Monday, November 25, 2024
Homeនយោបាយលោកញឹក ប៊ុនឆៃ សមត្ថកិច្ចបញ្ជូនមកតុលាការ ក្រោយពេលឃាត់ខ្លួនសាកសួរ២យប់

លោកញឹក ប៊ុនឆៃ សមត្ថកិច្ចបញ្ជូនមកតុលាការ ក្រោយពេលឃាត់ខ្លួនសាកសួរ២យប់

ភ្នំពេញ ៖ ក្រោយឃាត់ខ្លួន ឃុំខ្លួនបណ្តោះអាសន្ន នៅស្នងការដ្ឋានរាជធានីភ្នំពេញ អស់រយៈពេល៧២ម៉ោង លោកញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ និងជាអតីតទីប្រឹក្សារាជរដ្ឋាភិបាល ឋានៈស្មើឧបនាយករដ្ឋមន្ត្រី ត្រូវបញ្ជូនទៅតុលាការ បន្ទាប់ពីទទួលបានចម្លើយថា លោកពិតជាជាប់ពាក់ព័ន្ធនឹងបទល្មើស គ្រឿងញៀនមែន ហើយនៅរសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧ សមត្ថកិច្ចបាននាំខ្លួនលោកញឹក ប៊ុនឆៃ ទៅឆែកឆេរនៅភូមិគ្រឹះរបស់លោកញឹក ប៊ុនឆៃ ដើម្បីស្វែងរកវត្ថុតាង ដាក់បន្ទុកបន្ថែម រួចនាំមកឃុំខ្លួនបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញវិញ ដើម្បីរង់ចាំចំណាត់ការបន្ត។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកខៀវ សុភ័គ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧ ថា ក្នុងការសាកសួរលោកញឹក ប៊ុនឆៃ មិនទាន់ត្រូវបានធ្វើការចោទប្រកាន់ជាផ្លូវការទេ តែជាលទ្ធផល នឹងមិនអាចគេចពីការចោទប្រកាន់ទេ ព្រោះចម្លើយមានគ្រប់គ្រាន់ ហើយដែលបញ្ជាក់ថា លោកញឹក ប៊ុនឆៃ បានប្រព្រឹត្តបទល្មើសគ្រឿងញៀន។

លោកខៀវ សុភ័គ បានមានប្រសាសន៍ថា “បាទ! យើងកំពុងតែផ្គូផ្គងព័ត៌មានតាមអ្វីដែលគេឆ្លើយដាក់គាត់ ដែលអាជុង ជាប់គុកមុន វាប្រាប់ និងចម្លើយរបស់គាត់។ ប៉ុន្តែការពិតទៅ យើងអាចរកឃើញនូវអ្វីដែលគាត់បានប្រព្រឹត្តនោះរួចហើយ ពីការប្រព្រឹត្តគ្រឿងញៀនហ្នឹង មានផលប្រយោជន៍រួចហើយ ទី១ ដូច្នេះតម្រុយ អាចនឹងធ្វើការចោទប្រកាន់បាន។ នៅក្នុងចម្លើយរបស់ញឹក ប៊ុនឆៃ ទី១ ​គាត់បានទទួលផល គាត់បើកដៃឱ្យគេធ្វើ ហើយធ្វើធ្មេចភ្នែក ពេលគេបានផល យកប្រាក់ហ្នឹងឱ្យគាត់ៗទទួល ពេលដែលយើងចុះចាប់ជនល្មើស គាត់បានបញ្ចេះ ជនល្មើសឱ្យរត់គេចខ្លួនទៅទៀត ដូច្នេះអាចចោទជាប់ពាក់ព័ន្ធបាន ហើយយើងដឹងពីតម្រុយថែមទៀតហើយ។ ពេលនេះ លោកញឹក ប៊ុនឆៃ ស្ថិតនៅក្នុងការគ្រប់គ្រងនៃសមត្ថកិច្ច ធ្វើការសាកសួរព័ត៌មានសិន មិនទាន់ធ្វើការចោទប្រកាន់ជាផ្លូវការទេ ប៉ុន្តែយើងនឹងមានដីការចោទប្រកាន់។ ការឃាត់ខ្លួនសាកសួរនេះ យើងមិនត្រឹម មាន៤៨ម៉ោងទេ យើងមានដល់ទៅ៧២ម៉ោង ឯណោះ”។

