Thursday, April 25, 2024
Homeបរិយាយគម្លាន ធ្វើឱ្យ​ចចក​ចេញ​ពី​ព្រៃ

គម្លាន ធ្វើឱ្យ​ចចក​ចេញ​ពី​ព្រៃ

សុភាសិតបារាំង ១ឃ្លាចែងថា “គម្លាន ធ្វើឱ្យចចកចេញពីព្រៃ” (La faim chasse le loup hors du bois) ឬជាភាសា អង់គ្លេស ថា (Hunger drives the wolf out of the woods) គឺជាមរតកសាសន៍បែបឧបមានវិធី សម្រាប់អ្នកនយោបាយយកទៅពិចារណា។ ស្របពេលដែលមន្ត្រីរាជរដ្ឋាភិបាល ក៏ដូចជាប្រធានសហជីពមួយចំនួនដែលគាំទ្របក្សកាន់អំណាច មានប្រតិកម្មព្រមៗគ្នា ពាក់ព័ន្ធនឹងលោកសម រង្ស៊ី មេបក្សប្រឆាំង ដែលទាមទារឱ្យ សភាអឺរ៉ុប ពិចារណាបិទការបញ្ជាទិញ ទំនិញពីរោងចក្រនៅកម្ពុជានោះ គឺជាចំណុចយុទ្ធសាស្ត្រនយោបាយមួយទៀត ស្របតាមសុភាសិតខាងលើ ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

គម្លាន ធ្វើឱ្យចចកចេញពីព្រៃ បើបរិយាយតាមន័យត្រង់ គឺសំដៅដល់ហ្វូងចចក ស្រេកឃ្លានដោយសារទឹកជំនន់លិច ភូមិស្រុក ឬព្រៃគុម្ពោតនានា បណ្តាលឱ្យពួកវានៅមិនបាន ក៏ហែលទៅប្រមូលផ្តុំគ្នានៅតាមភ្នំខ្ពស់ផុតពីទឹក តែខ្សត់ចំណី។ “ចចក” ជាប្រភេទសត្វជើង៤ សន្តានឆ្កែ រស់នៅជាហ្វូង ដែលពីសង្គមមុន ភូមិ-ឃុំណាក៏មានចចករស់នៅដែរ ព្រោះស្រុក សម្បូរព្រៃ។ ចចក ខ្លាចមនុស្សណាស់ ប៉ុន្តែ បើមនុស្សដើរទៅប្រទះហ្វូងវាបែបប្រថុចញ៉ុច ច្បាស់ជាចចកហែកមិនខាន។ នៅ រដូវទឹកស្រក ខ្យល់បក់រងា ចចកត្រោសស្រែកលូឮសូរជុកជូ!ៗ ប្រមូលកូនចៅវាដើរតាមវាលស្រែ ថ្លុកត្រពាំង រកចាប់ ត្រីស៊ី ដែលជួនកាលក៏មានអាខ្លះលួចចូលភូមិអ្នកស្រុក ឈ្មុលតាមរបង ចូលទៅចាប់មាន់ទា ពាំយកទៅស៊ីឯព្រៃ។ ភូមិណា សម្បូរចចក ធ្វើឱ្យអ្នកស្រុកយ៉ាប់យ៉ឺនគ្មានបានដេកពួនទេ ព្រោះរវល់តែដាក់វេនគ្នាចាំទះប៉ោត គោះធុង វាយស្គរ បន្លាច ចចកឱ្យរត់ទៅ។ ដូច្នេះ គ្រោះទឹកជំនន់ ធ្វើឱ្យចចកឃ្លានចំណី លុះទឹកស្រកបន្តិច វានឹងចេញពីព្រៃចាប់មាន់ទាមិនខាន ដែល ប្រជាពលរដ្ឋខ្មែរ មានអាយុចាប់ពី៦០ឆ្នាំឡើងទៅ ធ្លាប់ឆ្លងកាត់ ស្គាល់ល្បិចចចកយ៉ាងច្បាស់ ព្រោះពួកគាត់កើតទាន់សម័យកាលស្រុកភូមិសម្បូរព្រៃ មានចចករស់នៅ៘

