ភ្នំពេញ ៖ អតីតប្រធានគណបក្សសង្គ្រោះជាតិ លោកសម រង្ស៊ី ដែលកំពុងរស់នៅប្រទេសបារាំង បានថ្លែងព្រមានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាថា នឹងបញ្ចោញខ្សែអាត់សំឡេងរបស់សម្តេច ដែលបានលើកឡើងក្នុងជំនួបជាមួយលោក និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ កន្លងមក ស្នើឱ្យបង្កើតច្បាប់ការពារនាយករដ្ឋមន្ត្រីចប់អាណត្តិ នៅពេលមានការផ្ទេរអំណាច។
ក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី នៅក្រៅប្រទេស លោកសម រង្ស៊ី បានបញ្ជាក់សម្តេចហ៊ុន សែន ធ្លាប់បានស្នើដល់ទៅ២លើក ឱ្យលោកធ្វើការស្នើច្បាប់មួយ ដើម្បីការពារនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំកំពូលគណបក្សកាន់អំណាចក្រោយពេលផ្ទេរអំណាច (ចាញ់ឆ្នោត)។
លោកសម រង្ស៊ី បានមានប្រសាសន៍ថា “ខ្ញុំចាំយ៉ាងច្បាស់ ក្រោយពីការបោះឆ្នោតឆ្នាំ២០១៣ រហូតដល់ឆ្នាំ២០១៤ ដូចជាខែសីហា អី ពេលជួបគ្នា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បាន ជួបជុំគ្នា ប្រតិភូគណបក្សសង្គ្រោះជាតិ គឺមានរូបខ្ញុំសម រង្ស៊ី មានរូបលោកកឹម សុខា ហើយខាងគណបក្សប្រជាជនកម្ពុជានោះ មានលោក ស ខេង ហើយមានមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជាជនកម្ពុជាមួយចំនួនទៀត ហើយខ្ញុំចាំ ច្បាស់ ចាំរកខ្សែអាត់ណាពេលដែលយើងថតសំឡេងនោះ។ ពេលនោះ លោកហ៊ុន សែន ខ្លួនគាត់តែម្តង បានស្នើថា ត្រង់និយាយត្រូវរ៉ូវគ្នា អាចថា អាចរកដំណោះស្រាយអីបាន មើលទៅអនាគតវែងឆ្ងាយ លោកហ៊ុន សែន បាន ស្នើមកគណបក្សសង្គ្រោះជាតិ ស្នើមកខ្ញុំ សម រង្ស៊ី និងស្នើទៅលោកកឹម សុខា ថា បើគណបក្សសង្គ្រោះជាតិ រៀបចំច្បាប់មួយ ច្បាប់ថ្មីមួយ ដើម្បីការពារសុវត្ថិភាព សេរីភាព ភាពថ្លៃថ្នូរ របស់ថ្នាក់ដឹកនាំគណបក្សកាន់អំណាច ពេល ណាមានការផ្ទេរអំណាច ធ្វើម៉េចឱ្យមានការធានា។ លោកហ៊ុន សែន បានចេញបញ្ជាក់ពីករណីរបស់ថ្នាក់ដឹកនាំបីរូប គឺទី១ ប្រធានគណបក្ស ដែលជាប្រធានព្រឹទ្ធសភាពេលនោះ លោកជា ស៊ីម។ ទី២ ប្រធានរដ្ឋសភា ពេលនោះ គឺលោកហេង សំរិន ហើយទី៣ នាយករដ្ឋមន្ត្រី គឺលោកហ៊ុន សែន ខ្លួនឯងផ្ទាល់ លោកបានស្នើថា