លោកខៀវ សុភ័គ បានមានប្រសាសន៍បន្តថា “ក្នុងន័យហ្នឹង ក្នុងការបញ្ជូនទៅតុលាការ គាត់គេចអត់ផុតទេ ព្រោះមានសញ្ញាបញ្ជាក់ថា គាត់ពាក់ព័ន្ធទៅរឿងហ្នឹង។ អាចបញ្ជូនទៅ ថ្ងៃហ្នឹងឬយ៉ាងណា ខ្ញុំមិនដឹងទេ ចាំមើលយើងប្រជុំដាក់កម្រិតសិន ទើបបញ្ជូនទៅ។ និយាយរួម ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ហើយគឺជំហរមហាផ្ទៃ ថា ជាទោសមិនអាចលើកលែងឱ្យបាន មិនអាចអត់ឱនឱ្យបាន ហើយក៏មិនអាចបន្ធូរបន្ថយទោសដែលជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនទាំងឡាយ មិនអាចបន្ធូរបន្ថយទោសឱ្យបានទេ បើប៉ុន្មានឆ្នាំប៉ុណ្ណឹងហើយ តាមអាស្រ័យទៅលើតុលាការលោកវិនិច្ឆ័យ។ គ្មានឥស្សរជននយោបាយឯណាទៀត លោកអើយ ! ឥស្សរជននយោបាយក៏ដោយ ក៏ត្រូវស្ថិតក្រោមច្បាប់ដូចតែគ្នា ឱ្យតែខុស”។

លោកខៀវ សុភ័គ

គួរបញ្ជាក់ថា លោកញឹក ប៊ុនឆៃ ត្រូវបានសមត្ថកិច្ចនៃក្រសួងមហាផ្ទៃ ដឹកនាំដោយលោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ធ្វើការឃាត់ខ្លួនបាន កាលពីវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ មុខវត្តព្រែកលៀប ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ពាក់ព័ន្ធនឹងករណីផលិតគ្រឿងញៀន កាលពីឆ្នាំ២០០៧ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ការចុះឃាត់ខ្លួននោះ ធ្វើតាមការដីកាបញ្ជាឱ្យចូលខ្លួនរបស់លោកសៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លេខ២០៣អ.យ.ឋ ចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ ដែលបានបញ្ជាថា “បង្គាប់ឱ្យកម្លាំងមានសមត្ថកិច្ចឱ្យនាំខ្លួនបុគ្គល ៖

១-នាម-គោត្តនាម ញឹក ប៊ុនឆៃ ភេទប្រុស អាយុ៥៩ឆ្នាំ (០៧-០២-១៩៥៨) ជនជាតិខ្មែរ កើតនៅភូមិតាអុងខាងលិច ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ សាសនាព្រះពុទ្ធ លំនៅបច្ចុប្បន្ន ផ្ទះលេខ២២អី ផ្លូវកែវ ចិន្តា ភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ មុខរបរទីប្រឹក្សារាជរដ្ឋាភិបាល ប្រពន្ធឈ្មោះសំ សុភាព “រស់” មានកូន០៤ នាក់ ឪពុកឈ្មោះញឹក ឆេន “ស្លាប់” ម្តាយ ឈ្មោះអួន សាមេត “ស្លាប់” ទោសពីមុនគ្មាន ជាអនីតជន។

២-មកបង្ហាញខ្លួននៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រហូតដល់មានសេចក្តីសម្រេចថ្មី ដើម្បីសាកសួរពីដំណើររឿង “សមគំនិតពីបទផលិតគ្រឿងញៀនខុសច្បាប់ និងនាំចូលសារធាតុសម្រាប់ផ្សំគ្រឿងញៀន ប្រព្រឹត្តនៅចំណុចភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ ២០០៧”។

