Monday, November 25, 2024
Homeនយោបាយអតីតមេបក្សសម រង្ស៊ី ថានឹងរំលាយបក្ស នៅដើមឆ្នាំ២០១៨

អតីតមេបក្សសម រង្ស៊ី ថានឹងរំលាយបក្ស នៅដើមឆ្នាំ២០១៨

ភ្នំពេញ ៖ អតីតប្រធានគណបក្សសម រង្ស៊ី ដែលបច្ចុប្បន្នជាទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោកគង់ គាំ បានបញ្ជាក់ថា គណបក្សសម រង្ស៊ី នឹងរំលាយនៅដើមឆ្នាំ២០១៨ បន្ទាប់ពីគណបក្សនេះបានដូរឈ្មោះថ្មី។

លោកគង់ គាំ ទើបតែបានដាក់លិខិតលាលែងពីតំណែងប្រធាន និងសមាជិកភាពគណបក្សសម រង្ស៊ី ជាផ្លូវការ កាលពីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ ស្របពេលដែលគណបក្សសម រង្ស៊ី បើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ដើម្បីប្តូរឈ្មោះគណបក្ស ឱ្យស្របតាមច្បាប់គណបក្សនយោបាយថ្មី ដែលបានធ្វើវិសោធនកម្មជាលើកទី២នោះ។

ក្នុងពេលដាក់លិខិតលាលែងជាផ្លូវការនោះ លោកគង់ គាំ បានបញ្ជាក់ថា គណបក្ស សម រង្ស៊ី ជាគណបក្សដំបូងគេ ដែលធ្វើឱ្យប្រទេសកម្ពុជា ដើរតាមផ្លូវប្រជាធិបតេយ្យ ប៉ុន្តែគណបក្សក៏ជួបនូវឧបសគ្គជាច្រើនផងដែរ។ ជាពិសេសគណបក្សនេះ ក៏កំពុងប្រឈមនឹងការដូរឈ្មោះថ្មី មុននឹងរំលាយចោល នៅដើមឆ្នាំ២០១៨ ហើយសមាជិកទាំងអស់ នឹងទៅចូលរួមជាមួយគណបក្សសង្គ្រោះជាតិ។ ប៉ុន្តែយ៉ាងណា លោកសង្ឃឹមថា នៅគណបក្សសម រង្ស៊ី ឬឈ្មោះគណបក្សថ្មី ដែលត្រូវដូរជំនួសនឹងត្រូវរំលាយនៅដើមឆ្នាំ២០១៨ នោះ គណបក្សសង្គ្រោះជាតិ នឹងកាន់តែខ្លាំង ព្រោះមានការចូលរួមកម្លាំងពីថ្នាក់ដឹកនាំគណបក្សសម រង្ស៊ី។