បើគណបក្សសង្គ្រោះជាតិស្នើច្បាប់បែបហ្នឹងឱ្យ៣នាក់ មេដឹកនាំកំពូលគណបក្សកាន់អំណាច បានរួចខ្លួន កុំយកទោសពៃរ៍អី ពេលណាមានការផ្ទេរអំណាចមកគណបក្សសង្គ្រោះជាតិ ពេលនោះ គឺគណបក្សប្រជាជនកម្ពុជា នឹងគាំទ្រសេចក្តីស្នើច្បាប់បែបហ្នឹង។ ប៉ុន្តែឱ្យគណបក្សប្រជាជនកម្ពុជា ស្នើខ្លួនឯង វាមិនល្អមើល។ គាត់បានស្នើឱ្យគណបក្សសង្គ្រោះជាតិ យកទៅគិតគូរ បើអាចរៀបចំពង្រាងមួយ ក្នុងន័យហ្នឹង គឺគណបក្សប្រជាជនកម្ពុជា នឹងគាំទ្រ។ ដូច្នេះគំនិត នេះ មិនមែនជាគំនិតថ្មីទេ លោកលឺ ឡាយស្រេង គាត់យកគំនិតមួយដែលយើងដឹងឮទាំងអស់គ្នា ហើយយកមកលាតត្រដាង មកបង្ហាញម្តងទៀតតែប៉ុណ្ណឹង។ យើងថា យើងមិនបដិសេធទេ យើងនៅគិតគូរ យើងយល់ឃើញថា ត្រូវតែមានការផ្ទេរអំណាចដោយសន្តិវិធី ហើយយើងមិនមានការគុំកួនចង់សងសឹក ចង់ធ្វើបាបនរណាទេ គឺយើងចង់ឱ្យការផ្ទេរអំណាចនេះ វាទៅដោយរលូន ហើយយើងយល់ច្បាស់ថា បើថា បុគ្គលខ្លះដែលបានប្រព្រឹត្តអំពើអាក្រក់ ច្រើនពីមុន កាលពីគាត់កាន់អំណាច គាត់ព្រួយបារម្ភ គាត់ថា បើផ្ទេរអំណាច ហើយអ្នកមកកាន់អំណាច មករករឿងគាត់ មកចាប់គាត់ មកផ្តន្ទាគាត់ អាហ្នឹងគាត់មិនផ្ទេរអំណាចទេ អាហ្នឹង គឺច្បាស់ជាមានការប្រទាញប្រទង់ ប៉ះទង្គិចគ្នា មានការបង្ហូរឈាមអី ហើយលោកហ៊ុន សែន ម្តងទៀត គាត់បានបញ្ជាក់នៅទីក្រុងកូឡាឡាំពួរ នៅប្រទេសម៉ាឡេស៊ី លោកហ៊ុន សែន ហើយខ្ញុំ គឺអង្គុយទន្ទឹមគ្នា យើងទទួលខ្មែរយើងភាគច្រើនជាខ្មែរអ៊ិស្លាម ពេលនោះហើយ លោក ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ ហើយខ្ញុំមានខ្សែអាត់ ខ្ញុំអាចបង្ហោះ មានរូបភាពលោក ហ៊ុន សែន បាននិយាយថា ឧបមាឯកឧត្តម (ខ្ញុំ សម រង្ស៊ី ហ្នឹង) ធ្វើជានាយករដ្ឋមន្ត្រី កុំរករឿងគាត់ ពីព្រោះបើរករឿងគាត់ៗក៏នៅសល់កម្លាំងវាយបកមកវិញដែរ គាត់ដូចថា ខ្លួនគាត់ថាពេលណាគាត់ត្រូវអស់ចប់តួនាទីជានាយករដ្ឋមន្ត្រី គាត់ត្រូវតែគិតគូរពីសុវត្ថិភាពរបស់គាត់។ ហើយគាត់និយាយជាសាធារណៈហ្នឹង ឆ្លុះបញ្ចាំងបង្ហាញ ការព្រួយបារម្ភរបស់គាត់ៗចង់និយាយឱ្យខ្លីទៅ ចង់ឱ្យអ្នកដឹកនាំប្រទេសសព្វថ្ងៃហ្នឹង ឱ្យរួចខ្លួន កុំឱ្យមានទោស ពេលណាមានការផ្ទេរអំណាច។ អ៊ីចឹងរឿងហ្នឹងវាមិនជារឿងអីថ្មីថ្មោងទេ រឿងតាំងពីយូរយារណាស់មកហើយ”។