តាមសមត្ថកិច្ចបានឱ្យដឹងថា ទីតាំងផលិតគ្រឿងញៀនដ៏ធំមួយនោះ ស្ថិតនៅក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រង់ចំណុច គីឡូម៉ែត្រលេខ៨១-៨២ ជាកម្មសិទ្ធិរបស់ឈ្មោះជា ជុង ជាទីប្រឹក្សារបស់លោកញឹក ប៊ុនឆៃ។ នៅក្នុងការចុះបង្ក្រាបកាលពីខែមេសា ឆ្នាំ២០០៧ នោះ សមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀន បានរកឃើញវត្ថុធាតុដើមសម្រាប់ផលិតគ្រឿងញៀនជាច្រើន ហើយក៏បានឃើញរថយន្តកាមរី ពណ៌ស ដាក់ស៊ឺរ៉ែន ពាក់ស្លាកលេខរដ្ឋ ដែលជារថយន្ត សម្រាប់បើកនាំមុខក្បួនរថយន្តរបស់លោកញឹក ប៊ុនឆៃ ចតនៅទីនោះដែរ។

ក្រៅពីនេះ តាមសាក្សីដែលជាប្រជាពលរដ្ឋ ជិតខាង និងកម្មករមើលថែដី ក៏បានអះអាងថា ទីតាំងនោះ ជាកសិដ្ឋានចិញ្ចឹមគោ ប៉ុន្តែឧស្សាហ៍ឃើញលោកញឹក ប៊ុនឆៃ ចេញចូលទីនោះញឹកញាប់ ជាពិសេសជាមួយឈ្មោះជា ជុង ដែលបច្ចុប្បន្នកំពុងជាប់ពន្ធនាគារពាក់ព័ន្ធបទល្មើសផលិតគ្រឿងញៀននេះ រួមជាមួយជនជាតិ ចិន២នាក់ ជនជាតិថៃម្នាក់ទៀត ដែលជាអ្នកបច្ចេកទេសក្នុងការលាយថ្នាំសម្រាប់ផលិតគ្រឿងញៀន ក្រោមលេសផលិតផលថ្នាំសម្រាប់ធ្វើ ជាជីដាំស្មៅឱ្យគោស៊ី។

គួរបញ្ជាក់ថា លោកញឹក ប៊ុនឆៃ ត្រូវបានដកហូតតួនាទីជាទីប្រឹក្សារដ្ឋាភិបាល ដែលមានឋានៈស្មើឧបនាយករដ្ឋមន្ត្រី បន្ទាប់ពីមានការសង្ស័យថា មេដឹកនាំគណបក្សខ្មែររួបរួមជាតិ រូបនេះ មានជាប់ពាក់ព័ន្ធនឹងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោកអេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ ក្នុងអំឡុងពេលមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កន្លងទៅ ក៏ប៉ុន្តែលោកញឹក ប៊ុនឆៃ ធ្វើការបដិសេធថា ជាព័ត៌មានភ័ន្តច្រឡំ។ បន្ទាប់មក មន្ត្រីជាន់ខ្ពស់គណបក្សខ្មែររួបរួមជាតិ ចំនួន ១២នាក់ មានតំណែងជាទីប្រឹក្សារដ្ឋាភិបាល ក៏ត្រូវបានបញ្ចប់តួនាទីផងដែរ។

ជុំវិញការចាប់ខ្លួនលោកញឹក ប៊ុនឆៃ នេះដែរ សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ និងជាអ្នកវិភាគ លោកសូ ចន្ថា យល់ថា ករណីនេះ វាអាចជារឿងនយោបាយរួមផ្សំផងដែរ ព្រោះរឿងនេះ កើតឡើង១០ឆ្នាំមក តែទើបមកធ្វើការឃាត់ខ្លួននៅពេលដែលមានការបែកធ្លាយព័ត៌មានថា លោកញឹក ប៊ុនឆៃ បានទាក់ទងគណបក្សប្រឆាំង។

