Saturday, May 4, 2024
Homeនយោបាយធ្វើក៏ខុស មិនធ្វើក៏ខុស

ធ្វើក៏ខុស មិនធ្វើក៏ខុស

សុភាសិតខ្មែរ ១ឃ្លាថា “ធ្វើក៏ខុស មិនធ្វើក៏ខុស” មានខ្លឹមសារអប់រំប្រជាពលរដ្ឋខ្មែរ ឱ្យចេះពិចារណា មុននឹងធ្វើកិច្ចការអ្វីមួយ បើដឹងថា ធ្វើទៅវាខុស គួរកុំរវល់ធ្វើល្អជាង។ យ៉ាងណាមិញ ដំណឹងថា គណបក្សសម រង្ស៊ី ត្រៀមដូរឈ្មោះគណបក្ស ដើម្បីតម្រូវតាមច្បាប់ស្តីពី “គណបក្សនយោបាយ” នោះ បើទោះជា “ដូរក៏ខុស មិនដូរក៏ខុស” ដែល “នគរធំ” សូមលើកមក ធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

វិសោធនកម្មច្បាប់ស្តីពី “គណបក្សនយោបាយ” ទោះជាមិនទាន់ចូលជាធរមាន ក៏គេដឹងថា ច្បាប់នោះមានខ្លឹមសាររុញលោកសម រង្ស៊ី ឱ្យនៅក្រៅឆាកនយោបាយ តម្រូវឱ្យគណបក្សសង្គ្រោះជាតិ និងគណបក្សសម រង្ស៊ី “រត់តាមពីក្រោយ” ហត់ស្ទើរធ្លាក់អណ្តាត ព្រោះបើរត់មិនមើលក្រោម ជួនកាលធ្លាក់ជង្ហុក ឬមុតបន្លាកប់ជើង។ យោងតាមមាត្រា៤៨ថ្មី (ស្ទួន) នៃវិសោធនកម្មច្បាប់ស្តីពី “គណបក្សនយោបាយ” បានសរសេរថា “ចំពោះគណបក្សនយោបាយដែលមានឈ្មោះ  ឬសញ្ញាសម្គាល់របស់គណបក្ស ជាឈ្មោះ ឬរូបភាពរបស់រូបវន្តបុគ្គល ត្រូវធ្វើការផ្លាស់ប្តូរឈ្មោះ ឬសញ្ញាសម្គាល់ ឱ្យស្របតាមបទប្បញ្ញត្តិនៃច្បាប់នេះ ក្នុងរយៈពេល៩០ (កៅសិប) ថ្ងៃ យ៉ាងយូរ គិតចាប់តាំងពីថ្ងៃដែលច្បាប់នេះចូលជាធរមាន”។ គ្រាន់តែសេចក្តីស្នើច្បាប់នេះ ត្រូវបានរដ្ឋសភា ដែលមានតែតំណាងរាស្ត្រគណបក្សកាន់អំណាចលើកដៃព្រោងព្រាត ដោយអវត្តមានបក្សប្រឆាំងនោះ ទោះចង់ឬមិនចង់ ក៏គណបក្សសង្គ្រោះជាតិ ស្ទុះជើងបីជើងបួន បើកសម័យប្រជុំ និងហោះទៅជួបលោកសម រង្ស៊ី ដល់ហុងកុង រួចក៏ស្រុះស្រួលគ្នាដករូបថតលោកសម រង្ស៊ី ចាប់ដៃលោកកឹម សុខា ចេញពីស្លាកគណបក្ស។ ឥឡូវស្រាប់តែលេចឮថា លោកទាវ វណ្ណុល ប្រធានគណបក្សសម រង្ស៊ី បានកោះប្រជុំសហការី ដើម្បីប្តូរឈ្មោះ “គណបក្សសម រង្ស៊ី” ដោយត្រៀមឈ្មោះចំនួន៤ យកមកប្តូរ តែមិនទាន់ដឹងថាឈ្មោះអ្វីទេ។

ក្នុងបទសម្ភាសន៍ជាមួយ “នគរធំ” កាលពីពេលថ្មីៗនេះ លោកទាវ វណ្ណុល ប្រធានគណបក្សសម រង្ស៊ី និងជាសមាជិក ព្រឹទ្ធសភា ផងនោះ បានលើកឡើងថា “យើងនឹងប្តូរឈ្មោះគណបក្សសម រង្ស៊ី នៅពេលអនាគតឆាប់ៗខាងមុខនេះ។ អាចថា នៅពេលដែលច្បាប់នេះចូលធរមាន។ យើងដឹងហើយថា បើច្បាប់នេះ ក្រោយពេលដែលព្រះមហាក្សត្រឡាយព្រះហស្តលេខាហើយ គឺយើងមានរយៈពេល៣ខែ ដើម្បីធ្វើការផ្លាស់ប្តូរឈ្មោះឱ្យទាន់ពេលវេលាកាលបរិច្ឆេទនៃច្បាប់ហ្នឹង”។ បានន័យថា គណបក្សសម រង្ស៊ី កំពុងមូរជើងខោ រត់តាមច្បាប់ថ្មីនេះហើយ បន្ទាប់ពីមើលឃើញគ្រោះថ្នាក់ឈានដល់ការរំលាយគណបក្សសម រង្ស៊ី។ ដូច្នេះបើយកសកម្មភាពនេះមកពិចារណាឱ្យល្អិតល្អន់ យើងឃើញថាគណបក្សសម រង្ស៊ី កំពុងដើរជាន់សុភាសិត “ធ្វើក៏ខុស មិនធ្វើក៏ខុស” ដែល “នគរធំ” សូមបង្ហាញហេតុផលយកតែបុណ្យទៅចុះ…។