លោកសម រង្ស៊ី បានមានប្រសាសន៍បន្តថា “កំហុសឬមិនកំហុស វាអាស្រ័យលើចរិតរបស់មនុស្សខ្លះ បើយើងចង់បានអី យើងបាន និយាយអី យើងមិនត្រូវបដិសេធទេ។ បើយើង បាននិយាយអ៊ីចឹងមែន យើងបានបង្ហាញថាយើងចង់បានអ៊ីចឹងមែន ដល់គេយកទៅនិយាយ ក៏ខឹងគេថាទេ មិនគួរយកមកនិយាយ។ បើគាត់បាននិយាយយ៉ាងច្បាស់ រហូតទៅដល់២លើក ដូចខ្ញុំបានលើកឡើងអម្បាញ់មិញ ហើយក៏មានខ្សែអាត់ថតសំឡេងគាត់ បញ្ជាក់ថា គាត់មានគំនិតស្នើអ៊ីចឹង។ ហើយយើងមិនបដិសេធទេ ដូចខ្ញុំនិយាយអម្បាញ់មិញថា ចាប់ផ្តើមគិតគូរ ពីព្រោះវាមិនមែនអាទិភាពអីភ្លាមឥឡូវហ្នឹងទេ កាលហ្នឹងយើងចង់រៀបចំ គ.ជ.ប ថ្មី យើង រៀបចំបែងចែកតួនាទីគ្នាឱ្យមានតុល្យភាពនៅក្នុងរដ្ឋសភា ឱ្យមានក្រុមមតិភាគតិចអី ឱ្យយន្តការរបស់រដ្ឋហ្នឹងវាដំណើរការ។ ទាល់តែយន្តការរបស់រដ្ឋហ្នឹងដំណើរការ រដ្ឋសភាដំណើរការបាន យើងចាប់ផ្តើមគិតគូរពីសេចក្តីស្នើច្បាប់។ បើរដ្ឋសភា មិនទាន់ដំណើរការផង យើងទៅធ្វើច្បាប់យ៉ាងម៉េច អត់ទាន់មានយន្តការអីត្រឹមត្រូវ។ អ៊ីចឹងហើយ បានគំនិតហ្នឹង យើងមិនបដិសេធទេ តែយើងជំរុញឱ្យរដ្ឋសភាដំណើរការសិន ឱ្យមានយន្តការ ដើម្បីយើងធ្វើច្បាប់ហ្នឹង។ ប៉ុន្តែស្ថានការណ៍វាប្រែប្រួលលឿនណាស់ កាលហ្នឹង ស្រាប់តែមានការប្រែប្រួល អ្នកខ្លះច្រឡោតតោតតូងរឿងនេះ រឿងនោះទៅ វាប្រែប្រួលអាទិភាព។ អាទិភាពហ្នឹង គឺបែរទៅរឿងអីផ្សេងទៀត។ ប៉ុន្តែខ្ញុំទុកជាក្នុងចិត្តក្នុងគំនិតរបស់យើង គឺថា យើងគួរតែធ្វើ។ ដូចជាអ្នកខ្លះឥឡូវនេះ ដូចជាមានការអៀនខ្មាស ឱ្យបដិសេធអីថាខ្លួន បាននិយាយអ៊ីចឹងមែន អាហ្នឹងរឿងគាត់ទេ ប៉ុន្តែ សម្រាប់ប្រទេសជាតិយើង ឱ្យការផ្ទេរអំណាច ដំណើរការប្រជាធិបតេយ្យរលូនទៅមុខ យើងគួរតែមានច្បាប់បែបហ្នឹងមែន”។
ការបញ្ជាក់របស់លោកសម រង្ស៊ី បានធ្វើឡើងក្រោយពេលដែលអតីតមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច និងជាអតីតឧបនាយករដ្ឋមន្ត្រីលោកព្រឹទ្ធាចារ្យ លឺ ឡាយស្រេង បានធ្វើលិខិតគោរពជូនលោកកឹម សុខា ប្រធានគណ បក្សសង្គ្រោះជាតិ និងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សធំទាំង២ នៅក្នុងរដ្ឋសភា ស្នើសហការពិភាក្សា បង្កើតច្បាប់មួយ ទុកសម្រាប់ការពារនាយករដ្ឋមន្ត្រីដែលផុតអាណត្តិ។
