Wednesday, December 25, 2024
Homeព័ត៌មានសិល្បៈនៅខណ្ឌសែនសុខ ផ្លូវ១ខែ្ស មានប្រវែងជាង១គីឡូម៉ែត្រ ពលរដ្ឋជាង៣០០គ្រួសារចេញលុយធ្វើខ្លួនឯង

នៅខណ្ឌសែនសុខ ផ្លូវ១ខែ្ស មានប្រវែងជាង១គីឡូម៉ែត្រ ពលរដ្ឋជាង៣០០គ្រួសារចេញលុយធ្វើខ្លួនឯង

ភ្នំពេញ ៖ ផ្លូវលំមួយខ្សែអមទៅដោយបណ្តាញលូ ដើម្បីបញ្ចៀសនូវការជន់លិចទឹកក្នុងមូលដ្ឋានផ្ទះសម្បែង និងសម្រួលដល់ការធ្វើដំណើរឆ្លងកាត់ បម្រើជូនបងប្អូនជាពលរដ្ឋ មានប្រវែងជាង១១០០ម៉ែត្រ ផ្លូវមួយខ្សែនេះភ្ជាប់ពីផ្លូវហាណូយ ឆ្ពោះទៅបុរីអង្គរ ក្នុងភូមិបន្លាស្អិតក្រោម សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ ទោះជាកន្លងមកអាជ្ញាធរធ្លាប់បានសន្យានឹងស្ថាបនាផ្លូវមួយខ្សែនេះឡើងវិញ អមទៅដោយរៀបចំឲ្យមានបណ្តាញលូ ដើម្បីបញ្ចៀសវិបត្តិគ្រោះទឹកជន់លិចផ្ទះសម្បែង ពលរដ្ឋជាង៣០០គ្រួសារក៏ដោយ តាំងពីដើមឆ្នាំ២០១៧ តែរហូតមកដល់ពេលនេះឃើញថា ផ្លូវខាងលើ អាជ្ញាធរទុកផ្លូវនេះចោល ក្រោយពីកាយជួសជុលបានត្រឹមជាង២០០ម៉ែត្រ ដាក់លូទើបបានបន្តិច មិនដឹងជាអាជ្ញាធរអាក់អន់ចិត្តរឿងអ្វីជាមួយពលរដ្ឋ ទើបផ្អាកសកម្មភាពស្ថាបនាយ៉ាងនេះ អស់រយៈពេលច្រើនខែមកហើយ ការរន្ទឹងរង់ចាំពឹងផ្អែកទៅលើកិច្ចការស្តារអភិវឌ្ឍន៍របស់អាជ្ញាធរយូរពេក ម្យ៉ាងចូលដល់រដូវកាលភ្លៀងធ្លាក់ផងនោះ ពលរដ្ឋភ័យព្រួយខ្លាចទឹកលិច ខ្លាចគ្មានផ្លូវដើរ ទ្រាំមិនបាន គ្រួសារជាង៣០០ ចូលលុយគ្នាតាមលទ្ធភាព ទិញលូ កាប់ដី ទិញដី ជួសជុលផ្លូវប្រើជាបណ្តោះអាសន្នសិន ទៅតាមលទ្ធភាពរបស់ពួកគាត់។

