ភ្នំពេញ ៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ព្រមានបក្សប្រឆាំងឱ្យបញ្ឈប់ វប្បធម៌ពហិការ និងលាបពណ៌ បន្ទាប់ពីលោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ បានលើកឡើងតាមហ្វេសប៊ុកចំអកឱ្យលោកបណ្ឌិតសុខ ទូច ពាក់ព័ន្ធការលើកឡើង ពីពាក្យ “សង្គ្រោះជាតិ”។
សេចក្តីថ្លែងការណ៍របស់វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យកម្ពុជា ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ មានខ្លឹមសារថា “វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា សូមសម្តែងនូវការសោកស្តាយជាខ្លាំង ដោយ ឯកឧត្តមអេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ កាលពីព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ នេះ បានបង្ហោះសារនៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួនឈ្មោះ “Eng Chhai Eeang” មានខ្លឹមសារថា “បើគាំទ្រឱ្យធ្វើច្បាប់ហាមពលរដ្ឋខ្លួនឯងមិនឱ្យប្រើពាក្យ “ខ្មែរ” មួយចំនួន ដូចលោកសុខ ទូច និយាយមែននោះ គួរតែធ្វើច្បាប់លុបអក្សរសាស្ត្រខ្មែរដែលបង្កើត និងរៀបចំ ដោយសម្តេចសង្ឃរាជជួន ណាត ចេញទៅ ហើយឱ្យលោកសុខ ទូច បង្កើតអក្សរសាស្ត្រថ្មី យកមកប្រើតែម៉ងទៅ!”។ នេះជាសារមួលបង្កាច់ប្រាសចាកពីការពិត លាបពណ៌ មានចរិតនយោបាយ និងនាំឱ្យសាធារណជនមានការយល់ច្រឡំ។
ជាការពិត បណ្ឌិតសភាចារ្យសុខ ទូច នៅក្នុងការពិភាក្សាតុមូល ស្តីពី “វិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ” កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ ម្សិលមិញនេះ មិនបានមានប្រសាសន៍ក្នុងន័យដូចការលើកឡើងរបស់ឯកឧត្តមអេង ឆៃអ៊ាង នោះទេ។ បណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជាក់ថា ការប្រើពាក្យ “សង្គ្រោះ ជាតិ” នៅពេលនេះ វាមិនត្រូវបរិបទសង្គមទេ ពីព្រោះជាតិយើងវាអត់មានអ្វីត្រូវសង្គ្រោះនោះទេ។ បើនិយាយពី “សង្គ្រោះជាតិ” គឺត្រូវនិយាយនៅសម័យ “សមមិត្តហ៊ុន សែន ទើបត្រូវ ព្រោះត្រូវសង្គ្រោះជាតិពីរណ្តៅបិសាចមរណៈខ្មែរក្រហម។ សម័យនេះ យើងត្រូវនិយាយពាក្យ “កំណែទម្រង់” វិញ ទើបត្រឹមត្រូវ”។