លោកសូ ចន្ថា មានប្រសាសន៍ថា “ជាទស្សនៈខ្ញុំផ្ទាល់ ខ្ញុំគិតថា វាមានទិដ្ឋភាព២។ ទិដ្ឋភាពទី១ គឺការអនុវត្តច្បាប់ដែលពាក់ព័ន្ធនឹងករណីគ្រឿងញៀន ក៏ប៉ុន្តែករណីគ្រឿងញៀនរបស់ញឹក ប៊ុនឆៃ នេះតាំងពីប៉ុន្មានឆ្នាំមុនម៉្លេះ ក៏ប៉ុន្តែទើបតែមកចាត់ការពេលនេះ ហើយខ្ញុំស្វាគមន៍ចំពោះការដែលអនុវត្តច្បាប់ ក៏ប៉ុន្តែខ្ញុំ ចង់ឃើញការអនុវត្តច្បាប់នេះ មានប្រសិទ្ធភាព ហើយមានលក្ខណៈស្តង់ដារតែមួយ។ មានន័យថា បើមន្ត្រីណាដែលពាក់ព័ន្ធនឹងគ្រឿងញៀន ត្រូវតែដាក់ទោស ហើយទៅតាមកម្រិតមាននោះ។ ចំណុចទី២ ខ្ញុំគិតថា វាពាក់ព័ន្ធរឿងនយោបាយ ដោយសារតែយើងមើលដំណាក់កាលចុងក្រោយនេះ តាំងពីមានការបែកធ្លាយ លោកញឹក ប៊ុនឆៃ បានទាក់ទងជាមួយនឹងអនុប្រធានគណបក្សសង្គ្រោះជាតិ កន្លងមក តាមរយៈទូរស័ព្ទអីជាដើមនោះ មានការដកតំណែង លោកពីទីប្រឹក្សារដ្ឋាភិបាលអីជាដើម ដែលឋានៈស្មើឧបនាយករដ្ឋមន្ត្រីហ្នឹង។ អ៊ីចឹងខ្ញុំមើលចំណុចនេះ អាចជាការដាក់គំនាបទៅលើលោកញឹក ប៊ុនឆៃ ហើយដើម្បីគំរាមបុគ្គលផ្សេងទៀត ដែលគ្មានជំហរមិនច្បាស់លាស់ជាមួយនឹងគណបក្សកាន់អំណាចនោះ។ មានន័យថា នៅក្នុងដំណាក់កាលដែលលោកញឹក ប៊ុនឆៃ ជាដៃគូរបស់រដ្ឋាភិបាល ច្បាប់ហាក់ដូចជាមិនបានចាត់ការលោកញឹក ប៊ុនឆៃ នោះទេ ក៏ប៉ុន្តែនៅពេលដែលមានព័ត៌មានលេចធ្លាយទំនាក់ទំនងជាមួយបក្សប្រឆាំង ច្បាប់ទើបតែចាត់ការគាត់។ អ៊ីចឹងនេះថាវា ជាទិដ្ឋភាពនយោបាយ”។

លោកសូ ចន្ថា

លោកសូ ចន្ថា បានបន្តថា “ជាការពិត នៅពេលដែលបុគ្គលណាមួយប្រព្រឹត្តបទល្មើស ដែលផ្ទុយពីច្បាប់ ហើយច្បាប់បានរកឃើញមានភ័ស្តុតាងជាក់លាក់ មានអំណះអំណាងច្បាស់លាស់ ពេលនោះហើយ គឺត្រូវអនុវត្តច្បាប់ មិនចាំបាច់ រង់ចាំច្រើនឆ្នាំនោះទេ។ ការដែលរង់ចាំច្រើនឆ្នាំនេះហើយ ដែលធ្វើឱ្យមានភាពកម្សោយនៃការអនុវត្តច្បាប់។ ពោលគឺហៅថាជាការអនុវត្តបែបស្តង់ដារពីរនោះ។ ដូច្នេះខ្ញុំស្វាគមន៍ចំពោះការដែលរដ្ឋាភិបាលអនុវត្តច្បាប់ ដើម្បីប្រយុទ្ធប្រឆាំងទប់ទល់នឹងការប្រើប្រាស់គ្រឿងញៀន ការជួញដូរគ្រឿងញៀននៅកម្ពុជា។ ប៉ុន្តែអ្វី ដែលខ្ញុំចង់ឃើញជាងនេះទៅទៀតនោះ គឺទិដ្ឋភាពនៃការអនុវត្តច្បាប់ដោយឈរនៅលើស្តង់ដារតែមួយ ហើយមិនមែនជាដោយសារតែហេតុផលនយោបាយទេ ក៏ប៉ុន្តែស្នើសុំឱ្យមានការអនុវត្តច្បាប់ពិតប្រាកដ ដើម្បីពង្រឹងនីតិរដ្ឋ នៅកម្ពុជា”។

ទោះបីយ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកបណ្ឌិតឈឹម ផលវរុណ បានបញ្ជាក់ថា រឿងនោះស្រេចតែលើមជ្ឈដ្ឋាន ទាំងនោះថា ទៅចង់យល់យ៉ាងម៉េចក៏យល់ទៅ តែអ្វីដែលសមត្ថិកិច្ចធ្វើ គឺធ្វើទៅតាមច្បាប់ ត្រឹមត្រូវ។

