Thursday, January 23, 2025
Homeព័ត៌មានជាតិនាយករងសាលាបឋមសិក្សាវាលស្បូវ ត្រូវសិស្សថ្នាក់ទី៥ ចោទបន្លំច្របាច់សុដន់

នាយករងសាលាបឋមសិក្សាវាលស្បូវ ត្រូវសិស្សថ្នាក់ទី៥ ចោទបន្លំច្របាច់សុដន់

ភ្នំពេញ ៖ លោកនាយករងបឋមសិក្សាវាលស្បូវ ម្នាក់ ត្រូវសិស្ស​ស្រីម្នាក់ចោទប្រកាន់ថា ​បន្លំប្រើដៃច្របាច់សុដន់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង៥​ល្ងាច ថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០១៧ នៅចំណុចសាលាបឋមសិក្សាវាលស្បូវ ស្ថិតនៅភូមិក្ដីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។

ជនរងគ្រោះភេទស្រី មានអាយុ១៤ឆ្នំា ​មុខរបរសិស្សថ្នាក់ទី៥ ស្នាក់នៅអង្គការសមាគមន៍ទឹកដីសន្យា ភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។ ចំណែកជនសង្ស័យមានឈ្មោះឡុង សុខ ភេទប្រុស អាយុ៥០ឆ្នាំ ​ជានាយករងសាលាបឋមសិក្សាវាលស្បូវ ស្នាក់នៅផ្ទះលេខ២០៦A ផ្លូវជាតិលេខ១ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។

កុមារីរងគ្រោះ

តាមចម្លើយសារភាពរបស់ជនសង្ស័យបាន​ប្រាប់អ្នកសារភាពថា កាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចទីចាត់ការសាលាបឋម សិក្សាវាលស្បូវ គាត់ជានាយករងផ្នែកតុបតែង និងរៀបចំ ហើយនៅ​ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០១៧ ខាងមន្ទីរអធិការកិច្ចចុះមកត្រួតពិនិត្យសាលា ទើបគាត់បានរៀបចំសាលាឲ្យមាន សោភ័ណ្ឌភាពស្អាត ខណៈពេលដែលគាត់កំពុងតែរៀបចំនៅក្នុងទីចាត់ការ ស្រាប់តែ​មានសិស្សស្រី​រៀនថ្នាក់ទី៥ មួយក្រុម មានគ្នា៣ទៅ៤នាក់ បានចូលទៅលេងទីចាត់ការសាលា ក៏មានក្មេង ស្រីម្នាក់ក្នុងចំណោមនោះបានលេងចាក់ចង្កេះគាត់ ហើយរត់ទៅអស់នៅសល់​តែក្មេងស្រី​រងគ្រោះបានរត់ទៅរកចាក់ចង្កេះគាត់ដែរ ត្រូវ​គាត់ឃើញទាន់ក៏យកដៃ​ចាប់​ដៃក្មេងស្រីរង​គ្រោះ ​តែចៃដន្យក្មេងស្រីនោះបានឱនចុះ ក៏​ជ្រុលទៅចាប់ចំសុដន់ក្មេងស្រីនោះ ហើយគាត់ដឹងកំហុស ក៏សុំទោសទៅក្មេងស្រីថា លោកគ្រូសុំអភ័យទោសដោយគ្មានចេតនាទេ។

នាយករងសាលាបឋមសិក្សាវាលស្បូវ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ប្រភពដដែលបន្តទៀតថា ​បន្ទាប់ពីកើតហេតុភ្លាមៗ ពេលតែគាត់សុំទោស ហើយក្មេងស្រីរងគ្រោះមិនថាអីទេ ក៏រត់ចេញពីទីចាត់ការទៅបន្ទប់រៀនវិញ។ លុះដល់ល្ងាចថ្ងៃទី២០ ខែកក្កដា ​ឆ្នាំ ២០១៧ ក៏មានសមត្ថកិច្ចទូរស័ព្ទឲ្យគាត់ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលវាលស្បូវ ​ពាក់ព័ន្ធករណីយកដៃទៅច្របាច់ដោះកូនសិស្សស្រី ហើយគាត់នឹកក្នុងចិត្តថា ច្បាស់ជារឿងថ្ងៃមុន ហើយក្រោយមកគាត់បានជិះម៉ូតូទៅប៉ុស្តិ៍ ដើម្បីឆ្លើយបំភ្លឺ ព្រោះគាត់ជានាយករងសាលាបឋមសិក្សាវាលស្បូវតាំងពីឆ្នាំ១៩៨៥ រហូតមកដល់បច្ចុប្បន្ន មានកូនសិស្សដែលគាត់គ្រប់គ្រងក្នុងសាលា​ចំនួន២៥១នាក់ ក្នុងនោះស្រី១២៧នាក់ ​គាត់មិនដែលមានកំហុសតាមសម្តីរបស់ក្មេងស្រីរងគ្រោះជាអនីតិជនបានប្រាប់សមត្ថកិច្ចថា ​នៅថ្ងៃកើតហេតុជា​ម៉ោង​ចេញលេង ហើយរូបគេចេញពីបន្ទប់រៀនទៅលេងនៅទីចាត់ សាលាជាមួយមិត្តភក្តិ នាំគ្នាទៅលេងក្នុងទីចាត់ការ ពេលនោះជនសង្ស័យបានប្រលែងលេងជាមួយរូបគេ និងមិត្តភក្តិ បន្ទាប់មកមិត្តភក្តិកុមារី រងគ្រោះ បានចេញទៅលេងខាងក្រៅ ស្រាប់តែជនសង្ស័យបន្លំចាប់ច្របាច់សុដនរូបគេតែម្តង។ បន្ទាប់មកកុមារីរងគ្រោះក៏បានទៅប្រាប់អង្គការសមាគមន៍ទឹកដីសន្យា បាន១ថ្ងៃ អង្គការបាន​នាំទៅដាក់ពាក្យបណ្ដឹង ដើម្បីឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ។

លោកអធិការរងខណ្ឌច្បារអំពៅ បានឲ្យដឹងថា បន្ទាប់ពី​សួរនាំជនរងគ្រោះរួចរាល់ និងទទួលពាក្យបណ្ដឹងរួចហើយ បានឃាត់ខ្លួនជនសង្ស័យជានាយករងសាលាបឋមសិក្សាវាលស្បូវ ​ពីបទអំពើអាសអាភាសប្រឆាំងនិងអនីតិជន អាយុក្រោមអាយុ១៥ឆ្នាំ​ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

RELATED ARTICLES