Monday, November 25, 2024
Homeនយោបាយលោកសម រង្ស៊ី សួរថា តើនឹងមានទោសទេ បើគេបង្ហាញរូបលោកជាមួយមេដឹកនាំបក្សកាន់អំណាច?

លោកសម រង្ស៊ី សួរថា តើនឹងមានទោសទេ បើគេបង្ហាញរូបលោកជាមួយមេដឹកនាំបក្សកាន់អំណាច?

ភ្នំពេញ ៖ បន្ទាប់ពីវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ ត្រូវបានប្រមុខរដ្ឋស្តីទី សម្តេចសាយ ឈុំ ចុះហត្ថលេខា ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរួចមក លោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានលើកឡើងថា ចាប់ពីសប្តាហ៍ក្រោយនេះតទៅ នរណាហ៊ានបង្ហាញរូបលោកជាមួយលោកកឹម សុខា នឹងមានទោស។ ជាមួយគ្នានេះ លោកសម រង្ស៊ី ក៏បានចោទជាសំណួរថា តើមានទោសឬទេ បើមានគេបង្ហាញរូបលោកជាមួយមេដឹកនាំគណបក្សកាន់អំណាច?

លោកសម រង្ស៊ី បានបង្ហោះរូបថតមួយសន្លឹក ដែលមានរូបលោកជាមួយថ្នាក់ដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជា រួមមានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្ស។ សម្តេចសាយ ឈុំ និងសម្តេចស ខេង អនុប្រធានគណបក្ស កាលជួបចរចានយោបាយ កន្លងមកនោះ ព្រមជាមួយសំណេរខ្លីនៅក្នុងទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ ថា “ចាប់ពីសប្តាហ៍ក្រោយទៅ ដោយសារតែច្បាប់ចេញថ្មី នរណាហ៊ានបង្ហាញរូបខ្ញុំជាមួយលោកកឹម សុខា នឹងមានទោស។ តែបើបង្ហាញរូបខ្ញុំជាមួយជន៣នាក់ (សូមទោស សម្តេច ៣អង្គ ! នៅខាងឆ្វេងរូបថតនេះ) តើនឹងមានទោសដែរឬទេ?”។

លោកកឹម សុខា និងលោកសម រង្ស៊ី

ទាក់ទងនឹងការលើកឡើងជាសំណួររបស់លោកសម រង្ស៊ី ខាងលើនេះ មិនអាចទាក់ទងសុំយោបល់បន្ថែមពីលោកយឹម សុវណ្ណ និងលោកយ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានទេ កាលពីម្សិល។

ប៉ុន្តែការលើកឡើងរបស់លោកសម រង្ស៊ី បានធ្វើឡើងក្រោយពេលដែលគណបក្សសង្គ្រោះជាតិ កាលពីរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ បានបើកកិច្ចប្រជុំសម្រេចដករូប លោក សម រង្ស៊ី ចាប់ដៃលោកកឹម សុខា ចេញពីស្លាកគណបក្ស ដោយជំនួសមកវិញនូវពាក្យស្លោកថា “រួមគ្នាសង្គ្រោះជាតិយើង” ដោយឡែករូបសញ្ញាព្រះអាទិត្យ គឺរក្សាទុកនៅដដែល។

ទោះបីយ៉ាងណា ពាក់ព័ន្ធនឹងសំណួររបស់ លោកសម រង្ស៊ី ខាងលើនេះ ទាំងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា អ្នកនាំពាក្យក្រសួង យុត្តិធម៌ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា បើត្រឹមតែបង្ហាញរូបថតជាលក្ខណៈបុគ្គល មិនមានខុសទេ កុំឱ្យតែមានចេតនាទុច្ចរិតចូល រួមជាមួយគណបក្សនយោបាយ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកឈឹម ផលវរុណ បានបញ្ជាក់ថា ច្បាប់គណបក្សនយោបាយ គឺដាក់ទោសចំពោះគណបក្សនយោបាយដែលយករូបទណ្ឌិតមកប្រើ។ ឯបុគ្គលយកមកប្រើ គឺអត់មានបញ្ហាទេ ព្រោះជារឿងរបស់បុគ្គល។ បានន័យថា លោកសម រង្ស៊ី យករូបមកភ្ជាប់ជាមួយគណបក្សប្រជាជនកម្ពុជា គឺជារឿងរបស់ទណ្ឌិតសម រង្ស៊ី។ ចំណែកច្បាប់ហាមតែគណបក្សនយោបាយ គឺមិនអាចយករូបភាពទណ្ឌិតមកភ្ជាប់ ដើម្បីកេងចំណេញនយោបាយសម្រាប់គណបក្សខ្លួនបានឡើយ។

