ភ្នំពេញ ៖ បន្ទាប់ពីទទួលពាក្យបណ្តឹងពីឪពុកម្តាយក្មេងស្រីអាយុ១២ខែ២០ថ្ងៃ ដែលមានឈាមហូរតាមប្រដាប់ភេទ សង្ស័យថា មានការចាប់រំលោភ ត្រូវបាននគរបាលប៉ុស្តិ៍ស្ទឹងសហការជាមួយកម្លាំងជំនាញខណ្ឌមានជ័យ ដោយមានការចូលរួមជាមួយអង្គការថែទាំកុមារនិងទារក បានបង្កើតគណៈកម្មការចំរុះ ធ្វើការស្រាវជ្រាវនិងស៊ើបអង្កេត ឈានដល់ការឃាត់ខ្លួនស្រ្តីជាអ្នកមើលថែក្មេងស្រីរងគ្រោះ និងដោះលែងបុរសជាប្តីដែលសង្ស័យថា ជាអ្នកចាប់រំលោភទារកអាយុ១២ខែ២០ថ្ងៃ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី១៩ខែកក្កដាឆ្នំា២០១៧។
ក្មេងរងគ្រោះមានឈ្មោះ សៀន រតនា អាយុ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិ
ឬស្សី សង្កាត់ស្ទឹងមានជយ័ ខណ្ឌមានជយ័ មានស្រុកកំណើតនៅភូមិព្រីងជ្រុំ ឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង មានឪពុកឈ្មោះពៅ សៅ អាយុ៣៥ឆ្នាំ មុខរបរជាងកាត់កញ្ចក់ មានស្រុកកំណើតភូមិឈើទាល ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង។ ចំណែកកូនស្រីរងគ្រោះមានឈ្មោះ ឯម រចណា អាយុ១២ខែ២០ថ្ងៃ ។
ដោយឡែកស្រ្តីជាអ្នកមើលថែមានឈ្មោះ តោ ស្រី អាយុ៣៦ឆ្នាំ មុខរបរមើលថែក្មេងនៅផ្ទះស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានប្តីឈ្មោះ ទ្រូ អាយុ៤៥ឆ្នាំ មុខរបរសន្តិសុខនៅផ្សារទំនើបសុវណ្ណា ស្នាក់នៅជាមួយប្រពន្ធ ។
តាមសម្តីម្តាយកុមារីរងគ្រោះបានឲ្យដឹងថា ដោយសារតែពួកគាត់ទាំងពីរនាក់ប្តីប្រពន្ធ សុទ្ធតែជាប់រវល់ធ្វើការដូចគ្នា ហេតុនេះហើយពេលសម្រាលបានកូនស្រីអាយុបាន៣ខែ ក៏បានយកកូនស្រីទៅជួលឲ្យស្រីឈ្មោះ តោ ស្រី ជាអ្នកមើលថែរហូតដល់គាត់ចេញពីធ្វើការ ទើបទៅយកត្រឡប់មកផ្ទះវិញ គឺក្នុង១ខែ ៤០ដុល្លារ ។
ប្រភពដដែលបន្តទៀតថា ជារៀងរាល់ថ្ងៃពេលព្រឹកឡើង គាត់យកកូនទៅទុកឲ្យស្រ្តីខាងលើ ជាអ្នកមើលថែរួចបានចេញទៅធ្វើការ ហើយពេលដែលទៅដល់អ្នកមើលកូនគាត់ ជួនកាលជួបបុរសជាប្តី ជួនកាលអត់ជួបទេ ព្រោះធ្វើការដូរវេនយប់និងថ្ងៃ ប៉ុន្តែនៅថ្ងៃកើតហេតុ ពេលដែលគាត់យកកូនទៅទុកដូចសព្វដង បានឃើញប្តីរបស់ស្រ្តីជាអ្នកមើលថែនៅផ្ទះ ។ លុះដល់ម៉ោង១១ព្រឹក ថ្ងៃទី១៨ ខែកក្កដា ម្សិលមិញនេះ ស្រាប់តែស្រ្តីជាអ្នកមើលថែកូនបានទូរស័ព្ទទៅប្រាប់ថា កូនស្រីមានហូរឈាមតាមប្រដាប់ភេទយ៉ាងខ្លាំង ។ ពេលដែលបានទទួលដំណឹងហើយ រូបគាត់ជាម្តាយបានមកទទួលយកកូនស្រីយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផា ។
បើតាមស្រ្តីជាបងស្រីរបស់ម្តាយកុមារីរងគ្រោះបានឲ្យដឹងថា តាមការពិនិត្យរបស់គ្រូពេទ្យ បានឲ្យដឹងថា ស្នាមរលាត់ដាច់ប្រដាប់ភេទ ធ្វើឲ្យហូរឈាមដោយសារតែមានស្នាមម្រាមដៃលូកខ្វេះ ទើបធ្វើឲ្យដាច់ហូរឈាមបែបនេះ បច្ចុប្បន្នកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ជា។