លោកឈឹម ផលវរុណ បានមានប្រសាសន៍ថា “រឿងនេះគឺជារឿងការអនុវត្តច្បាប់ពាក់ព័ន្ធ ទៅនឹងបទល្មើសគ្រឿងញៀន ហើយយើងនិយាយពីទិដ្ឋភាពទូទៅនៃយុទ្ធនាការបង្ក្រាបគ្រឿងញៀន គឺវាជាផលប្រយោជន៍សម្រាប់ សង្គមជាតិ ហើយកន្លងមកយើងឃើញថា ការបង្ក្រាបគ្រឿងញៀននេះ យើងបានចាប់នូវអ្នកប្រព្រឹត្ត ហើយនិងអ្នកដែលនៅពីក្រោយខ្នង ជាបន្តបន្ទាប់ ហើយឥឡូវនេះ ករណីការឃាត់ខ្លួន លោកញឹក ប៊ុនឆៃ ដែលពាក់ព័ន្ធនឹងការផលិតគ្រឿងញៀន មានភ័ស្តុតាងជាក់លាក់ ហើយពិតប្រាកដមែននោះ គឺជាជោគជ័យមួយទៀតដែលក្នុងការងារបង្ក្រាបគ្រឿងញៀន និងចរាចរគ្រឿងញៀន ហើយជាពិសេស ឈានទៅដល់ការបង្ក្រាបការផលិតគ្រឿងញៀននៅកម្ពុជាយើង”។

លោកបណ្ឌិតឈឹម ផលវរុណ បានបន្តថា “រឿងនោះស្រេចតែលើមជ្ឈដ្ឋានទាំងនោះ ថាទៅ ចង់យល់យ៉ាងម៉េចក៏យល់ទៅ ព្រោះសូម្បីតែការចាប់ខ្លួនជនល្មើស ដូចជាលោកអ៊ុំ សំអាន លោកហុង សុខហួរ លោកមាជ សុវណ្ណារ៉ា ពាក់ព័ន្ធទៅនឹងការក្លែងឯកសារ ការញុះញង់៘និង៘ គេតែងតែនិយាយថា ទៅជារឿងនយោបាយ ប៉ុន្តែការអនុវត្តច្បាប់ មិនមែនសំដៅទៅលើបុគ្គលដែលពាក់ស្លាកនយោបាយទេ គឺការអនុវត្តច្បាប់ សំដៅទៅលើបុគ្គលដែលបានប្រព្រឹត្តបទល្មើស ហើយដែលសំខាន់នោះ ការពិតនៃការប្រព្រឹត្តបទល្មើស ត្រូវបានលាតត្រដាង ហើយចំពោះបុគ្គលម្នាក់ៗ ដែលដំបូងស្ថិតនៅក្នុងឋានៈជាជនសង្ស័យ បន្ទាប់មកទៀត បើការសង្ស័យនោះ គេរកឃើញនូវការពិតនៃការប្រព្រឹត្តបទល្មើស ជនសង្ស័យហ្នឹងនឹងត្រូវទទួលទោស។ នេះវាជានីតិវិធីនៃការអនុវត្តច្បាប់នៅក្នុងប្រទេសនីតិរដ្ឋ ហើយផ្នែកសំខាន់ណាស់ អារឿងបង្ក្រាបគ្រឿងញៀននេះ វាមិនមែនជារឿងដែលយើងបង្ក្រាបគ្រឿងញៀនសំដៅទៅលើអ្នកនេះជាអ្នកនយោបាយ អ្នកនោះជាមន្ត្រីជាន់ខ្ពស់ អ្នកនេះជាឋានៈ អ្វីនៅក្នុងសង្គមទេ គឺសំខាន់អ្នកដែលប្រព្រឹត្ត រឿងគ្រឿងញៀន មានទាំងចរាចរគ្រឿងញៀន មានទាំងផលិតគ្រឿងញៀន អានេះគឺជាគ្រោះថ្នាក់ដល់សង្គម។ ប៉ុន្តែមកដល់ពេលនេះ ករណីឃាត់ខ្លួន និងសួរនាំលោកញឹក ប៊ុនឆៃ ក្នុងនាម ជាជនសង្ស័យ តាមដីការបស់ព្រះរាជអាជ្ញា គឺក្នុងឋានៈជាជនសង្ស័យទេ យើងមិនទាន់ដឹងថា នៅក្នុងគំនិតណានៅឡើយ។ អ៊ីចឹងយើងនឹងនាំគ្នាតាមដានមើលតទៅទៀត ថាតើរឿងនេះនឹងសម្តែងនូវការពិតយ៉ាងណា? ហើយលោកញឹក ប៊ុនឆៃ ពិតជាពាក់ព័ន្ធទៅនឹងការផលិតគ្រឿងញៀនជាមួយនឹងមន្ត្រីរបស់គាត់មួយចំនួនមាន ទាំងទីប្រឹក្សាជាន់ខ្ពស់ មានទាំងអ្វីៗហ្នឹង ហើយចំណុចហ្នឹងគឺយើងត្រូវតែនាំគ្នាតាមដាន ពីព្រោះវាជាផលប្រយោជន៍ក្នុងការបង្ក្រាបគ្រឿងញៀន ដោយមិនសំដៅទៅលើបុគ្គលនោះជានរណាទេ”។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោកគឹម សន្តិភាព ក៏បានបញ្ជាក់ស្រដៀងគ្នានេះដែរថា អំពើល្មើស មិនរើសមុខអ្នកប្រព្រឹត្ត ដូច្នេះលោកសូមលើកទឹកចិត្តដល់មន្ត្រីអនុវត្តច្បាប់ និងសូមកុំលាបពណ៌ការអនុវត្តច្បាប់នៅកម្ពុជា។ គឺជនណាសម្រេចចិត្តជ្រើសរើសយកអំពើល្មើសដាក់ខ្លួន ជននោះក៏ត្រូវដឹងខ្លួនឯងហើយថា នឹងមិនរួចខ្លួនទេ ប្រសិនណាសមត្ថកិច្ចរកឃើញនូវអំពើល្មើសដែលខ្លួនបានប្រព្រឹត្តកន្លងមកនោះ។

