ភ្នំពេញ ៖ យុវជន០៣នាក់ ខណៈពេលជិះម៉ូតូឌុបគ្នាត្រឡប់មកពីដើរលេងវិញ គោលបំណងទៅផ្ទះ ស្រាប់តែមានក្មេងទំនើងជាង១០នាក់ មកដេញវាយ បណ្តាលឲ្យរងរបួសធ្ងន់ស្រាល៣នាក់ ករណីនេះបង្កការភ្ញាក់ផ្អើលតាមដងផ្លូវសាធារណៈ កាលពីវេលាម៉ោង០១និង២០នាទីទៀបភ្លឺថ្ងៃទី២៣ ខែកក្កដា នៅមុខក្រុមហ៊ុនលក់រថយន្តម៉ាស្តារ ផ្លូវសហព័ន្ធរុស្សី ភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
យុវជនរងរបួសធ្ងន់ ទី១. ឈ្មោះ សៀង ម៉ៅ អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ទី២. ឈ្មោះទេព វុត្ថា អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រងរបួសស្រាលនិងទី៣. ឈ្មោះទួន សុផេន អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ជាអ្នកបើកម៉ូតូ របួសស្រាល។
តាមសម្តីយុវជនខាងលើបានប្រាប់ថា មុនកើតហេតុខ្លួនបានជិះម៉ូតូមួយគ្រឿងម៉ាក MSX ពណ៌សលាយខ្មៅ ដោយដឹកគ្នា៣នាក់ ចេញមកពីដើរលេងនៅកោះពេជ្រវិញ គោលបំណងទៅផ្ទះជួល ខណៈពេលជិះមកដល់មុខក្រុមហ៊ុនលក់រថយន្តម៉ាស្តារ ស្រាប់តែមានក្មេងទំនើងមួយក្រុម ជាង១០នាក់ ជិះម៉ូតូមកពីក្រោយដេញវាយទៅលើពួកខ្លួន បណ្តាលឲ្យអ្នកអង្គុយខាងក្រោយរងរបួសបែកក្បាល ដោយសារត្រូវក្បាលខ្សែក្រវ៉ាត់ បណ្តាលឲ្យបែកឈាមពេញខ្លួន ក្រុមក្មេងទំនើងដែលជាអ្នកបង្ក បានបើកម៉ូតូគេចអស់។
ក្នុងករណីវាយគ្នាខាងលើនេះ ឃើញបន្សល់ទុកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រឹម ពណ៌ខ្មៅមួយគ្រឿងដែលភាគីម្ខាងបានរត់ចោល ហើយមានក្មេងទំនើងម្នាក់មកកាច់ស្លាកលេខម៉ូតូយកទៅបាត់ ម៉ូតូមួយគ្រឿងនេះ ត្រូវបានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ យកទៅរក្សាទុក ដើម្បីធ្វើការស្រាវជ្រាវ ដោយឡែកអ្នករងរបួសបានទៅព្យាបាលនៅគ្លីនិកឯកជន នៅក្បែរកន្លែងកើតហេតុ រង់ចាំព្រឹកឡើង មកដាក់ពាក្យបណ្តឹងតាមក្រោយ ៕