លោកគង់ គាំ បានមានប្រសាសន៍ប្រាប់ “នគរធំ” នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ថា “បាទ! មែនទែនទៅ ខ្ញុំបានដាក់លិខិតមុន គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សសម រង្ស៊ី ប្រជុំមួយថ្ងៃ ហើយខ្ញុំមិនបានចូលរួមប្រជុំជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍ទេ ប៉ុន្តែទី១ ដែលអញ្ជើញសាកសួរហ្នឹង គឺថា ខ្ញុំបានដាក់លិខិតសុំគណៈកម្មាធិការអចិន្ត្រៃយ៍ បញ្ចប់សមាជិកភាពរបស់ខ្ញុំ ហើយនិងតួនាទីជាប្រធានគណបក្ស សម រង្ស៊ី ដោយសារ តែប្រឈមនឹងបរិបទវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយថ្មីហ្នឹង គណៈកម្មាធិការអចិន្ត្រៃយ៍ ពិភាក្សាគ្នាអំពីបញ្ហាដូរឈ្មោះគណបក្ស ហើយនៅសល់តែប៉ុន្មានខែប៉ុណ្ណោះ ខែមករា ហ្នឹង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ដែលសុទ្ធសឹងជាសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ហ្នឹង នឹងឈរបេក្ខជន សមាជិកព្រឹទ្ធសភាគណបក្សសង្គ្រោះជាតិ ហើយអត់មានគណបក្សសម រង្ស៊ី ទៀតទេ។ ដូច្នេះ នៅតែប៉ុន្មានខែហ្នឹង ការប្តូរឈ្មោះ ខ្ញុំក៏សម្រេចចិត្តថា ខ្ញុំទុកឱ្យការប្តូរឈ្មោះ ទុកឱ្យសមាជប្រព្រឹត្តទៅ រើសមេដឹកនាំប៉ុន្មានខែហ្នឹង ថ្មីចុះ ខ្ញុំសុំបញ្ចប់ការដឹកនាំរបស់ខ្ញុំ នៅក្នុងឈ្មោះគណបក្សសម រង្ស៊ី ដែលគណបក្សជាតិខ្មែរ និងគណបក្សសម រង្ស៊ី បានដំណើរការ២២ឆ្នាំមកហើយ ដែលទុកជាប្រវត្តិសាស្ត្រត្រួសត្រាយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ បានន័យថា ឈ្មោះគណបក្សហ្នឹងមានរហូតតែនៅក្នុងប្រវត្តិសាស្ត្រទេ មិនមានលេខរៀងឈរបេក្ខជនគណបក្សថ្មី ហើយនិងបេក្ខភាពសមាជិកព្រឹទ្ធសភារបស់ គណបក្សហ្នឹងទេ គឺថា ទាំងអស់គ្នា ជាជំហានៗ កន្លងមកហ្នឹង មានតំណាងរាស្ត្រ ក្រោយសង្គ្រោះជាតិ អត់មានសម រង្ស៊ី ក្រុមប្រឹក្សាឃុំ-សង្កាត់ ២០១៧ មានតែសង្គ្រោះជាតិ អត់មានគណបក្ស សម រង្ស៊ី។ ដូច្នេះចាត់ទុកថា សមាជិកព្រឹទ្ធសភា ឆ្នាំ២០១៨ របស់គណបក្សសម រង្ស៊ី អត់មានទេ ដូច្នេះគណបក្សសម រង្ស៊ី ឬគណបក្សដូរឈ្មោះថ្មីហ្នឹង ចប់ជាស្ថាពរហើយ”។