តាមប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់រស់នៅជិត៣០ឆ្នាំទៅហើយ ចាប់តាំងពីស្ថិតក្រោមការគ្រប់គ្រងរបស់ភូមិបាលខេត្តកណ្តាល ហើយត្រូវបានរាជរដ្ឋាភិបាល កាត់បញ្ចូលទៅក្នុងខណ្ឌសែនសុខ ក្នុងឆ្នាំ២០០៨ គ្រប់គ្រងដោយរាធានីភ្នំពេញ ។ ដំណើរនៃការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ រហូតមកដល់បច្ចប្បន្ន កើនដល់ទៅជាង៣០០គ្រួសារ ក្នុងភូមិបន្លាស្អិតក្រោម សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បម្រើបម្រាស់ផ្លូវ១មួយខាងលើ ប្រវែង១១០០ម៉ែត្រជាប្រចាំ ទាំងក្តីលំបាក ខូចខ្ទេចខ្ទី ដោយសារមានរថយន្តធន់ធំ ដឹកដី ធ្ងន់ធ្ងន់ បើកឆ្លងកាត់ បណ្តាលឲ្យបាក់ ស្រុតខូច ជាអន្លើៗ រួមផ្សំជាមួយគ្មានបណ្តាញលូ ធ្វើឲ្យប្រជាពលរដ្ឋជួបការលំបាកធ្វើដំណើរឆ្លងកាត់ បណ្តាញលូបង្ហូររំដោះទឹក បញ្ជៀសពីការជន់លិច រហូតមកដល់ដើមឆ្នាំ២០១៧ អ្វីដែលពលរដ្ឋរំភើបត្រេកអររកអ្វីប្រៀបផ្ទឹមពុំបាន បន្ទាប់ពីអាជ្ញាធរខណ្ឌសែនសុខ ក្រោមអធិបតីភាពលោក បុឹល កុសល អភិបាលខណ្ឌសែនសុខ មន្រ្តីអ្នកមុខអ្នកការចុះទៅបើកការដ្ឋានស្ថាបនាផ្លូវមួយខ្សែខាងលើទៅតាមការសន្យារបស់អាជ្ញាធរជូនដល់ប្រជាពលរដ្ឋ ដឹកទម្លាក់គ្រឿងចក្រ ឈូសឆាយ ដាក់រៀបចំប្រព័ន្ធលូយ៉ាងគគ្រឹកគគ្រេង ធ្វើឲ្យប្រជាពលរដ្ឋរស់នៅតំបន់នោះ នឹកថា បានផ្លូវស្រួលធ្វើដំណើរហើយ ផ្ទុយទៅវិញ ពុទ្ធោអើយ!!! ២ខែកន្លងមកហើយ ក្រោយពីឈូសឆាយ កាយតម្រង់ដាក់លូមុខ១ម៉ែត្រ បានប្រវែង២០៤ម៉ែត្រ មិនដឹងគ្រឿងចក្រ កម្មករទទួលធ្វើផ្លូវ គេលួចដកអស់តាំងពីពេលណា អស់រលីង ឈប់ធ្វើ ឈប់សាងសង់ ទុកឲ្យផ្លូវមួយខ្សែនេះ ក្លាយជាមេម៉ាយបាត់ រួមផ្សំចូលដល់រដូវកាលនេះ ភ្លៀងធ្លាក់ទៀតផង ផ្លូវវកាន់តែយ៉ាប់ បណ្តាញលូក៏អត់ បាក់ស្រុតជាបន្តបន្ទាប់ ពលរដ្ឋជួបការលំបាកដដែល ទោះជាពលរដ្ឋសួរ ក៏អាជ្ញាធរឆ្លើយមិនចេញ មិនដឹងពេលណាគាត់បន្តសាងសង់ទៀត រហូតទ្រាំលែងបាន ពលរដ្ឋជាង៣០០គ្រួសារ នាំគ្នាបង្កើតជាមូលនិធិក្នុងភូមិចូលលុយគ្នា ជួសជុលផ្លូវខាងលើ និងដាក់លូខ្នាត១,២ម៉ែត្រ ជាបណ្តោះអាសន្នគ្រាន់បានដំណើរចេញចូល ។

ពលរដ្ឋបានលើកឡើងថា នេះមិនមែនសកម្មភាពឌឺដងចំអកដាក់អាជ្ញាធរនោះទេ ពលរដ្ឋមានក្តីអាណិតអាជ្ញាធរទៅវិញ សង្ស័យខណ្ឌ ក្រុងគ្មានលុយ ទើបរត់ចោលការងារកណ្តាលទីបែបនេះ ទុកផ្លូវឲ្យមេម៉ាយ ។ ទន្ទឹមនឺងការលំបាកក្តីកង្វល់នេះ ពលរដ្ឋនៅតែទទូចសំណូមពរដល់អាជ្ញាធរ ទោះជាឲ្យពួកគាត់ក្រាបលូនលើកដៃសំពះអង្វរ សូមក្តីមេត្តា អាជ្ញាធរឲ្យជួយដល់ពួកគាត់ជាង៣០០គ្រួសារផងទៅចុះ បើមិនបានផ្លូវចាក់ក្រាលបេតុង ដូចតាមសន្យាគ្រាដើមនោះទេ ក៏បានត្រឹមក្រាលគ្រួសក្រហម និងជួយចាក់ដីលប់បំពេញចង្ហុក ឈូសឆាយឲ្យស្មើវិញ និងឲ្យមានប្រព័ន្ធលូ ក៏អស់ចិត្តដែរ ៕

RELATED ARTICLES