ភ្នំពេញ៖ ស្ត្រីជាកម្មការិនីរោងចក្រម្នាក់ បានទៅមើលការប្រគំតន្ត្រី និងតាំងពិព័រណ៌ជាមួយប្តីនិងបងប្អូន ត្រូវក្រុមចោរបន្លំខ្វះយកកាបូបលុយបាត់អស់លុយជិត២ពាន់ដុល្លារ និងឯកសារមួយចំនួន។ ករណីនេះបង្កភ្ញាក់ផ្អើកាលពីម៉ោង១០យប់ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ស្ត្រីរងគ្រោះឈ្មោះ វ៉ាត ចាន់រ៉ា ភេទស្រីអាយុ២៨ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅផ្ទះជួលភូមិកប់គង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិតានា ឃុំជ្រលង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
តាមសម្តីស្ត្រីរងគ្រោះបានប្រាប់សមត្ថកិច្ចថា មុនកើតហេតុគាត់និងបងប្អូន ព្រមទាំងប្តីផងបាននាំគ្នាមកមើលតាំងពិព័រណ៌ និងមានប្រគំតន្ត្រីស្រាបៀរលីអូ ខណៈនាំគ្នាដើរមើលភ្លេចខ្លួននិងកន្លែងចង្អៀតដើរប្រជ្រៀតគ្នាផង ស្រាប់តែកាបូបដែលនាងស្ពាយចំហៀងពណ៌ឈាមជ្រូកបែរជារបើកគន្លឹះ ពេលនោះនាងបើកមើល ស្រាប់តែបាត់កាបូបកាន់ដៃពណ៌ខ្មៅ ដែលនាងដាក់នៅខាងក្នុងកាបូបស្ពាយចំហៀងនោះតែម្តង។
ស្ត្រីដដែលបានប្រាប់ទៀតថា នៅក្នុងកាបូបដែលបាត់នោះមានលុយដុល្លារជិត២ពាន់ លុយខ្មែរជាង១០ម៉ឺនរៀល អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ២សន្លឹក កាតធ្វើការមួយសន្លឹក កាត ប.ស.ស មួយសន្លឹក កាតគ្រីម៉ូតូមួយសន្លឹក។
ក្រោយហេតុការណ៍កើតឡើងក្រុមគ្រួសារនិងប្តីបាននាំគ្នាមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ ដើម្បីប្តឹងនិងសុំឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្រាវជ្រាវរកក្រុមខាងលើយកមកដាក់ទោសតាមផ្លូវច្បាប់៕