Thursday, November 28, 2024
Homeព័ត៌មានជាតិមេកូន កើបលុយ

មេកូន កើបលុយ

ប្រជាពលរដ្ឋនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានខ្សឹបឱ្យឮតាម “នគរធំ” ថា មេប៉ូលិសអន្តោប្រវេសន៍ ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សព្វថ្ងៃកំពុងកាក់កបជាមួយនឹងការទារលុយពីប្រជាពលរដ្ឋ ដែលធ្វើប័ណ្ណឆ្លងដែន (Border Pass) ព្រមទាំងបើកដៃឱ្យមានការលក់ដូរ បែបអនា ធិបតេយ្យលើចិញ្ចើមថ្នល់ និងដងផ្លូវសាធារណៈ ជាថ្នូរនឹងការបង់លុយប្រចាំខែ ចូលហោប៉ៅ ផ្ទាល់ខ្លួន និងបក្ខពួក ពោលគឺទាំងមេ និងកូនចៅ ប៉ូលិសនៅច្រកទ្វារនេះ អង្គុយកើបលុយយ៉ាងធូររាល់ថ្ងៃ តាមរបៀប “ត្រីងៀតឆ្លៀតពង”

ប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែត បានខ្សឹបឱ្យឮថា លោកឧត្តមសេនីយ៍ត្រី ស៊ឹម សំអាត ដែលជាមេប៉ូលិសអន្តោប្រវេសន៍ ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត មានខ្នងបង្អែករឹងមាំណាស់ ក្នុងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ហេតុនេះទើបលោកមានអំណាចប្រមូលលុយពុករលួយចូលហោប៉ៅផ្ទាល់ខ្លួន និងបក្ខពួកយ៉ាងកាក់កប។ ជាក់ស្តែងប្រជាពលរដ្ឋដែលឆ្លងដែនចូលទឹកដីថៃ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានរិះគន់ចំៗថា លោកស៊ឹម សំអាត បានបើកដៃឱ្យមន្ត្រីក្រោមបង្គាប់ កំណត់លើតម្លៃ ធ្វើប័ណ្ណឆ្លងដែន តាមបបូរមាត់ ដោយគ្មាន យោគយល់ដល់ប្រជាពលរដ្ឋបន្តិចណាសោះ។

ប្រជាពលរដ្ឋបានខ្សឹបបន្តថា សម្រាប់ប្រជាពលរដ្ឋដែលមកពីបណ្តាខេត្តនានា ធ្វើប័ណ្ណ ឆ្លងដែន (Border Pass)  នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីចូលទៅទឹកឹដីថៃ ត្រូវបានមន្ត្រីច្រកទ្វារនេះ តម្រូវឱ្យបង់លុយក្នុងម្នាក់់ៗ ចាប់ពីីីី១៣០០បាត ទៅ១៥០០បាត។ ជាងនេះទៅទៀត លោកស៊ឹម សំអាត ជាមេប៉ូលិសអន្តោប្រវេសន៍ ច្រកទ្វារប៉ោយប៉ែត ថែមទាំងបានបើកដៃឱ្យថ្នាក់ក្រោមរបស់ខ្លួន អនុញ្ញាតឱ្យមានការលក់ដូរបែបអនាធិបតេយ្យ លើចិញ្ចើមថ្នល់ លើដងផ្លូវសាធារណៈ ជាថ្នូរនឹងការបង់លុយប្រចាំខែ ចាប់ពី១៥០០បាត រហូតដល់២ម៉ឺន បាត ក្នុង១ខែ បង្កការកកស្ទះចរាចរណ៍របស់ភ្ញៀវជាតិនិងអន្តរជាតិ ជារៀងរាល់ថ្ងៃទៀតផង។

ប្រជាពលរដ្ឋ បានខ្សឹបបន្តទៀតថា រាល់ថ្ងៃ លោកស៊ឹម សំអាត មេនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត និងបក្ខពួកកូនចៅអង្គុយចាំកើបលុយចែកគ្នាធ្វើមានបានយ៉ាងរំភើយ។ ជាពិសេស ការគាបយក លុយពីពលរដ្ឋដែលទៅធ្វើប័ណ្ណឆ្លងដែន លើសពីសៀវភៅបន្ទុកកំណត់ និងការទារលុយថ្លៃបាយក្រោមតុ។ ហេតុនេះ ប្រជាពលរដ្ឋសូមខ្សឹបឱ្យឮដល់ថ្នាក់ដឹកនាំនគរបាលអន្តោប្រវេសន៍ មេត្តាធ្វើការស៊ើបអង្កេតលើករណីនេះផង ចៀសវាងប៉ះពាល់ដល់មុខមាត់របស់អង្គភាពទាំងមូល និងកាត់បន្ថយ ការខឹងសម្បាពីប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ដោយផ្ទាល់។

ទោះជាយ៉ាងណា ជុំវិញការខ្សឹបខាងលើនេះ “នគរធំ” មិនដឹងថា មានការពិតកម្រិតណានោះទេ ដោយមិនអាចទាក់ទងសុំការបំភ្លឺពីលោកស៊ឹម សំអាត និងមន្ត្រីពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានទេ កាលពីម្សិលមិញ។ យ៉ាងណាយើងរង់ចាំទទួលការបកស្រាយបំភ្លឺ ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

ខៀវទុំ

RELATED ARTICLES