លោកឈឹម ផលវរុណ បានមានប្រសាសន៍ប្រាប់ “នគរធំ” នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ ថា “រឿងការភ្ជាប់ ការប្រើឈ្មោះការប្រើរូបភាព ទណ្ឌិត គឺគណបក្សណាបើប្រើបានន័យថា បំពានច្បាប់ ប៉ុន្តែអានេះយើងនៅពិនិត្យទៀតថា តើទណ្ឌិតហ្នឹងជាទណ្ឌិតមាននិន្នាការទៅខាងណា? ដូចទណ្ឌិតសម រង្ស៊ី ជាទណ្ឌិតដែលមាននិន្នាការ បក្សប្រឆាំងសុទ្ធសាធ។ ដូច្នេះអ្នកណាក៏ដឹងដែរ ពិភពលោកទាំងមូល មិនមែនតែប្រជាពលរដ្ឋខ្មែរទេ គឺគេដឹងទាំងអស់ ថា លោកសម រង្ស៊ី និន្នាការប្រឆាំងនឹងគណបក្សប្រជាជនកម្ពុជា។ អ៊ីចឹងទោះបីជាលោកសម រង្ស៊ី ឬក៏មន្ត្រីបក្ស ប្រឆាំង ឬក៏ជនខិលខូចណាឆ្លៀតប្រើល្បិចកល យករូបទណ្ឌិតសម រង្ស៊ី មកភ្ជាប់ជាមួយរូបគណបក្សប្រជាជនកម្ពុជា គឺគ្មានអ្នកណាគេជឿថា គណបក្សប្រជាជនកម្ពុជាទៅយករូបភាពលោក សម រង្ស៊ី ទេ គឺមានតែឧបាយកល ទុច្ចរិតរបស់ពួកអ្នកប្រឆាំងទេ។ ដូច្នេះផ្លូវច្បាប់ គឺអត់មានពាក់ព័ន្ធទេ ព្រោះមុននឹងគេធ្វើការវិនិច្ឆ័យទៅលើទង្វើល្មើសច្បាប់ គេត្រូវស្វែងរកការពិត ហើយនិងផ្សារភ្ជាប់ជាមួយនឹងសាវតារនៃទណ្ឌិត ជាមួយគណបក្ស។ ដូច្នេះវាអត់មានអ្វីដែលគណបក្សប្រជាជនកម្ពុជា ត្រូវបារម្ភនឹងឧបាយកលទុច្ចរិតរបស់លោកសម រង្ស៊ី ទេ។ រូបភាព ដែលកើតមានមុនច្បាប់ហ្នឹងចូលជាធរមាន វាអត់ធាក់ថយទេ សូម្បីតែរូបភាពដែលកើតមានពីមុនរវាងលោកកឹម សុខា ជាមួយលោកសម រង្ស៊ី រូបភាពវប្បធម៌សន្ទនារវាងសម្តេចតេជោ ជាមួយលោកសម រង្ស៊ី អត់មានធាក់ថយទេ។ ប៉ុន្តែច្បាប់នេះចូលជាធរមានរូបភាពនេះពុំត្រូវ បានយកមកប្រើក្នុងន័យ ដើម្បីកេងចំណេញ នយោបាយ សម្រាប់គណបក្សនយោបាយណាមួយទៀតឡើយ។ អ៊ីចឹងបានន័យថា បើរូបភាពណាដែលយកមកបង្ហោះក្រោយនេះ លុះត្រាតែប្រើដើម្បីកេងចំណេញនយោបាយ សម្រាប់គណបក្ស អាហ្នឹងគឺគណបក្សហ្នឹងមានទោស ប៉ុន្តែបើជាឧបាយកលនៃការមួលបង្កាច់បង្ខូច នៅក្នុងសមានចិត្តមិនល្អ អាហ្នឹងគឺគេអាចពិនិត្យទង្វើចេតនាហ្នឹងទៀត។ ដូច្នេះវាអត់មានអ្វី ដែលគណបក្សប្រជាជនកម្ពុជា ត្រូវការយករូបលោកសម រង្ស៊ី ដើម្បីកេងចំណេញ សម្រាប់គណបក្សប្រជាជនកម្ពុជាទេ ព្រោះនរណាក៏ដឹងដែរ លោកសម រង្ស៊ី គឺជាមនុស្សផ្កាប់មុខ ប្រឆាំងប្រមាថមកលើគណបក្សប្រជាជនកម្ពុជា ទាំងស្រុងហើយ វាគ្មានកំណើតឯណាដែលលោក សម រង្ស៊ី ស្មោះត្រង់ ឬក៏បំណងល្អសម្រាប់ផ្តល់នូវការចំណេញសម្រាប់គណបក្សប្រជាជនកម្ពុជាទេ គឺលោកសម រង្ស៊ី មានតែប៉ុនប៉ងផ្តួលរំលំ បំផ្លិចបំផ្លាញ និងមូលបង្កាច់កិត្តិយសគណបក្សប្រជាជនកម្ពុជា នោះឯង។ ដូច្នេះច្បាប់គណបក្ស គឺដាក់ទោសចំពោះគណបក្សដែលយករូបទណ្ឌិតមកប្រើ ឯបុគ្គលយកមកប្រើ អាហ្នឹងវាអត់មានបញ្ហាទេ វាជារឿងរបស់បុគ្គលហ្នឹង។ ឧទាហរណ៍ថា ទណ្ឌិតសម រង្ស៊ី យករូបគាត់ ភ្ជាប់ជាមួយគណបក្សប្រជាជនកម្ពុជា គឺជារឿងរបស់ទណ្ឌិត សម រង្ស៊ី ឯច្បាប់ហាមគណបក្សទេ មិនមែនហាមបុគ្គល។ ច្បាប់ហាមគណបក្ស ដែលមិនអាចយករូបភាពទណ្ឌិតមកភ្ជាប់ ដើម្បីកេងចំណេញនយោបាយសម្រាប់គណបក្សខ្លួន។ អ៊ីចឹងគណបក្សប្រជាជនកម្ពុជា គ្មានអ្វីដែលត្រូវយករូបភាពទណ្ឌិតសម រង្ស៊ី មកដើម្បីចំណេញ គណបក្សប្រជាជនកម្ពុជាទេ គឺមានតែគណបក្សសង្គ្រោះជាតិទេ តែបើគណបក្សសង្គ្រោះជាតិ គេក៏ដកឃ្លាពីលោកសម រង្ស៊ី ដើម្បីគោរពអនុវត្តច្បាប់ អាហ្នឹងក៏គេអត់មានបញ្ហាអីដែរ តែរឿង លោកសម រង្ស៊ី នៅតែតាមភ្ជាប់ខ្លួនជាមួយគណបក្សណា អាហ្នឹងវាជារឿងរបស់លោកសម រង្ស៊ី ទេ ហើយច្បាប់គណបក្សដែលចូលជាធរមាន ម្សិលមិញនេះ គឺពុំបាននិយាយសំដៅទៅលើទណ្ឌិតទេ គឺនិយាយសំដៅទៅលើគណបក្ស នយោបាយ ដែលមិនត្រូវផ្សារភ្ជាប់ខ្លួនជាមួយនឹងទណ្ឌិត”។