បើបរិយាយតាមន័យធៀប “ចចក” ប្រៀបបាននឹងមនុស្សស្រេកឃ្លានសិទ្ធិសេរីភាព ប្រាក់កម្រៃឈ្នួលទាប ឬអត់ការងារ ធ្វើនេះឯង។ មនុស្សដាច់យ៉ៃមែនទែន ក៏មានមួយចំនួនហ៊ានសាងអំពើទុច្ចរិត មានការលួចឆក់ ជាដើម លៃយ៉ាងណាឱ្យ តែបានឆ្អែតពោះ រស់ស្រួលដូចគេ។ “ទឹកជំនន់” ប្រៀបបាននឹងការបិទសេរីភាពនៃការតវ៉ា ទម្លាក់ប្រាក់កម្រៃទាប ឬគ្មាន ដំណោះស្រាយការងារសមស្របនឹងតម្លៃពលកម្ម បណ្តាលឱ្យអ្នកអត់ការងារក្នុងស្រុក ក៏បង្ខំចិត្តឆ្លងដែនខុសច្បាប់ ទៅរក ការងារធ្វើនៅប្រទេសជិតខាង ក៏មានទណ្ឌកម្មសេដ្ឋកិច្ចពីអន្តរជាតិ។

កាលពីពេលថ្មីៗនេះ មន្ត្រីរាជរដ្ឋាភិបាល ប្រធានសហជីពមួយចំនួន ក៏ដូចជាកម្មករ កម្មការិនីមួយផ្នែក ព្រមទាំងប្រធាន គណបក្សខ្លះ បានសម្តែងប្រតិកម្មវាយបកទៅលោកសម រង្ស៊ី មេបក្សប្រឆាំង ថាបានទាមទារឱ្យសហភាពអឺរ៉ុបបិទការនាំ ចេញសម្លៀកបំពាក់ និងទំនិញផ្សេងៗចេញពីរោងចក្រនៅស្រុកខ្មែរ បណ្តាលឱ្យកម្មករ-កម្មការិនីជាង៨សែននាក់ រងគ្រោះ អស់ការងារធ្វើ។ ប៉ុន្តែ មេដឹកនាំបក្សប្រឆាំង បានថ្លែងការពារខ្លួនថា “ដើម្បីឱ្យមេដឹកនាំកម្ពុជា ចេះកែខ្លួន” ដោយបញ្ជាក់ ថា “ជំនួយអន្តរជាតិ អាចត្រូវគេកាត់ផ្តាច់ ឬកាត់បន្ថយ ហើយទីផ្សារនៅបរទេស អាចត្រូវគេបិទ”

សំណេរក្នុងហ្វេសប៊ុករបស់លោកសម រង្ស៊ី និងប្រតិកម្មរបស់មន្ត្រីរាជរដ្ឋាភិបាល ក៏ដូចជាអ្នកគាំទ្របក្សកាន់អំណាច មានលក្ខណៈប្រទង់ប្រទាញគ្នាសម្បើម ត្រូវបានតាៗញៀនកាហ្វេ លើកយកជាប្រធានបទជជែកគ្នាអែ បង្ហិនទឹកតែទាំងប៉ាន់ៗ។ នៅក្នុងហាងកាហ្វេមួយកន្លែងក្បែរផ្សារស្ទឹងមានជ័យ តាម្នាក់នោះមាននិន្នាការគាំទ្របក្សកាន់អំណាច បាននិយាយថា “លោក សម រង្ស៊ី ចង់ផ្កាប់ឆ្នាំងបាយកម្មករតែម្តង បានជាគាត់ទៅចាក់គូទពួកអឺរ៉ុប ឱ្យបិទការនាំចេញទំនិញពីរោងចក្រស្រុកខ្មែរ”។ តាម្នាក់ទៀត មាននិន្នាការគាំទ្របក្សប្រឆាំង លើកឡើងថា “លោកសម រង្ស៊ី គ្មានចេតនាបង្អត់បាយកម្មករនោះទេ ហើយ គាត់ក៏មិនអាចទៅបញ្ជាសភាអឺរ៉ុប ឱ្យដាក់ទណ្ឌកម្មសេដ្ឋកិច្ចនោះបានដែរ ប៉ុន្តែ គាត់ប្រើយុទ្ធសាស្ត្រនយោបាយយកឈ្នះ”។ តាម្នាក់ទៀត និយមមាគ៌ាកណ្តាល ពោលឡើងថា “លោកសម រង្ស៊ី មានឋានៈត្រឹមតែប្រធានគណបក្សប្រឆាំង អត់អំណាច អ្វីទេ គាត់អាចជាកូនអុករបស់អាមេរិក អឺរ៉ុប ដូច្នេះ គាត់មិនអាចបញ្ជាចៅហ្វាយនាយបានទេ ប៉ុន្តែ ចៅហ្វាយនាយនោះ កំពុងលេងស្នៀតគាបមេដឹកនាំខ្មែរ ឱ្យពិបាកគ្រប់គ្រង បើសិនជាកម្មកររាប់សែននាក់នោះអត់ការងារធ្វើ។ កាលបើអត់ អង្ករច្រកឆ្នាំង នឹងមានចំណាកស្រុកច្រើនទៅៗ ប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាល ហើយចោរកម្មអាចនឹងកើនឡើង ព្រោះ បញ្ហាក្រពះ”

