Monday, November 25, 2024
Homeនយោបាយលោកម៉ម សូណង់ដូ លាលែងពីប្រធានបក្សសំបុកឃ្មុំ

លោកម៉ម សូណង់ដូ លាលែងពីប្រធានបក្សសំបុកឃ្មុំ

ភ្នំពេញ ៖ ប្រធានគណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ លោកម៉ម សូណង់ដូ បានសម្រេចលាលែងពីតួនាទីជាប្រធានគណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ ដោយសារការដឹកនាំបក្សរបស់លោកមិនបានទទួលជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤។

យោងតាមលិខិតរបស់លោកម៉ម សូណង់ដូ ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧ គោរពជូនសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ក្នុងកម្មវត្ថុ ស្តីពីការជូនដំណឹងពីការលាលែងតួនាទីជាប្រធាន គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានបញ្ជាក់ថា “យោងតាមកម្មវត្ថុខាងលើ ខ្ញុំម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ មានកិត្តិយស សូមជម្រាបជូនសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ឱ្យបានជ្រាបថា ខ្ញុំមានការសោកស្តាយ ដែលគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានទទួលលទ្ធផល មិនដូចការរំពឹងទុកក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តទី៤។ ដូច្នេះ ខ្ញុំបានធ្វើការពិចារណា ហើយខ្ញុំបានសម្រេចលាលែងពីតួនាទីជាប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ចាប់ពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ ដោយខ្ញុំទុកពេលវេលាមួយខែ ដើម្បីផ្តល់ជូនសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ រកដំណោះស្រាយតាមនីតិវិធីច្បាប់ ស្របទៅតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ”។

ខាងក្រោមនេះ ជាបទសម្ភាសន៍បន្ថែម រវាង “នគរធំ” ជាមួយលោកម៉ម សូណង់ដូ ជុំវិញការសុំលាលែងពីប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧ ៖

នគរធំ ៖ ជម្រាបសួរលោកម៉ម សូណង់ដូ! តើលោកអាចបញ្ជាក់បន្ថែមបានទេ មូលហេតុអ្វីខ្លះទៀត ដែលលោកសម្រេចលាលែងពីប្រធានគណបក្សនេះ?

លោកម៉ម សូណង់ដូ ៖ បាទ ! អត់មានកត្តាអីឱ្យពិបាកយល់ទេ កត្តាសំខាន់ដែលធ្វើឱ្យខ្ញុំលាលែងចេញពីតំណែងហ្នឹង ទាក់ទងនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ហ្នឹងហើយ ខ្ញុំឃើញលទ្ធផលវាអាក្រក់ពេក ខ្ញុំមិនអាចទទួលបាន ហើយខ្ញុំពិចារណាហើយ ពិចារណាទៀត ហើយចុងក្រោយនេះ ខ្ញុំគិតឃើញថា បើយើងធ្វើដើម្បីប្រជាពលរដ្ឋហើយ បើប្រជាពលរដ្ឋអត់គាំទ្រ តើយើងនៅតស៊ូដល់ណាទៀត?

នគរធំ ៖ តើគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ អាចនឹងរំលាយចោលវិញមែនទេ ឬគាំទ្រឱ្យជ្រើសប្រធានថ្មី?

លោកម៉ម សូណង់ដូ ៖ អាហ្នឹងរឿងរបស់សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ចំពោះខ្ញុំ រឿងរបស់ខ្ញុំ មិនមែនរឿងរបស់គណបក្សទេ។ ខ្ញុំឃើញថា វាអត់ទៅមុខ ក្នុងការដឹកនាំរបស់ខ្ញុំ ហើយខ្ញុំធ្វើសព្វគ្រប់បែបយ៉ាង និយាយសព្វគ្រប់បែបយ៉ាង ជិត២ឆ្នាំហើយៗបើប្រជាពលរដ្ឋអត់គាំទ្រ ទោះធ្វើប្រធានបានការអី ហើយបើជីវិតរបស់គណបក្ស មិនជារឿងរបស់ខ្ញុំទេ ជារឿងជីវិតរបសគណៈកម្មាធិការអចិន្ត្រៃយ៍ តើគេចង់ឈប់ គេចង់បន្ត ជារឿងរបស់គេ ឱ្យតែគោរពតាមលក្ខន្តិកៈរបស់គណបក្សទៅវារួចហើយ។

នគរធំ ៖ ចំពោះជំហររបស់លោក តើនៅចូលប្រឡូកនយោបាយ ឬលាលែងពីនយោបាយ ឬអាចចូលរួមជាមួយគណបក្សនយោបាយណាមួយ?

