Thursday, January 23, 2025
Homeព័ត៌មានជាតិរកមុខឃើញហើយ!!! ស្ត្រីជនជាតិវៀតណាមលួងលោមចាប់ក្មេងស្រី ប្រជាពលរដ្ឋទាមទារកាត់ទោសក្រៅប្រព័ន្ធតុលាការ សំណាងបានប៉ូលិសរារាំង

រកមុខឃើញហើយ!!! ស្ត្រីជនជាតិវៀតណាមលួងលោមចាប់ក្មេងស្រី ប្រជាពលរដ្ឋទាមទារកាត់ទោសក្រៅប្រព័ន្ធតុលាការ សំណាងបានប៉ូលិសរារាំង

ភ្នំពេញ៖ ដោយសារតែនៅក្នុងបណ្តាញទំនាក់ទំនងសង្គម កំពុងតែកក្រើកពាក់ព័ន្ធនឹងករណីចាប់​ក្មេងយកទៅវះយកគ្រឿងក្នុងលក់ ធ្វើឲ្យអាណាព្យាបាលមានការប្រុងប្រយ័ត្ននិងព្រួយបារម្ភចំពោះក្មេងតូចៗ ជាក់ស្តែងនៅវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៦ ខែកក្កដា នៅប៉ុស្តិ៍នគរបាលទួលសង្កែ មានប្រជាពលរដ្ឋរាប់រយនាក់ទៅឈរត្រៀបត្រាបណ្តាលឲ្យកកស្ទះចរាចរណ៍ បន្ទាប់ពី​ផ្អើលឆោឡោថាមានស្រ្តីជនជាតិវៀតណាមម្នាក់ លួងលោមក្មេងស្រីអាយុ១៤ឆ្នាំ នៅ​តាមបណ្តោយផ្លូវជាតិលេខ៥ ក្បែរសាលាអន្តរជាតិប៊ែល​ធី ស្ថិតនៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌ
ឬស្សីកែវ ។

ស្ត្រីជនជាតិវៀតណាម ដែលសមត្ថកិច្ចឃាត់ខ្លួន

ជនសង្ស័យមានឈ្មោះ ចាំង ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិវៀតណាម មានមុខរបរដើរកោសខ្យល់ ស្នាក់នៅភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។ ចំណែកឯជនរងគ្រោះមានឈ្មោះ រស់ ស្រីនិត ភេទស្រី អាយុ១៤ឆ្នាំ ​មុខរបរជាសិស្សថ្នាក់ទី៣ នៅសាលាកូលាប  ស្នាក់នៅផ្ទះលេខ125B ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ មានម្តាយ​ឈ្មោះទួន ស្រឡឹង ​អាយុ៣២ឆ្នាំ ​មុខរបរមេផ្ទះ និងឪពុកឈ្មោះអ៊ឹម រិទ្ធ ភេទប្រុស អាយុ៣៩ឆ្នាំ ​មុខរបរជាមេការសំណង់ ស្នាក់នៅជាមួយគ្នា ។