លោកគង់ គាំ បន្តថា “បាទ ! យើងគណបក្សសម រង្ស៊ី ហ្នឹង មានឧបសគ្គជាច្រើន ប៉ុន្តែ មិនដែលចាញ់ទេ ចំនួនកម្លាំងគាំទ្រ ហើយនិងចំនួនអាសនៈក្នុងសភា ឃើញថា កើនឡើងជាលំដាប់ ហើយចាប់ពីឆ្នាំ២០១២ មក គឺថា គណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សរួមគ្នាជាចលនាសង្គ្រោះជាតិ ហើយយើងឃើញថា ឆ្នាំ២០១៧ នេះ គណបក្សសង្គ្រោះជាតិ ដែលមានគណបក្សសម រង្ស៊ី ហើយគណបក្សសិទ្ធិមនុស្ស រួបរួមគ្នាហ្នឹង បានជោគជ័យក្រុម ប្រឹក្សាឃុំ-សង្កាត់ ចំនួនជិតពាក់កណ្តាល ចំនួនក្រុមប្រឹក្សាឃុំ-សង្កាត់ទូទាំងប្រទេស កើនឡើងដប់ដងជាងអ៊ីចឹង។ ដូច្នេះគណបក្សសម រង្ស៊ី មានមោទនភាពណាស់ថា យើងបានត្រួសត្រាយ លទ្ធិប្រជាធិបតេយ្យ ហើយបានឈានមកឆ្នាំ២០១៧ នៅថ្នាក់មូលដ្ឋាន កសាងអំណាចរដ្ឋថ្មីមួយ គឺអំណាចប្រជាពលរដ្ឋ ដោយអំណាចប្រជាពលរដ្ឋ ដើម្បីប្រជាពលរដ្ឋ ហើយយើងសង្ឃឹមថា នៅឆ្នាំ២០១៨ នេះ គណបក្សសង្គ្រោះជាតិ នឹងសម្រេចជាស្ថាពរនូវអំណាចរបស់ប្រជាពលរដ្ឋ ដោយប្រជាពលរដ្ឋ ដើម្បីប្រជាពលរដ្ឋនេះតទៅទៀត។ ជាការបញ្ជាក់ឡើងវិញ នៅដើមឆ្នាំ២០១៨ វាប្រាកដ អត់មានគណបក្សសម រង្ស៊ី ហើយនិងគណបក្សឈ្មោះថ្មីនោះទេ។ គណបក្សឈ្មោះថ្មីនោះ គ្រាន់តែសម្រួលឱ្យទៅតាមវិសោធនកម្មច្បាប់ស្តីអំពីច្បាប់គណបក្សនយោបាយថ្មី ដែលពាក់ព័ន្ធនឹងឈ្មោះទណ្ឌិត មានទោសឧក្រិដ្ឋ ឬមានឈ្មោះ មជ្ឈិម ដែលតុលាការសព្វថ្ងៃ គេវិនិច្ឆ័យនោះ។ ដូច្នេះជារួមមក គឺថា មានតែគណបក្សសង្គ្រោះជាតិទេ នៅឆ្នាំ២០១៨។ ក្នុងចំណុចនេះ ខ្ញុំហាក់ដូចជាយល់ស្របគ្នានឹងមតិសាធារណៈដែរថា គណបក្សសម រង្ស៊ី និងលោកប្រធាន សម រង្ស៊ី ត្រូវអ្នកមានអំណាចព្យាយាមកម្ចាត់ព្យាយាមផាត់ចេញពីឆាកនយោបាយ ប៉ុន្តែខ្ញុំយល់ថា ដូចអត់អាចស្លាប់បានទេ អត់អាចបញ្ចប់បានទេ អ្វីៗបានផ្ទេរទៅជាឆន្ទៈប្រជាពលរដ្ឋអស់ទៅហើយ។ ឆន្ទៈប្រជាពលរដ្ឋសព្វថ្ងៃ គឺប្រជាធិបតេយ្យ គឺការផ្លាស់ប្តូរហើយ”។

គួរបញ្ជាក់ដែរថា ដើម្បីឱ្យស្របតាមច្បាប់គណបក្សនយោបាយ ដែលនឹងចូលជាធរមាន ក្នុងរយៈពេល៣ខែ ខាងមុខនេះ គណបក្សសម រង្ស៊ី ដែលមានសមាជិកនៅព្រឹទ្ធសភានីតិកាលទី៣ ចំនួន១១នាក់ កាលពីព្រឹកថ្ងៃទី២៥ ខែ កក្កដា ឆ្នាំ២០១៧ បានបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ សម្រេចជ្រើសបានឈ្មោះមួយ ហើយដែលមិនមែនជាឈ្មោះបុគ្គល ជាពាក្យបីម៉ាត់ស្រដៀងគណបក្សសង្គ្រោះជាតិ។

លោកទាវ វណ្ណុល

លោកទាវ វណ្ណុល ប្រធានស្តីទីគណបក្ស សម រង្ស៊ី បានបញ្ជាក់ថា ឈ្មោះបីម៉ាត់នោះ ប្រហាក់ប្រហែលគ្នានឹងគណបក្សសង្គ្រោះជាតិដែរ អត់មានអីខុសពីគ្នាឆ្ងាយទេ ប្រជាពលរដ្ឋ ងាយចាំ ហើយការដែលបានសម្រេចយកឈ្មោះ មួយនោះ ដោយសារទាក់ទងទៅនឹងប្រវត្តិគណបក្ស។ ដូច្នេះឈ្មោះនេះ នឹងប្រកាសជាផ្លូវការ តាមរយៈការធ្វើសមាជវិសាមញ្ញោនៅពេលខាងមុខនេះ៕

កុលបុត្រ

RELATED ARTICLES