Thursday, November 28, 2024
Homeព្រឹត្តិការណ៍សង្គមគ្លីនិកអត់ច្បាប់រីកដូចផ្សិត

គ្លីនិកអត់ច្បាប់រីកដូចផ្សិត

ប្រជាពលរដ្ឋនៅខេត្តកំពង់ធំ បានខ្សឹបឱ្យ ឮតាម “នគរធំ” ថា មួយរយៈចុងក្រោយនេះ នៅក្នុងខេត្តកំពង់ធំ ពិសេសក្រុងស្ទឹងសែន និងស្រុកស្ទោង មានគ្លីនិកឯកជនរីកដុះដាលដូចផ្សិត តែភាគច្រើនគ្មានច្បាប់ទម្លាប់អ្វីទាំងអស់ ហើយសូម្បីតែគ្រូពេទ្យចិន និយាយភាសាខ្មែរ ប៉ៃឡាំៗ ដែលធ្លាប់វះកាត់ស្ត្រីខ្មែរម្នាក់ស្លាប់ នៅក្រុងពោធិ៍សាត់ រួចបិទគ្លីនិករត់បាត់ ស្រាប់តែពេលនេះ បែរជាលេចមុខមកលួចបើកគ្លីនិកថ្មី នៅទីរួមខេត្តកំពង់ធំទៅវិញ។

ប្រជាពលរដ្ឋខេត្តកំពង់ធំ បានខ្សឹបឱ្យឮថា នៅក្នុងក្រុងស្ទឹងសែន និងស្រុកស្ទោង មានគ្លីនិកឯកជនរីកដុះដាលច្រើនណាស់ តែគេមិនដឹងថា មានច្បាប់អនុញ្ញាតពីក្រសួង ឬមន្ទីរជំនាញឬយ៉ាងណានោះទេ តែបើតាមដឹងមួយ ចំនួនគ្មានច្បាប់ទម្លាប់ទេ គឺគ្រាន់តែត្រូវដង ត្រូវផ្លែ និងទទួលភ្លើងខៀវពីមន្ត្រីជំនាញខិលខូច មួយចំនួនប៉ុណ្ណោះ។

ប្រជាពលរដ្ឋបានខ្សឹបបន្តថា គ្រាន់តែនៅផ្សារពពក ក្នុងឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ មានគ្លីនិក បន្ទប់ព្យាបាល និងឱសថស្ថាន (កន្លែងលក់ថ្នាំពេទ្យ) បានបើកអាជីវកម្មជាហូរហែ ហើយក្នុងនោះ មានគ្លីនិកចំនួន ២កន្លែង ត្រូវបានដឹងថា គ្មានច្បាប់អនុញ្ញាតនោះទេ ដែលត្រូវបានសង្ស័យថា មានការឃុបឃិតគ្នាជាប្រព័ន្ធ ទើបមិនឃើញមន្ត្រីជំនាញពាក់ព័ន្ធណា ហ៊ានចុះត្រួតពិនិត្យ ឬបង្ក្រាបសោះ ហើយក៏មិនដឹងថា តើការបើកគ្លីនិក បន្ទប់ព្យាបាល និងឱសថស្ថាន គ្មានច្បាប់ទាំងនោះ មានការដឹងឮដល់លោក ស្រី ស៊ីន ប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ធំ ឬក៏អត់នោះទេ បានជាប្រធានមន្ទីរសុខាភិបាលរូបនេះ មិនចាត់វិធានការណាមួយសោះបែបនេះ ឬមួយក៏ដឹងដែរ តែធ្វើមិនដឹង ដើម្បីលាភសក្ការៈ?

ប្រជាពលរដ្ឋបានខ្សឹបឱ្យឮទៀតថា អ្វីដែលជារឿងគួរឱ្យហួសចិត្តបំផុតនោះ គឺគ្រូពេទ្យ ជនជាតិចិន ឈ្មោះវ៉ាន់ ចាន់ជូ ភេទប្រុស អាយុ ៥២ឆ្នាំ ដែលធ្លាប់បើកគ្លីនិកមួយនៅក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ និងធ្លាប់ព្យាបាលវះកាត់ បណ្តាលឱ្យស្ត្រីអ្នកជំងឺម្នាក់ស្លាប់ កាលពីឆ្នាំ២០១៥ កន្លងទៅ បែរជាលេចមុខមកលួចបើកគ្លីនិកមួយទៀត នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលមានយីហោ “មន្ទីរសម្រាកព្យាបាលក្រុងស្ទឹងសែន” យ៉ាងរំភើយ ទាំងមិនទាន់មានច្បាប់អនុញ្ញាតនៅឡើយ។ ចំពោះករណីនេះ ប្រជាពលរដ្ឋសូមខ្សឹបឱ្យឮដល់លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏ដូចជាមន្ត្រីជំនាញពាក់ព័ន្ធផ្សេងទៀត ជួយពិនិត្យស្រាវជ្រាវ និងចាត់វិធានការជាបន្ទាន់ ដើម្បីលុបបំបាត់គ្រូពេទ្យស្ទើរភ្លើង បើកគ្លីនិក និងឱសថស្ថានគ្មានច្បាប់អនុញ្ញាត គ្មានជំនាញច្បាស់លាស់ ពិសេសគ្រូពេទ្យ និងមន្ត្រីជំនាញ ដែលគិតពីប្រយោជន៍ផ្ទាល់ខ្លួនជាធំ ដោយមិនខ្វល់ពីគ្រោះថ្នាក់ដល់សុខភាព និងអាយុជីវិតប្រជាពលរដ្ឋខ្មែរ ដែលស៊ុមគ្រលុំគ្នា ដើម្បីលុយចូលហោប៉ៅបុគ្គល និងបក្ខពួក។

ទោះជាយ៉ាងណា ជុំវិញការខ្សឹបខាងលើនេះ “នគរធំ” មិនដឹងថា មានការពិតកម្រិតណានោះទេ ដោយសារតែមិនអាចទាក់ទងសុំការបំភ្លឺពីប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ និងមន្ត្រីពាក់ព័ន្ធបានទេ កាលពីម្សិលមិញ។ យ៉ាងណាយើងរង់ចាំទទួទលការបកស្រាយបំភ្លឺពីគ្រប់ ភាគីពាក់ព័ន្ធទាំងអស់៕

ខៀវទុំ

RELATED ARTICLES