ភ្នំពេញ៖ បុរសម្នាក់បម្រើការងារនៅមជ្ឈមណ្ឌលថែទាំយានយន្ត វី អេស ស្អាតល្អ ដែលមានទីតាំងស្ថិតនៅតាមផ្លូវវេងស្រេង ផ្ទះលេខ២៣៩ ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ខណៈដែលឡើងប្រក់ដំបូលស័ង្កសី ភ្លាត់ស្នៀតលើកដែកទៅប៉ះខ្សែកាបភ្លើង ដែលមានតង់ស្យុងខ្ពស់ បណ្តាលឲ្យឆ្លងឆក់រងរបួសធ្ងន់ សន្លប់ស្តូកស្តឹងនៅលើដំបូលយានដ្ឋាន បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧។
ជនរងគ្រោះមិនត្រូវបានស្គាល់ឈ្មោះនោះទេ អាយុជាង៣០ឆ្នាំ បម្រើការងារក្នុងមជ្ឈមណ្ឌល ថែទាំយានយន្ត វី អេស ស្អាតល្អ ខាងលើ ក្នុងស្ថានភាពរបួសរលាកខ្លួន ដៃជើងធ្ងន់ សន្លប់នៅលើដំបូលស័ង្កសី ។
តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះរួមជាមួយកម្មករផ្សេងទៀត គ្នា២នាក់ យកដែកទីបជ្រុង និងស័ង្កសី ឡើងទៅលើដំបូលយានដ្ឋាន ដើម្បីប្រក់ ដែលនៅគៀកនឹងខ្សែកាបភ្លើងមានតង់ស្យុងខ្ពស់ របស់ក្រុមហ៊ុនអគ្គិសនីកម្ពុជា ដោយសារការធ្វេសប្រហែស ភ្លេចខ្លួន ពេលដែលជនរងគ្រោះលើកដែកទៅប៉ះនឹងខ្សែកាបភ្លើងនោះ ទើបធ្វើឲ្យស្រូបឆ្លងឆក់ ដួលនៅលើដំបូលស័ង្កសី សន្លប់ស្តូក ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមកម្មករ សាច់ញាតិ នាំគ្នាយកភួយ ដាក់សែងទម្លាក់សម្រូតចុះ ដើម្បីដឹកតាមរថយន្តសង្រ្គោះទៅមន្ទីរពេទ្យរុស្សី ដើម្បីសង្រ្គោះអាយុជីវិត ៕