Thursday, January 23, 2025
Homeព័ត៌មានជាតិការបាន២ខែ ប្តីប្រចណ្ឌប្រពន្ធជាមួយប្តីមីង រួចវាយតប់យកខ្សែកមួយខ្សែ និងរបស់របរមួយចំនួន

ការបាន២ខែ ប្តីប្រចណ្ឌប្រពន្ធជាមួយប្តីមីង រួចវាយតប់យកខ្សែកមួយខ្សែ និងរបស់របរមួយចំនួន

ភ្នំពេញ​ ៖ ស្រ្តីជាកម្មការិនីកាត់ដេរម្នាក់បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ សុំឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ បន្ទាប់ពីប្តីដែលទើបនឹងរៀបការបាន២ខែ កើតរោគប្រចណ្ឌ ជាមួយប្តីរបស់ម្តាយមីង បានទៅវាយធ្វើបាបប្រពន្ធ ប្រមូលយកខ្សែកប្លាទីនមួយខ្សែ អត្ត សញ្ញាណបណ្ណ សៀវភៅគ្រួសារ កាតធ្វើការ យកទៅបាត់ ​កាលពីវេលាម៉ោង​៦និង៣៥នាទីយប់ថ្ងៃទី២១ ខែកក្កដា នៅ​ចំណុចផ្ទះជួល ភូមិ​​ជ្រៃកោង សង្កាត់ចោមចៅ ​ខណ្ឌពោធិ៍សែនជ័យ​ ។

ជនរងគ្រោះមាន​ឈ្មោះ ​ប៉ោះ គីមឡាង​ ភេទស្រី ​អាយុ​២៣​ឆ្នាំ ​មុខរបរកម្មករកាត់ដេរ ស្នាក់នៅផ្ទះជួលភូមិជ្រៃកោង សង្កាត់ចោម​ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកប្រម៉ោយ ខេត្តពោធិ៍សាត់ ចំណែកប្តី​ជាជនបង្កមានឈ្មោះ  លី ហួរ ភេទប្រុស​ អាយុ​២១ឆ្នាំ មុខរបរ​ជាងឈើ ស្នាក់នៅក្រុងតាខ្មៅ ខេត្តកណ្តាល រៀបការបាន២ខែ អត់មានកូន។

តាមប្រភពព័ត៌​មានពីស្រ្តីរងគ្រោះជាប្រពន្ធ បាន​និយាយ​ទាំងទឹកភ្នែករលេងរលោង​ដោយ រៀបរាប់ប្រាប់ថា រូបនាងបានរៀបអាពាហ៍ពិពាហ៍តាមប្រពៃណី​ រយៈពេល២ខែមកហើយ តែប្តីរបស់នាងពុំដែលផ្តល់សេចក្តីសុខឲ្យគាត់ម្តងណាឡើយ និងធ្លាប់ប្រើអំពើហិង្សាជាច្រើនដងមកហើយដោយសារតែកើតរឿងប្រចណ្ឌ។ ជារៀងរាល់ថ្ងៃប្តីស្នាក់នៅកន្លែងធ្វើ​ការនៅក្រុងតាខ្មៅ ខេត្តកណ្តាល ចំណែករូបគាត់នៅធ្វើការរោងចក្រនៅជ្រៃកោង ស្នាក់នៅជាមួយម្តាយមីងនៅកន្លែងកើតហេតុ ។ ​មុនពេលកើតហេតុពេលរូបគាត់ចេញពីធ្វើការមក​ដល់បន្ទប់ជួលកំពុងតែចាក់សោបន្ទប់ ស្រាប់តែបុរសជាប្តីមិនដឹងជាជិះម៉ូតូឌុបមកឈប់រង់ចាំលួចមើលគាត់តាំងពីពេលណាទេ បានទាញដៃគាត់ចូលក្នុងបន្ទប់ជួលវាយធ្វើបាប តែមិនមានរងរបួសធ្ងន់ធ្ងរទេ គ្រាន់តែទះតប់រួចហើយដោះយកខ្សែកប្លាទីនមួយខ្សែទម្ងន់១.៥ជី និងប្រមូលយកកាតធ្វើការ ប័ណ្ណប.ឞ.ស អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ ហើយគេចខ្លួនបាត់ ។

ប្រភពព័ត៌មានបានឲ្យដឹងថា មូលហេតុដែលបុរសជាប្តីតែងតែវាយធ្វើបាបប្រពន្ធ ដោយសារតែប្រចណ្ឌប្រពន្ធជាមួយប្តីរបស់ម្តាយមីង ទើបចេះតែរករឿងប្រពន្ធ ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានម្តាយមីង និងក្មួយប្រុស ជូនទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលចោមចៅ ឲ្យជួយឃាត់ខ្លួន ជនបង្កនាំយកមកដោះស្រាយសងសំណង និងសុំលែងលះ ដោយទាមទារជម្ងឺចិត្តចំនួន៣៥០០ដុល្លារ ៕

RELATED ARTICLES