សេចក្តីថ្លែងការណ៍ដដែលបន្តថា “ជាងនេះទៅទៀត វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា មានសេចក្តីសោកស្តាយជាខ្លាំងផងដែរ ដោយវិទ្យាស្ថានបានអញ្ជើញតំណាងគណបក្សសង្គ្រោះជាតិ មកចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាខាងលើដែរ ប៉ុន្តែគណបក្សសង្គ្រោះជាតិ មិនបានឆ្លើយតប និងមិនបានបញ្ជូនតំណាងរបស់ខ្លួន មកចូលរួមនោះទេ។ ហេតុនេះហើយ ទើបធ្វើឱ្យឯកឧត្តមអេង ឆៃអ៊ាង ទទួលព័ត៌មានមិនច្បាស់ ហើយបង្ហោះសារមូលបង្កាច់ លាបពណ៌ មានចរិតនយោបាយ ដែលនាំឱ្យមានការយល់ច្រឡំបែបនេះ។
វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា ស្នើដោយទទូចឱ្យឯកឧត្តមអេង ឆៃអ៊ាង កែតម្រូវជាបន្ទាន់នូវសារដែលមានចរិតនយោបាយ មួលបង្កាច់នេះ និងលុបចេញពីគណនីហ្វេសប៊ុករបស់ខ្លួន ឱ្យបានឆាប់ តាមដែលអាចធ្វើបាន។ ទន្ទឹមនឹងនោះ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា ស្នើសុំឱ្យគណបក្សសង្គ្រោះជាតិ មានសេចក្តីក្លាហានចូលរួមជជែកដេញដោលគ្នាជាចំហ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងបញ្ឈប់វប្បធម៌ពហិការរបស់ខ្លួន ព្រោះកិច្ចពិភាក្សាដែលរៀបចំដោយវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា មិនមែនជាវេទិកានយោបាយទេ គឺជាវេទិកាវិទ្យាសាស្ត្រតែប៉ុណ្ណោះ”។
បន្ថែមលើសេចក្តីថ្លែងការណ៍ខាងលើនេះ អ្នកសម្របសម្រួលវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គិន ភា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០១៧ ថា បើលោកអេង ឆៃអ៊ាង មិនធ្វើការកែតម្រូវតាមការស្នើសុំនោះ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា ក៏មិនមានសិទ្ធិអំណាចអីទៅចាត់ការតាមផ្លូវច្បាប់ដែរ ប៉ុន្តែលោកជឿថា គណបក្សប្រឆាំង នឹងអស់តម្លៃ ព្រោះតែរឿងនេះ។
លោកបណ្ឌិតគិន ភា បានមានប្រសាសន៍ថា “បើសិនជាគាត់មិនមានការកែតម្រូវ ឬមិនលុប យើងក៏មិនមានអំណាចអីទៅចាប់បង្ខំគាត់ដែរ ប៉ុន្តែគ្រាន់តែថា ធម្មតាអ្នកនយោបាយ កាលណាយើងចូលចិត្តតែបំភ្លៃ ចូលចិត្តតែមួលបង្កាច់ ចូលចិត្តតែលាបពណ៌គេ វាធ្វើឱ្យគាត់ខ្លួនឯង វាអស់តម្លៃខ្លួនឯងទេ ហើយយើងនឹងមិនមានវិធានការផ្លូវច្បាប់ទេ យើងគ្រាន់តែសំណូមពរគាត់ ហើយបើគាត់ធ្វើមិនធ្វើ អាហ្នឹងជាការទទួលខុសត្រូវខាងផ្នែកសីលធម៌របស់គាត់។ ខ្ញុំយល់ថា បើសិនជាគាត់មិនមានការកែតម្រូវ វាហាក់ដូចជាមិនមានការទទួលខុសត្រូវនូវអ្វី ដែលគាត់បាននិយាយ មានន័យថា ខាងដើមក៏អត់ស្តាប់ ខាងចុងក៏អត់ស្តាប់ គាត់ quote (ស្រង់) យកសម្តីតែឃ្លាណាមួយនោះ ហើយមកធ្វើការលាបពណ៌ យកមួលបង្កាច់អ្នកដទៃ មានន័យថា បង្ហាញពីឥរិយាបថ ឬក៏សីលធម៌មួយ ដែលមិនមានភាពសុចរិតនៅក្នុងវិជ្ជាជីវៈ។ យើងសង្ឃឹមថា បើសិនជាសាធារណជនបានតាមដាននូវអ្វីដែលជា ព្រឹត្តិការណ៍ដែលយើងបានរៀបចំនៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៅរាជបណ្ឌិត្យសភា ពីដើមដល់ចប់ លោកយល់ ពីព្រោះធម្មតា បើសិនជាយើងនិយាយពាក្យថា ខ្ញុំជេរម៉្រាយ ហើយចូលមកដល់ឮសូរតែខ្ញុំជេរម៉្រាយមួយម៉ាត់តែប៉ុណ្ណឹង ប៉ុន្តែអ្នកឯងអត់បានស្តាប់ពាក្យខាងដើម គេនិយាយយ៉ាងម៉េច? ខាងចុងគេនិយាយយ៉ាងម៉េច? អ៊ីចឹងគឺពិតជាមានការយល់ច្រឡំហើយ។ បើសិនជាសាធារណជនបានស្តាប់ពីដើមដល់ចប់ ឱ្យយល់អីពីបរិបទដែលគេនិយាយថាម៉េចនោះ អាហ្នឹងគឺខ្ញុំគិតថា គាត់នឹងលែងមានការយល់ច្រឡំ ហើយអ្នកដែលចូលរួមនៅទីហ្នឹងក៏គេ អត់មានការយល់ច្រឡំដែរ មានតែអ្នកលេងហ្វេសប៊ុកភាគច្រើនហ្នឹង គឺខឹងតគ្នា ជេរតគ្នា ដោយអត់មានមូលដ្ឋាន អត់ស្តាប់ពីប្រវត្តិដើម ពីខាងដើម។ និយាយរួម គឺអត់ចាប់សាច់រឿងគ្រប់ជ្រុងជ្រោយ អត់បានទទួលព័ត៌មានច្បាស់លាស់ ហើយក៏ជេរតគ្នា ខឹងតគ្នាតែម្តង”។
លោកគិន ភា បានមានប្រសាសន៍បន្តថា “ចំពោះការស្នើបញ្ឈប់ពហិការ កន្លែងនេះ ខ្ញុំគិតថា គណបក្សសង្គ្រោះជាតិ គួរតែបញ្ឈប់វប្បធម៌ពហិការហ្នឹង។ ធម្មតា បើសិនជាយើងចង់ជជែកវែកញែកគ្នា យើងជាអ្នកដែលមាន ឧត្តមគតិនយោបាយ មានគោលការណ៍នយោបាយច្បាស់លាស់ យើងជជែកគ្នាតទល់មុខគ្នា ជាមួយភាគីពាក់ព័ន្ធទៅ បើយើងនៅតែបន្តពហិកាអ៊ីចឹង មានន័យថា យើងខ្លាចទីភ្លឺ ហើយយើងចូលចិត្តលបវ៉ៃគេពីខាងក្រោយខ្នង ធ្វើជាលក្ខណៈសង្គ្រាមឈ្លបអ៊ីចឹង វាអត់ល្អទេ។ គេបង្កើតវេទិកា សម្រាប់ឱ្យមានការតស៊ូមតិ ក្នុងសង្គមប្រជាធិបតេយ្យ ហើយបើសិនជាយើងអត់ប្រើប្រាស់វេទិកាបែបប្រជាធិបតេយ្យ ហើយយើងខំប្រឹងតែឡើងវ៉ៃម្នាក់ឯង នៅពេលគេហៅឡើងរិញ យើងមិនឡើង យើងខំប្រឹងទៅចោទប្រកាន់គេថាគេបំបិទសិទ្ធិសេរីភាពយ៉ាងម៉េច មកឱ្យពេលវេលាស្មើគ្នា ហើយការផ្យាយបណ្តាញព័ត៌មានផ្សព្វផ្សាយ គេផ្សាយឱ្យដូចគ្នា គេអត់ដែលបានកាត់ផង មានផ្សាយផ្ទាល់ទៅទៀត កម្មវិធីហ្នឹង។ មានន័យថា យើងផ្តល់ឱកាសសម្រាប់ភាពស្មើគ្នា ហើយបើសិនជាគាត់នៅតែបន្តពហិការហ្នឹង គឺប្រជាពលរដ្ឋអាចយល់ហើយ ព្រោះយើងមិនមែនធ្វើដើម្បីបម្រើនយោបាយរបស់អ្នកណាទេ យើងបម្រើឱ្យការយល់ដឹងសម្រាប់ប្រជាពលរដ្ឋ។ ដូច្នេះ ចុងក្រោយ ខ្ញុំគ្រាន់តែផ្តាំទៅលោកអេង ឆៃអ៊ាង ដែលលោកជាអ្នកតំណាងរាស្ត្រ តំណាងប្រជាពលរដ្ឋក្នុងមណ្ឌលរបស់គាត់ផង តំណាងប្រជាពលរដ្ឋទូទាំងប្រទេសផង សុំក្តាប់ព័ត៌មានគ្រប់ជ្រុងជ្រោយច្បាស់លាស់ មុននឹងធ្វើការប្រតិកម្មណាមួយ ពីព្រោះវានាំឱ្យមានការយល់ច្រឡំ ព្រោះប្រជាពលរដ្ឋយើងឥឡូវហ្នឹងមានការយល់ច្រឡំច្រើន តាមរយៈបណ្តាញសង្គមហ្វេសប៊ុកហ្នឹង ហើយគាត់ប្រើប្រាស់សេរីភាពរបស់គាត់ ហួសព្រំដែនទៅទៀត ហើយបើសិនជាអ្នកនយោបាយគិតតែខំប្រឹងផ្លុំផ្សែងផ្លុំភ្លើងបន្ថែម ទៀតនេះ គេធ្វើឱ្យប្រជាពលរដ្ឋកាន់តែមាន ការយល់ច្រឡំ ហើយសង្គមរបស់យើងកាន់តែ មានការបែកបាក់។ អ៊ីចឹងសុំផ្តាំឱ្យគាត់គោរព នូវសច្ចភាព គោរពនូវអ្វីដែលជាការពិតផង ហើយសុំផ្តាំឱ្យគាត់លើកក្រោយ បើសិនជាវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ មានកម្មវិធីបែបនេះទៀត ហើយអញ្ជើញវាគ្មិនតំណាងគណបក្ស សង្គ្រោះជាតិ សុំអាណិតមេត្តាបញ្ជូនតំណាងរបស់ខ្លួនមកចូលរួមផង ដើម្បីយើងអាចតវ៉ា មតិគ្នា ការពារទស្សនៈនិងឧត្តមគតិនយោបាយ គ្នានៅលើតុវេទិកា ជាមួយភាគីពាក់ព័ន្ធ កុំចាំវាយឆ្មក់គេខាងក្រោយខ្នង”។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកអេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា ប្រសិនបើលោកសុខ ទូច មិនបាននិយាយមែន លោកនឹងសរសេរលិខិតសុំទោសជាផ្លូវការ តែលោកបានឮសំឡេងលោកសុខ ទូច បាននិយាយយ៉ាងច្បាស់នូវពាក្យនេះ។
លោកអេង ឆៃអ៊ាង បានសរសេរនៅក្នុងហ្វេសប៊ុករបស់លោក នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ ថា “ថ្ងៃនេះ បន្ទាប់ពីខ្ញុំបានបញ្ចោញទស្សនៈនៅលើគណនីបណ្តាញសង្គមផ្ទាល់ខ្លួនរបស់ខ្ញុំ ជុំវិញការលើកឡើងរបស់លោកសុខ ទូច ដែលបាននិយាយថា “ចង់ឱ្យមានច្បាប់ឈប់ឱ្យប្រើពាក្យខ្មែរមួយចំនួន” វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា បានចេញសេចក្តីថ្លែងការណ៍បដិសេធ ហើយតម្រូវឱ្យខ្ញុំធ្វើការកែតម្រូវ និងលុបចេញពីគណនីបណ្តាញសង្គម។
ករណីនេះ ប្រសិនបើលោកសុខ ទូច មិន បាននិយាយមែន ខ្ញុំនឹងសរសេរលិខិតសុំទោស ជាផ្លូវការ។ តែបន្ទាប់ពីឃើញសេចក្តីថ្លែងការណ៍របស់វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា ខ្ញុំបានទៅបើកស្តាប់ វិទ្យុអាស៊ីសេរី ដែលបាន ផ្សាយយប់មិញ (១៩,០៧,២០១៧) ឡើងវិញ តាមអ៊ីនធើរណេត គឺបានឮសំឡេងលោកសុខ ទូច និយាយយ៉ាងច្បាស់នូវពាក្យដែលគាត់ (លោក សុខ ទូច) និយាយថា “ខ្ញុំចង់ឱ្យធ្វើវិសោធនកម្ម កុំឱ្យប្រើពាក្យសង្គ្រោះ បដិវត្តន៍…” ។