លោកគឹម សន្តិភាព បានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧ ថា “សូមបញ្ជាក់ជូនថា អំពើល្មើស មិនរើសមុខអ្នកប្រព្រឹត្តទេ ! ជនណាសម្រេចចិត្តជ្រើសរើសយកអំពើល្មើសដាក់ខ្លួន ជននោះ ក៏ត្រូវដឹងខ្លួនឯងហើយថា ខ្លួននឹងមិនរួចខ្លួនទេ ប្រសិនណាសមត្ថកិច្ចរកឃើញនូវអំពើល្មើស ដែលខ្លួនបានប្រព្រឹត្តកន្លងមកនោះ ! ហេតុនេះ សូមមេត្តាបញ្ឈប់ការលាបពណ៌លើការអនុវត្តច្បាប់នៅកម្ពូជា !

លោកគឹម សន្តិភាព

តាមរបាយការណ៍នៃយុទ្ធនាការបង្ក្រាបគ្រឿងញៀន ក្នុងរយៈពេល២១៥ថ្ងៃ កន្លងមកនេះ យើងឃើញថា ៖ មនុស្សចំនួន ១២ ២០០ នាក់ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន ដែលក្នុងនោះ ៦ ១៧៧នាក់ កំពុងឃុំខ្លួនក្នុង ពន្ធនាគារ !

យើងទាំងអស់គ្នា សូមអបអរសាទរនូវលទ្ធផលកន្លងមកនៃយុទ្ធនាការបង្ក្រាបគ្រឿងញៀននេះ ហើយសូមលើកទឹកចិត្តដល់កម្លាំងមានសមត្ថកិច្ច បន្តអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងចំពោះជនទាំងឡាយណាដែលមានតម្រុយពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀននេះ!”។

អ្នកនាំពាក្យរាជរដ្ឋាភិបាល លោកផៃ ស៊ីផាន បានបញ្ជាក់ថា ការឃាត់ខ្លូនលោកញឹក ប៊ុនឆៃ មិនមែនជារឿងនយោបាយទេ តែជាការពង្រឹងយុត្តិធម៌របសរដ្ឋ។