លោកឈឹម ផលវរុណ បានមានប្រសាសន៍បន្តថា “ការពិតទៅ វាជាមារយាទរបស់លោកសម រង្ស៊ី ទេ យើងគ្មានអ្វីដែលត្រូវណែនាំទេ បើលោកសម រង្ស៊ី ជាមនុស្សដែលមានសតិសម្បជញ្ញៈសុចរិត បរិសុទ្ធហ្នឹង លោកសម រង្ស៊ី មិនអាចក្លាយទៅជាទណ្ឌិតទេ ប៉ុន្តែដោយសារលោកសម រង្ស៊ី ជាបុគ្គលទុច្ចរិត ជាបុគ្គលបំផ្លើស បំប៉ោង ហើយបំពានច្បាប់។ ដូច្នេះហើយបានជាលោកសម រង្ស៊ី ទទួលឋានៈជាទណ្ឌិត ដូច្នេះ យើងគ្មានទៅសំណូមពរ ឬសំណើទៅទណ្ឌិតទេ គឺទណ្ឌិតទេ ដែលត្រូវកែខ្លួនតាមវិធានច្បាប់ ដោយខ្លួនឯងទេ តែបើសិនជាលោកសម រង្ស៊ី ជាទណ្ឌិតហើយៗរត់ចោលស្រុកគេចពីការទទួលខុសត្រូវមុខច្បាប់ អាហ្នឹងធ្វើម៉េចជាមារយាទរបស់លោក សម រង្ស៊ី ប៉ុន្តែវាគ្មានទាក់ទងអ្វីសម្រាប់លោក សម រង្ស៊ី ទៀតទេ”។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោកជិន ម៉ាលីន បានបញ្ជាក់ថា បើសិនជាអ្នកចេះច្បាប់ យល់ពីច្បាប់ច្បាស់លាស់អត់ពិបាកអីទេនៅក្នុងរឿងនេះ ព្រោះច្បាប់ដើម្បីដាក់ទោសអ្នកណាម្នាក់ ទាល់តែមានធាតុផ្សំ ហើយធាតុផ្សំសំខាន់ គឺចេតនាទុច្ចរិត។ បានន័យថា បើលោកសម រង្ស៊ី បង្ហោះរូបជាមួយមន្ត្រីគណបក្សប្រឆាំង ក្នុងចេតនា នយោបាយ លោកសម រង្ស៊ី នឹងត្រូវមានទោស ប៉ុន្តែបើលោកសម រង្ស៊ី បង្ហោះរូបភាពជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ឬអ្នកណាមួយ ក្នុងលក្ខណៈបុគ្គល លោកសម រង្ស៊ី មិនមានទោសទេ។

