ចេនី ធៀនផូ សុវណ្ណ ក្លាយជាអ្នកមេម៉ាយក្តៅស្រួយជាលើកទី២ បន្ទាប់ពីមានពាក្យលេចឮថា ទំនាក់ទំនង ស៊ីជម្រៅរវាងរូបនាង និងអភិជន គិង ឈ្លើមឆៃ បានឈានដល់ទីបញ្ចប់ ។
មួយរយៈនេះ តារាឯកស្រី ចេនី ធៀនផូ សុវណ្ណ ហាក់ពុំសូវបានចេញមុខមាត់ក្នុងសង្គមប៉ុន្មានឡើយ។ ជាមួយគ្នានេះ ចាប់តាំងពីដើមឆ្នាំ២០១៧មក គេពុំឃើញនាងបង្ហោះរូបគូគ្នាជាមួយបុរសជិតស្និទ្ធ គិង ឈ្លើមឆៃ ដូចសព្វមួយដងទេ។ នេះជាមូលហេតុនាំឱ្យសាធារណជនសង្ស័យថា ទំនាក់ទំនងស្អិតល្មួតរបស់អ្នកទាំងពីរ ឈានដល់ដំណាក់កាលប្រេះឆាហើយ។
ចំពោះករណីនេះ ត្រូវបានតារាឯកស្រី ចេនី បកស្រាយថា មួយរយៈនេះ នាងជាប់រវល់ថត ភាពយន្តច្រើន ទើបមានអារម្មណ៍ថា ចង់សម្រាក ស្ងប់ស្ងាត់តែម្នាក់ឯង។ នាងបន្ថែមថា ពេល អាយុកាន់តែច្រើន ថតភាពយន្តម្តងៗ ត្រូវចំណាយថាមពលច្រើនណាស់។ ដូច្នេះ ពេលចប់រឿងនីមួយៗ នាងត្រូវតែរកពេលសម្រាកជាប្រចាំ។
ចំណែករឿងប្រេះឆាស្នេហាជាមួយអភិជន គិង ឈ្លើមឆៃ នាងសុំមិននិយាយ ព្រោះនាងមិនចង់ ឱ្យរឿងផ្ទាល់ខ្លួនក្លាយទៅជារឿងសាធារណៈឡើយ។ នាងយល់ថា សាធារណជនប្រាកដជាមិនចង់ដឹងពីរឿងនេះឡើយ។ ដូច្នេះនាងសុំនិយាយតែរឿងការងារបានហើយ។ ឯរឿងផ្ទាល់ខ្លួន សុំទុកជារឿងសួនតួទៅចុះ។ តែបើមហាជនចង់វាយមេស្មាន ក៏នាងមិនថាអីដែរ ព្រោះអ្វីដែលរបូតចេញពីមាត់នាង នាងចង់ឱ្យមានខ្លឹមសារបំផុត។ ពេលនេះ នាងអាយុច្រើនហើយ។ ដូច្នេះទស្សនគតិ ផ្សេងៗក៏មានភាពចាស់ទុំទៅតាមនោះដែរ។ ឯរឿងពាក្យលេចឮផ្សេងៗ នាងយល់ថា ជាវដ្តចក្រព័ត៌មានដែលពុំអាចចៀសផុត។
នៅចុងកិច្ចសន្ទនា ចេនី ថែមទាំងប្រាប់ថា ពេលកាន់តែចម្រើនវ័យ នាងកាន់តែត្រូវការជីវិត ផ្ទាល់ខ្លួន និងស្រលាញ់ខ្លួនឯងឱ្យច្រើន។ ពាក្យសម្តីរបស់នាងហាក់ចង់បញ្ជាក់ថា កន្លងមក នាងស្រលាញ់អ្នកដទៃខ្លាំងពេក (លុះពេលបែកបាក់) ធ្វើឱ្យនាងទទួលបានបទពិសោធន៍ថា គួរតែស្រលាញ់ខ្លួនឯងឱ្យបានច្រើនវិញទើបល្អ។
ខណៈដែលមានពាក្យចចាមអារ៉ាមស្តីពីការប្រេះឆាស្នេហានេះកើតឡើង ស្រាប់តែ ចេនី គេចខ្លួនទៅលំហែនៅបរទេសស្ងាត់ៗ ដោយពុំមានស្រមោលលោក គិង ឈ្លើមឆៃ នៅកៀកកាយដូចសព្វដងទេ។ នេះជាសក្ខីកម្មបញ្ជាក់ថា ពាក្យចចាមអារ៉ាមនៃការបែកបាក់គ្នា ហាក់ដូចជាមានទម្ងន់គួរឱ្យជឿជាក់ ព្រោះការទៅលំហែកាយនៅបរទេសស្ងាត់ៗនេះ ប្រៀបដូចជាការរត់ ចេញពីរឿងរ៉ាវស្នេហាចុកចាប់ទៅព្យាបាលរបួសបេះដូងដូច្នោះដែរ។
ដោយហេតុថា ចេនី នៅឆ្ងាយពុំអាចបកស្រាយរឿងនេះបាន ទើបអ្នកសារព័ត៌មានស្កាត់ទៅជួប វុន សេន ដែលជាមិត្តជិតស្និទ្ធរបស់ ចេនី ឱ្យជួយបកស្រាយពីរឿងនេះ។
វុន សេន ដែលស្ថិតក្នុងសភាពជាស្រីមេម៉ាយក្តៅស្រួយដូច ចេនី ដែរ បានផ្តល់ចម្លើយថា នាងមិនចង់ឆ្លើយជំនួសមិត្តសម្លាញ់ទេ។ ដូច្នេះ រង់ចាំឱ្យ ចេនី មកផ្តល់ចម្លើយដោយខ្លួនឯងចុះ។ វុនសេន ប្រាប់ថា ពេលនេះនាងពុំទាន់បានជួប ចេនី ដែរ។ ចេនី ប្រហែលជាកំពុងទៅសម្រាកលំហែ ឯរឿងទៅសម្រាកបេះដូង ឬយ៉ាងណា នាងមិនដឹងទេ។
គួរបញ្ជាក់ថា ចេនី ធ្លាប់រៀបការជាមួយអ្នកនយោបាយល្បី អេឆុន សាវ៉ាត់ កាលពីឆ្នាំ២០១៣ ហើយលែងលះគ្នាបន្ទាប់ពីរួមរស់ជាមួយគ្នាបាន ៣៥៥ថ្ងៃ។ កាលនោះ នាងក៏គេចទៅលំហែនៅបរទេស ដូចពេលកំពុងលេចឮពាក្យបែកបាក់ជាមួយសង្សារអភិជន គិង ឈ្លើមឆៃ នេះដែរ៕