Monday, November 25, 2024
Homeនយោបាយអ្នកស្លាប់ដោយចងក មិនដែលស្លាប់ដោយលង់ទឹក

អ្នកស្លាប់ដោយចងក មិនដែលស្លាប់ដោយលង់ទឹក

ពាក្យស្លោកបុរាណខ្មែរ មានលក្ខណៈពុទ្ធនិយម ១ថា “អ្នកស្លាប់ដោយចងក មិនដែលស្លាប់ដោយលង់ទឹក” មានខ្លឹមសារបង្កប់យុទ្ធសាស្ត្រនយោបាយជ្រៅណាស់ បើគ្រាន់តែបានអាន តែមិនបានពិចារណា ច្បាស់ជាមិនយល់។ ខណៈដែលមេបក្សប្រឆាំង កំពុងរងគំនាបពីច្បាប់ថ្មីស្តីពី “គណបក្សនយោបាយ” និងមាន “ពាក្យបណ្តឹងជុំទិស” រងសម្ពាធពីផ្លូវច្បាប់ តុលាការចង់កោះហៅថ្ងៃណា ក៏បាននោះអាចដើរស្របនឹងពាក្យស្លោកខាងលើនេះហើយ ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

“អ្នកស្លាប់ដោយចងក” គឺសំដៅដល់មនុស្សធ្វើអត្តឃាតដោយសារគំនិតខ្លីទាល់ច្រកក្នុងបញ្ហាជីវិត ដោះស្រាយមិនចេញ ក៏សម្រេចចិត្តបញ្ចប់ជីវិតខ្លួនទៅ។ ជួនកាលបុគ្គលនោះ គ្មានបំណងចងកសម្លាប់ខ្លួនទេ ប៉ុន្តែជំនឿបុរាណ ថា “មានខ្មោច ម្រឹត្យូវនាំដៃ” នាំទៅព្រៃបញ្ចប់ជីវិត។ មានន័យថា បុគ្គលនោះ មិនចង់ស្លាប់ទេ តែម្រឹត្យូវ ឬខ្មោចកំបុតក្បាល ជាអ្នកសម្លាប់ ដើម្បីយកព្រលឹងទៅបម្រើ ឬធ្វើជាសេនាខ្មោច។

ដោយឡែក “ស្លាប់ដោយលង់ទឹក” ក៏មាន២ប្រភេទដែរ គឺមនុស្សធ្វើអត្តឃាតដោយលោតទឹកទន្លេពីលើស្ពាន ព្រោះ តូចចិត្តនឹងវាសនាខ្លួនដែលស្គាល់តែក្តីអភ័ព្វ។ រីឯជំនឿបុរាណថា មកពីខ្មោចទឹកអន្ទងព្រលឹង ទើបបុគ្គលនោះ ភ្លេចភ្លាំងស្មារតី ដើរទៅលោតទឹកទន្លេដែលកំពុងហូរខ្មួលខ្មាញ់ បញ្ចប់ជីវិតខ្លួន។

ការស្លាប់ទាំង២ប្រភេទនេះ បើយោងតាមគម្ពីរព្រះពុទ្ធសាសនាថា មកពី “កម្មពៀរពីអតីតជាតិ” ពោលគឺ បើស្រមោលកម្មចូលមកដល់ ធ្វើឱ្យមនុស្សធ្លាប់ស្លាប់ដោយចងក ក៏ទៅចងកដដែលៗ រាប់រយជាតិមកហើយ បើមនុស្សណាធ្លាប់ស្លាប់ ដោយលង់ទឹក ក៏ទៅលោតទឹកដដែលៗ រាប់ពាន់ជាតិកន្លងមក ទោះជាគេចវេះទៅណាក៏មិនរួចពីអន្ទាក់កម្មពៀរនេះដែរ ប៉ុន្តែ “អ្នកស្លាប់ដោយចងក មិនដែលស្លាប់ដោយលង់ទឹក”