លោកជិន ម៉ាលីន

លោកជិន ម៉ាលីន បានមានប្រសាសន៍ថា “អ៊ីចឹងទេ បើសិនជាការបង្ហោះរូបភាពរបស់គាត់មានចេតនាមួយក្នុងបម្រើផលប្រយោជន៍នយោបាយដល់គណបក្សមួយ។ ឥឡូវថា គាត់បង្ហោះរូបគាត់ជាមួយនឹងគណបក្សសង្គ្រោះជាតិ ក្នុងការបម្រើផលប្រយោជន៍របស់គណបក្សហ្នឹង អាហ្នឹងចេតនាហ្នឹង គឺចេតនាទុច្ចរិត ដែលបម្រើឱ្យបក្ស។ អ៊ីចឹងទេ បើសិនជាគាត់បង្ហោះរូបអ្នកផ្សេង ជាមួយអ្នកណាអី គឺមិនមានទោសអីទេ ព្រោះគាត់អត់មានចេតនាទុច្ចរិត បម្រើផលប្រយោជន៍ដល់គណបក្សនោះផង។ បើបម្រើបុគ្គលផ្ទាល់ខ្លួនរបស់គាត់ក្នុងន័យមិត្តភាព ជាជីវិតឯកជនរបស់គាត់ អាហ្នឹងច្បាប់គ៏គេមិនអាចដាក់ទោសគាត់បានដែរ។ អ៊ីចឹងមិនមែនបានន័យថា គេហាមឃាត់គាត់មិនឱ្យទៅថតរូបជាមួយអ្នកនេះអ្នកនោះ អ្នកណាផ្សេងទៀតទេ គាត់ថតរូបជាមួយប្រពន្ធគាត់ ជាមួយកូនគាត់ ជាមួយអ្នកដែលគាត់ធ្លាប់ស្គាល់ មិនជាបញ្ហាអីទេ។ តែសំខាន់កុំឱ្យគាត់ថតរូបក្នុងចេតនាបម្រើនយោបាយ ជាផលប្រយោជន៍នយោបាយដល់គណបក្សមួយ អាហ្នឹងដែលច្បាប់នៃគណបក្សនយោបាយហាមឃាត់។ អ៊ីចឹងទេ សំណួររបស់គាត់ ការលើកឡើងរបស់គាត់ វាជាការបំភ័ន្តនូវមតិសាធារណៈមួយ ដោយធ្វើឱ្យមានការភ័ន្តច្រឡំទៅលើទិដ្ឋភាពច្បាប់ ប៉ុន្តែសម្រាប់ អ្នកដែលយើងដឹងច្បាស់នូវទិដ្ឋភាពច្បាប់ ទស្សនទានព្រហ្មទណ្ឌហ្នឹង គេមិនយល់ថា ខុសច្បាប់ នោះទេ ប៉ុន្តែបើសាធារណជនទូទៅ អាចមានការភ័ន្តច្រឡំ ដោយសារការលើកឡើងរបស់គាត់”។

