ប្រជាពលរដ្ឋនៅភូមិតំបន់១ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានខ្សឹបឱ្យឮតាម “នគរធំ” ថា បទល្មើសនាំចូលទំនិញគេចពន្ធ ពិសេសម៉ូតូ រថយន្ត និងត្រាក់ទ័រ បានកើតមានយ៉ាងគគ្រឹកគគ្រេង នៅត្រង់ចំណុចច្រករបៀងឧកញ៉ាតែ ហាំង ដោយសារតែមានការឃុបឃិត បើកដៃពីមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួន ដែលប្រឹងកើបលុយដាក់ហោប៉ៅខ្លួន មិនខុសពី “ត្រីងៀតឆ្លៀតពង”។
ប្រជាពលរដ្ឋបានខ្សឹបឱ្យឮថា ស្របពេលដែលក្រសួងមហាផ្ទៃ បានប្រកាសបិទច្រករបៀង នៅតាមបន្ទាត់ព្រំដែនថៃ ដោយសារតែកន្លងមក មានបទល្មើសគេចពន្ធ ធ្វើឱ្យខាតបង់ថវិកាជាតិរាប់មិនអស់រួចមក ប្រជាពលរដ្ឋដែលធ្វើការរកស៊ីដោយសុចរិតនៅតាមជាយដែន ស្ទើរតែដាច់បាយ ស្វិតក្រៀមក្រពះសឹងគ្រប់គ្នា តែផ្ទុយទៅវិញ ឈ្មួញទុច្ចរិតនៅតែរកស៊ីបានយ៉ាងកាក់កប ដោយលួចនាំទំនិញគេចពន្ធ ចូលតាមច្រករបៀង ពិសេសច្រកឧកញ៉ាតែ ហាំង កាន់តែខ្លាំង ដោយសារតែមានការឃុបឃិតពីមន្ត្រីយោធាប្រចាំការនៅមាត់ច្រកនោះ។
ប្រជាពលរដ្ឋបានខ្សឹបថា រាល់ថ្ងៃនេះ មានរថយន្ត ម៉ូតូ ត្រាក់ទ័រ ចេញតាមច្រកខាងលើនេះមិនដែលដាច់ ក្នុងនោះខាងថៃ យកតម្លៃម៉ូតូ ថ្មី១គ្រឿង ១ពាន់បាត ចំណែករថយន្ត ឬត្រាក់ទ័រ ១គ្រឿង ៣ម៉ឺនបាត និងមានទំនិញគេចពន្ធជាច្រើនទៀតផងដែរ។ ជាក់ស្តែង កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ មានរថយន្តវីហ្គោ ចង្កូតស្តាំ ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០១០មួយគ្រឿង បានលោតឆត្រចូលពីថៃ និងត្រូវបានក្រុមយោធាភូមិភាគ៥ ក្របួចបាន នៅខាងជើងច្រកឧកញ៉ាតែ ហាំង ប្រមាណ២០០ម៉ែត្រប៉ុណ្ណោះ។ ចំណែកមូលហេតុដែលក្រុម យោធា ចាប់រថយន្តនេះបាន ក៏ព្រោះតែរថយន្តវីហ្គោនេះ សំណាងមិនល្អ ជាប់ផុងទៅមុខមិនរួច ទើបបែកការដល់អង្គភាពផ្សេងៗ ក៏ត្រូវមន្ត្រីយោធានៅទីនោះស្ទាក់ចាប់បានមុនគេ។ ចំណែកផ្លូវដែលឈ្មួញលួចនាំចូលរថយន្តខាងលើ គេឃើញបន្សល់ទុកស្បែកជើងដាច់ ១គូ ពណ៌ក្រហម និងស្នាមរុញរថយន្តកាត់ព្រៃផ្លូវរបៀងមួយខ្សែនេះ មិនដឹងថា នាំចេញចូលអ្វីខ្លះនោះទេ ក្រៅពីរថយន្ត ព្រោះមើលទៅមិនធម្មតា ហើយក៏ មិនមែនទើបតែថ្មីៗនេះដែរ ពោលគឺដងផ្លូវបែកភក់តែម្តង។
ប្រជាពលរដ្ឋបានខ្សឹបឱ្យឮទៀតថា តាមរយៈសកម្មភាពខាងលើ អាចបញ្ជាក់ឱ្យឃើញថា ការប្រកាសបិទច្រករបៀងរបស់ក្រសួងមហាផ្ទៃ មិនទទួលបានជោគជ័យឡើយ ព្រោះតែមានមន្ត្រីត្រីងៀតឆ្លៀតពង នៅតែឃុបឃិត គ្នាជាប្រព័ន្ធ លួចលាក់នាំចូលទំនិញគេចពន្ធយ៉ាងគគ្រឹកគគ្រេង កើបលុយពុករលួយយ៉ាងសប្បាយ ចំណែកអ្នករងគ្រោះ គឺប្រជាពលរដ្ឋតូចតាច ដែលរកស៊ីសុចរិតឯណេះវិញទេ។ ហេតុនេះ ប្រជាពលរដ្ឋសូមខ្សឹបឱ្យឮដល់ថ្នាក់ដឹកនាំពាក់ព័ន្ធ មេត្តាចុះស្រាវជ្រាវ និងចាត់វិធានការឱ្យបានម៉ឺងម៉ាត់ផង…កុំគិតតែស្រែក កូនចៅគិតតែ ប្រមូលលុយ!…។
ទោះជាយ៉ាងណា ជុំវិញការខ្សឹបប្រាប់ខាងលើនេះ “នគរធំ” មិនដឹងថា មានការពិតកម្រិតណានោះទេ ដោយសារមិនអាចទាក់ទងសុំការបំភ្លឺពីមន្ត្រីជំនាញពាក់ព័ន្ធបានទេ កាលពីម្សិលមិញ។ យ៉ាងណាយើងរង់ចាំទទួលការបកស្រាយ បំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕
ខៀវទុំ