យ៉ាងណាមិញ លោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលក្លាយជាទណ្ឌិតតាមអំណាចសាលក្រមតុលាការនោះ ប្រៀបបានទៅនឹងមនុស្ស “ស្លាប់ដោយសារចងក” ពោលគឺគាត់មិនបានចងកខ្លួនឯងទេ តែម្រឹត្យូវ ឬសាលក្រមតុលាការជាអ្នកចងកគាត់ឱ្យ “ស្លាប់នយោបាយ”។ ចំណែកលោកកឹម សុខា ប្រធានបក្សប្រឆាំងសព្វថ្ងៃ ទោះបីជាព្រះមហាក្សត្រ បានប្រោសព្រះរាជទានការលើកលែងទោសពីរឿងពាក់ព័ន្ធស្រីញី ក៏សេចក្តីអំពាវនាវសុំជំនួយរបស់គាត់ មានប្រើពាក្យ “បក្សកាន់អំណាចធ្វើទុក្ខបុកម្នេញឥតឈប់ឈរ” ត្រូវបានអ្នកនាំពាក្យបក្សកាន់អំណាចព្រមានថា មេបក្សប្រឆាំងនេះ អាចប្រឈមនឹងច្បាប់ ជុំវិញវោហារសាស្ត្រវាយប្រហារចោទប្រកាន់មួលបង្កាច់នេះ ព្រោះលោកកឹម សុខា នៅសល់ពាក្យបណ្តឹងច្រើនណាស់ ដែលតុលាការមិនទាន់ចាត់ការ។ ករណីលោកសម រង្ស៊ី កំពុងវ័ណ្ឌក ក្លាយជាទណ្ឌិត លែងហ៊ានចូលស្រុក ក៏ស្រាប់តែមានការព្រមានលោកកឹម សុខា ទៀតនោះ មានន័យស្មើនឹង “មនុស្សស្លាប់ដោយចងក” នេះឯង។ អ៊ីចឹងបើសិនជាមេដឹកនាំបក្សប្រឆាំងទាំងពីរនេះ “ស្លាប់ដោយចងក មិនដែលស្លាប់ដោយលង់ទឹក” នោះទេ។

ចំណុចនោះ “នគរធំ” សូមពន្យល់តាមលក្ខណៈពុទ្ធនិយមវិញ ដែលមរណភាពរបស់មនុស្សម្នាក់ៗ មានជាប់ចំហាយ កម្មពៀរ ឬថា បើមនុស្សស្លាប់ដោយជរាពាធ មានអាយុ៩០-១០០ឆ្នាំ ជាដើម បានសេចក្តីថា តាយាយនោះគ្មានកម្មពៀរអ្វីទេ តែបើអនិច្ចកម្មដោយការធ្វើឃាត ឬអត្តឃាត គឺមកពីមានជាប់ពៀរវេរាពីអតីតជាតិ។

នៅក្នុងរឿង “ក្អែក និងភ្លើងឆេះរង្វេលឆ្នាំង” បានតំណាលពីសត្វក្អែក ១ក្បាល ហើរក្រវែលផ្ទះអ្នកស្រុក រកឆាបកូនមាន់ ស្រាប់តែមានភ្លើងឆេះរង្វេលឆ្នាំង។ ពេលនោះក៏មានខ្យល់កួចបោកបក់រង្វេលឆ្នាំងកំពុងឆេះនោះទៅលើអាកាស ស្របពេលដែលក្អែកហើរមកដល់ក៏ស៊កក្បាលចូលរង្វេលឆ្នាំង ដោយមិនដឹងខ្លួន បណ្តាលឱ្យភ្លើងឆេះងាប់ទៅ។ ពុទ្ធបរិស័ទបានឃើញហេតុការណ៍នេះ ក៏នាំគ្នាទៅសួរព្រះពុទ្ធអង្គ ទើបព្រះអង្គត្រាស់សម្តែងពីបុព្វកម្មក្អែកនោះថា កាលពីរាប់រយជាតិមកហើយ ក្អែកនេះកើតជាមនុស្ស បានយកចំបើងស្ងួត មកចងស្រាក់ដុតសត្វទាំងរស់ ទើបពៀរនោះ បណ្តាលឱ្យភ្លើងឆេះតែយ៉ាងនេះ ៥០០ជាតិមកហើយ។