លោកជិន ម៉ាលីន បានបន្តថា “ក្រសួងយុត្តិធម៌ មិនមានជំហរយ៉ាងណា គាំទ្រឬមិន គាំទ្រអីទេ ព្រោះក្រសួងយុត្តិធម៌ មានតួនាទីមួយ គឺអនុវតត្តច្បាប់។ ច្បាប់គឺអនុម័តដោយសភា ហើយឡាយព្រះហស្តលេខាប្រកាសឱ្យប្រើ។ អ៊ីចឹងក្រសួងយុត្តិធម៌ ជាស្ថាប័នតំណាង នីតិប្រតិបត្តិ គឺមិនមានជំហរគាំទ្រឬមិនគាំទ្រអីទេ ក៏ប៉ុន្តែគឺមានកាតព្វកិច្ចមួយត្រូវអនុវត្ត ច្បាប់ហ្នឹងឱ្យសម្រេចតាមគោលបំណងរបស់ច្បាប់។ អ៊ីចឹងបើអ្នកណាមួយដែលរំលោភបំពាន ទៅលើច្បាប់ហ្នឹង ហើយមានយន្តការនីតិវិធីរបស់តុលាការៗត្រូវតែអនុវត្តឱ្យបានម៉ឺងម៉ាត់ ទៅតាមបទប្បញ្ញត្តិនៃច្បាប់ អាហ្នឹងជាគោលការនីតិរដ្ឋនៃប្រជាធិបតេយ្យទូទៅ។ អ៊ីចឹងគឺ សំណូមពរឱ្យគ្រប់ភាគីដែលពាក់ព័ន្ធទាំងអស់ហ្នឹង កុំព្យាយាមបំភ្លៃនូវអត្ថន័យពិតប្រាកដរបស់ច្បាប់​ រួមទាំងសង្គមស៊ីវិលក៏ដោយ កុំព្យាយាម បំភ្លៃ ដើម្បីប្រយោជន៍មួយៗ ឬក៏ដោយនិន្នាការនយោបាយរបស់ខ្លួន ឬក៏ដោយរបៀបវារៈ នយោបាយរបស់ខ្លួន សុំធ្វើការបកស្រាយ និងពន្យល់ទៅតាមទិដ្ឋភាពបច្ចេកទេសច្បាប់ កុំផ្អែកលើទស្សនៈអារម្មណ៍ មនោសញ្ចោតនា ឬ មួយក៏និន្នាការនយោបាយ ពីព្រោះថា សាធារណជនរបស់យើងមួយចំនួន គឺគាត់នៅមានកង្វះខាតចំណេះដឹង និងការវិភាគផ្លូវច្បាប់។ អ៊ីចឹងទេ ការបំភ្លៃទាំងអម្បាលម៉ានហ្នឹងវា អាចឱ្យមានការច្របូកច្របល់ដល់ពួកគាត់។ ចំពោះលោកសម រង្ស៊ី ផ្ទាល់ អាហ្នឹងយើងមិនបាច់និយាយទេ គាត់ជាទណ្ឌិតទៅហើយ គាត់ចង់ធ្វើម៉េចក៏ធ្វើទៅ ក៏ប៉ុន្តែគឺច្បាប់ និងសំណាញ់ច្បាប់ មិនភ្លេចគាត់ទេ ដូចកុកអាចភ្លេចជង់ ក៏ប៉ុន្តែជង់មិនដែលភ្លេចកុកទេ”។