បន្ទាប់ពីយកកូនទៅព្យាបាលនៅមន្ទីរពេទ្យរួចហើយ ទើបនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ស្រ្តីជាម្តាយនិងឪពុកបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ ឲ្យឃាត់ខ្លួនស្រ្តីជាអ្នកមើលថែនិងប្តី យកមកសួរនាំ ។ ពេលដែលទទួលបានពាក្យបណ្តឹងរបស់ឪពុកម្តាយជនរងគ្រោះហើយ សមត្ថកិច្ចបាននាំខ្លួនស្រ្តីជាអ្នកមើលថែមកសួរនាំនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ ។
នៅចំពោះមុខសមត្ថកិច្ចស្រ្តីជាអ្នកមើលថែក្មេងស្រីរងគ្រោះ បានឆ្លើយប្រាប់ថា កាលពីព្រឹកថ្ងៃកើតហេតុរូបគាត់បានទទួលយកក្មេងរងគ្រោះពីឪពុករបស់គេ នៅវេលាម៉ោង៦ព្រឹក ហើយបានបញ្ចុកបបរ និងឲ្យគេងនៅលើអង្រឹង នៅវេលាម៉ោង៧និង៣០នាទីព្រឹក ចំណែករូបគាត់ពេលកូនក្មេងគេងលក់គាត់ឆ្លៀតកាត់ប្រុយខោឲ្យគេបណ្តើរ លុះដល់ម៉ោង១០ព្រឹក ក្មេងស្រីបានបត់ជើងធំ ពេលនោះរួចគាត់បានយកក្មេងទៅងូតទឹក ស្រាប់តែឃើញក្មេងស្រីមានឈាមហូរតាមប្រដាប់ភេទនិងប្រលាក់ខោ ភ្លាមៗនោះ គាត់បានទូរស័ព្ទទៅប្រាប់ម្ដាយរបស់គេឲ្យមកមើល ព្រោះគាត់អត់ដឹងអីទេ ។
នៅពេលសមត្ថកិច្ចសួរនាំស្រ្តីជាអ្នកមើលកូនរងគ្រោះចប់ហើយ ក៏បានទៅនាំខ្លួនបុរសជាប្តី មកសួរនាំបន្តទៀត ។
បន្ទាប់ពីសួរនាំប្តីប្រពន្ធដែលជាប់សង្ស័យធ្វើឲ្យក្មេងស្រីអាយុ១២ខែ២០ថ្ងៃ មានឈាមហូរតាមប្រដាប់ភេទរួចមក នគរបាលមានសហការជាមួយកម្លាំងជំនាញខណ្ឌមានជ័យ ដោយមានការចូលរួមជាមួយអង្គការថែទាំកុមារនិងទារក បានបង្កើតគណៈកម្មការចំរុះធ្វើការស្រាវជ្រាវនិងស៊ើបអង្កេត យ៉ាងយកចិត្តទុកដាក់ ចៀសវាងការភ័ន្តច្រឡំរយៈពេល១២ម៉ោង ដោយវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យគន្ធបុប្ផា បានប្រាប់ថា ទារកខាងលើត្រូវបានរងគ្រោះដោយវត្ថុរឹងលូកចូលក្នុងប្រដាប់ភេទ ។
សមត្ថកិច្ចបានបន្តសួរនាំស្រ្តីជាអ្នកមើលថែ រហូតដល់យប់ម្តងទៀត ទើបស្រ្តីរូបនោះបានសារភាពប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុទារកបានបត់ជើងធំ ហើយរូបគាត់បានយកទៅបន្ទប់ទឹក ដើម្បីលាងសំអាត និងបានងូតទឹកឲ្យ ប៉ុន្តែដោយសារទារករើបំរះនៅមិនស្ងៀម គាត់មិនប្រយ័ត្នបានជ្រុលដៃរុកចូលក្នុងប្រដាប់ភេទក្មេងស្រីខាងលើ បណ្តាលឲ្យមុតក្រចកដៃរបស់គាត់មានឈាមហូរបែបនេះ ។
យោងតាមចម្លើយសារភាពរបស់ស្រ្តីជាអ្នកមើលថែទារក ទើបសមត្ថកិច្ចសម្រេចឃុំខ្លួនស្រ្តី ខាងលើជាបណ្តោះអាសន្ន នៅអធិការខណ្ឌមានជ័យ ដើម្បីកសាងសំណំុរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ចំណែកបុរសជាប្តីបានដោះលែងឲ្យត្រឡប់ទៅផ្ទះវិញ ៕