នៅក្នុងរឿង “ព្រះមហាមោគ្គល្លាន” ជាអគ្គសាវ័កឆ្វេងរបស់ព្រះពុទ្ធ ជាប់ឯតទគ្គៈខាងមានប្ញទ្ធិច្រើន អាចហោះហើរដើរលើអាកាស និមន្តទៅមើលឋានសួគ៌ ឋាននរកបាននោះ បែរជាចាញ់កម្លាំងកម្ម ដោយត្រូវក្រុមចោរ៥០០នាក់ ស្ទាក់វាយព្រះអង្គរហូតដល់ខ្ទេចឆ្អឹង សល់ប៉ុនៗគ្រាប់អង្ករ រហូតបរិនិព្វានទៅ។ ព្រះពុទ្ធអង្គ បានសម្តែងបុព្វកម្មថា មកពីមហាមោគ្គល្លាន ជាប់កម្មពៀរសម្លាប់ឪពុកម្តាយ ព្រោះជឿពាក្យប្រពន្ធកាលពីរាប់សែនជាតិកន្លងមកហើយ ធ្លាប់ទៅកើតអវិចីមហានរក ដោយសារ “អនន្តរិយកម្ម” លុះរួចពីនរក ក៏មកកើតជាមនុស្ស ត្រូវគេវាយសម្លាប់របៀបនេះ ៥០០ជាតិមកហើយ។

នៅក្នុងរឿង “ភរិយានាយសំពៅ” បានតំណាលពីនាយសំពៅម្នាក់ មានប្រពន្ធស្អាតណាស់ បានដឹកទំនិញតាមសំពៅទៅជួញ នាំទាំងប្រពន្ធស្អាតនោះទៅផង។ លុះទៅដល់កណ្តាលសមុទ្រ ស្រាប់តែសំពៅជាប់កឿងទៅមុខមិនរួច ក៏រកមូលហេតុ ឃើញថា មកពីមានមនុស្សកាឡកិណី ជិះសំពៅ បានជាសំពៅជាប់កឿងយ៉ាងនេះ។ នាយសំពៅ ក៏ធ្វើស្លាកឱ្យកម្មករ និងភរិយាចាប់ ដើម្បីផ្សងរកមនុស្សចង្រៃ ស្រាប់តែស្លាកនោះត្រូវប្រពន្ធនាយសំពៅចាប់បានដល់ទៅ៣ដង ទើបនាយសំពៅជឿថា ប្រពន្ធខ្លួនជាស្រីកាឡកិណី ក៏ប្រើគូលីឱ្យចាប់នាងចងបោះទៅក្នុងសមុទ្រ ទើបសំពៅនោះអាចបើកទៅមុខរួច។ បុព្វកម្មនេះ គឺមកពីភរិយានាយសំពៅ កាលពីរាប់ពាន់ជាតិមកហើយ បានយកដុំថ្ម ចងនឹងកឆ្កែ រួចយកឆ្កែនោះទម្លាក់ទឹកងាប់ទៅ។ ពៀរវេរានេះ ក៏តាមផ្តន្ទានាងរាល់ៗជាតិ ត្រូវគេចាប់ចងបោះទៅក្នុងទឹក តែរបៀបនេះ ៥០០ជាតិមកហើយ…។

ការលើកឧទាហរណ៍រឿងជាតក ខាងលើនេះ ចង់បញ្ជាក់ថា មនុស្សស្លាប់ដោយលង់ទឹកដូចប្រពន្ធនាយសំពៅ មិនដែលស្លាប់ដោយចោរវាយខ្ទេចឆ្អឹងដូចព្រះមហាមោគ្គល្លាននោះទេ ហើយក៏មិនត្រូវភ្លើងឆេះដូចក្អែកនោះដែរ។ យ៉ាងណាមិញ លោកសម រង្ស៊ី និងលោកកឹម សុខា បើសិនជាពួកលោក “ស្លាប់នយោបាយដោយប្រព័ន្ធតុលាការ” គឺមិនអាច “រលាយគណបក្សសង្គ្រោះជាតិ” បានឡើយ។

ច្បាប់ថ្មីស្តីពី “គណបក្សនយោបាយ” ដែលឈានដល់ការរំលាយគណបក្សប្រឆាំងនោះ ប្រៀបបាននឹង “ការលង់ទឹក” ឬត្រូវគេ “បើកទឹកពន្លិច” ហែលមិនរួចក៏ក្ស័យទៅ។ ចំណែកសាលក្រមតុលាការ ប្រៀបបាននឹង “ខ្សែចងក” ឱ្យ “ថប់ដង្ហើម នយោបាយ” មិនអាចធ្វើសកម្មភាព ខណៈដែលអ្នកនយោបាយក្លាយជា “ទណ្ឌិត”។ អ៊ីចឹងបើពិនិត្យខ្លឹមសារពាក្យស្លោក “អ្នកស្លាប់ដោយចងក មិនដែលស្លាប់ដោយលង់ទឹក” គឺមានន័យថា បើលោកសម រង្ស៊ី និងលោកកឹម សុខា វ័ណ្ឌកដោយសារប្រព័ន្ធតុលាការ ក៏ត្រឹមជំពាក់ជំពិនជាប់កតែបុគ្គល២នាក់ហ្នឹង មិនអាច ឈានដល់ការរំលាយគណបក្សនោះទេ ប៉ុន្តែបើ “ស្លាប់ដោយចងកផង និងស្លាប់ដោយលង់ទឹកផង” ឃើញថា មិនស្របនឹងទ្រឹស្តីពុទ្ធនិយម ពាក់ព័ន្ធនឹងបញ្ហាកម្មពៀរ។ សព្វថ្ងៃ យើងចាត់ទុកថា លោកសម រង្ស៊ី និងលោកកឹម សុខា ជាប់កម្មពៀរនេះឯង ព្រោះគាត់និយាយស្តីអ្វីជ្រុលជ្រួសអត់បានទេ ជាក់ស្តែងលោកកឹម សុខា បានអំពាវនាវជាលាយលក្ខណ៍អក្សរថា “បក្សកាន់អំណាច ធ្វើទុក្ខបុកម្នេញឥតឈប់ឈរ” ក៏រងការព្រមានពីមន្ត្រី CPP ភ្លាម។ ផ្ទុយទៅវិញ លោករដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ដែលថ្លែងថា នឹង “បង្ក្រាបអ្នកតវ៉ាលទ្ធផលបោះឆ្នោតឆ្នាំ២០១៨ នឹងគល់ប្ញស្សី” អត់មានការព្រមានប្តឹងផ្តល់អ្វីទេ អាចថាមកពីលោករដ្ឋមន្ត្រី គ្មានកម្មពៀរ។

សរុបទៅ “អ្នកស្លាប់ដោយចងក មិនដែលស្លាប់ដោយលង់ទឹក” គឺមានន័យយ៉ាងនេះឯង ដែលបង្ហាញពីរបត់នយោបាយបច្ចុប្បន្ន។ អ្នកនយោបាយដែល “ស្លាប់នយោបាយ” នោះ មិនមែនស្លាប់ព្រមៗគ្នា ដោយចងកផង ដោយលង់ទឹកផងនោះទេ ពោលគឺ បើច្បាប់រុញលោកសម រង្ស៊ី និងលោកកឹម សុខា ឱ្យខ្ទប់ជញ្ជាំង ក៏មិនអាចរំលាយគណបក្សប្រឆាំងបានដែរ ព្រោះអ្នកដឹកនាំបក្សកាន់អំណាច ឆ្លាតណាស់បើ “បិទទ្វារមុខ ទុកទ្វារក្រោយ” មិនខ្ទប់គ្រប់ច្រកនោះទេ ដូចអ្វីដែលយើងធ្លាប់ឃើញកន្លងមក៕

ដោយ អាចារ្យថាំ

RELATED ARTICLES