អ្នកនាំពាក្យរដ្ឋាភិបាល លោកផៃ ស៊ីផាន បានបញ្ជាក់ថា ចំពោះរូបថតជារឿងរបស់បុគ្គល ដូច្នះលោកសម រង្ស៊ី អាចថតជាមួយអ្នកណា ឬអ្នកណាមានរូបជាមួយលោកសម រង្ស៊ី ក៏ដោយ ក៏មិនមានទោសនោះទេ ។

លោកផៃ ស៊ីផាន

លោកផៃ ស៊ីផាន បានមានប្រសាសន៍ថា “សម រង្ស៊ី គាត់កំពុងតែមានបញ្ហាខួររបស់លោក ទី១ ទី២ គាត់ពូកែប្រឌិតនូវសាច់រឿង បំភ្លៃការពិតដល់មហាជន វិជ្ជាជីវៈខាងបំភ្លៃមហាជន វិជ្ជាជីវៈខាងបំភ័ន្តមហាជន នេះជា ចម្លើយរបស់ខ្ញុំ។ ទី៣ ចំពោះច្បាប់គណបក្សហ្នឹង ហាមមិនឱ្យគណបក្សដែលច្របូកច្របល់ ពាក់ព័ន្ធជាមួយនឹងទណ្ឌិត ឬក៏ក្រុមភេរវកម្ម។ ដូច្នេះនៅក្នុងពិភពលោកនេះ គេមិនចង់ឱ្យឃើញ ពួកក្រុមគណបក្សហ្នឹងក្លាយទៅជាក្រុមភរវកម្ម ឬក៏ក្រុមទណ្ឌិតនោះទេ។ អាហ្នឹងនៅលើពិភពលោក ក៏គេនិយាយអ៊ីចឹងដែរ មិនប៉ះពាល់ដល់សិទ្ធិការរាប់អានគ្នា អាហ្នឹងជាសិទ្ធិរបស់បុគ្គល ក៏ប៉ុន្តែច្បាប់នេះ តម្រង់ទិសដែលមានទិសដៅទៅលើស្ថាប័នក្រុម។ ដូច្នេះ ក្រុមនយោបាយ បានសេចក្តីថា មិនឱ្យក្រុមគណបក្ស ឬស្ថាប័ន នយោបាយមួយចងភ្ជាប់ជាមួយក្រុមភេរវជន ឬក៏ក្រុមដែលទទួលបានការផ្តន្ទាទោសដោយតុលាការនោះទេ។ អាហ្នឹងគឺជាសារសំខាន់ណាស់ ដែលសម រង្ស៊ី មិនបាននិយាយប្រាប់ ប្រជាពលរដ្ឋរបស់យើង។ អាស្រ័យហេតុដូច្នេះ ការបកស្រាយ ឬការលើកឡើងរបស់សម រង្ស៊ី ជារឿងមួយដែលមិនស្របទិសដៅរបស់ច្បាប់ គណបក្សនេះឯង ហើយចំពោះរូបថតជារឿងរបស់បុគ្គល ដូច្នះគាត់អាចថតជាមួយអ្នកណា ឬអ្នកណាមានរូបជាមួយគាត់ គឺមិនមានបញ្ហាអីពាក់ព័ន្ធនឹងស្ថាប័នគណបក្សនោះទេ ដែល បានចែងក្នុងច្បាប់គណបក្សនេះឯង។ ពោលគឺ រូបថតជាបញ្ហាបុគ្គល គឺក្នុងច្បាប់នោះ គេនិយាយអំពីគណបក្ស គេមិនឱ្យគណបក្សភ្ជាប់ខ្លួនជាមួយទណ្ឌិត ឬគណបក្សនោះភ្ជាប់ខ្លួនជាមួយនឹងជន ដែលទទួលបានការផ្តន្ទាទោសនោះទេ ពីព្រោះជនដែលទទួលបានការផ្តន្ទាទោសនោះ គឺបាត់បង់សិទ្ធិសេរីភាព។ ដូច្នេះជនផ្តន្ទាទោស ចោរនៅក្នុងគុក បង្កើតគណបក្ស វាក្លាយជាគណបក្សចោរ ឬគណបក្សភេរវជន។ ដូច្នេះថតជាមួយ អ្នកណាកក៏ដោយ ប៉ុន្តែគាត់នៅក្នុងឯកជនទេ  មិនមែនថតនៅក្នុងន័យគណបក្សនោះទេ”៕

កុលបុត្រ

RELATED ARTICLES