លោកផៃ ស៊ីផាន បានមានប្រសាសន៍ថា “អានេះជាការងាររបស់តុលាការ យើងអត់បានលូកលាន់នៅក្នុងសាច់រឿងហ្នឹងទេ ព្រោះការឃាត់ខ្លួនដើម្បីសាកសួរហ្នឹង គឺជាការបំពេញផែននៃករណីដែលបើកយូរមកហើយ ភ័ស្តុតាង យើងមានស្រាប់។ ដូច្នេះ ថាជារឿងនយោបាយ មិនមែនទេ អាហ្នឹងជាការពង្រឹងយុត្តិធម៌របស់រដ្ឋ ហើយគេត្រូវតែបញ្ចប់ករណីហ្នឹង ពីព្រោះករណីហ្នឹងបើកដល់ប្រព័ន្ធតុលាការប្រព័ន្ធ យុត្តិធម៌រួចជាស្រេច។ ដូច្នេះការងារនេះ ជាការ បញ្ចប់នូវរឿងកាលជំនាន់នោះ”។

លោកផៃ ស៊ីផាន បានមានប្រសាសន៍បន្តថា “ជំហររាជរដ្ឋាភិបាល ដាក់ជាគោលការណ៍ត្រឹមត្រូវ គឺយើងប្រឆាំងនឹងអ្វីដែលជាសកម្មភាព ពាក់ព័ន្ធគ្រឿងញៀន។ អាហ្នឹងជាការប្រយុទ្ធ ប្រឆាំងរបស់រាជរដ្ឋាភិបាល ហើយវិធានការ របស់តុលាការ អាហ្នឹងយើងគោរពនូវអ្វីដែលជាការសម្រេចរបស់តុលាការ ក្នុងការបន្តបញ្ចប់ករណីហ្នឹង”។

ដោយឡែក ករណីលោកញឹក ប៊ុនឆៃ នេះដែរ ក៏មានគណបក្សមួយចំនួនយល់ថា ជារឿងនយោបាយ ឯគណបក្សនយោបាយខ្លះទៀតយល់ថា ជាការប្រព្រឹត្តបទល្មើសប្រឆាំងនឹងច្បាប់រដ្ឋដោយផ្ទាល់របស់លោកញឹក ប៊ុនឆៃ។

ប្រធាគណបក្សយុវជនកម្ពុជា លោកពេជ្រ ស្រស់ បានលើកឡើងថា ករណីនេះ មិនមែនជារឿងនយោបាយទេ ប៉ុន្តែជារឿងបុគ្គលប្រព្រឹត្តបទល្មើស។ ពោលគឺការចាប់ខ្លួនលោកញឹក ប៊ុនឆៃ បើលោកនិយាយឱ្យអស់ទៅអត់ពាក់ព័ន្ធ នឹងរឿងនយោបាយទេ តែលោកមើលឃើញថា វាជារឿងផ្លូវច្បាប់ទៅវិញ ព្រោះថា បើសិនលោកញឹក ប៊ុនឆៃ ប្រព្រឹត្តខុស ហើយខាងប៉ូលិស ឬតុលាការរកឃើញគាត់ប្រព្រឹត្តខុសពិតមែន អត់មានអីត្រូវបកស្រាយ ឬក៏ផ្តល់យោបល់ទេ ព្រោះមិនពាក់ព័ន្ធរឿងនយោបាយ។

ប្រធានគណបក្សអំណាចខ្មែរ លោកសួន សេរីរដ្ឋា បានលើកឡើងថា បើការចាប់ខ្លួនលោក ញ៉ឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ នៅក្រោមបទល្មើសផលិតគ្រឿងញៀន កាលពីជាង១០ឆ្នាំមុនមែននោះ ជាតឹកតាងយ៉ាង ច្បាស់ថា គណបក្សកាន់អំណាច គឺបានលាក់ទុកឧក្រិដ្ឋជនគ្រឿងញៀន ឱ្យបង្កើតគណបក្សនយោបាយ មកបម្រើនយោបាយនៃលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្សក្លែងក្លាយ។

