ភ្នំពេញ ៖ បុរសជាជនជាតិចិនកំហូចម្នាក់ មានតួនាទីជាមេការ មើលការខុសត្រូវប្រចាំ រោងចក្រ បោះពុម្ពស្លាកខោអាវមួយកន្លែង ស្ថិតនៅក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ តែងបន្លំលូកចាប់សុដន់កម្មការិនីរោងចក្រ ជាញឹកញាប់ រហូតធ្វើឱ្យពួកនាងទ្រាំលែងបាន ក៏ធ្វើដំណើរទៅដាក់ពាក្យបណ្តឹង ឱ្យសមត្ថកិច្ចចាប់ខ្លួនបុរសចិនរពឹសដៃនេះ នាំមកធ្វើការសាកសួរ កាលពីវេលាម៉ោង១១និង ៣០នាទីព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ នៅរោងចក្រ ធៀង អ៊ី ស្ថិតក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
បុរសជនជាតិចិន ដែលត្រូវសមត្ថកិច្ច ចាប់ខ្លួននេះ មានឈ្មោះឡាវ កឺ ភេទប្រុស អាយុ៥២ឆ្នាំ មុខងារជាមេការ មើលការខុសត្រូវប្រចាំរោងចក្រ ស្នាក់នៅក្នុងរោងចក្រកើតហេតុខាងលើ។ ចំណែកកម្មការិនីរងគ្រោះជាដើមបណ្តឹង មានគ្នា៤នាក់ ទី១-ឈ្មោះហែម ម៉ាលីដា អាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិជ្រៃកោង សង្កាត់ចោមចៅ មានស្រុកកំណើតភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ទី២-ឈ្មោះទី ស្រីភ័ក្រ អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ មានស្រុកកំណើតភូមិព្រៃស្វាយ ឃុំពោធិ៍អង្គ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ទី៣-ឈ្មោះចាន់ មុំ អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ មានស្រុកកំណើតភូមិពោធិ៍រាំង ឃុំប៊ូស្រា ស្រុកពេជ្រចិន្តា ខេត្តមណ្ឌលគិរី និងទី៤-ឈ្មោះវិត ឡី អាយុ១៨ឆ្នាំ មុខរបរកម្មករ រោងចក្រ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ មានស្រុកកំណើតនៅភូមិទួល ឃុំព្រៃក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
តាមសម្តីនារីរងគ្រោះទាំង៤នាក់ រៀបរាប់ ដូចៗគ្នាថា ជនសង្ស័យជាជនជាតិចិនខាងលើ ជារឿយៗតែងតែដើរមកជិតកម្មករស្រីៗ ហើយឱ្យតែភ្លេចខ្លួនជនកំហូចនេះ តែងយកដៃលូកស្ទាបច្របាច់សុដន់ ឬស្ទាបគូទ ហើយពេលខ្លះ បញ្ចោញកាយវិការមិនសមរម្យ ដើរមកពីក្រោយ ឈរញល់គូទស្រីៗក្នុងរោងចក្រ ជាទង្វើមួយអសីលធម៌។ មិនតែប៉ុណ្ណោះ ជនល្មោភកាមរូបនេះ បោះសម្តីឱ្យកម្មការិនីថា បើទៅដេក រួមរ័កជាមួយគេ១យប់ គេហ៊ានឱ្យ១០០ដុល្លារ ដែលហាក់បីដូចជាមើលងាយដល់កម្មការិនីរោងចក្រ ជាស្ត្រីខ្មែរណាស់ ហើយជាក់ស្តែងពួកនាងទាំង៤នាក់ សុទ្ធតែជាអ្នករងគ្រោះតែម្តង។
នារីរងគ្រោះ បានបន្តថា ដោយមិនអាចទទួលយកនូវទង្វើ របស់ជនកំហូចល្មោភកាម រូបនេះតទៅទៀតបាន ទើបនៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ពួកនាងទាំង៤នាក់ បាន ធ្វើដំណើរមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលិសចោមចៅ ជួយអន្តរាគមន៍ ចាប់ខ្លួនបុរសជា ជនជាតិចិនកំហូចនេះ នាំមកចាត់ការតាមផ្លូវច្បាប់។
ប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្តឹងរបស់នារីរងគ្រោះ ទាំង៤នាក់ កម្លាំងសមត្ថកិច្ចបានចុះទៅនាំខ្លួន បុរសជនជាតិចិន ដែលរងការចោទប្រកាន់មក ធ្វើការសាកសួរតែម្តង។ នៅប៉ុស្តិ៍នគរបាល តាមរយៈស្ត្រីម្នាក់ ជាអ្នកបកប្រែជនសង្ស័យ ជាជនជាតិចិន បានសុំសម្របសម្រួល សងជំងឺចិត្ត ២០០០ដុល្លារ ទៅឱ្យនារីរងគ្រោះទាំង៤នាក់ ជាថ្នូរដកពាក្យបណ្តឹង ប៉ុន្តែក្រុមកម្មការិនីរងគ្រោះ មិនព្រមទទួល យកប្រាក់សំណងឡើយ ដោយទុកឱ្យច្បាប់ជាអ្នកដោះស្រាយ ដើម្បីឱ្យជនសង្ស័យរាងចាលទៅថ្ងៃក្រោយ លែងហ៊ានលូកលាន់ បៀតបៀនកេរ្តិ៍ភេទស្ត្រីខ្មែរ តទៅទៀត។
ជនសង្ស័យជាជនជាតិចិននោះ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន និងកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ សាកសួរបន្ត និងចាត់ការទៅតាមនីតិវិធី៕