ដើម្បីរកការពិតនិងឱ្យអស់មន្ទិលសង្ស័យ ខ្ញុំស្នើសុំវិទ្យុអាស៊ីសេរី មេត្តាចាក់ផ្សាយឡើងវិញនូវព័ត៌មានទាក់ទងនឹងករណីនេះ។
បងប្អូនដែលចូលមានមតិក្នុងរឿងនេះ សូមមេត្តាកុំប្រើពាក្យអសុរោះនិងការជេរប្រមាថ។ ខ្ញុំរក្សាសិទ្ធិលុបចេញនូវមតិណាដែលប្រើប្រាស់ពាក្យមិនថ្លៃថ្នូរ”។
គួរបញ្ជាក់ថា នៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា កាលពីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ បានរៀបចំវេទិកាតុមូល ជជែកពិភាក្សាពីការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដោយបានអញ្ជើញតំណាងគណបក្សនយោបាយ អ្នកច្បាប់ អង្គការសង្គមស៊ីវិល អ្នកប្រវត្តិសាស្ត្រ និងអ្នកស្រាវជ្រាវបញ្ហាសង្គមផងដែរ។ ក្នុងវេទិកានោះ មានការអញ្ជើញចូលរួមពីតំណាងមកពីគណបក្សប្រជាជនកម្ពុជា គណបក្សប្រជា ធិបតេយ្យមូលដ្ឋាន និងគណបក្សអំណាចខ្មែរ ចំណែកគណបក្សសង្គ្រោះជាតិ មិនបានបញ្ជូនអ្នកតំណាងមកចូលរួមនោះទេ។
អវត្តមានតំណាងមកពីគណបក្សសង្គ្រោះជាតិ ត្រូវបានអ្នកសម្របសម្រួលកម្មវិធីនៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បញ្ជាក់ថា មិនមែនដោយសារវិទ្យាស្ថានមិនអញ្ជើញនោះទេ គឺរាជ បណ្ឌិត្យសភាកម្ពុជា បានធ្វើលិខិតគោរពជូនលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ សំណើសុំអញ្ជើញ តំណាងគណបក្សសង្គ្រោះជាតិចំនួន០១រូប ចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាតុមូល ស្តីពី “វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ”។
ក្នុងលិខិតចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ ដែលចុះហត្ថលេខាដោយលោកបណ្ឌិតសុខ ទូច អនុប្រធានរាជបណ្ឌិត្យសភាកម្ពុជា ជម្រាបជូន លោកកឹម សុខា នៅពេលនោះថា “កាលពីថ្ងៃ ទី១០ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅនេះ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តច្បាប់ស្តីពីវិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយ។ ការធ្វើវិសោធនកម្មច្បាប់នេះ បាននាំទៅដល់ការជជែកពិភាក្សាគ្នាជាច្រើន ក្នុងចំណោមមជ្ឈដ្ឋានអ្នកនយោបាយអង្គការ សង្គមស៊ីវិល និងអ្នកស្រាវជ្រាវ។ ក្នុងន័យនេះ ដើម្បីប្រមូលទស្សនៈនានាជុំវិញការធ្វើវិសោធន កម្មច្បាប់នេះ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ និងលេខាធិការដ្ឋានបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំកិច្ចពិភាក្សា តុមូលមួយ ស្តីពី “វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ៧ៈ៣០នាទីព្រឹក នៅសាលប្រជុំរាជបណ្ឌិត្យសភាកម្ពុជា។
វិទ្យាស្ថាននឹងអញ្ជើញតំណាងគណបក្សនយោបាយតំណាងអង្គការសង្គមស៊ីវិល និងតំណាងអ្នកស្រាវជ្រាវចូលរួមជាវាគ្មិនក្នុងកម្មវិធីនេះ ដូចមានសេចក្តីព្រាងជូនភ្ជាប់។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមឯកឧត្តមប្រធាន មេត្តាចាត់តាំងតំណាងគណបក្សសង្គ្រោះជាតិ ចំនួន ០១រូប ចូលរួមជាវាគ្មិនក្នុង កម្មវិធីខាងលើ ដោយសេចក្តីអនុគ្រោះ។
ទោះជាយ៉ាងណា លោកកឹម សុខា មិនបានចាត់ឱ្យតំណាងគណបក្សសង្គ្រោះជាតិ មកចូលរួមក្នុងវេទិកាដែលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជានោះទេ។
លោកសុខ ទូច បានបញ្ជាក់ក្នុងវេទិកានោះថា លោកសែនសោកស្តាយ ដែលគណបក្សសង្គ្រោះជាតិ អត់បានចូលរួម ព្រោះថា អ្នកនយោបាយអញ្ជើញចូលរួមប្រជុំសភា មិនចូលរួមទៅហើយ លុះអ្នកវិទ្យាសាស្ត្រហៅហើយ ក៏មិនចូលរួមទៀត ហើយចេះតែស្រែកម្នាក់ឯងថាឈ្នះ។ ដូច្នេះលោកសូមផ្តាំទៅអ្នកនយោបាយ កុំខ្លាំងតែលើវេទិកាមានតែម្នាក់ឯង គួរក្លាហានចូលរួមវេទិកាជជែកដេញដោល។
ជាមួយគ្នានេះ លោកសួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ដែលបានចូលរួមជាវាគ្មិន ក្នុងវេទិកានោះដែរ បានថ្លែងថា “បើអ្នកនយោបាយបេក្ខជននយោបាយ ប្រធានបក្សនយោបាយ យើងឡើងមកដោះស្រាយបញ្ហាជាតិ លើវេទិកាតុមូល ដើម្បីឱ្យពលរដ្ឋស្តាប់ និងសួរសំណួរ តើវាស្លាប់ឬយ៉ាងណា?
ហេតុអ្វីមិនចូលចិត្តវប្បធម៌ជជែកទល់មុខ លើវេទិកាសួរដេញដោលជាលក្ខណៈប្រជាធិបតេយ្យ ហើយចូលចិត្តតែវប្បធម៌ផ្លោងសំដីពីទីលានខ្លួនឯងរៀងៗខ្លួន?
បងប្អូនពលរដ្ឋខ្មែរ និងយុវជនខ្មែរ ល្មមឈប់គាំទ្រអ្នកនយោបាយកំសាក ដែលប្រធានបក្ស ឬបេក្ខជននាយករដ្ឋមន្ត្រី ចេះត្រឹមតែឈរកាន់ក្បាលមីក្រូម្នាក់ឯងទៀតទៅ។ ទេសនា គ្រែតែ១ស្តាប់ទៅវាងងុយដេកណាស់… គួរតែ ស្តាប់ការទេសនាគ្រែ២ គ្រែ៣ ឬគ្រែច្រើនឡើង ទើបទទួលបានពុទ្ធិច្រើន ហើយអាចដឹងពីសមត្ថភាពប្រាកដរបស់អ្នកនិយាយ៕
កុលបុត្រ