ភ្នំពេញ ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ ឃាត់ខ្លួនយកទៅធ្វើការអប់រំណែនាំ បន្ទាប់ពីបុរសម្នាក់នោះបានផឹកស៊ីស្រវឹង ដើរបង្កររឿងវាយប្រជាការពារភូមិ និងប្រជាពលរដ្ឋនៅតាមផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៨យប់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ចំណុចផ្លូវអត់លេខ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ជនបង្ករូបនោះ ត្រូវបានគេឲ្យដឹងថា ឈ្មោះ ថន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅគីឡូម៉ែត្រលេខ៧ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ។
តាមសម្ដីសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ បានឲ្យដឹងថា នៅមុនពេលកើតហេតុជនបង្កខាងលើនេះ មិនដឹងថា ចេញពីផឹកស៊ីនៅកន្លែងណានោះទេ ស្រាប់តែដើរមករករឿងប្រជាពលរដ្ឋ និងប្រជាការពារភូមិ ដែលកំពុងតែអង្គុយយាមនៅគោលដៅ ហើយបានយកទឹកក្ដៅជះទៅលើប្រជាការពារម្នាក់បណ្ដាលឲ្យរងរបួសបន្តិចបន្តួច ដោយសារតែបុរសរូបនោះនៅតែរឹងទទឹង ដើរជេរប្រមាថមើលងាយដល់ពួកគាត់ជាប្រជាការពារភូមិ ទើបខាងប្រជាការពារភូមិ បានហៅកម្លាំងសមត្ថកិច្ចឲ្យមកឃាត់បុរសម្នាក់នោះ ទៅសាកសួរនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ តែម្ដងទៅ។
នៅពេលសមត្ថកិច្ចយកបុរសម្នាក់នោះមកដល់ប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ បុរសម្នាក់នោះនៅតែបន្តជេរប្រមាថមកលើសមត្ថកិច្ចថែមទៀតផង។
ក្រោយពេលកើតហេតុ បុរសរូបនោះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនទុកឲ្យស្វាងស្រវឹងសិន ទើបសមត្ថកិច្ចធ្វើការអប់រំណែនាំរួចហើយ ឲ្យបងប្អូនមកធានា ទើបអោយត្រឡប់ទៅផ្ទះវិញ៕