ស្តាប់ការសន្ទនារបស់តាៗញៀនកាហ្វេ ដែលមាននិន្នាការ៣ច្រកនេះ “នគរធំ” ចាប់អារម្មណ៍ត្រង់មតិទី៣ ដែលថា លោកសម រង្ស៊ី មិនអាចបញ្ជាអាមេរិក អឺរ៉ុប បានទេ ប៉ុន្តែ ចៅហ្វាយរបស់គាត់នោះ ចង់គាបរដ្ឋាភិបាលកម្ពុជា ឱ្យពិបាក គ្រប់គ្រង ក្នុងពេលកម្មករស្រេកឃ្លាន។ បានន័យថា ខណៈដែលរដ្ឋាភិបាល មិនសូវត្រូវធាតុគ្នាជាមួយអាមេរិក អឺរ៉ុប ដោយ ងាកទៅស្និទ្ធស្នាលជាមួយចិន ដែលកំពុងចាញ់ក្តីហ៊្វីលីពីន រឿងសមុទ្រចិនខាងត្បូងនោះ អាមេរិក អឺរ៉ុប មិនហ៊ានលូកដៃ ចូលកម្ពុជា ដោយចេញមុខនោះទេ តែគេរកល្បិចលូកដៃកប់ក្លៀក តាមរយៈទណ្ឌកម្មសេដ្ឋកិច្ច ធ្វើឱ្យមានភាពច្របូកច្របល់ ពេញប្រទេស។ ពេលដឹងថា អឺរ៉ុប ត្រៀមដាក់ទណ្ឌកម្មសេដ្ឋកិច្ច ទើបលោកសម រង្ស៊ី ឆ្លៀតឱកាសនេះ “ស៊កគន្លឹះនយោបាយចង់ឱ្យមេដឹកនាំខ្មែរកែខ្លួន” ដែលជាយុទ្ធសាស្ត្រដើរតាមពីក្រោយអឺរ៉ុបសុទ្ធសាធ ពុំមែនមេបក្សប្រឆាំងនេះបញ្ជាអឺរ៉ុប នោះទេ។