សូមរំព្ញកថា ព្រឹទ្ធសភា សព្វថ្ងៃនេះ មានតែគណបក្ស២ប៉ុណ្ណោះ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសម រង្ស៊ី ត្រូវបានក្រុមប្រឹក្សាឃុំ-សង្កាត់ បោះឆ្នោតជ្រើសតាំង កាលពីឆ្នាំ២០១២ និងត្រូវផុតអាណត្តិនៅដើមឆ្នាំ២០១៨ ខាងមុខនេះហើយ។ គណបក្សសម រង្ស៊ី ជាគណបក្សប្រឆាំង ដូចគណបក្សសង្គ្រោះជាតិដែរ គ្រាន់តែចែកផ្លូវគ្នាដើរ ឱ្យស្របតាមច្បាប់ប៉ុណ្ណោះ ដូច្នេះបើសិនជាគណបក្សសម រង្ស៊ី ដូរឈ្មោះទៅជា “គណបក្សភ្លើងទៀន”“គណបក្សភ្លើងចន្លុះ” ក៏ប្តូរតែ រូបប៉ុណ្ណោះ ឯចរិតប្រឆាំងនៅដដែល។

ជុំវិញការផ្លាស់ប្តូរឈ្មោះគណបក្សសម រង្ស៊ី នេះ ត្រូវបានតាៗញៀនកាហ្វេមួយចំនួន លើកយកមកជជែកគ្នាអែ បង្ហិន ទឹកតែអស់ទាំងប៉ាន់ៗ។ តាម្នាក់លើកឡើងថា “សមាជិកព្រឹទ្ធសភា គណបក្សសម រង្ស៊ី មានឈ្មោះក្នុងបញ្ជីបើកប្រាក់ខែ ដាក់ថា “ឯកឧត្តមនេះ ឯកឧត្តមនោះ លោកជំទាវនេះ លោកជំទាវនោះ ជាគណបក្សសម រង្ស៊ី” អ៊ីចឹងឧបមាថា ពួកគាត់ដូរឈ្មោះទៅជា “គណបក្សភ្លើងទៀន”“គណបក្សភ្លើងចន្លុះ” គ្មានឈ្មោះក្នុងបញ្ជីបើកប្រាក់ខែផង តើអ្នកណាហ៊ានបើកលុយឱ្យ? ជាងនេះទៀត បើត្រូវការប្រជុំម្តងៗ ប្រធានព្រឹទ្ធសភា ត្រូវកោះប្រជុំសមាជិកជាង៦០រូបនោះ ដែលមានគណបក្សប្រជាជនកម្ពុជា និងគណបក្សសម រង្ស៊ី ត្រូវចូលប្រជុំ ប៉ុន្តែបើប្រធានព្រឹទ្ធសភា កោះហៅគណបក្សភ្លើងទៀនឱ្យចូលប្រជុំ ឃើញថា “ខុសច្បាប់ធ្ងន់ណាស់” ព្រោះក្រុមប្រឹក្សាឃុំ-សង្កាត់ បានបោះឆ្នោតឱ្យគណបក្សសម រង្ស៊ី បានអាសនៈព្រឹទ្ធសភា ជាង១០ឯណោះ មានទៅបោះឱ្យគណបក្សភ្លើងទៀន ឬភ្លើងចន្លុះឯណា?” តាម្នាក់ទៀត លើកឡើងថា ទោះបីគណបក្សសម រង្ស៊ី ដូរឈ្មោះថ្មីទៅជាស្អីក៏ដោយ ក៏គេដឹងថា បក្សនោះ គឺជាអតីតបក្សសម រង្ស៊ី ដូច្នេះវាគ្មានបញ្ហាអ្វីទៅស្មុគស្មាញនោះទេ…។

ទោះជាយ៉ាងណា ជុំវិញខ្លឹមសារសុភាសិត “ធ្វើក៏ខុស មិនធ្វើក៏ខុស” នោះ ដើម្បីឱ្យមានទឡ្ហីករណ៍ច្បាស់លាស់ យើង សូមលើករឿងជាតក មកបង្ហាញដោយត្រួសៗ ដូចខាងក្រោម ៖

