Monday, November 25, 2024
Homeនយោបាយលោកកឹម សុខា ចុះណែនាំផែនការយុទ្ធសាស្ត្របក្សប្រឆាំងទូទាំងប្រទេស

លោកកឹម សុខា ចុះណែនាំផែនការយុទ្ធសាស្ត្របក្សប្រឆាំងទូទាំងប្រទេស

ភ្នំពេញ ៖ ប្រធានគណបក្សសង្គ្រោះជាតិ លោកកឹម សុខា បានចាប់ផ្តើមចុះណែនាំផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពគណបក្សប្រឆាំង ទាំង២៥រាជធានី-ខេត្តទូទាំងប្រទេស។

តាមរយៈទំព័រហ្វេសប៊ុក លោកកឹម សុខា បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ ថា “កាលពីដើមខែកក្កដានេះ ខ្ញុំបានដឹកនាំការប្រជុំពិភាក្សា និងសម្រេចជាមួយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដើម្បី “កសាងផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាព សម្រាប់មួយឆ្នាំ គឺចាប់ពីខែកក្កដា ២០១៧ ដល់ខែកក្កដា ២០១៨” រួចស្រេចហើយ។

ថ្ងៃនេះ ខ្ញុំចាប់ផ្តើមធ្វើការណែនាំដល់ថ្នាក់ដឹកនាំមូលដ្ឋានខេត្តកំពង់ចាម អំពី “ការកសាង ផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពលម្អិត សម្រាប់ខេត្ត-ក្រុង-ស្រុក-ឃុំនីមួយៗក្នុងខេត្តកំពង់ចាម” នេះ ដោយពេលព្រឹកនៅស្រុកចម្ការលើ និងរសៀលនៅស្រុកស្ទឹងត្រង់។

ខ្ញុំនឹងទៅធ្វើការណែនាំនេះ ដល់ថ្នាក់ដឹកនាំមូលដ្ឋានខេត្តនានា ទាំង២៥រាជធានី-ខេត្តទូទាំងប្រទេស”។

គួរបញ្ជាក់ដែរថា ស្របពេលដែលលោកកឹម សុខា បានដាក់ចេញផែនការចុះទៅកាន់ ២៥រាជធានី-ខេត្ត ដើម្បីណែនាំថ្នាក់ដឹកនាំបក្សប្រឆាំង នៅមូលដ្ឋានអំពីផែនការយុទ្ធសាស្ត្ររបស់គណបក្សសម្រាប់ឆ្ពោះទៅការបោះឆ្នោត ឆ្នាំ២០១៨នោះ ក្រុមការងារគណបក្សសង្គ្រោះជាតិ នៅតាមបណ្តាខេត្តនានាទូទាំងប្រទេស ក៏កំពុងមមាញឹកក្នុងការរៀបចំរុះរើស្លាកគណបក្សចាស់ ដែលមានរូបលោកកឹម សុខា ចាប់ដៃ លោកសម រង្ស៊ី ដំឡើងស្លាកថ្មី ដោយដករូបលោកកឹម សុខា ចាប់ដៃលោកសម រង្ស៊ី នោះចេញ ហើយស្លាកថ្មីនេះ គណបក្សសង្គ្រោះជាតិ បានសម្រេចដាក់តែរូបសញ្ញារបស់គណបក្ស គឺរូបព្រះអាទិត្យរះ ដោយបន្ថែមអក្សរថា “រួមគ្នាសង្គ្រោះជាតិយើង” គ្មានទាំងរូបលោកកឹម សុខា និងលោកសម រង្ស៊ី នៅលើស្លាកគណបក្សទេ ដើម្បីចៀសវាងការប្រឈមនឹងច្បាប់គណបក្សនយោបាយ ដែលត្រូវបានធ្វើវិសោធនកម្មថ្មី ដែលបានបញ្ញត្តិហាមគណបក្សនយោបាយពាក់ព័ន្ធជាមួយទណ្ឌិត ឬអ្នកទោស (លោក សម រង្ស៊ី)។

ដោយឡែក កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត និងអ្នកទើបគ្រប់អាយុបោះឆ្នោតឱ្យត្រៀមឯក សារ ដើម្បីទៅចុះឈ្មោះបោះឆ្នោត ឱ្យបានគ្រប់ៗ គ្នា ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីមានសិទ្ធិបោះឆ្នោតនៅឆ្នាំ២០១៨។

លោកកឹម សុខា បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់លោកថា “សូមនិមន្ត និងអញ្ជើញទៅចុះឈ្មោះបោះឆ្នោត!” ចាប់ពីថ្ងៃទី០១ កញ្ញា ដល់ថ្ងៃទី០៩ វិច្ឆិកា ២០១៧ “ចំពោះបងប្អូន ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត និងអ្នក ទើបគ្រប់អាយុបោះឆ្នោត “សូមត្រៀមឯកសារ” ដើម្បីទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា “ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ”។

ទៅចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៧ និងទៅបោះឆ្នោតឆ្នាំ២០១៨ ដើម្បី “ការផ្លាស់ប្តូរ ជាវិជ្ជមាន” និងដើម្បីអនាគតខ្លួនយើង គ្រួសារយើង និងប្រទេសជាតិយើងឱ្យល្អប្រសើរឡើង”៕

កុលបុត្រ

RELATED ARTICLES