ភ្នំពេញ ៖ រថយន្តបែនកង់៦មួយគ្រឿង ខណៈដែលចង់បើតាមផ្លូវកាត់អមមាត់ប្រឡាយ ក្នុងសភាពទើបចាក់កំទេចថ្មហើយថ្មីៗ ស្រាប់តែផុងដីទៅមុខលែងរួច ខំប្រឹងរោទ៍ ធ្វើឲ្យដីបាក់ស្រុត ធ្លាក់រថយន្តក្រឡាប់ចូលទៅក្នុងប្រឡាយទឹកស្អុយ សំណាងល្អអ្នកបើកបរលោតរួច អត់មានគ្រោះថ្នាក់ ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទីព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវ៤ម៉ែត្រ អមមាត់ប្រឡាយទឹកស្អុយ មុខរោងចក្រកាត់ដេរ ស្កាយហាយ ភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
រថយន្តបង្កហេតុ ម៉ាកហុីយ៉ាន់ដាយ បែនកង់៦ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3D-9766 អ្នកបើកបរមិនស្គាល់ឈ្មោះ ។
តាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តខាងលើ បើកកាត់តាមផ្លូវអមមាត់ប្រឡាយខាងលើ ខណៈដែលស្ថានភាពផ្លូវផុង ដែលទើបនឹងចាក់ឈូសឆាយហើយថ្មីៗ ដោយបើកពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ផុងដីផ្លូវរថយន្តទៅមុខលែងរួច ទើបអ្នកបើកបរខំប្រឹងបញ្ជាយានយន្តរោទ៍ម៉ាសុីន ត្រូវបានបាក់ដីស្រុតធ្លាក់ទាំងរថយន្ត ក្រឡាប់ផ្ងារជើងចូលទៅក្នុងប្រឡាយទឹកស្អុយ សំណាងល្អអ្នកបើកបរមិនមានគ្រោះថ្នាក់ដល់រាងកាយ ។
តាមលោក វ៉ា ញ៉ មេភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ បានឲ្យដឹងថា ផ្លូវអមមាត់ប្រឡាយ ប្រឡាយទឹក ត្រូវបានលោកអភិបាលខណ្ឌ ទើបតែស្តារសាងសង់ផ្លូវអមសងខាង ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋ យានយន្តធុនតូច កង់ ម៉ូតូ ឆ្លងកាត់ ហើយផ្លូវខាងលើក៏ទើបនឹងចាក់កំទេចថ្មឈូសឆាយមិនទាន់រឹងមាំ តែអាចយានជំនឹះ ធន់តូច ស្រាល ឆ្លងកាត់បាន ហើយរថយន្តខាងលើ ជាប្រភេទធុនធ្ងន់ លួចបើកឆ្លងកាត់ ធ្វើឲ្យបាក់ផ្លូវ ធ្លាក់រថយន្តចូលក្នុងប្រឡាយ ។
ករណីខាងលើ រថយន្តរងគ្រោះដោយខ្លួនឯង មិនបង្កដល់អ្នកដទៃ ត្រូវបានហៅម្ចាស់រករថយន្តស្ទូចមកលើកយកទៅជួសជុលដោយខ្លួនឯង ។ ដោយឡែក ដីបាក់ធ្លាក់ចូលក្នុងប្រឡាយ ធ្វើឲ្យស្ទះមុខទឹកហូរ រង់ចាំអាជ្ញាធររកម្ចាស់រថយន្តអ្នកបង្ក មកសម្របសម្រួល កាយដីចេញវិញ ដើម្បីសម្រួលមុខទឹកហូរ ៕