ខេត្តស្វាយរៀង ៖ លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានបន្តចុះផ្សព្វផ្សាយ ផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពគណបក្សសង្គ្រោះជាតិ នៅតាមបណ្តារាជធានីខេត្តទូទាំងប្រទេស។ ជាមួយគ្នានេះ មេបក្ស ប្រឆាំងរូបនេះ ក៏បានណែនាំឱ្យថ្នាក់ដឹកនាំបក្ស នៅមូលដ្ឋានស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយ និងដាក់ចេញយុទ្ធនាការធ្វើស្ថិតិប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាននីមួយៗ ជុំវិញការបោះឆ្នោត ដើម្បីឈានទៅដណ្តើមជ័យជម្នះក្នុងការបោះឆ្នោតនៅឆ្នាំ២០១៨ ខាងមុខ។
លោកកឹម សុខា បានលើកឡើងនូវយុទ្ធនាការបែបនេះ ក្នុងឱកាសដែលលោកបានចុះ ផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ និងផែនការ សកម្មភាពគណបក្សសង្គ្រោះជាតិ នៅស្រុកកំពង់រោទ៍ និងស្រុករំដួល ខេត្តស្វាយរៀង កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧។
ក្រៅពីថ្លែងណែនាំផ្ទាល់ដល់ថ្នាក់ដឹកនាំបក្សនៅមូលដ្ឋានខេត្តស្វាយរៀង នាពេលនោះ លោកកឹម សុខា ក៏បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃដដែលនោះថា “ក្នុងយុទ្ធនាការចុះផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពគណបក្សសង្គ្រោះជាតិ” ដល់ថ្នាក់ដឹកនាំមូលដ្ឋានខេត្តស្វាយរៀង ខ្ញុំបានលើកឡើងនូវ៥ចំណុច គឺ ៖
ទី១-ការស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយ
ទី២-ការធ្វើស្ថិតិប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននីមួយៗ ជុំវិញការបោះឆ្នោត
ទី៣-ការរៀបចំផែនការសកម្មភាព តាម រយៈផែនការយុទ្ធសាស្ត្រ
ទី៤-ការវាយតម្លៃលើការអនុវត្តផែនការសកម្មភាព
ទី៥-សេចក្តីសន្និដ្ឋាន”។
គួរបញ្ជាក់ថា កាលពីដើមខែកក្កដា ឆ្នាំ២០១៧ លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានដឹកនាំការប្រជុំពិភាក្សា និងសម្រេចជាមួយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដើម្បីកសាងផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាព សម្រាប់មួយឆ្នាំ គឺចាប់ពីខែកក្កដា ឆ្នាំ២០១៧ ដល់ខែកក្កដា ឆ្នាំ២០១៨។ បន្ទាប់មក នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ លោកកឹម សុខា បានចាប់ផ្តើមចុះទៅធ្វើការណែនាំដល់ថ្នាក់ដឹកនាំមូលដ្ឋានខេត្តកំពង់ចាម មុនគេ អំពីការកសាងផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពលម្អិត សម្រាប់ខេត្ត-ក្រុង-ស្រុក-ឃុំនីមួយៗក្នុងខេត្តកំពង់ចាម នៅស្រុកចម្ការលើ និងស្រុកស្ទឹងត្រង់។
លោកកឹម សុខា បានបញ្ជាក់នៅពេលនោះថា លោកនឹងចុះទៅធ្វើការណែនាំអំពីការកសាងផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពគណបក្សសង្គ្រោះជាតិនេះ ដល់ថ្នាក់ដឹកនាំមូលដ្ឋានខេត្តនានា ទាំង២៥ រាជធានី-ខេត្ត ទូទាំងប្រទេស។
ដោយឡែក កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ ទំព័រហ្វេសប៊ុកលោកកឹម សុខា បានសរសេរថា “ទោះបីការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០១៧ កន្លងផុតទៅហើយក៏ដោយ ក៏លោកប្រធាន កឹម សុខា កំពុងសកម្មក្នុងការចុះផ្សព្វផ្សាយអំពី “ផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពគណបក្សសង្គ្រោះជាតិ” ដល់ថ្នាក់ដឹកនាំមូលដ្ឋានគណបក្សទាំង២៥រាជធានី-ខេត្ត ទូទាំងប្រទេស។
បន្ថែមលើការងារដឹកនាំគណបក្សថ្នាក់ជាតិ និងការងារមូលដ្ឋានគណបក្ស លោកប្រធាន ក៏កំពុងមមាញឹកក្នុងទំនាក់ទំនងការទូតផងដែរ។ ជាក់ស្តែងកាលពីសប្តាហ៍មុន លោកប្រធានបានជួបជាមួយមន្ត្រីក្រសួងការបរទេសចក្រភព អង់គ្លេស ព្រមទាំងឯកអគ្គរាជទូតអង់គ្លេស ប្រចាំកម្ពុជា។ ក្នុងសប្តាហ៍ដដែល លោកក៏មានជំនួប ជាមួយឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំកម្ពុជា។
ចំពោះការងារទូតនៅសប្តាហ៍នេះ លោកប្រធាន ក៏បានជួបទទួលទានអាហារថ្ងៃត្រង់ ពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា។ ហើយនៅថ្ងៃស្អែក លោកនឹងមានជំនួបជាមួយឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋ បារាំងប្រចាំកម្ពុជា។
ចំណែកនៅសប្តាហ៍ក្រោយ លោកប្រធាន នឹងមានជំនួបជាមួយអ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ដែលនឹងមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជា”។
ជុំវិញជំនួបពិភាក្សាការងារជាមួយលោកស្រីឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋបារាំង ប្រចាំកម្ពុជា កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ថា “រសៀលនេះ នៅស្ថានទូតបារាំង ខ្ញុំបានជួបពិភាក្សាការងារជាមួយលោកស្រីអេវ៉ា ង្វៀនប៊ិញ (Eva Nguyen Binh) ជាឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋបារាំង ប្រចាំកម្ពុជា។ ក្នុងជំនួបនេះ យើងបានពិភាក្សាគ្នា អំពីស្ថានភាពនយោបាយ ជាពិសេសជុំវិញការបោះឆ្នោតនៅប្រទេសកម្ពុជា”៕
ខៀវទុំ