ដូច្នេះយើងឃើញថា គំនាបរបស់អាមេរិក អឺរ៉ុប វាមិនខុសពីទឹកជំនន់ ធ្វើឱ្យហ្វូងចចកបាត់បង់ទីជម្រក ទៅនៅក្នុង ព្រៃខ្ពស់ៗ។ វាច្បាស់ណាស់ ថា “គម្លាន ធ្វើឱ្យចចកចេញពីព្រៃ” មានន័យថា ការស្រេកឃ្លានរបស់កម្មករដាច់អាជីព មិនអាច ទ្រាំផ្កាប់ឆ្នាំងបានឡើយ ចាំបាច់ត្រូវតែរកកន្លែងថ្មី គឺបើរោងចក្របិទទ្វារ នឹងនាំគ្នាធ្វើចំណាកស្រុកភ្លូកទឹកភ្លូកដីមិនខាន។ ការបិទរោងចក្រ វាប៉ះពាល់ទាំងអស់គ្នា រួមមានថៅកែរោងចក្រ មន្ត្រីពាក់ព័ន្ធដែលធ្លាប់បានសើមមាត់ដោយសារថៅកែ នាំឱ្យខូចកិត្តិយសរដ្ឋាភិបាល ធ្វើឱ្យអ្នកនយោបាយខ្មែរឈ្លោះគ្នាកាន់តែខ្លាំង។ ការបិទរោងចក្រ ប៉ះពាល់ច្រើនទៀត សូម្បី អ្នកកាសែត ក៏ប៉ះពាល់ដែរ ព្រោះបើកម្មករជាម៉ូយជាវកាសែត ឱបបង្វេចទៅស្រុកអស់ លក់កាសែតលែងសូវដាច់។ សព្វថ្ងៃ យុវវ័យរត់ចោលស្រែចម្ការ ចង់អស់ពីភូមិទៅហើយ នៅសល់តែចាស់ៗចាំផ្ទះ មើលចៅ ចោលរបៀបធ្វើស្រែសន្ទូង ទៅជាស្រែពង្រោះម្តងវិញ។ ទោះជាយុវវ័យវិលទៅស្រុក ព្រោះការបិទរោងចក្រ ក៏ពួកគេមិនទៅចាប់ដងចប កាន់យាមនង្គ័លនោះទេ ច្បាស់ជារកមធ្យោបាយយ៉ាងណាឱ្យបានលុយស៊ីចាយ មិនអាចសំងំស្ងៀមបានឡើយ។ ភាពច្របូកច្របល់ រញ៉េរញ៉ៃ នឹងពិបាកគ្រប់គ្រងមិនខាន ដែលជាបន្ទុកដ៏ធ្ងន់សម្រាប់រាជរដ្ឋាភិបាលដោះស្រាយ។ កម្មករ-កម្មការិនីរោងចក្រ ក៏ មាននិន្នាការ២ដែរ គឺ “ប្រឆាំង និងមិនប្រឆាំង” ដែលអាចនិយាយបានថា “អ្នកប្រឆាំង” ចង់ឱ្យអឺរ៉ុប ដាក់ទណ្ឌកម្មសេដ្ឋកិច្ច ក្រែងថ្ងៃក្រោយបានឡើងកម្រៃឈ្នួលខ្ពស់ជាងសព្វថ្ងៃ ព្រោះគេដឹងថា ការដាក់ទណ្ឌកម្មនោះមិនដែលបានយូរ។ រីឯអ្នក “មិនប្រឆាំង” នាំគ្នាថ្កោលទោសលោកសម រង្ស៊ី ថា គិតតែប្រយោជន៍បុគ្គលផ្ទាល់ខ្លួន អំពាវនាវឱ្យបរទេសផ្កាប់ឆ្នាំងបាយប្រជាជន កម្មករខ្មែរ មិនខុសពីប្រតិកម្មរបស់មន្ត្រីរាជរដ្ឋាភិបាល និងប្រធានសហជីពមួយចំនួន។

សរុបទៅ “គម្លាន ធ្វើឱ្យចចកចេញពីព្រៃ” គឺជាល្បិចរបស់សហភាពអឺរ៉ុប និងអាមេរិក ដោយសារគេមិនហ៊ានលូកដៃ ចូលកិច្ចការផ្ទៃក្នុងដោយចេញមុខ ក៏ប្រើទណ្ឌកម្មសេដ្ឋកិច្ច ឱ្យកម្មករជ្រួលច្របល់។ រីឯលោកសម រង្ស៊ី គ្រាន់តែឈានជើង តាមពីក្រោយគេប៉ុណ្ណោះ គាត់គ្មានអំណាចអ្វីទៅបញ្ជាអាមេរិក អឺរ៉ុប បានទេ តែគាត់នឹងបានចំណេញនយោបាយ នៅពេល កម្មករដាច់អាជីព ក៏ព្យាយាមអង្វរករអឺរ៉ុបឱ្យដកទណ្ឌកម្មនោះចេញវិញ៕

ដោយ ៖ អាចារ្យថាំ

RELATED ARTICLES