជាក់ថា ការទិញមនុស្ស កាល ណាយើងមានឧត្តមគតិ គឺមិនអាចយកលុយ ឬក៏យកវត្ថុទេ បើយើងគិតថា លុយអាចទិញបាន វត្ថុអាចទិញបាន គឺយើងមិនមែនជាមនុស្ស ទេ ខ្ញុំគិតអ៊ីចឹង ហើយខ្លួនខ្ញុំៗស្គាល់ខ្លួនខ្ញុំច្បាស់ ហើយបើខ្លួនខ្ញុំៗមិនស្គាល់ខ្លួនខ្ញុំផង អាហ្នឹង យ៉ាងម៉េចទៅ? ប៉ុន្តែសម្រាប់ខ្ញុំៗស្គាល់ខ្លួនឯងច្បាស់។ គេអាចទិញបាន គឺទិញទំនិញ ទិញវត្ថុ ទិញរបស់របរ គេអាចយកលុយទិញបាន ប៉ុន្តែ សម្រាប់មនុស្សដែលមានឧត្តមគតិពិតប្រាកដ គឺគេមិនអាចយកលុយមកទិញបានទេ” ៕

កុលបុត្រ

RELATED ARTICLES