កណ្តាលៈ ហាងកាហ្វេលួចបង្កប់សេវាផ្លូវភេទចំនួន០២កន្លែង នៅទីប្រជុំជនស្រុកស្អាង ត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តកណ្តាល សហការជាមួយនគរបាលស្រុកស្អាង ឆ្មក់ចូលទៅបង្រ្កាបឃាត់ខ្លួននារីបម្រើសេវាផ្លូវភេទ ចំនួន០៦នាក់ ខណៈដែលម្ចាស់ទីតាំងទាំង០២ខាងលើនេះ រត់គេចខ្លួន។ ប្រតិបត្តិការបង្រ្កាបនេះធ្វើឡើង កាលពីវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ។
អធិការនគរបាលស្រុកស្អាងលោក សេង សុជាតិ បានឲ្យដឹងថា ទីតាំងបង្កប់សេវាផ្លូវភេទ ទី១. មានម្ចាស់ឈ្មោះ ចាន់ លក្ខិណា ហៅស៊ីណា ភេទស្រី អាយុ៣៨ឆ្នាំ បច្ចុប្បន្នរត់គេចខ្លួន ។ ទីតាំងទី១នេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួននារីបម្រើសេវាផ្លូវភេទ ចំនួន០៤នាក់ ទី១. ឈ្មោះផល លីន ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិឥស្លាម ទី២. ឈ្មោះ អ៊ែល ស្រីនី ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរឥស្លាម ទី៣. ឈ្មោះ ផល អៃណា ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរឥស្លាម ទាំង៣នាក់នេះ មានស្រុកកំណើតនៅភូមិឆ្លូងទី១ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងទី៤. ឈ្មោះ អ៊ាវ ស៉ីថា ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិពុទ្ធស ឃុំពុទ្ធស ស្រុកបាទី ខេត្តតាកែវ ។
លោកសេង សុជាតិ បានបន្តថា ទីតាំងបង្កប់សេវាផ្លូវភេទទី២ មានម្ចាស់ឈ្មោះ ម៉ុន ស្រីថូ ហៅពៅ ភេទស្រី អាយុ២៦ឆ្នាំ បច្ចុប្បន្នរត់គេចខ្លួន។ ទីតាំងទី២នេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួននារីបម្រើសេវាផ្លូវភេទចំនួន០២នាក់ ទី១. ឈ្មោះ ភ័ក្រ ស្រីធា ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិព្រែកទន្លាប់ ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ទី២. ឈ្មោះ ធា គឹមសា ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិអំពិល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ។
ក្នុងប្រតិបត្តិការបង្រ្កាបទីតាំងលួចបង្កប់សេវាផ្លូវភេទខាងលើនេះ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងជាក់ស្តែង រួមមាន ស្រោមអនាម័យទើបប្រើប្រាស់ថ្មីៗចំនួន០៣ និងស្រោមអនាម័យមិនទាន់ប្រើប្រាស់ចំនួន០៧ប្រអប់ផងដែរ ។
លោករស់ សាវិន នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានថា នៅទីប្រជុំជនស្រុកស្អាង មានហាងកាហ្វេបង្កប់សេវាផ្លូវភេទរួចមក ការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានសុំបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ត និងការឯកភាពពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត សហការជាមួយនគរបាលស្រុកស្អាង ចុះធ្វើការឆ្មក់បង្រ្កាបទីតាំងទាំង២ខាងលើនេះ រហូតឈានដល់បង្រ្កាបឃាត់ខ្លួននារីបម្រើសេវាផ្លូវភេទ ចំនួន០៦នាក់ ខណៈដែលម្ចាស់ទីតាំងទាំង០២ខាងលើនេះរត់គេចខ្លួន ។
ប្រធានការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តកណ្តាល បានបញ្ជាក់យ៉ាងដូច្នេះថា ក្រោយពីធ្វើការបង្រ្កាបឃាត់នារីបម្រើសេវាផ្លូវភេទទាំង០៦នាក់ខាងលើនេះ ត្រូវបានសមត្ថកិច្ចនគរបាលធ្វើកិច្ចសន្យា និងអប់រំនៅនឹងកន្លែងបញ្ឈប់សកម្មភាពនេះ រួចធ្វើការដោះលែងឲ្យមានសេរីភាពវិញ។ ដោយឡែកទីតាំងខាងលើនេះ ត្រូវបានបិទទ្វារបណ្ដោះអាសន្ន រហូតមានច្បាប់អនុញ្ញាតិត្រឹមត្រូវ ទើបប្រគល់ឲ្យម្ចាស់វិញ។ ចំណែកឯម្ចាស់អាជីវកម្ម ០២នាក់ ដែលគេចខ្លួន ត្រូវបានសមត្ថកិច្ចនគរបាលកសាងសំណុំរឿង ដើម្បីចាត់ការតាមច្បាប់ ។
សូមបញ្ជាក់ថា ទីតាំងខាងលើនេះត្រូវបានស្ត្រីឈ្មោះ ចាន់ លក្ខិណា ហៅស៊ីណា និងឈ្មោះ ម៉ុន ស្រីថូ ហៅពៅ ជួលពីម្ចាស់ ដើម្បីបើកហាងកាហ្វេ តែបែរជាលួចបង្កប់សេវាផ្លូវភេទទៅវិញ ៕