ភ្នំពេញ ៖ យុវជនប្រុសស្រី២នាក់ ទើបតែចេញមកពីធ្វើការនាំគ្នាទៅអង្គុយលេងនៅមាត់ទន្លេ ត្រូវក្រុមចោរ៤នាក់ យកដាវសាំម៉ូរៃភ្ជង់ប្លន់យកម៉ូតូបានសម្រេច ហើយរត់គេចខ្លួនដោយសុវត្ថិភាព ហេតុការណ៍នេះបង្កឲ្យមានការភ្ញាកផ្អើលកាលពីវេលាម៉ោង១រំលងអាធាត្រ ឈានចូលថ្ងៃទី២៥ ខែកក្តដា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវ១៣០ នៅចំណុចមាត់ទន្លេ ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ។
ជនរងគ្រោះមានឈ្មោះកែវ ចន្នី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរធ្វើការនៅហាងស្ប៉ាកតាវ៉ានដេង ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ចំណែកឯខាងស្រីមានឈ្មោះសា ម៉ារាឌី ភេទស្រី អាយុ១៨ឆ្នាំ ស្នាក់នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
តាមប្រភពព័ត៌មានពីជនរងគ្រោះប្រុសស្រីទាំង២នាក់ បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះទាំង២នាក់ ទើបតែចេញមកពីធ្វើការនៅស្ប៉ាកតាវ៉ានដេង ក្បែរស្ថានទូតចិន ហើយក៏បបួលគ្នាជិះម៉ូតូម៉ាក Today ពណ៌ផ្ទៃមេឃ ទៅអង្គុយលេងនៅមុខមាត់ទន្លេ ខណៈពេលបានមួយសន្ទុះក្រោយមក ក៏ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា៤នាក់ ប្រដាប់ទៅដោយដាវសាំម៉ូរៃចំនួន២ដើម បានធ្វើសកម្មភាពភ្ជង់គំរាមប្លន់យកម៉ូតូ និងទូរស័ព្ទដៃម៉ាក Nokla យកទៅបាត់ដោយសុវត្ថិភាព ភ្លាមៗនោះដែរ សមត្ថកិច្ចក៏បានមកដល់កន្លែង និងសួរនាំទៅជនរងគ្រោះ ហើយក៏សង្ស័យទៅកន្លែងលក់ទឹកក្រូច ដែលមានក្មេងៗប្រមូលផ្តុំគ្នា ក៏ចូលទៅធ្វើការឆែកឆេរ ក៏រកឃើញថ្នាំញៀនចំនួន២កញ្ចប់តូច ច្រកមួយចំនួនធំ ជញ្ចីងថ្លឹងមួយ និងឃាត់បានជនសង្ស័យម្នាក់ជាម្ចាស់ថ្នាំយកទៅសួរនាំនៅប៉ុស្តិ៍ផ្សារកណ្តាល១។
ក្រោយពេលកើតហេតុជនរងគ្រោះដែលត្រូវក្រុមចោរភ្ជង់ប្លន់យកម៉ូតូ បានទៅដាក់ពាក្យ
បណ្តឹងនៅប៉ុស្តិ៍ផ្សារកណ្តាល១ ដើម្បីឲ្យសមត្ថកិច្ចតាមចាប់ជនសង្ស័យយកមកផ្តន្ទាទោសទៅតាមច្បាប់ រីឯបុរសដែលរក្សាទុកថ្នាំញ្ញៀនដោយខុសច្បាប់ រួមនឹងវត្ថុតាងត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ចូនទៅកាន់តុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ៕