តាមប្រភពព័ត៌មានពីម្តាយឱពុកក្មេងស្រីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុគាត់មានកូនទាំងអស់៤នាក់ ស្រី២នាក់និងប្រុស២នាក់ ដោយកូនស្រីច្បងអាយុ១៤ឆ្នំា និងកូន​ពៅអាយុ១ខួបកន្លះ។ ជារៀងរាល់ថ្ងៃកូនស្រីច្បងជាកូនរងគ្រោះបានទៅរៀន តែពេលព្រឹកប៉ុណ្ណោះ នៅថ្ងៃកើតហេតុខាងលើកូនស្រី​របស់គាត់បានចេញពីផ្ទះ ហើយទៅអង្គុយលេងនៅជិតសាលាអន្តរជាតិប៊ែលធី ខណៈពេលកំពុងតែអង្គុយលេងបានមួយសន្ទុះ​ ស្រាប់តែមានស្ត្រីជនជាតិវៀតណាមម្នាក់​ បានមកនិយាយលួងលោមក្មេងស្រីរងគ្រោះ ហើយ​ទះស្មា​ រួចបបួលនាងទៅជួយរើអីវ៉ាន់ ប៉ុន្តែក្មេងរងគ្រោះមិនទាន់បានទៅជាមួយស្រ្តីជាជនសង្ស័យទេ ភ្លាមៗនោះសំណាងល្អមានអ្នករើសអេតចាយម្នាក់ប្រទះឃើញ ហើយស្គាល់ជនរងគ្រោះ ក៏បានដើរទៅប្រាប់ម្តាយក្មេងស្រីរងគ្រោះ ទើបម្តាយក្មេងស្រីរងគ្រោះបានទូរស័ព្ទទៅប្រាប់ប្តីឲ្យចេញពីកន្លែងធ្វើការ មកមើលកូនស្រីនៅកន្លែងកើតហេតុ ឃើញមានតែមនុស្សអ៊ូអរ ភ្លាមៗឪពុកក្មេងស្រីរងគ្រោះបានសួរនាំត្រូវប្រជាពលរដ្ឋប្រាប់ថា ស្រ្តី​សង្ស័យ​បានរត់គេចខ្លួនបាត់ហើយ ត្រូវឪពុករបស់ក្មេងស្រីរងគ្រោះជិះម៉ូតូតាមរករហូត​​ដល់ភោជនីយដ្ឋានម៉ូឌេន៥ ទើបតាមទាន់ ចាប់ខ្លួនប្រគល់ឲ្យនគរបាលប៉ុស្តិ៍ទួលសង្កែ យក​ទៅសួរនំា។

ហេតុការណ៍ខាងលើនេះ ផ្អើលថាស្រ្តីជាជនសង្ស័យចាប់ក្មេងស្រីរងគ្រោះយកទៅវះយកក្រលែន ឬវះយកគ្រឿងក្នុងដូចក្នុងហ្វេសប៊ុកដែលតែងបង្ហោះជារៀងរាល់ថ្ងៃ ទើបធ្វើឲ្យឪពុកម្តាយក្មេងស្រីរងគ្រោះ និងប្រជាពលរដ្ឋរាប់រយនាក់ មានការខឹងសម្បានិងផ្ទុះកំហឹង ចំពោះស្រ្តីសង្ស័យដោយមានបំណងកាត់ទោសក្រៅប្រព័ន្ធតុលាការទៀតផង តែបាន​សមត្ថកិច្ចរារាំងមិនឲ្យជួបជនសង្ស័យទេ ពេលដែលកើតហេតុភ្លាមៗ គឺប្រជាពលរដ្ឋបានត្រឹមនៅឈរមើលពីក្រៅរបងប៉ុស្តិ៍ទួលសង្កែ តែប៉ុណ្ណោះ ធ្វើឲ្យប្រជាពលរដ្ឋមានការខឹងសម្បារចំពោះសមត្ថកិច្ចទៀតផង។

ខណៈពេលដែលកំពុងតែផ្ទុះរឿងផ្អើលឆោឡោថាស្រ្តីជនជាតិវៀតណាម ចាប់ក្មេងវះយកគ្រឿងក្នុងនេះ មានជនជាតិវៀតណាម និងជនជាតិខ្មែរមួយចំនួន សរុបទាំងអស់៣១នាក់ ដែលរស់នៅភូមិជាមួយស្រ្តីសង្ស័យបានចេញពីមុខផ្តិតមេដាយធានាអះអាងថា ស្រ្តីសង្ស័យខាងលើនេះជា​មនុស្សឆ្កួតជ្រូក ជួនកាលមួយថ្ងៃ ​ប្រកាច់២ដងឯណោះ ។

ទោះបីជាមានប្រជាពលរដ្ឋចេញមុខធានាអះអាងថា ស្រ្តីសង្ស័យជាមនុស្សឆ្កួតជ្រូក ហើយពេលសួរនាំ ស្រ្តីសង្ស័យនិយាយស្តាប់គ្នាមិនបានក៏ដោយ ក៏ឪពុកម្តាយរបស់ជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទួលសង្កែ សូមឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ។ បច្ចុប្បន្នស្រ្តីសង្ស័យឃុំខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលទួលសង្កែ ដើម្បីស្រាវជ្រាវបន្តទៀត ៕

RELATED ARTICLES