លោកម៉ម សូណង់ដូ ៖ គឺខ្ញុំមិនអាចធ្វើនយោបាយបានទេ ប៉ុន្តែប្រសិនបើនយោបាយរបស់ខ្ញុំ គឺនយោបាយដោះស្រាយជូនប្រជាជន។ ខ្ញុំគ្រាន់តែពន្យល់ប្រជាពលរដ្ឋដែលយល់ខុស ហើយគាត់ជ្រើសគណបក្សរបស់ខ្លួនតាមទំនើងចិត្ត តាមសេរីភាពរបស់គាត់ទៅអត់មានទាក់ទង អីនឹងខ្ញុំទេ។ ខ្ញុំអត់ចូលជាមួយគណបក្សណាទេ ទុកឱ្យប្រជាពលរដ្ឋធ្វើការពិចារណារវាងបញ្ហាគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា ទុកឱ្យគេដោះស្រាយទៅ ខ្ញុំគិតតែប្រជាពលរដ្ឋទេ ណែនាំធ្វើម៉េចកុំឱ្យអារឿងតូចទៅរឿងធំ អាមិនត្រូវកាប់ចាក់គ្នាទៅកាប់ចាក់គ្នា ពីព្រោះខ្ញុំគិតឃើញថា មិនមែនអ្នកនយោបាយទេ គឺប្រជាពលរដ្ឋ។

នគរធំ ៖ អ៊ីចឹងលោកមានអ្វីជាការផ្ញើសារ ទៅដល់មជ្ឈដ្ឋានទូទៅឬទេ?

លោកម៉ម សូណង់ដូ ៖ ខ្ញុំដូចមានអារម្មណ៍ មួយអស់សង្ឃឹម ក្នុងន័យថា ប្រជាពលរដ្ឋលែងគិតពីបញ្ហារបស់ខ្លួន គាត់គិតតែស្រវាទ្រព្យធន ចំពោះប្រយោជន៍ផ្ទាល់ខ្លួន។ ខ្ញុំយកឧទាហរណ៍ ពេលដែលគណបក្សធំទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ហើយដែលគេបានចំណាយលុយសន្ធឹកសន្ធាប់ចូលរួមធ្វើយុទ្ធនាការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ហ្នឹង ខ្ញុំដឹង គឺគណបក្សប្រជាជនកម្ពុជា គេចំណាយជិត២៥លាន ២៤លានជាងដុល្លារ ហើយបើគណបក្សសង្គ្រោះជាតិ ជាង៥លានដុល្លារ ហើយគណបក្សខ្ញុំចំណាយតែ៣ម៉ឺនដុល្លារ ហើយខ្ញុំនឹកឃើញថា មិនអាចបន្តតទៅទៀតទេ អត់បានការ ព្រោះប្រជាពលរដ្ឋអត់ដឹងថា អ្នកណាខុស អ្នកណាត្រូវទេ គិតថា អ្នកណាឱ្យលុយអញច្រើនជាងគេ អញទៅអាហ្នឹង។ ហេតុដូច្នេះ ខ្ញុំត្រូវដកខ្លួនចេញ កុំឱ្យខាតពេល។ មានលទ្ធភាពប៉ុនណា យើងជួយប៉ុណ្ណឹង យើងមិនចេះតែសម្រុកៗទេ រឿងហ្នឹងតែប៉ុណ្ណឹងទេ អត់មានអីវែងឆ្ងាយទេ។

នគរធំ ៖ ទោះយ៉ាងណា លោកមានក្តី សង្ឃឹមថា សង្គមខ្មែរនឹងមានការប្រែប្រួលទេ?

លោកម៉ម សូណង់ដូ ៖ អត់ទេ ខ្ញុំអត់មាន ក្តីសង្ឃឹមទាល់តែសោះ សម្រាប់អនាគតប្រទេសខ្មែរយើងហ្នឹង។ ឃើញហើយសព្វថ្ងៃ អន្តោប្រវេសន៍ ហើយអ្នកជំនួញ អ្នកដែលចេញមុខ ចេញមាត់ មិនមែនខ្មែរទេ សុទ្ធតែសាសន៍ដទៃ ទាំងអស់ ហើយគេសង់ផ្លូវសម្រាប់អ្នកណា? គេសង់ផ្ទះសម្រាប់អ្នកណា? គេសងដីសម្រាប់អ្នកណា? វាល្អមើលមែនសម្រាប់ទីក្រុងយើង ឃើញផ្ទះខ្ពស់ ផ្លូវថ្នល់សព្វគ្រប់បែបយ៉ាង ប៉ុន្តែ យើងមើលអនាគត ហើយអ្នកណាអ្នកកាន់ លុយ? អ្នកណាអ្នកធ្វើច្បាប់? អ្នកណាអ្នកបញ្ជា? យើងដឹងអស់ហើយ ខ្ញុំមានការព្រួយបារម្ភ ព្រោះខ្ញុំប្រជាពលរដ្ឋខ្មែរ ស្រលាញ់ទឹកដីខ្មែរ ហើយ បើប្រជាពលរដ្ឋ ចង់មានការផ្លាស់ប្តូរ បោះឆ្នោត ឱ្យអ្នកណា ជារឿងរបស់គាត់ ខ្ញុំត្រូវតែដកខ្លួនថយវិញ៕

កុលបុត្រ

RELATED ARTICLES