លោកសួន សេរីរដ្ឋា បានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧ ថា “បើការចាប់ខ្លួនលោកញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ នៅក្រោមបទល្មើសផលិតគ្រឿងញៀន កាលពីជាង១០ ឆ្នាំមុនមែននោះ នេះវាជាតឹកតាងយ៉ាងច្បាស់ ដែលបញ្ជាក់ថា លោកហ៊ុន សែន និងគណបក្ស ប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច គឺបានលាក់ទុកឧក្រិដ្ឋជនគ្រឿងញៀន ឱ្យបង្កើតគណបក្សនយោបាយ មកបម្រើនយោបាយនៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សក្លែងក្លាយរបស់ខ្លួន ដើម្បីបំភាន់ភ្នែកអន្តរជាតិ សម្រាប់រៀបចំ ការបោះឆ្នោតបង្គ្រប់កិច្ច បន្តអាណត្តិកាន់កាប់អំណាច។

លោកសួន សេរីរដ្ឋា

ទោសនៃការប្រើអំណាច និងតួនាទីជានាយករដ្ឋមន្ត្រី ជាគណបក្សកាន់អំណាច ដើម្បីជួយលាក់បាំងទោសឧក្រិដ្ឋជនជួញដូរ ផលិតគ្រឿងញៀន និងរហូតដល់បានទទួលយកឧក្រិដ្ឋជនគ្រឿងញៀន ធ្វើជាទីប្រឹក្សាជាន់ខ្ពស់នៃរដ្ឋាភិបាលខ្លួន ព្រមទាំងបានចងសម្ព័ន្ធភាពនយោបាយរវាងគណបក្ស និងគណបក្សថែមទៀត គឺវារឹតតែបង្ហាញថា លោកហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច ក៏មានទោសដែរ គឺ “ទោសជួយលាក់បំបាំងផ្តល់ តួនាទីនិងចងសម្ព័ន្ធមិត្តជាមួយអ្នកទោស”។

ការប្រើអំណាច និងមុខនាទីសាធារណៈ ទោះក្នុងកម្រិតណា ក្នុងគោលបំណងដើម្បីរំដោះ មានទោសជាប់ខ្លួន ដើម្បីលាក់បាំងអ្នកទោស ពិសេសរហូតដល់ផ្តល់តួនាទីជាទីប្រឹក្សាជាន់ខ្ពស់ ដែលមានឋានៈស្មើឧបនាយករដ្ឋមន្ត្រី ថែម ទៀតនោះ គឺច្បាប់មិនត្រូវលើកលែងឱ្យអ្នកផ្សំគំនិតការពារ លាក់បាំង និងលើកតម្កើងអ្នក ទោសនោះបានទេ។

តើតុលាការ ហ៊ានចាត់ការទេ…?”។

គួររំលឹកដែរថា មុនពេលត្រូវចាប់ខ្លួនពីបទចោទពាក់ព័ន្ធគ្រឿងញៀននេះ លោកញឺក ប៊ុនឆៃ ធ្លាប់បានកាន់តួនាទីសំខាន់ៗជាច្រើនក្នុងឆាកជីវិតនយោបាយរបស់លោក ដូចជា ធ្លាប់មានតួនាទីជានាយអគ្គសេនាធិការរងទី១ នៃកងយោធពលខេមរភូមិន្ទក្នុងរាជរដ្ឋាភិបាល ឆ្នាំ១៩៩៣, ជាអនុប្រធានទី២ ព្រឹទ្ធសភា ក្រោយការបោះឆ្នោតជាតិ ឆ្នាំ១៩៩៨, ជាឧបនាយករដ្ឋមន្ត្រី និងជាសហរដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងរាជរដ្ឋាភិបាលអាណត្តិទី៣, ជាឧបនាយករដ្ឋមន្ត្រី ក្នុងរាជរដ្ឋាភិបាល អាណត្តិទី០៤ និង តួនាទីចុងក្រោយដែលទើបតែត្រូវបានបញ្ចប់ គឺជាទីប្រឹក្សារាជរដ្ឋាភិបាល ដែលមានឋានៈ ស្មើឧបនាយករដ្ឋមន្ត្រី។

ជុំវិញករណីចាប់ខ្លួនលោកញឹក ប៊ុនឆៃ នេះដែរ “នគរធំ” បានព្យាយាមទាក់ទងសុំការ បញ្ជាក់ឆ្លើយតបពីអ្នកនាំពាក្យគណបក្សខ្មែររួបរួមជាតិ លោករុណ មាត្រា ដែរ ប៉ុន្តែមិន បានសម្រេចទេ កាលពីម្សិលមិញ៕

កុលបុត្រ

 

RELATED ARTICLES