ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ចេញពីផឹកស៊ីស្រវឹងទោរទន់ បានបើករថយន្តម៉ាកកូរ៉ូឡា ទៅបុកគូទរថយន្តកាម៉ារីឆ្លាម បណ្តាលឲ្យរងកាខូចខាតតិចតួចមិនព្រមឈប់ដោះស្រាយទេ ព្យាយាមបើករត់គេចជ្រុលទៅបុករថយន្ត២គ្រឿងទៀត នៅផ្លូវបំបែកជាបួន បង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ចំណុចផ្លូវ១៤៣ កែងនិង២៧៨ ក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តបង្កម៉ាកកូរ៉ូឡា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AP-0566 បើកបរដោយនារីម្នាក់ក្នុងស្ថានភាពស្រវឹង បានបើកទៅបុករថយន្តម៉ាកកាមរីឆ្លាម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AK-9576 ពីក្រោយ បណ្ដាលឲ្យរងរបួសបន្តិចបន្តួច នៅស្តុបពេទ្យចិន ហើយភ្លាមៗនោះ នារីរូបនោះមិនបានឈប់ដោះស្រាយនោះទេ គឺព្យាយាមបើករត់គេចតាមផ្លូវ២៧៨ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន លុះមកដល់ផ្លូវបំបែកជាបួន កែងនិងផ្លូវ១៤៣ ក៍ជ្រុលទៅបុករថយន្ត២គ្រឿងទៀត ម៉ាកកាមរីឆ្លាមពណ៌ស អត់មានស្លាកលេខ និងមួយគ្រឿងម៉ាកSONATA ពណ៌ទឹកប្រាក់ចាស់ ពាក់ស្លាកលេខភ្នំពេញ 2AF-4787 ដែលកំពុងបើកបញ្ច្រាស់ទិសគ្នា ចំពីមុខពេញទំហឹង បណ្តាលឲ្យរថយន្តទាំងបីគ្រឿងរងការខូចខាតខ្ទេចផ្នែកខាងមុខ ជាប់គ្នាទៅមុខលែង តែមិនបង្កអោយគ្រោះថ្នាក់ដល់ជិះក្នុងរថយន្តនោះទេ ។ ភ្លាមៗនោះនារីបើករថយន្តបង្កបានហៅបងប្អូនមកបម្រុងរំដោះចេញពីកន្លែងកើតហេតុ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលអូឡាំពិក។
ក្រោយពេលកើតហេតុ ភាគីខាងរថយន្តកាមរីឆ្លាម ដែលរងការខូចខាតបន្តិចបន្តួច មិនបានទាមទារសំណងនោះទេ គឺសុំយករួចខ្លួន ចំណែករថយន្តបីគ្រឿងទៀតដែលរងការខូចខាតខ្លាំង ព្រមទាំងអ្នកបើកបរត្រូវបានសមត្ថកិច្ចជំនាញមកវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយនៅពេលក្រោយ ៕