នៅក្នុងរឿង “សព្វសិទ្ធិ” ស្នាដៃរបស់ “ម៉ឺនភក្តីអក្សរតន់” បានតំណាលពីព្រះនាងសុវណ្ណកេសរ មិននិយាយស្តីរកប្រុសសោះ ទើបព្រះបាទព្រហ្មទត្ត ជាបិតា ចាត់ឱ្យកូនស្តេច កូននាហ្មឺន សេដ្ឋី ចូលលួងលោមព្រះនាង ធ្វើយ៉ាងណាឱ្យនិយាយ។ កាលនោះ ចៅសព្វសិទ្ធិ ទើបមកពីរៀនសិល្ប៍ ក៏ត្រូវមានឈ្មោះឡើងប្រាសាទ ដើម្បីលួងលោមព្រះនាង ទើបព្រះពោធិសត្វចាប់ផ្តើមរាយមន្តអាគមដកដួងចិត្តនាយភីលៀងជំនិត ទៅដាក់នឹងមាត់ទ្វារ អន្ទងចិត្តព្រះនាងសុវណ្ណកេសរ ឱ្យមានព្រះសវនីយ៍ជាមួយ។ បន្ទាប់មក បានដកដួងចិត្តភីលៀង ទៅដាក់នឹងប្រទីបជ្វាលា រួចដកទៅដាក់ពានព្រះស្រី (ពានដាក់ស្លាម្លូ) ជាចុងក្រោយ ដកទៅដាក់វាំងនន ឆ្លើយឆ្លងគ្នា រហូតព្រះនាងសុវណ្ណកេសរ មានព្រះសវនីយ៍ ដោយចាញ់ល្បិចចៅសព្វសិទ្ធិ។ បានន័យថា ទោះជាដួងចិត្តភីលៀងនៅក្នុងទ្វារ ក្នុងជើងពាន ឬក្នុងវាំងនន ក៏ជាភីលៀងដដែល ហើយអាចតម្រូវចិត្តក្សត្រីដ៏បវរ នោះឱ្យភ្លេចកម្មពៀរដែលមិននិយាយស្តីរកប្រុស។

យ៉ាងណាមិញ ទោះបីជាគណបក្សសម រង្ស៊ី ប្តូរឈ្មោះជាគណបក្សភ្លើងទៀន ភ្លើងចន្លុះ ឬតាមគម្រោងមាន៤ឈ្មោះ នោះ ក៏ចរិតប្រឆាំងនៅដដែលទេ ឬថា ដូរយ៉ាងណាក៏នៅតែភីលៀងនោះ ក្បត់សព្វសិទ្ធិ ដើម្បីដណ្តើមរាជ្យ និងអគ្គមហេសី ស្រីសុវណ្ណកេសរ ដ៏បវរ។ ការប្តូរឈ្មោះបែបតក់ក្រហល់នោះ ដើម្បីរត់តាមច្បាប់ថ្មីនេះឯង ។ វិសោធនកម្មច្បាប់ថ្មីនោះ ទោះជាព្រះមហាក្សត្រយាងទៅព្យាបាលព្រះរោគនៅក្រៅប្រទេស ក៏នៅប្រមុខរដ្ឋស្តីទីមកពីបក្សកាន់អំណាច អាចចុះហត្ថលេខាជំនួសព្រះអង្គបានដែរ ដែលជាហេតុធ្វើឱ្យអ្នករត់តាមច្បាប់នោះហត់ធ្លាក់អណ្តាត។

សរុបទៅ “ធ្វើក៏ខុស មិនធ្វើក៏ខុស” គឺមានន័យយ៉ាងនេះឯង បើបក្សសម រង្ស៊ី មិនដូរឈ្មោះ នឹងប្រឈមមុខជាមួយច្បាប់គណបក្សនយោបាយ អាចត្រូវរំលាយគណបក្ស ឬត្រូវ “ហាមធ្វើនយោបាយ៥ឆ្នាំ” នោះ ច្បាស់ជាសមាជិកព្រឹទ្ធសភា បក្សសម រង្ស៊ី អស់សិទ្ធិមិនខាន ព្រោះបើត្រឹមរំលាយគណបក្សអត់អីទេ ពួកគាត់អាចទៅជ្រកកោន ក្រោមម្លប់គណបក្សសង្គ្រោះជាតិ ប៉ុន្តែបើ “ហាមធ្វើនយោបាយ៥ឆ្នាំ” យ៉ាប់ហើយ។ ទោះយ៉ាងណា “ច្បាប់ប្រុស” ១ល្បះថា “នឹងដើរដូចភុជង្គ ឱ្យឱនអង្គអាចបារម្ភ ឱ្យត្រូវនឹងច្បាប់ក្រម គួរប្រតិបត្តិកុំឱ្យឆ្គង” ពោលគឺមានតែភាពទន់ភ្លន់ដូចនាគលូន ឬ “ងើយស្កក ឱនដាក់គ្រាប់” ទើបដោះស្រាយបញ្ហានេះបាន៕

ដោយ អាចារ្យថាំ

RELATED ARTICLES