ភ្នំពេញ ៖ លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានចេញសេចក្តីណែនាំដល់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ រាជធានី-ខេត្ត ទូទាំងប្រទេស ពន្លឿនការផ្លាស់ប្តូរស្លាកគណបក្សឱ្យបានឆាប់រហ័ស ហើយករណីមិនទាន់មានគំរូ ស្លាកគណបក្សថ្មីដាក់ជំនួស ត្រូវប្រញាប់ដោះចេញនូវស្លាកបក្សចាស់ ដែលមានរូបលោកចាប់ដៃលោកសម រង្ស៊ី បន្ទាប់ពីច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ បានចូលជាធរមានមកនោះ ដើម្បីកុំឱ្យប្រឈមនឹងច្បាប់នេះ ដែលបានចែងមិនឱ្យគណបក្សនយោបាយពាក់ព័ន្ធជាមួយទណ្ឌិត ដែលអាចនាំឱ្យឈានដល់ការ រំលាយគណបក្ស មិនឱ្យចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោត។
យោងតាមសេចក្តីណែនាំរបស់លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ស្តីពីការផ្លាស់ប្តូរស្លាកសញ្ញាគណបក្សសង្គ្រោះជាតិលេខ ៤៧០,១៧ គសជ ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧ បានបញ្ជាក់ថា “បន្ទាប់ពីច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ បានចូលជាធរមានមក ខ្ញុំបានកត់សម្គាល់ឃើញថា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ រាជធានី-ខេត្ត បានអនុវត្តតាមស្មារតីនៃច្បាប់នេះ ដោយបានធ្វើការផ្លាស់ប្តូរស្លាកសញ្ញាគណបក្ស ជាបណ្តើរៗហើយ តាមការណែនាំរបស់គណបក្ស។
ជាមួយគ្នានេះ ខ្ញុំស្នើសុំដល់ថ្នាក់ដឹកនាំគណបក្ស រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ នៅទូទាំងប្រទេស ធ្វើការពន្លឿនការផ្លាស់ប្តូរស្លាកសញ្ញាគណបក្សឱ្យបានឆាប់រហ័ស។ ក្នុងករណី ដែលមិនទាន់មានគំរូស្លាកសញ្ញាគណបក្សថ្មីទៅ ជំនួស សូមដោះចេញនូវស្លាកសញ្ញាគណបក្សចាស់ ដែលមានរូបចាប់ដៃរវាងឯកឧត្តម សម រង្ស៊ី និងខ្ញុំ។
សូមថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ គ្រប់លំដាប់ថ្នាក់ ទូទាំងប្រទេស អនុវត្តសេចក្តី ណែនាំនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ និងជាបន្ទាន់”។
លោកអេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ បានបង្ហោះរូបភាពការផ្លាស់ប្តូរស្លាកសញ្ញាគណបក្សសង្គ្រោះជាតិ ដោយការហែករូបលោកកឹម សុខា ចាប់ដៃលោកសម រង្ស៊ី ចេញពីស្លាកគណបក្សក្នុងគណនីហ្វេសប៊ុករបស់ លោក នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៧ ជាមួយសំណេរថា “ដើម្បីទៅដល់គោលដៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ យើងត្រូវបង្ខំចិត្តធ្វើបែបហ្នឹង ទាំងអារម្មណ៍ក្តុកក្តួល”។
គួរបញ្ជាក់ដែរថា ស្របពេលនឹងការចេញសេចក្តីណែនាំពីការផ្លាស់ប្តូរស្លាកសញ្ញាគណបក្សសង្គ្រោះជាតិនេះដែរ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៧ ថ្លែងទៅកាន់ថ្នាក់ដឹកនាំមូលដ្ឋាន ក្នុងស្រុកព្រៃនប់ នៃខេត្តព្រះសីហនុ លោកកឹម សុខា បានមានប្រសាសន៍ថា “បន្ទាប់ពីដាក់ជូន នូវផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាព គណបក្សសង្គ្រោះជាតិ រួចមក ខ្ញុំសូមឱ្យថ្នាក់ដឹកនាំសកម្មជនគណបក្សសង្គ្រោះជាតិទាំងអស់ អនុវត្តរាល់សកម្មភាពនយោបាយ ទៅតាមផែនការដែលបានកំណត់ ឱ្យមានប្រសិទ្ធភាព ឱ្យទាន់ពេលវេលា និងដោយការទទួលខុសត្រូវ។ ជាពិសេស ឱ្យស្របតាមច្បាប់បទបញ្ញត្តិនានា និងប្រកបដោយសីលធម៌ថ្លៃថ្នូរ ដើម្បីបន្តដំណើររបស់យើងឱ្យដល់គោលដៅ គឺការបោះឆ្នោត ដើម្បីនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាននៅឆ្នាំ២០១៨”។
ដោយឡែក ថ្លែងទៅកាន់ថ្នាក់ដឹកនាំមូលដ្ឋានក្នុងស្រុកកំពង់ត្រាច និងក្រុងកំពត ខេត្តកំពត កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧ លោកកឹម សុខា បានបញ្ជាក់ថា “ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ជាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ហេតុនេះហើយ យើងមានពេលវេលាតែមួយឆ្នាំទៀតទេ!
បើយើងចង់ឈ្នះ យើងត្រូវប្រើប្រាស់ពេលវេលាឱ្យបានហ្មត់ចត់ តាមផែនការសកម្មភាព ដែលបានកំណត់ ពោលគឺត្រូវធ្វើតែអ្វីដែលយើងត្រូវធ្វើ និងមិនត្រូវធ្វើអ្វីដែលជាល្បែងនយោបាយរបស់អ្នកដទៃឡើយ។
អ្វីដែលយើងត្រូវធ្វើនោះ គឺត្រូវពង្រីកកម្លាំងអ្នកគាំទ្រ ដោយត្រូវកំណត់ក្រុមគោលដៅ ជាមុខសញ្ញា ដែលយើងទាក់ទាញការគាំទ្របន្ថែម”៕
ខៀវទុំ