ក្នុងលិខិតចំហនោះលោកលឺ ឡាយស្រេង បានលើកឡើងថា “ប្រជាពលរដ្ឋខ្មែរយើងតាំង ពីដើមរៀងមក ជួបតែ សង្គ្រាមគ្មានពេលស្រាកស្រាន្តតាំងពីអាណាចក្រ, មហានគរខ្មែរ ឬមហាអំណាច ប្រែក្លាយជាប្រទេសតូចមួយគួរឱ្យ សោកស្តាយជាទីបំផុត។ ប្រជាពលរដ្ឋខ្មែរ ដែលធ្លាប់តែថ្កុំថ្កើងរុងរឿងក៏ក្លាយជាជនក្រីក្រតោកយ៉ាក ព្រមទាំងបានធ្វើចំណាកស្រុក ដើម្បីប្រកបរបរចិញ្ចឹមជីវិតអស់មួយចំនួនធំថែមទៀតផង។ ដោយយល់ឃើញថា អ្វីៗដែលធ្វើឱ្យខ្មែរធ្លាក់ខ្លួនរបៀបនេះ គឺបណ្តាលមកពីសង្គ្រាមមិនឈប់ឈរ អស់រយៈពេលរាប់ពាន់ឆ្នាំ។ តើហេតុអ្វី បានចេះតែមានសង្គ្រាមឥតឈប់ឈរដូច្នេះ? ទាំងនេះគឺបណ្តាលមកពីបញ្ហាចម្បងៗដូចជាខ្មែរ មិនចេះអនុគ្រោះខ្មែរដូចគ្នា និងចេះតែដណ្តើមអំណាចគ្នាជាបន្តបន្ទាប់។ ជាគំនិតរបស់ខ្ញុំផ្ទាល់ គិតថា បើចង់ឱ្យប្រទេសជាតិរួចផុតពីសង្គ្រាម និងការកាប់សម្លាប់គ្នានោះ គួរតែខ្មែរទាំងអស់គ្នាឈប់ឈ្លោះគ្នា ចេះអធ្យាស្រ័យ និងយោគយល់គ្នាទៅវិញទៅមក”។
ក្នុងនោះ លិខិតចំហ២ផ្សេងគ្នា ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ គោរពជូនលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងសម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នោះ លោកលឺ ឡាយស្រេង បានស្នើសុំប្រធានគណបក្សទាំង២ ដែលមានអាសនៈនៅរដ្ឋសភា សហការគ្នាពិភាក្សាបង្កើតច្បាប់មួយការពារនាយករដ្ឋមន្ត្រីផុតអាណត្តិនោះ ឱ្យមានគោរមងារជាវីរបុរសជាតិ ដើម្បីជាការលើកទឹកចិត្ត ចំពោះគុណបំណាច់កិច្ចការងារកន្លងមក ដែលខិតខំលះបង់ ដើម្បីដឹកនាំប្រទេសជាតិ ក្នុងអាណត្តិដឹកនាំរបស់ខ្លួនកន្លងមក ហើយលោកជឿជាក់ថា ការបង្កើតច្បាប់នេះឡើង ប្រជាពលរដ្ឋខ្មែរទាំងអស់ ពិតជាអបអរសាទរ និងគាំទ្រដោយអស់ពីចិត្តពីថ្លើមមិនខាន”។
ក្នុងលិខិតចំហគោរពជូនសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោកលឺ ឡាយស្រេង បានបញ្ជាក់ថា “ខ្ញុំចាំមិនភ្លេចទេ ស្រុកយើងបានសន្តិភាពរហូតដល់សព្វថ្ងៃ គឺជាស្នាដៃរបស់សម្តេចតេជោ ហ៊ុន សែន ដែលគ្មាននរណាម្នាក់អាចប្រកែកបានឡើយ។ ដូច្នេះដើម្បីរក្សាសន្តិភាពជូនប្រទេសជាតិ ឱ្យបានស្ថិតស្ថេរជានិរន្តរ៍នោះ ខ្ញុំបាទស្នើសុំសម្តេចតេជោ ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា ស្នើទៅរដ្ឋសភា ឱ្យបង្កើតច្បាប់ មួយ ដើម្បីការពារនាយករដ្ឋមន្ត្រីគ្រប់ៗរូបទាំងអស់ដែលផុតអាណត្តិរបស់ខ្លួន មានអភ័យឯកសិទ្ធិ និងដំឡើងគោរមងារជាវីរបុរសជាតិ ដើម្បីជាការលើកទឹកចិត្តចំពោះគុណបំណាច់ ក្នុងការដឹកនាំប្រទេសជាតិ ក្នុងអាណត្តិរបស់ខ្លួន កន្លងមក។ ការបង្កើតច្បាប់នេះឡើង ខ្ញុំបាទជឿជាក់ថា ប្រជាពលរដ្ឋខ្មែរទាំងអស់ ពិតជាអបអរសាទរ និងគាំទ្រដោយអស់ពីចិត្តពីថ្លើម ថែមទៀតផង”។
ទោះយ៉ាងណា ជាការប្រតិកម្មទៅនឹងលិខិតចំហរបស់លោកលឺ ឡាយស្រេង នោះ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ ថា “លោកលឺ ឡាយស្រេង កុំមកតាំងខ្លួន ឯងជាព្រឹទ្ធាចារ្យ និងជាអ្នកនយោបាយជើងចាស់ស្អីទៀត តើអ្នកណាតែងតាំងលោកជាព្រឹទ្ធាចារ្យជាសមាជិករបស់គណបក្សហ៊្វុនស៊ិនប៉ិច តាំងពីមានកៅអីក្នុងសភា រហូតដល់អស់រលីង? ដូច្នេះកុំឱ្យតាំងខ្លួនជាចេះដឹងរឿង នយោបាយទៀតអី”។
សម្តេចហ៊ុន សែន បានបញ្ជាក់ថា សំណើចង់ឱ្យមានច្បាប់ការពារនាយករដ្ឋមន្ត្រីដ៏ស្មោកគ្រោកបែបនេះ សម្តេចធ្លាប់បានទទួលរួចហើយ កាលពីប៉ុន្មានឆ្នាំមុន ដែលជាការប្រមាថដ៏ធ្ងន់ធ្ងរដល់គណបក្សប្រជាជនកម្ពុជា ជាការបង្ហាញថា បក្សប្រជាជនកម្ពុជា កំពុងត្រៀមចាញ់ និងបក្សប្រឆាំង កំពុងត្រៀមត្របាក់យកជ័យជម្នះ ដូចក្រពើ ខ្លាត្រៀមត្របាក់ចំណី ខណៈបក្សរបស់ខ្លួនកំពុងចាញ់យ៉ាងពិតប្រាកដ ក្រោមស្នាដៃរបស់គណបក្សប្រជាជនកម្ពុជា។ ការស្នើចង់បង្កើតច្បាប់នេះ ជាឧបាយកលទុច្ចរិត ឱ្យប្រជាជនមើលឃើញដោយច្រឡំថា នាយករដ្ឋមន្ត្រីដែលកំពុងស្ថិតក្នុងតំណែងបច្ចុប្បន្ន បាននិងកំពុងធ្វើខុសអ្វីមួយយ៉ាងធ្ងន់ ទើបបានជាចង់ឱ្យមានច្បាប់បែបនេះ ក្នុងពេលដែលគណបក្សប្រជាជនកម្ពុជា បាននិងកំពុងកសាងស្នាដៃធំៗជាច្រើនជាប្រវត្តិសាស្ត្រ សម្រាប់មាតុភូមិ ប៉ុន្តែពួកគេរីករាយនឹងបំផ្លិចបំផ្លាញកេរ្តិ៍ឈ្មោះជាតិ បង្កការចលាចល ញុះញង់ បំផ្លិចបំផ្លាញសមិទ្ធផលជាតិ ព្យាយាមនាំកម្ពុជាចូលក្នុងភ្នក់ភ្លើងសង្គ្រាម និងបំផ្លាញការអភិវឌ្ឍប្រទេស៕
កុលបុត្រ